សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃច័ន្ទ ទី៣០ កញ្ញា បានដាក់ពាក្យប្ដឹងទៅមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីសុំឲ្យស៊ើបអង្កេតករណីប៉ុនប៉ងសម្លាប់រូបលោក និងគ្រួសារដោយចាក់សាំងដុតផ្ទះ។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ភូមិពូតាង លោក ស្រៀង ផាយហុង មានប្រសាសន៍បញ្ជាក់ថា កាលពីវេលាម៉ោង ១១ និង ១០នាទីយប់ថ្ងៃទី២៩ មានការប៉ុនប៉ងដុតផ្ទះលោកសម្លាប់ទាំងគ្រួសារ ដោយមានសកម្មភាពចាក់សាំងពីស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅមុខផ្ទះ រហូតដល់បន្ទប់ដេកលោក។
លោកបន្តថា មុខសញ្ញាសង្ស័យ គឺបុរសឈ្មោះ ឃី ជាគ្រូបង្រៀនមានទីលំនៅនៅជាប់នឹងផ្ទះលោក ដែលមានជម្លោះនឹងគ្នាកាលពីព្រលប់ ដោយសារបុរសឈ្មោះ ឃី មានអាកប្បកិរិយាប្រមាថលើភរិយាលោក៖ «គេយកសាំងមកស្រោចតាំងពីបង្គោលគណបក្ស រហូតមកដល់បន្ទប់ខ្ញុំដេក ហើយចាក់លើគំនរឈើចាក់មាត់បង្អួច ចាក់ពេញទាំងអស់ហ្នឹង ប្រពន្ធខ្ញុំដាស់ខ្ញុំ។ មើលសាំងស្អីធំអាក្រក់ម្ល៉េះពេញផ្ទះនេះ ឯងមើលៗ។ ខ្ញុំក៏ក្រោកឡើងហិតម៉ូតូអត់ធំសាំងទេ ដល់ហិតទៅធំពេញផ្ទះទាំងអស់ ខ្ញុំក៏ហៅប្រជាពលរដ្ឋគេមកទៅ គេយកទឹកជះទៅណា»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែកញ្ញា មិនអាចទាក់ទងបុរសឈ្មោះ ឃី សុំបំភ្លឺសេចក្តីចោទប្រកាន់នេះបានទេ ប៉ុន្តែមេឃុំពូជ្រៃ លោក កើញ រដ្ឋា មានប្រសាសន៍ថា ជាទំនាស់បុគ្គល មិនទាក់ទិនអំពើគំរាមកំហែងផ្នែកនយោបាយអ្វីឡើយ។ លោកបន្តថា បានចាត់មន្ត្រីប៉ូលិសប៉ុស្តិ៍ទៅពិនិត្យកន្លែងកើតហេតុ ក្រោយពេលកើតហេតុហើយ ប៉ុន្តែមិនឃើញមានក្លិនសាំងដូចសេចក្តីចោទនោះទេ៖ «លោកគ្រូហ្នឹងគាត់ស្រវឹងស្រា គាត់ហ្នឹងក៏ប៉ះដៃប្រពន្ធលោក ហុង ហ្នឹង។ រួចប៉ះដៃប៉ះស្មាប៉ុណ្ណឹងទេ ដល់អ៊ីចឹង លោក ហុង ទះមួយដៃអ៊ីចឹងណា! គ្រូហ្នឹងក៏វិលទៅដេកផ្ទះទៅ ប៉ុន្តែវាថាចាក់សាំងជុំវិញផ្ទះ។ ដល់ខ្ញុំឲ្យប៉ូលិសទៅអង្កេតមើល ដូចអត់មានក្លិនសាំង។ វាចាក់ទឹកបន្លាចមិនដឹង»។
ផ្ទុយពីការអះអាងនេះ សាក្សីមួយរូបដែលមានទីលំនៅជាប់កន្លែងកើតហេតុ គឺលោក ជា គឹមសាន មានប្រសាសន៍បញ្ជាក់ថា ពិតជាមានសាំងត្រូវបានគេចាក់ពង្រាយ ដើម្បីដុតផ្ទះ ប៉ុន្តែលោកបានយកទឹកជះលើក្លិនសាំងមុនពេលប៉ូលិសមកដល់ បង្ការខ្លាចមានអ្វីបង្កឲ្យសាំងនោះឆាបឆេះដល់ផ្ទះជិតខាង។ លោកបន្តថា បានរាយការណ៍ជូនប៉ូលិសរួចហើយ ស្ដីពីករណីនេះ៖ «ឃើញតើ! ប្អូនខ្ញុំយកទឹកចាក់ខ្លាចវាមកដុតសាថ្មីទៀត យើងមើលមិនឃើញទេ បើយប់ហើយស្រួលមិនស្រួលយកដែកកេះមកឆួលទៅ រួចដល់ប៉ូលិសមកថាខ្ញុំប្រញាប់ចាក់ទឹកពេក។ ខ្ញុំការពារផ្ទះខ្លាចឆេះ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលសេចក្តីរាយការណ៍តាមទូរស័ព្ទពីករណីនេះរួចហើយ ប៉ុន្តែលោកជាប់ភារកិច្ចនៅភ្នំពេញ មិនទាន់បានចុះអង្កេត។ លោកបន្តថា ជនរងគ្រោះគ្រោងដាក់ពាក្យប្ដឹងមកមន្ត្រីសមាគម ដើម្បីជួយអន្តរាគមន៍ក្នុងបញ្ហានេះ៖ «ពីមុនមក គាត់ធ្លាប់មានបញ្ហាមួយលើករួចមកហើយពីករណីគាត់បានលើកស្លាកមុខផ្ទះគាត់ហ្នឹងណា! ស្លាកគណបក្សសង្គ្រោះជាតិ ហ្នឹង។ គេធ្លាប់គំរាមមិនឲ្យគាត់លើក។ ឥឡូវមានករណីហ្នឹងកើតឡើង គឺជនរងគ្រោះ គឺគាត់បានសន្និដ្ឋានគាត់ថាករណីនេះកើតឡើងមកពីរើសអើងនយោបាយដែរ»។
យ៉ាងនេះក្តី នាយនគរបាលប៉ុស្តិ៍ពូជ្រៃ លោក ប្រាង ធឿន មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសមិនទាន់សន្និដ្ឋានបែបណាទាក់ទិនសេចក្តីចោទប្រកាន់នេះទេ។ លោកបន្តថា នឹងអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស ដើម្បីស្រាវជ្រាវពីហេតុការណ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
