កសិករផលិតក្អមឆ្នាំង និងវត្ថុអនុស្សាវរីយ៍នៅភូមិអណ្ដូងឫស្សី នៃខេត្តកំពង់ឆ្នាំង ខកចិត្តចំពោះអាជ្ញាធរ និងអ្នកនាំភ្ញៀវមួយចំនួនចូលជាវ ឬទស្សនាតែផ្ទះដដែល នាំឲ្យកសិករដទៃទៀតមានបញ្ហាប្រាក់ចំណូល។ មន្ត្រីទេសចរណ៍កំពុងរៀបចំអ្នកភូមិអណ្ដូងឫស្សី ឲ្យក្លាយជាសហគមន៍ទេសចរណ៍មួយត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាប្រាក់ចំណូលមិនស្មើគ្នានេះ។
នៅគ្រាដែលអាជ្ញាធរ និងមន្ត្រីជំនាញទេសចរណ៍ខេត្តកំពង់ឆ្នាំង មានមោទនភាពចំពោះកំណើនភ្ញៀវចូលទស្សនា ឬជាវវត្ថុអនុស្សាវរីយ៍របស់អ្នកភូមិអណ្ដូងឫស្សី មានកសិករខ្លះខកចិត្តទៅវិញ។ ខកចិត្ត គឺដោយសារអ្នកនាំភ្ញៀវម្ដង ៣ឡានទៅ ៥ឡាន សម្រុកចូលផ្ទះកសិករម្នាក់ ឬពីរនាក់ ខណៈពលរដ្ឋផលិតវត្ថុអនុស្សាវរីយ៍មានរហូតដល់ជិត ១០០គ្រួសារ ហើយកន្លងមក អាជ្ញាធរមិនសូវអើពើដោះស្រាយឡើយ។
លេខាភូមិអណ្ដូងឫស្សី និងជាកសិករផលិតវត្ថុអនុស្សាវរីយ៍ពីដី គឺលោកស្រី កែវ ចន្ធា មានប្រសាសន៍នៅថ្ងៃទី២៩ ខែមីនា ថា ភ្ញៀវទេសចរបរទេសផ្ដោតសំខាន់ទៅលើសកម្មភាពស្មូនក្អមឆ្នាំង ប៉ុន្តែរបស់ដែលលក់ដាច់ជាងគេ គឺវត្ថុអនុស្សាវរីយ៍តូចៗងាយដាក់តាមខ្លួន ឬដឹកតាមយន្តហោះ។ លោកស្រីថា បើអ្នកផលិតទាំងអស់បានចងក្រងជាសហគមន៍តែមួយដោយរៀបចំលក្ខន្តិកៈ ហើយដំណើរការបានល្អ នោះប្រជាសហគមន៍នឹងលែងមានបញ្ហា៖ « និយាយរួមចូលមកតែខាងផ្ទះធ្វើក្អមឆ្នាំង និងឡើងត្នោតអីធម្មតា ប៉ុន្តែភ្ញៀវតាមតុតុ ( ម៉ូតូកង់បី ) ចូលតាមផ្ទះប្រជាពលរដ្ឋច្រើន ប៉ុន្តែបើមកម្ដង ៥ ទៅ ៦ឡានម៉ង គឺ ហ្គាយ (Guide = អ្នកនាំភ្ញៀវ ) នាំចូលតែបីផ្ទះអីទេ »។
ឆ្លើយតបបញ្ហានេះ ទាំងប្រធានការិយាល័យផែនការ និងប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង អះអាងថា សហគមន៍ទេសចរណ៍ភូមិអណ្ដូងឫស្សី បានបោះឆ្នោតជ្រើសរើសគណៈកម្មការ ហើយអាចដំណើរការនៅចុងឆ្នាំ២០១៦ ខាងមុខ។ មន្ទីរនឹងជួយសហគមន៍ចេះរកចំណូលពីវិស័យទេសចរណ៍ តាមរយៈការបញ្ចេញសកម្មភាពស្មូនក្អមឆ្នាំងជូនភ្ញៀវទស្សនា និងផ្ទះសម្រាប់ស្នាក់នៅ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី ថ្លែងថា នៅក្នុងដំណាក់កាលសហគមន៍កំពុងរៀបចំនេះ លោកជឿថា កសិករពិតជាមានការលំបាក និងប្រាក់ចំណូលទាប ប៉ុន្តែកសិករនឹងបង្កើនការផលិតក្អមឆ្នាំង និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងសេវាកម្មទេសចរណ៍ផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទេសចរដែលមានការកើនឡើងជាលំដាប់៖ « ដោយសារមានសក្ដានុពលទេសចរណ៍ហ្នឹង ខ្ញុំចង់ធ្វើឲ្យមានចំណូលទាំងអស់ ហើយបែងចែកឲ្យទៅតាមសមធម៌នៅក្នុងសហគមន៍ហ្នឹងតែម្ដង »។
បច្ចុប្បន្ន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរតាមឡានក្រុង និងកប៉ាល់ចូលទស្សនាសកម្មភាពស្មូនក្អមឆ្នាំង និងវត្ថុអនុស្សាវរីយ៍ក្នុងភូមិអណ្ដូងឫស្សី ចន្លោះពី ៥០នាក់ទៅ ៧០នាក់ក្នុងមួយថ្ងៃៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
