ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង រិះគន់មន្ត្រីបម្រើការនៅសាលាឃុំ ថាគេចវេះពីការងារដោយមិននៅប្រចាំការនៅការិយាល័យក្នុងម៉ោងធ្វើការងារឲ្យបានទៀងទាត់នោះទេ។ ពួកគាត់បញ្ជាក់ថា នៅពេលត្រូវការទាក់ទងអាជ្ញាធរធ្វើលិខិតស្នាមម្ដងៗ រកមនុស្សធ្វើការមិនឃើញឡើយ ហើយការងារបន្តិចបន្តួចត្រូវចំណាយខាតពេលវេលាអស់ជាច្រើនថ្ងៃ។
ប្រជាពលរដ្ឋបញ្ជាក់ថា ហេតុដែលពិបាកទាក់ទងក្នុងម៉ោងធ្វើការនោះដោយសារអាជ្ញាធរឃុំភាគច្រើនយកផ្ទះសម្បែងរបស់ខ្លួនធ្វើជាកន្លែងបំពេញការងាររបស់រដ្ឋ ចំណែកនៅឯសាលាឃុំវិញមានតែសំបកអាគារពុំមានមនុស្សប្រចាំការនៅទីនោះឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិចុងព្រែក ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ថ្លែងក្នុងលក្ខខ័ណ្ឌមិនឲ្យបញ្ចេញឈ្មោះថា អាជ្ញាធរឃុំមិនបានបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោតឲ្យបានដិតដល់នោះទេ។ ពលរដ្ឋរូបនេះបញ្ជាក់ថា នៅពេលដែលទៅទាក់ទងធ្វើលិខិតស្នាមក្នុងម៉ោងធ្វើការនៅសាលាឃុំម្ដងៗ គឺលំបាករកមនុស្សធ្វើការណាស់ ជាពិសេសគឺមេឃុំនិងស្មៀនឃុំតែម្ដង។ ដោយពេលខ្លះទៅរកមន្ត្រីឃុំបញ្ជាក់ធ្វើលិខិតស្នាមបន្តិចបន្តួចត្រូវចំណាយពេលអស់ប្រមាណ២ ទៅ ៣ថ្ងៃឯណោះ ទើបបញ្ជាក់ធ្វើលិខិតស្នាមនោះបាន។
ពលរដ្ឋរូបនេះបន្តថា ប្រជាពលរដ្ឋក្នុងភូមិជាច្រើនតែងត្អូញត្អែរថា ជួបការលំបាកហើយពេលខ្លះលើកឡើងថា ប្រសិនបើការងារនោះមិនចាំបាច់ទេ ពួកគាត់មិនខ្វល់ទៅរកអាជ្ញាធរឡើយ៖ «ចង់ធ្វើការងារស៊ីញេនេះស៊ីញេនោះមិនបានជួប អ៊ីចឹងវាខាតមួយថ្ងៃចោលទទេទៅ។ ល្មមទាល់តែយប់ទៅផ្ទះគាត់ទៅបានជួប។ ជួលកាលគាត់ស្រវឹង គាត់ធ្វើការអត់កើតទៀត ចាំស្អែកអ៊ីចឹងទៅ។ បើចង់ទាក់ទងគាត់ទាល់ប្រើពេលយូរដែរបានជួប បើអ៊ីចឹងយើងទៅរកយប់កន្លែងផ្ទះគាត់ផ្ទាល់តែម្ដងបានឃើញ បើទៅសាលាឃុំគ្មានទេ គ្មានមេឃុំណានៅមួយទេ។ ធ្វើហ្នឹងបម្រើប្រជាពលរដ្ឋមិនបានដិតដល់ ធ្វើអ៊ីចឹងដូចជិះសេះលែងដៃដល់អ៊ីចឹង»។
ប្រជាពលរដ្ឋក្បែរខាងម្នាក់ទៀតឲ្យដឹងថា មន្ត្រីបម្រើការនៅសាលាឃុំ ភាគច្រើនធ្វើការងារចំពោះតែពេលព្រឹកប៉ុណ្ណោះ ហើយបើទោះជាមានពេលខ្លះមកធ្វើការក្ដី ក៏មិនបានទៀងទាត់ពេលវេលាពេញមួយព្រឹកដែរ។
