មេ​ឃុំ​និង​ពលរដ្ឋ​នៅ​កំពង់ស្ពឺ​រអ៊ូរទាំ​ការ​ដឹក​ឈើ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​លំ

0:00 / 0:00

អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​រអ៊ូរទាំ​ថា សកម្មភាព​កាប់​ឈើ​តូច​ធំ​ដឹក​តាម​រថយន្ត​ធុន​ធ្ងន់ កំពុង​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ដំបូករ៉ូង អនាធិបតេយ្យ និង​បំផ្លាញ​ផ្លូវ​ធ្វើ​ដំណើរ​ស្ទើរ​គ្មាន​សល់។ ពលរដ្ឋ​ចោទ​ថា បទល្មើស​ទាំង​នេះ​គ្មាន​មន្ត្រី​ជំនាញ​ចុះ​ជួយ​ទប់ស្កាត់​ទេ​កន្លង​មក។

ប្រជាពលរដ្ឋ​មូលដ្ឋាន​ឃុំ​ដំបូករ៉ូង ចោទ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ខេត្ត​កំពង់ស្ពឺ ស្ទើរ​តែ​រលាយ​ហិនហោច​ទៅ​ហើយ ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ចេញ​មុខ​ទប់ស្កាត់​ទេ។ ជាង​នេះ ផ្លូវ​លំ​ក្នុង​មូលដ្ឋាន ត្រូវ​បំផ្លាញ​អស់​ស្ទើរ​តែ​ទាំង​ស្រុង ដោយសារ​រថយន្ត​ដឹក​ឈើ​ធំៗ​របស់​ឈ្មួញ​ដែល​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​យោធា។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ មាន​រថយន្ត​ធំៗ​មិន​តិច​ជាង ៥​គ្រឿង បាន​ដឹក​ឈើ​គ្រប់​ប្រភេទ​ចេញ​ពី​មូលដ្ឋាន​ឃុំ​ដំបូងរ៉ូង ស្រុក​ភ្នំស្រួច និង​បាន​បំផ្លាញ​ផ្លូវ​លំ​ក្នុង​មូលដ្ឋាន​ខូចខាត​ស្ទើរ​ទាំង​ស្រុង។ ករណី​នេះ ពលរដ្ឋ​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ជួយ​មាន​វិធានការ​ទប់ស្កាត់ ព្រោះ​ការ​ហាម​ឃាត់​របស់​មន្ត្រី​មូលដ្ឋាន​គ្មាន​ប្រសិទ្ធភាព​ទេ៖ «ដឹកៗ​អាក្រក់​អា​ក្រី​បំផុត គឺ​ដឹក​បំផ្លាញ​ផ្លូវ​ចោល​តែ​ម្តង។ ផ្លូវ​ធ្លាប់​តែ​ប្រជាពលរដ្ឋ​បើក​គោយន្ត​ទៅ​ស្រែ​ភ្ជួរ​រាស់​បាន ប៉ុន្តែ​ឥឡូវ​គ្រាន់​តែ​បើក​គោយន្ត​ទទេ ក៏​ជាប់​ផុង​ដែរ។ កូន​ឈើ​ទាំងអស់​ហ្នឹង​មាន​ដើម​ផ្ចឹក សុក្រំ ឬ​ខ្លុង ត្បែង ជាដើម។ ហើយ​ឡាន​ដឹក​ហ្នឹង ជា​ប្រភេទ​ឡាន​យីឌុប គឺ​ឡាន​កងទ័ព ឬ​ឡាន​កងពល។ គេ​ថា គេ​ដឹក​រក​ស៊ី​ចិញ្ចឹម​កងពល។ គេ​កាប់​ឈើ​គ្រប់​ប្រភេទ ហើយ​មក​បំផុសបំផុល​ប្រជាជន​ឲ្យ​កាប់​ឈើ​ដាក់​គោយន្ត ដាក់​ត្រាក់ទ័រ ជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ដាក់​ចូល​ឡាន​រាល់​ថ្ងៃ គឺ​ឈើ​ទាំង​ធំ​ទាំង​តូច។ មិន​មែន​ឈ្មួញ​ទេ គឺ​យោធា​តែ​ម្តង។ គេ​ថា​មក​ពី​កងពល​ដឹក​គគ្រឹកគគ្រេង ដឹក​ជញ្ជូន​មួយ​ថ្ងៃៗ​ខូច​ផ្លូវ​អស់​ហើយ។ ដឹក​វា​លើស​ទម្ងន់​ឡាន​ធំៗ​ច្រើន​គ្រឿង»

