ពលរដ្ឋនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចោទមេឃុំថាប្រកាន់បក្ខពួកក្នុងការធ្វើលិខិតស្នាមជូនពួកគាត់ ដែលមានបំណងធ្វើអាជីវកម្មលក់សាច់ជ្រូកនៅក្នុងឃុំ។ ការចោទប្រកាន់នេះ ក្រោយពេលពួកគាត់យកលិខិតទៅឲ្យបញ្ជាក់នៅសាលាឃុំ ដើម្បីធ្វើអាជីវកម្មកាប់ និងលក់សាច់ជ្រូក ប៉ុន្តែត្រូវបានមេឃុំបដិសេធជាច្រើនដង។ ទាក់ទងបញ្ហានេះ មេឃុំថា លោកធ្វើទៅតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មប៉ុណ្ណោះ។
ប្រជាពលរដ្ឋលើកឡើងថា បើទោះបីជាមេឃុំមិនព្រមចុះហត្ថលេខាលើលិខិតស្នើសុំរបស់ពួកគាត់ក៏ដោយ ក៏ពួកគាត់នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីថ្នាក់លើ ព្រមទាំងបន្តកាប់ជ្រូកលក់ដដែល។
ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរឃុំបានបដិសេធសំណើរបស់ពលរដ្ឋ ៦គ្រួសារ ក្នុងនោះអាជីវករចាស់ចំនួន ២គ្រួសារ ក្រោមហេតុផលថា ចំនួនអ្នកដាក់ពាក្យធ្វើអាជីវកម្មសត្តឃាត គឺពេញអស់ទៅហើយ។
អាជីវករម្នាក់នៅឃុំសណ្ដាន់ លោក ជា គឹមទៀង មានប្រសាសន៍ថា ការចុះហត្ថលេខារបស់មេឃុំ គឺចាំបាច់សម្រាប់លិខិតស្នើសុំរបស់ពួកគាត់ ដើម្បីអាចបន្ត និងធ្វើអាជីវកម្មកាប់ និងលក់សាច់ជ្រូកនៅក្នុងឃុំបាន។ លោកថា បើគ្មានហត្ថលេខារបស់មេឃុំ ពលរដ្ឋទាំងឡាយដែលចង់ដាក់ពាក្យស្នើសុំទៅមន្ទីរកសិកម្មបន្ត គឺមិនអាចប្រព្រឹត្តទៅបានឡើយ។ លោកបញ្ជាក់ថា ពួកគាត់បានយកពាក្យធ្វើអាជីវកម្មសត្តឃាត ទៅឲ្យមេឃុំចុះហត្ថលេខាតាំងពីខែវិច្ឆិកា ប៉ុន្តែលោកមេឃុំបដិសេធរហូត៖ «ជាការយល់ឃើញរបស់យើងខ្ញុំទាំងអស់គ្នា គឺគេធ្វើហ្នឹងប្រកាន់បក្ខពួកហ្មង»។
មិនខុសគ្នានេះ ពលរដ្ឋមួយរូបទៀត លោក ឈួន ឈីម មានប្រសាសន៍ថា ដោយសារតែកូនមេឃុំជាអ្នកប្រកបរបរធ្វើអាជីវកម្មកាប់ជ្រូកនៅក្នុងឃុំស្រាប់ ដោយមិនចង់ឲ្យពលរដ្ឋផ្សេងប្រកបរបរនេះ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់មុខរបរកូនរបស់ខ្លួន ទើបបានជាមេឃុំមិនព្រមចុះហត្ថលេខាជូនពួកគាត់៖ «ព្រោះអីកូនមេឃុំហ្នឹងគេធ្វើអាជីវកម្មដែរ។ អ៊ីចឹងទៅឆ្នាំទៅ គាត់ស៊ីញេឲ្យខ្ញុំទៅ គាត់អត់ឲ្យខ្ញុំកាប់នៅផ្សារទេ»។
