បើតាមលិខិតបក្សសង្គ្រោះជាតិ ចុះហត្ថលេខាដោយតំណាងរាស្ត្រ លោក សុន ឆ័យ ផ្ញើជូន លោក ជីវ កេង ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ នឹងចូលជួបសួរសុខទុក្ខអ្នកជាប់គុកចំនួន ២៣នាក់នោះ នៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ។
មិនទាន់មានការឆ្លើយតបយ៉ាងណាពីលោក ជីវ កេង ចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ។
អ្នកជាប់គុក ២៣នាក់នោះមាន លោក វន់ ពៅ អតីតប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសកម្មជនដីធ្លី មន្ត្រីអង្គការ និងកម្មករមួយចំនួនទៀត ដែលត្រូវបានកងកម្លាំងរដ្ឋាភិបាលចាប់ខ្លួន កាលពីថ្ងៃទី២ និងទី៣ មករា ឆ្នាំ២០១៤ កន្លងទៅ ក្នុងពេលពួកគេធ្វើបាតុកម្មជាមួយកម្មករ ដើម្បីទាមទារដំឡើងប្រាក់ខែគោលកម្មករ ១៦០ដុល្លារ នៅភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អ្នកទាំង ២៣នាក់នោះពីបទមួយចំនួន ដូចជា ប្រើប្រាស់ហិង្សាដោយចេតនា បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា មានស្ថានទម្ងន់ទោស បទបិទផ្លូវសាធារណៈ បង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
