បក្ស​ប្រឆាំង​ប្ដូរ​ទីតាំង​ប្រារព្ធ​ពិធី​បង្សុកូល​ជូន​កម្មករ​ដែល​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង

អគ្គលេខាធិការ​រង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​ប្ដូរ​ទីតាំង​នៃ​ការ​រៀបចំ​ពិធី​បង្សុកូល ដែល​គ្រោង​ធ្វើ​នៅ​ផ្លូវ​វ៉េងស្រេង មក​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។

អ្នកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង និង​ជា​អគ្គលេខាធិការ​រង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ថ្ងៃ​ទី​១ ខែ​មករា ថា គណបក្ស​សម្រេច​លុប​គម្រោង​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​បុណ្យ​កុសល ចំពោះ​អ្នក​ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង មក​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។ អ្នកស្រី​បន្ត​ថា មូលហេតុ​ដែល​ខាង​គណបក្ស​សម្រេច​លុប​ចោល​គម្រោង​នៅ​ផ្លូវ​វ៉េងស្រេងេ ព្រោះ​ដើម្បី​បញ្ចៀស​បញ្ហា។ ម្យ៉ាង​វិញ​ទៀត ទីលាន​ប្រជាធិបតេយ្យ​ក៏​ជា​ទីតាំង​មួយ​ដែល​អំណោយ​ផល​ណាស់​ដែរ សម្រាប់​ការ​ជួប​ជុំ។ អ្នកស្រី​បន្ត​ថា «យើង​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា។ យើង​និយាយ​អំពី​ការ​សន្ទនា​គ្នា គឺ​យើង​នៅ​មក​ប្រារព្ធ​ដដែល។ យើង​នៅ​តែ​បំពេញ​កាតព្វកិច្ច​របស់​យើង ក្នុង​ការ​គោរព​វិញ្ញាណក្ខន្ធ​កម្មករ​ដែល​បាន​ស្លាប់​នៅ​លើ​តាម​ផ្លូវ​វ៉េងស្រេង ដដែល»

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ចំពោះ​អ្នក​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​ដោយ​ក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ​នេះ។ មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ លុប​គម្រោង​របស់​ខ្លួន​ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ផ្លូវ​វ៉េងស្រេង គឺ​ដោយសារ​តែ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​ការ​ស្នើសុំ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​ពិធី​នៅ​ផ្លូវ​វ៉េងស្រេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។