អ្នកភូមិរូបនេះអំពាវនាវសុំឲ្យអាជ្ញាធរឃុំបំពេញការងារនៅសាលាឃុំឲ្យបានទៀតទាត់ ហើយជៀសវាងការយកផ្ទះសម្បែងរបស់ខ្លួនធ្វើជាការិយាល័យបម្រើការងាររបស់រដ្ឋ៖ «វាបម្រើរាស្ត្រមិនបានពេញដៃពេញជើង អត់នៅក្នុងកន្លែងឃុំហ្នឹង ជួនអីតាមដល់ផ្ទះទៅគេធ្វើនៅផ្ទះ។ ធ្វើឲ្យខាតពេលវេលាយើងទៅ យើងខាតការងារ វាទៅមកពីរបីដងអ៊ីចឹងទៅ វាមិនខាតការងារយើង»។
ឆ្លើយតបនឹងបញ្ហានេះមេឃុំអណ្ដូងពោធិ៍ អ្នកស្រី គឹម សុនណារី បដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនោះថា គឺជារឿងមិនពិតនោះឡើយ។ អ្នកស្រីបញ្ជាក់ថា មន្ត្រីនៅសាលាឃុំខិតខំបំពេញការងារជូនប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត ដោយមិនគិតពេលវេលាថាជាពេលយប់ឬពេលថ្ងៃ ក្រៅម៉ោងធ្វើការនោះឡើយ។
អ្នកស្រីបន្តថា អ្វីដែលប្រជាពលរដ្ឋលើកឡើងថា មិនបានបំពេញការងារនៅសាលាឃុំនោះប្រហែលជាថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យ ប៉ុន្តែថ្ងៃឈប់សម្រាកសៅរ៍ អាទិត្យនេះ មានពេលខ្លះប្រជាពលរដ្ឋខ្លួនឯងទេដែលកាន់លិខិតស្នាមទៅឲ្យបញ្ជាក់នៅឯផ្ទះក្រៅម៉ោងការងារនោះ៖ «ម៉ោងធ្វើការពីម៉ោង៧ ជួនកាលវាអាចរ៉េតា (យឺត) អីបន្តិចបន្តួច អាចម៉ោង ៧កន្លះអីអ៊ីចឹងទៅដល់សាលាឃុំហើយ ហើយម៉ោង ១១ ពីម៉ោង ១១ ទៅហ្នឹងនាំគ្នាចេញទៅហូបបាយ ព្រោះផ្ទះនៅឆ្ងាយៗ ស្មៀនក៏អ៊ីចឹងដែរ តែម៉ោងបាយគាត់ទៅបាយហើយ ដល់ម៉ោង២បានយើងជួបជុំគ្នានៅកន្លែងរហូតដល់ម៉ោង ៥អ៊ីចឹងទៅណាស់! ហើយជួនកាលគាត់អត់បានមករកយើងទេ គាត់រកតែដូចថាល្ងាចអីអ៊ីចឹងម៉ោង ៥អីគាត់ទៅរកនៅសាលាឃុំ រកម៉េចឃើញ? អាហ្នឹងគេចេញមកផ្ទះអស់ហើយ។ បើពេលយប់អាហ្នឹងធ្វើម៉េចបើគាត់មករកពេលយប់មានតែនៅផ្ទះ»។
អ្នកស្រីបន្តថា ចំពោះករណីជាប់រវល់បំពេញភារកិច្ចដូចជាទៅប្រជុំ ឬទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ការងារទាំងអស់ប្រគល់ទៅឲ្យជំទប់ទី១ និងជំទប់ទី២ជាអ្នកអនុវត្តជំនួស។
ទាក់ទងបញ្ហានេះជំទប់ទី២ ឃុំអណ្ដូងពោធិ៍ លោក សុខ ធឿន ទទួលស្គាល់ថា មេឃុំពិតជាពុំបានបំពេញការងារនៅសាលាឃុំដូចប្រជាពលរដ្ឋលើកឡើងមែន។ លោកបញ្ជាក់ថា ការងារនេះលោកចង់សម្រួលឲ្យប្រជាពលរដ្ឋដែរ ប៉ុន្តែមេឃុំក្ដោបក្ដាប់អំណាច ហើយប្រកាន់បក្សពួកនិយម ដោយមិនប្រគល់អំណាចឲ្យជំទប់ទី២ ធ្វើការងារជំនួសគ្រាដែលជាប់បំពេញភារកិច្ចឡើយ។