ឆ្លើយតបបញ្ហានេះ មេឃុំសណ្ដាន់ លោក បាន ហេង មានប្រសាសន៍ថា លោកមិនបានរើសអើង ឬធ្វើការងារប្រកាន់បក្ខពួកនោះទេ ប៉ុន្តែលោកធ្វើទៅតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តប៉ុណ្ណោះ ពីព្រោះកន្លងមក មានអាជីវករខ្លះបានសិទ្ធិអនុញ្ញាតពីខាងមន្ទីរកសិកម្ម បែរជាលក់ឈ្មោះខ្លួនឲ្យអ្នកផ្សេងទៅវិញ។ លោកទទួលស្គាល់ថា ក្នុងចំណោមអាជីវករជិត ១០នាក់ ដែលដាក់ពាក្យធ្វើអាជីវកម្មកាប់ជ្រូក និងលក់សាច់ជ្រូក គឺមានកូនរបស់លោកមែន៖ «អ្នកធ្វើអាជីវកម្មហ្នឹងវាមានច្រើនហើយ ហើយអ្នកធ្វើអាជីវកម្មកាលពីឆ្នាំទៅវាមានច្បាប់ហើយ បែរជាយកមកលក់»។
លិខិតជូនដំណឹងរបស់មន្ទីរកសិកម្ម កាលពីខែកញ្ញា ឆ្នាំ២០១៥ បញ្ជាក់ថា ខាងមន្ទីរបានសម្រេចផ្តល់លិខិតអនុញ្ញាតសត្តឃាតដល់ពលរដ្ឋនៅស្រុកសណ្ដាន់ ៤២នាក់ ក្នុងនោះឃុំសណ្ដាន់ ចំនួន ១២នាក់។ ក្នុងលិខិតនោះឲ្យដឹងទៀតថា អាជ្ញាធរឃុំត្រូវពិនិត្យឲ្យច្បាស់ចំពោះអាជីវករដែលទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មនៅឆ្នាំ២០១៥។ បន្ថែមពីនេះ អាជ្ញាធរឃុំត្រូវពិនិត្យវាយតម្លៃអាជីវករដែលទទួលបានពាក្យស្នើសុំឲ្យត្រឹមត្រូវ មុននឹងបញ្ជាក់លើលិខិតអនុញ្ញាតសម្រាប់ធ្វើអាជីវកម្មសត្តឃាតនៅឆ្នាំ២០១៦ ខាងមុខ ជៀសវាងមានបញ្ហាផ្សេងៗដោយប្រការណាមួយ ឬជៀសវាងអាជីវករច្រើនពេក ឬតិចពេក។
យ៉ាងណា ពលរដ្ឋមួយរូបទៀតដែលជាអាជីវករចាស់ លោក គៀន កន បញ្ជាក់ថា ពួកគាត់បានសុំកិច្ចអន្តរាគមន៍ទៅថ្នាក់ស្រុក និងខេត្ត ប៉ុន្តែគ្មានដំណោះស្រាយឡើយ។ លោកបន្តថា ពួកគាត់បានគោរពតាមលក្ខខណ្ឌរបស់មន្ទីរកសិកម្មខេត្ត តែមេឃុំហាក់មានការរើសអើងដល់ពួកគាត់ទៅវិញ។
ទាក់ទងបញ្ហានេះ មន្ត្រីអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា ជាទូទៅ ការប្រកបរបរទាំងនេះ គឺតម្រូវឲ្យដាក់ដេញថ្លៃជាសាធារណៈ ជៀសវាងមានភាពមិនប្រក្រតី ឬអំពើពុករលួយកើតឡើង។ លោកបន្តថា អាជ្ញាធរអាចធ្វើតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម ប៉ុន្តែមេឃុំមិនមានអំណាចណាមួយបដិសេធនឹងសំណើរបស់ពលរដ្ឋទេ។ លោកថា ជៀសវាងមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការងារនេះដោយតម្លាភាព និងស្មើភាពគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
