បណ្ណាល័យ​សហគមន៍​ជំរុញ​ឱ្យ​កុមារ​ចូលចិត្ត​អាន​សៀវភៅ

0:00 / 0:00

ប្រជាពលរដ្ឋ​កម្ពុជា តាម​សហគមន៍​សម្ដែង​ការ​ពេញ​ចិត្ត​ថា ការ​បង្កើត​បណ្ណាល័យ​នៅ​តាម​សហគមន៍​គឺ​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​សម្រាប់​បណ្ដុះ​ការ​អាន និង​ជំរុញ​ឱ្យ​កុមារ​ចូល​ចិត្ត​ការ​សិក្សា​រៀន​សូត្រ។មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​អាន​សៀវភៅ​ច្រើន​គឺ​ជា​ជួយ​ឱ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​ការ​លើក​ឡើង​នេះ។

គ្រាន់តែ​បើក​ទូរ​បណ្ណាល័យ​ភ្លាម មាន​កុមារា កុមារី​ជាច្រើន​នាំគ្នា​រត់​ទៅ​រក​សៀវភៅ​ដើម្បី​អាន។ ម្នាក់ៗ​កាន់​សៀវភៅ​គ្រប់​គ្នា​ហើយ​អង្គុយ​អាន​រៀង​ខ្លួន​ដោយ​មិន​ខ្វល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ។

កុមារី​ម្នាក់​មាន​សម្បុរ​ស្រអែម​ស្រស់ ពាក់​អាវ​ស សំពត់​ខៀវ មាន​អាយុ​ប្រហែង ១០​ឆ្នាំ។ កុមារី​ម្នាក់​នេះ​ឈ្មោះ​ថា ពិសី។ ពិសី​និយាយ​ថា នាង​ចូល​ចិត្ត​សៀវភៅ​រឿង​និទាន សៀវភៅ​មាន​រូប​តុក្កតា និង​សៀវភៅ​មាន​ពាក្យ​ភាសា​ខ្មែរ​លាយ​និង​ភាសា​អង់គ្លេស។ កុមារី​ម្នាក់​នេះ​បន្ថែម​ថា នាង​តែងតែ​មក​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ក្នុង​ភូមិ​ក្រាំងឡង នេះ​ជា​ប្រចាំ ជាពិសេស​ថ្ងៃ​អាទិត្យ​ពេល​សម្រាក​ពី​ការ​រៀន​នៅ​សាលា​រដ្ឋ។ បើ​មើល​ទៅ​ទឹក​មុខ​កុមារី កុមារា​ដែល​មក​អាន​សៀវភៅ​នៅ​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នេះ ពួកគេ​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការ​សិក្សា ដូចជា​ដឹង​ច្បាស់​ថា ការ​អាន​ជា​យាន​នាំ​ឱ្យ​មាន​ភាព​រីកចម្រើន និង​មាន​ចំណេះ​ទូលំទូលាយ។

រី​ឯ​កុមារី សោភា វិញ ក្នុង​ដៃ​កាន់​សៀវភៅ​រឿង​និទាន​មួយ​ក្បាល​មាន​ចំណង​ជើង​ថា "ទន្សាយ​ចាញ់​បោក​កង្កែប"។ កុមារី​ម្នាក់​អាន​រឿង​និទាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ច្បាស់ៗ។ ក្រឡេក​មើល​ជុំវិញ​ខ្លួន​របស់​នាង មាន​ក្មេង​ជា​ច្រើន​អង្គុយ​ព័ទ្ធ​ជុំវិញ​ដើម្បី​ស្ដាប់​ការ​អាន​រឿង​និទាន។ ម្នាក់ៗ​ត្រចៀក​ស្ដាប់ ភ្នែក​មើល​ទៅ​ម្ចាស់​សំឡេង ដៃ​កាន់​ស្ករ​គ្រាប់​ដែល​កំពុង​ទំពា​ក្នុង​មាត់។ ស្ដាប់​បណ្ដើរ ហូប​បណ្ដើរ ទឹក​មាត់​ក៏​ហូរ​ស្រក់​ធ្លាក់​មក​លើ​អាវ​បណ្ដើរៗ​ដែរ តែ​ធ្វើ​ដូច​អត់​ដឹង​អ្វី​សោះ។

