មន្ត្រី​សាលាស្រុក​អូរជុំ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​អង្កេត​ករណី​កិបកេង​ប្រាក់ខែ

0:00 / 0:00

ក្នុង​ឱ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​យកចិត្ត​ទុក​ដាក់​បើក​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ​មុន​ពេល​កំណត់​សូម្បី​តាម​ស្ថាប័ន​ឯកជន​នានា ក៏​ក្រសួង​ពាក់ព័ន្ធ​ស្នើ​សុំ​ឲ្យ​និយោជក​បើក​ប្រាក់ ៥០​ភាគរយ​នៃ​ប្រាក់ខែ​ឲ្យ​កម្មករ​និយោជិត​ខ្ចី​ដើម្បី​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​ដូច​គ្នា​ដែរ។ ក៏ប៉ុន្តែ​នៅ​ឯ​ខេត្ត​រតនគិរី មន្ត្រី​រាជការ​មួយ​រូប​អះអាង​ថា ប្រាក់ខែ​គាត់​ត្រូវ​គេ​កាត់​រៀង​រាល់​ខែ ហើយ​រយៈពេល​ពីរ​ខែ​មុន​រដូវ​ភ្ជុំ​
​នេះ មន្ត្រី​ហិរញ្ញវត្ថុ​ស្រុក​ក៏​មិន​បាន​បើក​ប្រាក់ខែ​នោះ​ទៀត។

អតីត​អនុ​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​និង​ជា​នាយ​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាស្រុក​អូរជុំ បច្ចុប្បន្ន​ជា​មន្ត្រី​ធម្មតា​សាលាស្រុក​អូរជុំ លោក ចំភ្លុក ហួន អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​និង​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​កិបកេង​ប្រាប់​បៀវត្ស​របស់​លោក។

លោក ចំភ្លុក ហូន អាយុ ៥១​ឆ្នាំ រស់​នៅ​ភូមិ​៣ ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ជា​​ថ្ងៃ​ភ្ជុំបិណ្ឌ លោក​សំដែង​ទុទិដ្ឋិនិយម ដោយសារ​តែ​គ្មាន​ប្រាក់​ចូល​រួម​ធ្វើ​បុណ្យ​បាន​គ្រប់គ្រាន់។

លោក​រៀបរាប់​ថា បាន​បម្រើ​ការ​ជា​មន្ត្រី​សាលាស្រុក​តាំង​ពី​​ឆ្នាំ​១៩៩៦ រហូត​បច្ចុប្បន្ន បាន​ទទួល​ប្រាក់​បៀវត្ស​ជិត ៥០​ម៉ឺន​រៀល ក៏ប៉ុន្តែ​ប្រមាណ ១៦​ខែ​កន្លង​ទៅ​នេះ មន្ត្រី​ហិរញ្ញវត្ថុ​ស្រុក​បាន​កាត់​ប្រាក់ ១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ជាពិសេស​ចាប់​ពី​ខែ​កក្កដា និង​ខែ​សីហា មន្ត្រី​ស្រុក​មិន​ព្រម​បើក​ប្រាក់​ខែ​ជូន​លោក​នៅ​ឡើយ៖ «មិន​បើក​លុយ​ឲ្យ​សោះ​ពី​ខែ​៧ ទល់​ខែ ៨ ហើយ​គេ​កាត់ ១០​ម៉ឺនៗ​តាំង​ពី​២០១៣ ដល់ ២០១៤​ហ្នឹង។ ប្រាក់ខែ​ហ្នឹង​ខែ​រដូវ​ប្រពៃណី​ហើយ​អត់​ដឹង​យើង​អត់​អង្ករ​ខ្វះខាត អា​នេះ​វា​បៀតបៀន ជាន់​ឈ្លី​សិទ្ធិ​សេរីភាព​របស់​យើង​ស្រេច​តែ​ចិត្ត មិន​ដឹង​មាន​ផែនការ​ពី​លើ ឬ​មួយ​ធ្វើ​ដើម្បី​ខ្លួន​វា»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា លោក ចំភ្លុក ហួន បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ការិយាល័យ​ការពារ​សិទ្ធិ​​​មនុស្ស​អាដហុក (Adhoc) ខេត្ត ដើម្បី​អន្តរាគមន៍​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​ស្រុក​អូរជុំ លោក ព្រាប ប៊ុនធៀន ពី​បទ​លួច​កិបកេង​ប្រាក់​ខែ​មន្ត្រី​រាជការ។

