កងឯកភាពបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) កំពុងពន្លឿនការងារបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទះលើផ្ទៃដីអមសងខាងផ្លូវជាតិលេខ៥ ដើម្បីអភិវឌ្ឍផ្លូវមួយខ្សែនេះឲ្យក្លាយជាផ្លូវភ្លោះស្តង់ដារ។ មន្ត្រីជំនាញថា បេសកកម្មសម្អាតគ្រាប់មិនទាន់ផ្ទុះនេះ នឹងខំឲ្យចប់តាមផែនការនៅចុងខែកក្កដា ឆ្នាំ២០១៦។
មន្ត្រីស៊ីម៉ាក់ប្រមាណ ១០០នាក់ កំពុងប្រតិបត្តិការលើគម្រោងគម្រោងទីពីរនៃការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមបណ្ដោយផ្លូវជាតិលេខ៥ គឺចាប់ពីចំណុចព្រែកក្ដាម ដល់ចំណុចធ្លាម្អម នៃខេត្តពោធិ៍សាត់ ប្រវែងជាង ១៤៧គីឡូម៉ែត្រ។ នៅគ្រាដែលមិនទាន់មានភ្លៀងធ្លាក់ជោកជាំ ក្រុមអ្នកកាប់ឆ្ការព្រៃ និងរាវគ្រាប់មិនទាន់ផ្ទុះ កំពុងពន្លឿនការងារនៅតំបន់ទំនាប និងកន្លែងដែលអាចដក់ទឹកខ្លាំង។
ការធ្វើដូច្នេះ ជៀសវាងការលំបាកទាំងកាប់ឆ្ការព្រៃ និងយកឧបករណ៍រាវមីនចូលក្នុងទឹក។ រយៈពេលជិត ៥ខែ ដែលក្រុមនេះអនុវត្តបានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់។
ប្រធានកងឯកភាពបោសសម្អាតមីន ដើម្បីអភិវឌ្ឍន៍ លោក ម៉ុង សុគន្ធារ័ត្ន ថ្លែងនៅថ្ងៃទី២៤ ខែឧសភា ថា ត្បិតលោកមិនចាំពីតួលេខ និងប្រភេទគ្រាប់ដែលបានរកឃើញ ប៉ុន្ដែក្នុងនោះពុំមានគ្រាប់មីននោះទេ។ លោកថា បច្ចុប្បន្នគ្រាប់ទាំងនោះបានយកទៅបំផ្លាញចោលអស់ហើយ ហើយក្រុមការងារនឹងបញ្ចប់បេសកកម្មតាមផែនការដែលបានគ្រោងទុក គឺនៅដំណាច់ខែកក្កដា ឆ្នាំ២០១៦៖ «ជាលទ្ធផលសម្រេចបានប្រហែលជា ៥០ ទៅ ៦០ភាគរយហើយ! ចាប់ផ្ដើមតាំងពីខែមួយ ហើយផែនការយើងនឹងចប់នៅចុងខែ៧។ ដូចជាមិនបញ្ហាអីទេ យើងគិតថា ផ្ទៃដីនៅសល់ គឺយើងអាចចប់ទៅតាមផែនការដែលបានកំណត់»។
ទាំងគម្រោងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការស្ថាបនាកែលម្អផ្លូវជាតិលេខ៥ គឺចាប់ពីព្រែកក្ដាម ខេត្តកណ្ដាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទី១ គឺពីបាត់ដំបង ទៅស្វាយស៊ីសុផុន ដំណាក់កាលទី២ គឺចាប់ពីព្រែកក្ដាម ខេត្ដកណ្ដាល ដល់ស្រុកក្រគរ ដំណាក់កាលទី៣ ចាប់ពីស្រុកក្រគរ ដល់ក្រុងបាត់ដំបង បូកនឹងស្វាយស៊ីសុផុន ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក នូ វឌ្ឍនៈ ថ្លែងថា ក្រោយពីគម្រោងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះចប់នៅពេលខាងមុខនេះ ការស្ថាបនាផ្លូវអាចនឹងចាប់ផ្ដើមពីខែតុលា ឆ្នាំ២០១៦ និងត្រូវបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ២០២០ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ហើយដែរនោះ។ គម្រោងស្ថាបនានេះក្រោមកម្ចីឥណទានប្រមាណ ១១០លានដុល្លារពីប្រទេសជប៉ុន៖ «ហើយចាក់កៅស៊ូហ្នឹង ១តឹកកន្លះណោះ កន្លងមកអាកៅស៊ូហ្នឹងយើងចាក់យ៉ាងច្រើនតែ ៥ហ៊ុន ឬ ៧ហ៊ុនទេ ឥឡូវឡើងដល់ ១តឹកកន្លះ អាហ្នឹងគម្រោងរបស់ជប៉ុន អ៊ីចឹងបានវាថ្លៃ ហើយដល់កំណាត់ទី៣ អត់ទាន់រាវទេ គឺពីធ្លាម្អម ទៅបាត់ដំបង បូកពីស្វាយទៅប៉ោយប៉ែត អត់ទាន់បានទៅរាវទេ ប្រហែលជាចប់អាកញ្ចប់ទីពីរនេះបានចូលកញ្ចប់ទី៣»។
តាមការបញ្ជាក់ពីមន្ត្រីចុះអនុវត្តការងារផ្ទាល់នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងឲ្យដឹងថា ប្រភេទគ្រាប់ដែលរកឃើញភាគច្រើន គឺជាប្រភេទគ្រាប់បេកម្រិត ៦០មិល្លីម៉ែត្រ និង ៨០មិល្លីម៉ែត្រ អឹម ៧៩ (M.79) និងគ្រាប់ដេកា (DK) ជាដើម។ បច្ចុប្បន្នក្រុមការងារទាំងបីក្រុម កំពុងពន្លឿនការងារនៅគោលដៅខេត្ដកណ្ដាល កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