ទាក់ទិន​បញ្ហា​នេះ លោក ខៀវ វណ្ណា មេ​ឃុំ​ដំបូករ៉ូង ស្រុក​ភ្នំស្រួច ទទួល​ស្គាល់​ថា ពិត​ជា​មាន​រថយន្ត​ធំៗ​ដឹក​ឈើ​អនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​លោក​ពិត​មែន។ លោក​ថា សកម្មភាព​នេះ រូប​លោក​រួម​ជាមួយ​ពលរដ្ឋ ធ្លាប់​បាន​ណែនាំ​ដល់​ឈ្មួញ​ទាំង​នោះ​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ដែល​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​យោធា មិន​ស្តាប់​តាម​ទេ និង​ប្រើ​អំណាច​គំរាម​កំហែង​ថែម​ទៀត។ លោក​បន្ត​ថា បទល្មើស​ព្រៃ​ឈើ​ដោយ​ប្រើ​រថយន្ត​ដឹក​លើស​ទម្ងន់​នៅ​ស្រុក​ភ្នំស្រួច រូប​លោក​បាន​សុំ​កិច្ច​អន្តរាគមន៍​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ មន្ត្រី​ថ្នាក់​ស្រុក និង​ថ្នាក់​ដឹក​នាំ​ខេត្ត​កំពង់ស្ពឺ ជួយ​ទប់ស្កាត់ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទេ។

លោក​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​ថ្នាក់​ជាតិ ជួយ​មាន​វិធានការ​បញ្ឈប់​សកម្មភាព​រថយន្ត​ធំៗ ដឹក​ឈើ​លើស​ទម្ងន់​ក្នុង​មូលដ្ឋាន​ស្រុក​ភ្នំស្រួច ឲ្យ​បាន​ឆាប់៖ «ឡាន​ទាហាន​វា​ដឹក​ឈើ​លើស​ចំណុះ ហើយ​យើង​បាន​ស្នើ​ឲ្យ​ជួយ​ជួសជុល​ផ្លូវ​បាន​ខ្លះ ក៏ប៉ុន្តែ​ក្រោយ​មក​ទៀត មាន​ឡាន​មួយ​ចំនួន គេ​បាន​គោរព​តាម​គោលការណ៍​ដឹក​ស្មើៗ​ទ្រុង​ខ្លះ​ដែរ។ ខ្ញុំ​បាន​រាយការណ៍​ការងារ​ហ្នឹង​ជូន​លោក​អភិបាល​ស្រុក និង​មន្ត្រី​មេ​ព្រៃ ឬ​រដ្ឋបាល​ព្រៃ​ឈើ​រួច​ហើយ​ដែរ។ ប៉ុន្តែ​វិធានការ​ទាំងអស់​ហ្នឹង វា​មិន​បាន​ជោគជ័យ​ទេ ហើយ​ឡាន​ទាហាន​ហ្នឹង​បាន​បន្ត​ដឹក​អនាធិបតេយ្យ។ ប៉ុន្តែ​បើ​ឡាន​ខុស​ពី​ឡាន​ទាហាន គឺ​មិន​អី​ទេ គេ​គោរព តែ​បើ​ឡាន​ទាហាន​ហ្នឹង ច្រើន​តែ​មិន​គោរព»

អភិបាល​ស្រុក​ភ្នំស្រួច លោក ពេជ្រ ចន្ថា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បទល្មើស​ព្រៃ​ឈើ ប្រើ​រថយន្ត​ធំៗ​ដឹក​បំផ្លាញ​ផ្លូវ​លំ​នៅ​ស្រុក​ភ្នំស្រួច បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា។ ប៉ុន្តែ​បញ្ហា​នេះ កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ ពិសេស​មន្ត្រី​យោធា មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ និង​បាន​ព្រមាន​ដក​តួនាទី ព្រម​ទាំង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ប្រព្រឹត្តិ​ល្មើស​ថែម​ទៀត។ ជាង​នេះ ប្រមុខ​ដឹក​នាំ ក៏​បាន​ដាក់​បទបញ្ជា​ទៅ​ដល់​មន្ត្រី​នៅ​តាម​រាជធានី​ខេត្ត​នីមួយៗ ត្រូវ​ថែ​រក្សា និង​ការពារ​ផ្លូវ​ដែល​បណ្ដាល​មក​ពី​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់ ជាដើម។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​មើល​ឃើញ​ថា បទបញ្ជា ឬ​សារ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​តាម​ទេ ហើយ​បទល្មើស​ព្រៃ​ឈើ ឬ​រថយន្ត​ដឹក​លើស​ទម្ងន់ នៅ​បន្ត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។