«សំឡេង​ក្មេងៗ​អាន​រឿង​និទាន»

កុមារ​នាំ​គ្នា​រៀន​បន្ថែម​នៅ​តាម​ផ្ទះ​នា​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
កុមារ​នាំ​គ្នា​រៀន​បន្ថែម​នៅ​តាម​ផ្ទះ​នា​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Sireymuny)

ក្មេង​តូចៗ​ទាំងនោះ​ខ្លះ​អាច​ចេះ​អាន​ដោយ​ខ្លួនឯង តែ​ខ្លះ​ហាក់​មិន​ទាន់​ចេះ​អាន​សៀវភៅ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ត្រឹម​បើក​មើល​រូប​មួយ​សន្លឹក​ម្តងៗ​ក៏​អស់​ចិត្ត​ដែរ។ ក្មេងៗ​ដែល​មក​អង្គុយ​អាន​សៀវភៅ​ទាំង​នោះ គឺ​មិនមែន​កើត​ឡើង​ដោយ​ភាព​ចៃដន្យ​ឡើយ។

​យុវតី​ម្នាក់​ដែល​ទើប​តែ​រៀន​ថ្នាក់​ទី​៩ កញ្ញា ប៉ក់ សុធារ៉ាត់ និយាយ​ថា ការ​សិក្សា​ជា​ស្នូល​ជីវិត សំខាន់​សម្រាប់​អនាគត។ ការ​អាន​គឺ​ជា​វប្បធម៌​ដ៏​មាន​ប្រយោជន៍ និង​ធ្វើ​ឱ្យ​ក្មេងៗ យុវជន​ទទួល​បាន​ចំណេះ​ទូទៅ​បាន​ទូលំទូលាយ។ កញ្ញា​បន្ត​ថា អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ គឺ​ជា​មធ្យោបាយ​ល្អ​សម្រាប់​បណ្ដុះ​គំនិត​ឱ្យ​មាន​វប្បធម៌​ចែក​រំលែក និង​មនសិការ​ស្នេហា​ការ​សិក្សា​រៀន​សូត្រ។

កញ្ញា ប៉ក់ សុធារ៉ាត់៖ «ខ្ញុំ​ចង់​ឱ្យ​ភូមិ​ផ្សេង មិន​ថា​តែ​ក្នុង​ភូមិ​ខ្ញុំ​ទេ គឺ​ចង់​ឱ្យ​បង្កើត​បណ្ណាល័យ​គ្រប់​ភូមិ​ទូទាំង​ប្រទេស​កម្ពុជា។ កូនចៅ​ខ្មែរ​សម្បូរ​អ្នក​ចេះ​ដឹង ចូល​ចិត្ត​អាន និង​ស្រឡាញ់​ការ​សិក្សា»

តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​លោក គឹម ចាន់ណា ប្រធាន​គ្រឹះស្ថាន​បោះ​ពុម្ព​សៀវភៅ ម៉ាញប៊ុក (Mind Book) ស្ដីពី​ការ​អាន​ក្នុង​តំបន់​អាស៊ី​កម្ពុជា មាន​ប្រជាជន​អាច​អាន​សៀវភៅ​តិច​ជាង​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ហើយ​ប្រទេស​ដែល​អាន​ច្រើន​ជា​គេ​ក្នុង​តំបន់​អាស៊ី គឺ​ប្រទេស​សិង្ហបុរី គឺ​អាន​សៀវភៅ​ប្រមាណ ៥៥-​៥៦​ក្បាល ក្នុង​មួយ​នាក់​នៅ​ក្នុង​មួយ​ឆ្នាំ។

គ្រូ​មធ្យម​សិក្សា និង​ជា​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​យុវជន​ក្នុង​ភូមិ​ក្រាំងឡង ផ្នែក​ភាសា​ខ្មែរ និង​អង់គ្លេស លោក ជា វិបុណ្យ និយាយ​ថា ក្មេងៗ​តាម​ពិត​ចូលចិត្ត​អាន​សៀវភៅ ស្រឡាញ់​ការ​សិក្សា គឺ​អាស្រ័យ​ដោយ​មាន​កា​ជំរុញ​ពី​គ្រូបង្រៀន និង​ការ​គាំពារ​របស់​រដ្ឋាភិបាល​កម្ពុជា៖ «សិស្ស​ភាគ​ច្រើន គឺ​តាម​គ្នា បើ​មាន​អ្នក​ចូល​ចិត្ត​អាន អ្នក​ផ្សេង​ក៏​ចូល​ចិត្ត​អាន​ដែរ អ៊ីចឹង​យូៗ​ទៅ​ពួកគាត់​ចូល​ចិត្ត​អាន​សៀវភៅ​ដោយ​ខ្លួនឯង សំខាន់​មាន​អ្នក​នាំ​គាត់​អាន»

