សមាជិកក្រុមប្រឹក្សាឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង មកពីគណបក្ស សម រង្ស៊ី ចោទមេឃុំតាឡាត ថាបង្កកប្រាក់ខែក្រោមហេតុផលនយោបាយ។ ការចោទប្រកាន់នេះ បន្ទាប់ពីមេឃុំតាឡាត លោក សឿង ខង មិនបានបើកប្រាក់ខែឲ្យសមាជិកក្រុមប្រឹក្សាឃុំម្នាក់តាំងពីខែសីហា ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយសំអាងថា សមាជិកក្រុមប្រឹក្សាឃុំរូបនោះ មិនបានបំពេញកាតព្វកិច្ចការងារ។
សមាជិកក្រុមប្រឹក្សាឃុំតាឡាត ស្រុកសេសាន មកពីគណបក្ស សម រង្ស៊ី អំពាវនាវឲ្យអាជ្ញាធរខេត្ត អន្តរាគមន៍ទាក់ទិនការបង្កកប្រាក់ខែរបស់លោកដោយគ្មានមូលដ្ឋាន ផ្ទុយពីគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល និងច្បាប់ស្ដីពីបក្សនយោបាយ។
ក្រុមប្រឹក្សាឃុំតាឡាត មកពីគណបក្ស សម រង្ស៊ី លោក អូទ ឃុន ចោទប្រកាន់ថា មេឃុំតាឡាត លោក សឿង ខង មានចេតនាបង្កកប្រាក់ខែលោក ក្រោមហេតុផលមិនបានបំពេញតួនាទីជាក្រុមប្រឹក្សាឃុំ ដោយខកខានមិនបានមកប្រជុំតាមការអញ្ជើញរបស់មេឃុំកន្លងមក។ លោកចាត់ទុកថា ការមិនបើកប្រាក់ជាច្រើនខែមកនេះ គឺជាចេតនារើសអើងបក្សនយោបាយ៖ « ខែ៨ មកដល់ឥឡូវ គេមិនបានបើកប្រាក់ខែឲ្យខ្ញុំទេ។ ថ្ងៃ២៥ គេបានហៅខ្ញុំទៅប្រជុំ គេប្រជុំថ្ងៃ២៥ មេឃុំបោកខ្ញុំទៅប្រជុំនៅសាលាខេត្តវិញ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេឃុំតាឡាត លោក សឿង ខង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៣ កុម្ភៈ ព្រោះទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង លោក សាត ស៊ិន អះអាងថា ការបង្កកប្រាក់ខែរបស់សមាជិកក្រុមប្រឹក្សាឃុំ គឺជាទង្វើខុសនីតិវិធី ព្រោះការឡើងកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាឃុំ គឺឡើងតាមប្រព័ន្ធសមាមាត្រដោយបោះឆ្នោតជ្រើសតាំងពីពលរដ្ឋ។ ដូច្នេះ ការបង្កកប្រាក់ខែអាចធ្វើបាន លុះត្រាតែមានលិខិតស្នើសុំពីគណបក្សនយោបាយ ទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាឃុំជាមុនសិន៖ « មេឃុំពេលឃើញបុគ្គលអនុវត្ត ឧបមាថា ៣ខែជាប់ៗគ្នា ប្រជុំមួយខែម្តង ក្រុមប្រឹក្សាឃុំស្រាប់តែគាត់មិនបានមកប្រជុំទេ។ ចឹងមេឃុំគាត់ធ្វើលិខិតមួយស្នើមកគណបក្ស សុំធ្វើការផ្លាស់ប្ដូរបុគ្គល នៅពេលធ្វើការផ្លាស់ប្ដូរគណបក្ស គេហៅមកអប់រំ បើបុគ្គលនៅតែប្រព្រឹត្តអាហ្នឹង គណបក្សធ្វើលិខិតមួយផ្ញើទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការដោះដូរ។ ប៉ុន្តែនេះមេឃុំអត់មានទេ គាត់មានចេតនាធ្វើចឹងទេ ហើយផ្លូវច្បាប់គាត់អត់បានធ្វើអីទាំងអស់ ស្រាប់គាត់យកប្រាក់ខែពីធនាគារអេស៊ីលីដា ( ACLEDA Bank ) គាត់យកបំបាត់របស់គេតាំងពីខែ៨ ដល់ខែហ្នឹង »។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ស្នើឲ្យអាជ្ញាធរខេត្ត ចុះស៊ើបអង្កេតករណីនេះ ដើម្បីចៀសវាងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍមូលដ្ឋាន។ លោកចាត់ទុកការបង្កកប្រាក់ខែ អាចមានភាពមិនប្រក្រតី ព្រោះមេឃុំពុំមានសិទ្ធិសម្រេចបង្កកប្រាក់ខែដល់ក្រុមប្រឹក្សាឃុំណាមួយឡើយ៖ « មេឃុំមិនបើកប្រាក់ខែឲ្យគេ មេឃុំគឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ ខាងក្រុមប្រឹក្សាឃុំដែលមិនបានប្រាក់ខែ គាត់ត្រូវតែធ្វើរបាយការណ៍ទៅខេត្ត ឬក្រសួងមហាផ្ទៃ »។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង លោក ពុយ ចាន់ថាឡា អះអាងថា គណបក្សលោកនឹងរៀបចំពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ បើមេឃុំនៅតែមានៈមិនបើកប្រាក់ខែឲ្យសមាជិកក្រុមប្រឹក្សាឃុំ។ លោកថា ការបង្កកប្រាក់ខែ គឺជាចេតនាលេសនយោបាយមិនចង់មានវត្តមានគណបក្សជំទាស់នៅមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
