ប្រជាពលរដ្ឋនៅឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មួយចំនួនបង្ហាញពីវិប្បដិសារីចំពោះការបាត់បង់កាយសម្បទាដោយសារគ្រាប់មិនទាន់ផ្ទុះ ពិសេសប្រភេទគ្រាប់បែកចង្កោម។ ពួកគាត់ស្នើឱ្យសុំមន្ត្រីជំនាញ និងម្ចាស់ជំនួយជួយជំរុញការបោសសំអាតគ្រាប់ទាំងនោះចេញពីផ្ទៃដីឱ្យអស់ ដើម្បីអាចឱ្យពួកគាត់ប្រកបមុខរបរធ្វើស្រែចំការ និងរស់នៅដោយភាពស្ងប់ចិត្ត។ មន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក (CMAC) បញ្ជាក់ថា យុទ្ធនាការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ គឺធ្វើឡើងដូចភ្លៀងរលឹម។
ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ព្រមទាំងជនរងគ្រោះដោយសារគ្រាប់បែកចង្កោម សម្ដែងក្តីរីករាយចំពោះដំណើរការបោសសំអាតគ្រាប់មិនទាន់ផ្ទុះទាំងនោះ ពីព្រោះពួកគាត់មិនចង់ឱ្យមានជនរងគ្រោះដោយសារគ្រាប់បែកចង្កោម ឬគ្រាប់មីនបន្តទៀតឡើយ។ ការលើកឡើងរបស់ពលរដ្ឋបែបនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន ហើយមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលរៀបចំឡើងដោយអង្គការជនពិការអន្តរជាតិ ឬហៅថា អង្គការ ហេនឌីខេប អ៊ីនធឺណេសិនណល់ (HANDICAP International) គឺដើម្បីពិនិត្យអំពីដំណើរការបោសសំអាតគ្រាប់បែកចង្កោមដែលសល់ពីសម័យសង្គ្រាម។
ប្រជាពលរដ្ឋរស់នៅភូមិទួលវិហារ ឃុំជីរោទ៍២ ដែលជាជនរងគ្រោះដោយសារគ្រាប់បែកចង្កោមលោក ប្រាក់ អ៊ុំ ឱ្យដឹងថា លោកត្រូវពិការដៃស្តាំដោយសារអំបែងគ្រាប់បែកចង្កោមកាលពីឆ្នាំ១៩៧៣។ លោកបន្តថា សម័យនោះមានការទម្លាក់គ្រាប់បែកចង្កោមយ៉ាងច្រើន ធ្វើឱ្យតំបន់មួយចំនួនក្នុងភូមិនៅមានសេសសល់គ្រាប់បែកទាំងនោះនៅឡើយ។ ពលរដ្ឋដដែលឱ្យដឹងថា ពេលខ្លះពួកគាត់ធ្វើស្រែដោយប្រថុយប្រថាន ព្រោះខ្លាចប៉ះចំគ្រាប់មិនទាន់ផ្ទុះបណ្តាលឱ្យមានគ្រោះថ្នាក់។
លោកចង់ឱ្យមន្ត្រីស៊ីម៉ាក ជួយរុករក ឬដោះយកគ្រាប់បែកចេញឱ្យអស់ពីដីពួកគាត់៖ «លំបាកដែរ! លំបាកដោយសារគ្រាប់មីន ពិបាកធ្វើការប៉ះពាល់ ទៅភ្ជួរអីហ្នឹងវាមានប៉ះផ្ទុះអីទៅ»។

ស្រដៀងគ្នានេះ ជនរងគ្រោះដោយសារគ្រាប់បែកចង្កោមបណ្ដាលឱ្យពិការដៃស្តាំមួយរូបទៀត អ្នកស្រី តន់ ហាន និយាយថា អ្នកស្រីមានវិប្បដិសារីរហូតមក ក្រោយពេលធ្លាក់ខ្លួនជាជនពិការ៖ «មិនថាដីខ្ញុំមែនពិត ប៉ុន្តែមកដោះមីនមកដោះអីហ្នឹងសប្បាយ ពីព្រោះកុំឱ្យមានគ្រោះថ្នាក់ទៅមុខទៀត»។
គ្រាប់បែកចង្កោមត្រូវបានគេឱ្យនិយមន័យថា ជាប្រភេទគ្រាប់បែកដែលផលិតឡើងសម្រាប់ទម្លាក់ពីលើអាកាស ហើយបាចសាចនូវកូនគ្រាប់បែកតូចៗ ជាច្រើនលើផ្ទៃដីដ៏ធំមួយ។