នាយក​អង្គការ​ស៊ីប៉ា លោក ហុក សុទ្ធិ ចែក​រំលែក​ថា ចង់​ឱ្យ​សង្គម​កម្ពុជា ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​ធនធាន​មនុស្ស​ឱ្យ​សក្ដានុពល។ ក្មេង​ជា​សរសៃ​ឈាម​នៃ​សង្គម​ក្នុង​ការ​អភិវឌ្ឍ ហើយ​ដើម្បី​ឱ្យ​កុមារ​ក្លាយ​ជា​ធនធាន​សំខាន់​បាន​លុះ​ត្រា​ណា​តែ​មាន​ការ​ចូលរួម​ពី​មនុស្ស​ទាំង​អស់​ក្នុង​សង្គម។ បន្ថែម​ពី​លើ​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវ​តែ​បង្កើត​យន្តការ​ថ្នាក់​ជាតិ​ស្ដីពី​ការ​ជំរុញ​ការ​អាន​ដល់​កុមារ​នៅ​ថ្នាក់​បឋមសិក្សា និង​ថ្នាក់​វិទ្យាល័យ​ដើម្បី​អាច​ធ្វើ​ឱ្យ​ក្លាយ​ជា​បរិយាកាស​នៃ​អាន​សៀវភៅ។

​លោក ហុក សុទ្ធិ៖ «ស្រុក​ខ្មែរ​យើង​ឥឡូវ​សម្បូរ​សៀវភៅ​កុមារ​ដែរ អ៊ីចឹង​អាណាព្យាបាល​គួរ​ទិញ​ជូន​គាត់ ហើយ​បង្រៀន​គាត់​ឱ្យ​ចេះ​អាន»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន សាទរ​ចំពោះ​សន្ទុះ​នៃ​ការ​អាន និង​សិក្សា​ស្រាវជ្រាវ។ ក្រសួង​អប់រំ កំពុង​ពង្រឹង​គុណភាព​តាម​គ្រប់​រូបភាព​ទាំង​អស់។

ការ​ពង្រឹង​គុណភាព​នៃ​ប្រឡង ការ​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន និង​ការ​ពង្រឹង​ភាព​ប្រាកដ​និយម​របស់​ជនជាតិ​ខ្មែរ​គ្រប់​រូប ពិសេស​គ្រូ​តាម​រយៈ​ការ​សហការ​គ្នា​ជំរុញ​ឱ្យ​មាន​វប្បធម៌​អាន និង​តាំង​ចិត្ត​ការ​រៀន​សូត្រ​ទាំង​អស់​គ្នា។

លោក​បន្ត​ថា ក្រសួង​អប់រំ បាន​បង្កើន​បណ្ណាល័យ​ជាង ៧០០​បណ្ណាល័យ​ទូទាំង​ប្រទេស ហើយ​បាន​បង្កើត​បណ្ណាល័យ​សហគមន៍​ចំនួន ៣៩​កន្លែង មណ្ឌល​អាន​ចំនួន ២៧៩​កន្លែង និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ៣៤៨​កន្លែង សម្រាប់​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ និង​ការ​អាន​ជូន​ប្រជាពលរដ្ឋ។​

លោក ​ហង់ ជួនណារ៉ុន៖ «គឺ​ទាល់តែ​គ្រូ​ហ្នឹង​មាន​កម្រិត​ស្តង់ដារ​ហ្នឹង​ខ្ពស់ ជា​ពិសេស​គ្រូ​ថ្នាក់ក្រោម​តែម្ដង គឺ​ទី​១ ២ ៣។ គាត់​ត្រូវ​មាន​បទពិសោធន៍​ខ្ពស់​ទើប​គាត់​អាច​បង្រៀន​ក្មេង​ឱ្យ​ចេះ​អាន​អក្សរ»