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ព្រាប ប៊ុនធឿន និង​អភិបាល​ស្រុក​អូរជុំ ស្តីទី​លោក យ៉ាត គី ទាក់ទិន​ការ​ចោទ​ប្រកាន់​បាន​នៅ​ឡើយ។ ចំណែក​អតីត​អភិបាល​ស្រុក​អូរជុំ លោក សាក់ សុន បដិសេធ​ថា មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក ចំភ្លុក ហួន អវត្តមាន​មិន​មក​ធ្វើ​ការ​ច្រើន​ខែ​មក​ហើយ បើ​ទោះ​បី​សាលាស្រុក​បាន​​ធ្វើ​លិខិត​កោះ​ហៅ​លោក​ឲ្យ​មក​ធ្វើការ​យ៉ាង​ណា​ក្តី។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា បាន​អន្តរាគមន៍​ពាក្យ​ប្តឹង​​របស់​លោក ចំភ្លុក ហួន ជូន​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​រួច​ហើយ ក៏ប៉ុន្តែ​មិន​ទាន់​ដឹង​ថា តើ​អាជ្ញាធរ​ខេត្ត​មាន​ចំណាត់ការ​បែប​ណា​នៅ​ឡើយ។

​មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក​ខេត្ត លោក មាន ព្រហ្មមុនី ចាត់​ទុក​ការ​កាត់​ប្រាក់ខែ​មន្ត្រី​រាជការ​ថា ជា​អំពើពុករលួយ​ក្នុង​ស្ថាប័ន​មន្ត្រី​រាជការ​សាធារណៈ។ លោក​ថា បើ​មន្ត្រីរាជការ​អវត្តមាន​មិន​​មក​ធ្វើការ​មន្ត្រី​ស្ថាប័ន​នោះ​ត្រូវ​ស្នើ​សុំ​លុប​ឈ្មោះ​មន្ត្រី​នោះ​ចេញ​ពី​បញ្ជី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។ ប្រសិន​ខកខាន​មិន​ធ្វើ​ដូច្នេះ​នោះ​គឺ​ជា​ចេតនា​ប្រព្រឹត្ត​អំពើ​ពុករលួយ​លាក់​ទុក​ក្របខ័ណ្ឌ​ឈ្មោះ​មន្ត្រី​ខ្មោច៖ «ខេត្ត​ហ្នឹង​ជួយ​ធ្វើ​ម៉េច​ឲ្យ​គាត់​បាន​បើក​ប្រាក់​ខែ​វិញ។ បើ​សិន​អត់​ធ្វើការ​យើង​សុំ​ឲ្យ​លុប​ឈ្មោះ​ខ្មោច អ្នក​ណា​អត់​ឆន្ទៈ​ធ្វើ​ការ​លុប​ឈ្មោះ​ខ្មោច​ចេញ​ឈប់​កេង​ពុករលួយ​យក​ឈ្មោះ​ខ្មោច​ត​ទៅ​ទៀត។ យើង​សុំ​ឲ្យ​ចាត់ការ​បោសសំអាត​អំពើ​ពុករលួយ អ្នក​រាជការ​សាធារណៈ កេង​យក​ផលប្រយោជន៍​ពី​អ្នក​ដទៃ»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ចំភ្លុក ហួន អះអាង​ថា លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​បន្ត​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រសិន​មន្ត្រី​អាជ្ញាធរ​ខេត្ត​មិន​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ក្នុង​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។