មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC) បានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកក្នុងខេត្តកំពង់ឆ្នាំង ចំនួន ៦ទីតាំងធំៗក្នុងចំណោម ២០០ទីតាំងផ្សេងទៀតនៅទូទាំងប្រទេស។ ការរកឃើញនេះ បន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស្រាវជ្រាវ និងប្រមូលយកគ្រាប់មិនទាន់ផ្ទុះក្នុងទឹកបានរាប់រយតោន នៅក្នុងខេត្តចំនួន៣ គឺកំពង់ឆ្នាំង ក្រចេះ និងខេត្តកណ្ដាល។
ព័ត៌មាននេះត្រូវបានមន្ត្រីកម្ចាត់មីនកម្ពុជា លើកឡើងនៅក្នុងឱកាសបើកកងឯកភាពជំនាញមុជទឹករបស់ស៊ីម៉ាក់ នៅសាលាហ្វឹកហ្វឺនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែមេសា។ យ៉ាងណា ទីតាំងនៃគ្រាប់មិនទាន់ផ្ទុះក្នុងទឹកទាំងនោះ មិនត្រូវបានគេបង្ហើបឲ្យដឹងនោះទេ ដោយខ្លាចប៉ះពាល់ដល់សន្តិសុខសង្គម។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា មានប្រសាសន៍ថា កងឯកភាពស៊ីម៉ាក់ នឹងពន្លឿនការប្រមូលគ្រាប់ទាំងនោះនៅក្នុងរដូវប្រាំង ដែលមានកម្រិតទឹកទន្លេរាក់ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើបេសកកម្ម។ ប៉ុន្តែលោកបញ្ជាក់ថា សកម្មភាពនេះនឹងចាប់ផ្ដើមធ្វើមុនគេតែទៅលើតំបន់ ឬខេត្តទាំងឡាយណាដែលមានការអភិវឌ្ឍជាអាទិភាព៖ «កន្លែងកប៉ាល់លិចទូកលិចដែលដឹកគ្រាប់នោះណា មានមួយចំនួនធំទៀត តែយើងមិនអាចកំណត់នូវទីតាំងច្បាស់លាស់នៅឡើយ។ យើងកំពុងស្រាវជ្រាវ។ យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក មានបញ្ហាមួយចំនួន ដូចជា យើងត្រូវការធ្វើស្ពាន។ ទី២ ក៏ពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ និងអន្តជាតិ បើសិនណាជាមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានរំសេវជាច្រើនតោន នៅក្រោមទឹកដែលមិនមានការការគ្រប់គ្រង និងសំខាន់មួយទៀត ក៏ផ្ដល់សុវត្ថិភាពដល់ប្រជានេសាទ ឬក៏អ្នកប្រើប្រាស់តំបន់នោះក្នុងការចិញ្ចឹមជីវិតរបស់គេ»។
លោកបន្ថែមថា យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងទឹកជាច្រើនប្រភេទ បានបន្សល់ទុកពីសម័យសង្គ្រាមនៅកំឡុងឆ្នាំ១៩៧០ និងនៅឆ្នាំ១៩៧៩ ដោយមានកប៉ាល់ ទូក និងកាណូតដឹកគ្រាប់តាមផ្លូវទឹក បានលិច។ ក្រៅពីនេះ ក៏មានគ្រាប់មួយចំនួនទៀតបានទម្លាក់ពីលើយន្តហោះចូលក្នុងទឹក ហើយមិនទាន់ផ្ទុះដែរ។ លោកថា គ្រាប់ ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងអណ្ដូងទឹក ក៏ចាត់ទុកជាមុខសញ្ញាគ្រាប់នៅក្នុងទឹកដែលត្រូវប្រមូលដែរ ហើយកម្លាំងស៊ីម៉ាក់ នឹងធ្វើការសម្អាតជាបន្តបន្ទាប់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា អ្នកភូមិពោធិ៍លើ និងពោធិ៍ក្រោម នៃឃុំពោធិ៍ កំពុងរស់នៅក្នុងភាពភ័យខ្លាច ដោយសារតែគ្រាប់បេផ្លោង និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣០ទីតាំងផ្សេងគ្នា ត្រូវបានគេសង្ស័យថា កប់ដី និងខ្លះនៅក្នុងទឹក។ នៅក្នុងចំណោមគ្រាប់ទាំងនោះ គេដឹងថា មានគ្រាប់បេផ្លោងធុន ៦០មិល្លីម៉ែត្រចំនួន ៦គ្រាប់ នៅក្នុងអណ្ដូងទឹកចំកណ្ដាលភូមិពោធិ៍ក្រោម ដែលអ្នកភូមិធ្លាប់ប្រើប្រាស់កន្លងមក។
ប្រជាពលរដ្ឋម្នាក់ លោក សូរ សារិន មានប្រសាសន៍ថា បន្ទាប់ពីមានក្មេងក្នុងភូមិ ៣នាក់ស្លាប់ដោយសារដំគ្រាប់លេងកាលពីចុងខែមករា ឆ្នាំ២០១៤ បានធ្វើឲ្យអ្នកភូមិកាន់តែមានភាពភ័យខ្លាច។ លោកស្នើសុំឲ្យមន្ត្រីជំនាញស៊ីម៉ាក់ និងអាជ្ញាធរពាក់ព័ន្ធ ប្រមូលយកគ្រាប់ទាំងនោះចេញឲ្យអស់ពីមូលដ្ឋានពួកគាត់កំពុងរស់នៅឲ្យបានឆាប់៖ «ខ្ញុំដឹងតែមួយកន្លែង ដឹងតែនៅក្នុងទឹកអណ្ដូងមួយកន្លែង។ អណ្ដូងនៅខាងកើតផ្ទះខ្ញុំចម្ងាយប្រហែល ១០០ម៉ែត្រ។ វាចេះតែបារម្ភដែរ ខ្ញុំជាយ៉ាងអាគ្រាប់មួយធំនៅកប់ចំពីមុខផ្ទះ អាហ្នឹងបារម្ភដែរ ខ្លាចតែក្មេងអីវាចូលទៅ»។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា បញ្ជាក់ថា អង្គភាពមុជទឹកសង្គ្រោះរបស់ស៊ីម៉ាក់ នេះ បានបង្កើតឡើងប្រហែល ៣ឆ្នាំហើយ ប៉ុន្តែកាលណោះពុំទាន់មានធនធាន និងសម្ភារៈគ្រប់គ្រាន់ ទើបនៅឆ្នាំ២០១៣ សហរដ្ឋអាមេរិក បានចាប់ផ្ដើមហ្វឹកហ្វឺន និងបំពាក់សម្ភារៈទំនើបៗដល់អង្គភាព។ ការជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក នេះ នឹងធ្វើឲ្យអង្គភាពកាន់តែមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