កុមារ​នាំ​គ្នា​រៀន​បន្ថែម​នៅ​តាម​ផ្ទះ​នា​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។
កុមារ​នាំ​គ្នា​រៀន​បន្ថែម​នៅ​តាម​ផ្ទះ​នា​ភូមិ​ក្រាំងឡង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Sireymuny)

ទោះ​បី​ជា​ក្រសួង​អប់រំ បាន​កែទម្រង់​ការ​សិក្សា​ដើម្បី​ឆ្ពោះ​ទៅ​រក​វិថី​នៃ​ភាព​រីកចម្រើន​ហើយ​ក្តី ក៏​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បង្កើត​បណ្ណាល័យ​ឱ្យ​បាន​គ្រប់​ភូម ដើម្បី​ជំរុញ​ឱ្យ​ក្មេងៗ​ចូល​ចិត្ត​ការ​អាន។ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ទស្សនៈ​វិស័យ​ត្រឹមត្រូវ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​កុមារ​នៅ​តាម​សហគមន៍ ជាពិសេស​តំបន់​ដាច់ស្រយាល​ឱ្យ​ទទួល​ការ​អប់រំ​ដោយ​ភាព​ស្នើ​គ្នា។

មាត្រា ៤៨ វាក្យខ័ណ្ឌ​ទី​១ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ចែង​ថា រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​កុមារ ជាពិសេស​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ​រៀន​សូត្រ សិទ្ធិ​ត្រូវ​បាន​ទទួល​ការ​គាំពារ​ក្នុង​ស្ថានការណ៍​សង្គ្រាម និង​ការ​ការពារ​ប្រឆាំង​នឹង​អាជីវកម្ម សេដ្ឋកិច្ច ឬ​កាមគុណ​លើ​កុមារ។ រីឯ​វាក្យខ័ណ្ឌ​ទី​២ ចែង​ថា រដ្ឋ​គាំពារ​ប្រឆាំង​នឹង​ការងារ​ទាំង​ឡាយ​ដែល​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ការ​អប់រំ និង​ការ​រៀនសូត្រ​របស់​កុមារ ឬ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​សុខភាព ឬ​សុខុមាលភាព​របស់​កុមារ។

​តាម​របាយការណ៍​ក្រសួង​អប់រំ បង្ហាញ​ថា មាន​កុមារ​ជាង ២​លាន​នាក់​ដែល​កំពុង​រៀន​នៅ​ថ្នាក់​បឋម​សិក្សា។ ក្រសួង​អប់រំ មាន​លុយ ៣​លាន​ដុល្លារ​សម្រាប់​បង្រៀន​ប្រជាពលរដ្ឋ​ដែល​មិន​ចេះ​អាន​អក្សរ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥-​២៤ និង​អាយុ​ចន្លោះ​ពី ២៤-​៦០​ឆ្នាំ។ តាម​របាយការណ៍​ក្រសួង​អប់រំ មាន​លុយ​ជាង ៤០០​លាន​ដុល្លារ​សម្រាប់​គោលនយោបាយ​ថ្នាក់​ជាតិ​ដែល​ក្នុង​នោះ ៧៧% សម្រាប់​ប្រាក់ខែ​គ្រូបង្រៀន។

ទោះ​បី​ជា ជា​ក្រសួង​អប់រំ មាន​លុយ​ជាង ៤០០​លាន​ដុល្លារ​ដែល​ស្នើ​ប្រមាណ ១៧.៣​ភាគរយ​នៃ​ការ​ចំណាយ​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំៗ​ក៏ដោយ តែ​មាន​គ្រូបង្រៀន​ជា​ច្រើន​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្រាក់​លុយ​ម៉ោង​បន្ថែម​ដែល​ខ្លួន​អះអាង​ថា មិន​ទាន់​បាន​ទទួល។ លើស​ពី​នេះ​ទៀត កុមារ​ជា​ច្រើន​តាម​តំបន់​ដាច់ស្រយាល​មិន​ទទួល​បាន​ការ​អប់រំ​ដោយ​ភាព​ស្នើ​គ្នា​នៅ​ឡើយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។