លោក សុខ ធឿន៖ «គេទុកដូចជាអើថាសំរាមដុតចោលអី អានេះវាលែងជាងសំរាមទៀតខ្ញុំនោះ បានថា គេរើសអើង ប្រកាន់បក្សពួក ហើយខ្ញុំនៅម្នាក់ឯង មានការងារអីគេអនុម័តតែគ្នាគេ ៤នាក់ហ្នឹងទៅ គេធ្វើបំបិទបំបាំង។ ការងាររបស់ខ្ញុំ តួនាទីភារកិច្ចអីគេក្ដោបយកធ្វើទាំងអស់ ទាំងពីសង្គមកិច្ច ទាំងពីធម្មការសាសនា ទាំងពីសុខាភិបាល ទាំងពីអាការទំនាស់ដោះស្រាយផ្សេងៗ មានរឿងវិវាទអីគេចេះតែបិទបាំង។ ដូចជាលក់ដីធ្លីអីអ៊ីចឹងទៅ គេទៅស៊ិសស៊ុះតែគ្នាគេហ្នឹង រួចដល់ហើយទៅគេយកលុយយកកាក់ទៅខ្ញុំមិនដឹងទេ»។
ឆ្លើយតបនឹងបញ្ហានេះដែរ មេឃុំអណ្ដូងពោធិ៍ មានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលមិនបានប្រគល់អំណាចនោះដោយសារជំទប់ទី២ខ្លួនឯងទេដែលមកធ្វើការងារនៅសាលាឃុំមិនបានទៀងទាត់នោះ៖ «ម៉ោង១០អីអ៊ីចឹងបានគាត់អញ្ជើញទៅកន្លែងអីអ៊ីចឹង ហើយរួចហើយការងារពាក់ព័ន្ធនឹងរដ្ឋបាលដូចជាការចុះសំបុត្រកំណើត អត្រានុកូលដ្ឋានអីអ៊ីចឹងទៅ គាត់អត់ទាន់ទៅដល់ អ៊ីចឹងទៅស្មៀនធ្វើការទៅ គាត់ចុះអ៊ីចឹងទៅ។ បើសិនគាត់មកអ៊ីចឹងទៅ ការងាររដ្ឋបាលឲ្យគាត់ធ្វើ បើគាត់មកអត់ទាន់ពេលវេលាអីធ្វើម៉េច»។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន កត់សម្គាល់ថា នៅតាមសាលាឃុំនានាក្នុងខេត្តស្វាយរៀង ភាគច្រើនពុំមានមន្ត្រីប្រចាំនៅសាលាឃុំឲ្យបានទៀងទាត់នោះទេ។ ជាងនោះទៅទៀត មន្ត្រីឃុំទាំងនោះតែងយកទីស្នាក់ការគណបក្សនយោបាយ និងផ្ទះសម្បែងរបស់ខ្លួនសម្រាប់បំពេញការងារតែម្ដង។
លោក នុត ប៊ូពិនណារ័ត្ន៖ «ពេលខ្លះយើងនិយាយជាមួយគាត់ទៅ គាត់ថាសាលាឃុំវាពិបាកកន្លែងអង្គុយ បានន័យថា វាអង្គុយវាមិនស្រួល ថាវាមិនមានកន្លែងស្អាត។ ភូមិណាបានធ្វើថ្មីទៅវាស្អាតទៅ ភូមិណាមិនទាន់បាន រដ្ឋមិនទាន់ឲ្យ វាអត់មានកន្លែងធ្វើស្អាត អ៊ីចឹងគាត់ស្រាប់តែទៅអង្គុយ ទៅធ្វើការនៅកន្លែងគណបក្ស។ ព្រោះកន្លែងគណបក្សគេធ្វើស្អាតៗ អ៊ីចឹងណាស់ ហ្នឹង១។ មួយទៀតពាក់ព័ន្ធទៅលើសេវានានាដែលពួកគាត់មានកិច្ចការអីតែងរត់ទៅរកភូមិឃុំហ្នឹងដែលគាត់មានប្រសាសន៍ហ្នឹង គឺពិតប្រាកដហើយ។ បើសិនជាទៅម៉ោង ៩កន្លះម៉ោងអីហ្នឹងគឺបាត់អស់មនុស្ស លែងមានអ្នកនៅប៊ុយរ៉ូអស់ហើយ»។
ចំណែកឯភារកិច្ចបំពេញការងារនៅសាលាឃុំវិញ លោក នុត ប៊ូពិនណារ័ត្ន លើកឡើងថា ការងារសំខាន់ៗ ភាគច្រើនមន្ត្រីឃុំគណបក្សកាន់អំណាចក្ដោបក្ដាប់ទាំងស្រុង រីឯមន្ត្រីរបស់គណបក្សប្រឆាំងវិញ បើទោះជាការងារមួយចំនួនមេឃុំប្រគល់អំណាចឲ្យខ្លះក៏ដោយ ប៉ុន្តែការងារទាំងនោះការអនុវត្តជាក់ស្ដែងពុំអាចសម្រេចទៅរួចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
