ប្រជាពលរដ្ឋបានរៀបរាប់បញ្ជាក់ថា ការធ្វើលិខិតបញ្ជាក់កន្លងមក ស្មៀនឃុំពុំធ្លាប់តម្រូវឲ្យពលរដ្ឋបង់ប្រាក់ ៥ពាន់រៀល ក្នុងពេលធ្វើលិខិតរបស់ខ្លួនដូចពេលនេះឡើយ។ ហើយបញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅតាមទីជនបទ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិរោទ៍ នៃឃុំញ ស្រុកកំពង់រោទិ៍ លោក ព្រំ សៅ ថ្លែងបញ្ជាក់នៅថ្ងៃទី០៤ កុម្ភៈ ថា លោកទៅធ្វើលិខិតបញ្ជាក់លំនៅឋានបច្ចុប្បន្នរបស់ប្រជាពលរដ្ឋចំនួន ៣នាក់ នៅឯសាលាឃុំពេលនោះ ស្រាប់តែស្មៀនឃុំត្រូវឲ្យខ្លួនបង់ប្រាក់ថ្លៃសេវាមួយច្បាប់ ៥ពាន់រៀល។ លោកថ្លែងបន្តថា សព្វថ្ងៃប្រជាពលរដ្ឋណាក៏ដោយរាល់ពេលធ្វើលិខិតបញ្ជាក់ម្ដងៗ ទាល់តែមានប្រាក់ ៥ពាន់រៀល ទើបអាចធ្វើលិខិតបញ្ជាក់របស់ខ្លួនបាន។
លោក ព្រំ សៅ ថ្លែងបញ្ជាក់ដោយចាត់ទុកសកម្មភាពរបស់ស្មៀនឃុំយកប្រាក់ពីប្រជាពលរដ្ឋពេលធ្វើលិខិតបញ្ជាក់នេះ ថាជាសកម្មភាពពុករលួយខុសប្រក្រតី។ ហើយបញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រនៅតាមទីជនបទ៖ «ហើយខ្ញុំសួរថា ទាំង៣ហ្នឹង ៥ពាន់ ឬមួយលិខិត ៥ពាន់? គាត់ មួយលិខិត ៥ពាន់ បញ្ជាក់អាសយដ្ឋានហ្នឹង។ ហើយខ្ញុំយកទៅវា ៣សំបុត្រ វាអស់ ១ម៉ឺន ៥ពាន់។ ដល់ហើយគេឲ្យខ្ញុំហ្នឹងទៅស៊ីញេមេឃុំលើឈ្មោះហ្នឹងទៀត ដើម្បីគេធ្វើជាប័ណ្ណចំណូលក្នុងការងាររបស់គេហ្នឹង។ ដល់ហើយខ្ញុំក៏ទៅៗស៊ីញេ បានហើយបានគេបោះត្រាឲ្យ។ បើយកលុយហ្នឹងទុកកសាងជាសម្បត្តិរដ្ឋ ខ្ញុំអត់តូចចិត្តទេ ប៉ុន្តែខ្លាចដាក់ក្នុងហោប៉ៅ»។
ឆ្លើយតបនឹងបញ្ហានេះ ស្មៀនឃុំញ អ្នកស្រី វ៉ា សុជាតា មានប្រសាសន៍បញ្ជាក់ថា យកប្រាក់ថ្ងៃសេវាលិខិតបញ្ជាក់លំនៅឋានរបស់ប្រជាពលរដ្ឋ គឺធ្វើឡើងទៅតាមគោលការណ៍របស់អន្តរក្រសួង ដែលមានក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ្នកស្រីថា ក្នុងឃុំញ ទើបតែផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០១៤។ អ្នកស្រីថ្លែងបន្តថា ស្មៀនឃុំពុំមានចេតនាយកលុយដែលពលរដ្ឋបង់ថ្លៃសេវា ធ្វើលិខិតបញ្ជាក់នេះដាក់ក្នុងហោប៉ៅ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ៖ «គេសម្រាប់បង់ចូលរដ្ឋ ២០% កាត់ទុកសម្រាប់លើកទឹកចិត្តជូនរដ្ឋបាលថ្នាក់ក្រោមជាតិហ្នឹង ៧៩% និងបង់ចូលក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មួយភាគរយ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី០៤ កុម្ភៈ។
តែយ៉ាងណា ស្មៀនឃុំញ បង្ហាញថា ក្នុងលិខិតប្រកាសរបស់អន្តរក្រសួងលេខ ៣៨៤៥ ចុះថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៣។ តម្រូវឲ្យឃុំសង្កាត់នានាទូទាំងប្រទេស លើកលែងតែខេត្តដាច់ស្រយាលចំនួន៥ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគីរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្រៅពីនោះ អ្នកដែលធ្វើលិខិតបញ្ជាក់ ត្រូវបង់ថ្លៃសេវានៅឃុំសង្កាត់របស់ខ្លួននៅតម្លៃពី ៤ពាន់ ទៅ ២ម៉ឺនរៀល ក្នុងលិខិតមួយច្បាប់ ទៅតាមកម្រិតនៃលិខិតបញ្ជាក់នោះ រួមមានដូចជា លិខិតបញ្ជាក់ភាពនៅលីវ ១ម៉ឺនរៀល លិខិតបញ្ជាក់ទីលំនៅឋាន ៤ពាន់រៀល លិខិតបញ្ជាក់ប្រវត្តិដីធ្លី ២ម៉ឺនរៀល និងលិខិតបញ្ជាក់កិរិយាមារយាទចំនួន ៥ពាន់រៀល ជាដើម។ អ្នកស្រីបញ្ជាក់ថា ក្នុងសេចក្ដីប្រកាសនេះ ឲ្យអនុវត្តទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០១៤ រហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