ឯកសារព័ត៌មានរបស់អង្គការជនពិការអន្តរជាតិ ស្តីពីគ្រាប់បែកចង្កោមនៅកម្ពុជា បង្ហាញថា គ្រាប់ប្រភេទនេះ ត្រូវបានសហរដ្ឋអាមេរិក ទម្លាក់មកលើប្រទេសខ្មែរចំនួន ៨ ម៉ឺនគ្រាប់ធំៗ ហើយមានចំនួនគ្រាប់តូចៗ សរុបជាង ២៦លានគ្រាប់។ គ្រាប់បែកចង្កោមទាំងនោះ បានទម្លាក់ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ហើយគ្រាប់ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា គឺបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមថែមទៀត។
ចាប់តាំងពីឆ្នាំ១៩៩៨ គឺមានប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់បែកចង្កោម ១៩៤នាក់ ប៉ុន្តែចំនួននេះអាចខុសគ្នាទៅនឹងស្ថានភាពជាក់ស្ដែង។
ទាក់ទងបញ្ហានេះ អនុប្រធានកងឯកភាពកម្ចាត់មីនទី៥ ទទួលបន្ទុកផ្នែកប្រតិបត្តិការនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក រឿន ឈូក មានប្រសាសន៍ថា មន្ត្រីជំនាញនឹងខិតខំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ពិសេសជំរុញដំណើរការបោសសំអាតគ្រាប់បែកចង្កោម និងគ្រាប់មីន ប្រៀបបានដូចនឹងភ្លៀងរលឹម៖ «ទីមួយយើងធ្វើការបោសសំអាតដល់ដីដែលមានការគំរាមកំហែងដោយសារគ្រាប់ ឬដូចជាដោយសារមីន»។
លោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយបើសង្ស័យករណីថា មានគ្រាប់ ឬជួបអ្វីចម្លែកពេលពួកគេរុករានដីធ្លីថ្មី គប្បីរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យបានដឹង។
កាលពីខែឧសភា ឆ្នាំ២០០៨ អនុសញ្ញាអន្តរជាតិស្ដីពីគ្រាប់បែកចង្កោម ត្រូវបានអនុម័តឡើង និងចូលជាធរមាននៅឆ្នាំ២០១០។ អនុសញ្ញានេះ ហាមឃាត់មិនឱ្យប្រើប្រាស់ ឬផលិត និងមិនត្រូវស្តុកទុកគ្រាប់បែកចង្កោមឡើយ។ ចំណែកប្រទេសហត្ថលេខី គឺតម្រូវឱ្យបំផ្លាញចោលគ្រាប់បែកចង្កោម ឬកន្លែងស្តុកទុកជាដើម។
ប្រធានកម្មវិធីតស៊ូមតិលើអនុស្ដីពីគ្រាប់បែកចង្កោម កញ្ញា គីមប៊័រលី (Kimberley) ឱ្យដឹងតាមរយៈអ្នកបកប្រែថា ដោយសារឃើញពីផលប៉ះពាល់យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងសេដ្ឋកិច្ចក្នុងសង្គម ពីព្រោះតែឥទ្ធិពលនៃការប្រើប្រាស់គ្រាប់បែកចង្កោម ទើបទាមទារឱ្យរាជរដ្ឋាភិបាលគប្បីសម្រេចចិត្តចូលជាសមាជិកនៃអនុសញ្ញានេះ៖ «ផលប្រយោជន៍នៃការចុះហត្ថលេខាលើអនុសញ្ញានេះ គឺទីមួយយើងបានចូលជាសមាជិកមួយនៃសហគមន៍អន្តរជាតិនៃអនុសញ្ញាគ្រាប់បែកចង្កោម ទីពីរយើងអាចទទួលបានជំនួយបន្ថែមទៀតក្នុងការបោសសំអាតគ្រាប់មីន»។
បច្ចុប្បន្នអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមមានរដ្ឋភាគីចំនួន ១០០ និងប្រទេសហត្ថលេខីចំនួន ១៩ ហើយរដ្ឋនៅក្នុងតំបន់អាស៊ាន គឺមានប្រទេសឡាវ មួយបានចូលជាសមាជិក និងប្រទេសចំនួនពីរទៀត គឺបានចុះហត្ថលេខាជារដ្ឋភាគី ប៉ុន្តែមិនទាន់ទទួលបានសច្ចាប័ននៅឡើយ។
កញ្ញា គីម យល់ថា ប្រសិនបើប្រទេសនៅតំបន់អាស៊ានចូលជាសមាជិកនៃអនុសញ្ញានេះ វានឹងជួយឱ្យបញ្ហាសន្តិសុខសុវត្ថិភាពក្នុងតំបន់កាន់តែមានភាពប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
