ព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនបារម្ភខ្លាចមានការចាប់ខ្លួនលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលលោកត្រូវចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ពាក់ព័ន្ធនឹងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ និងព្រះសង្ឃមួយចំនួនទៀត អមដំណើរលោក គឹម សុខ ទៅតុលាការ និងចូលរួមរៀបចំបង្កើត «មូលនិធិ គឹម សុខ» ដើម្បីលើកទឹកចិត្ត និងគាំទ្រលោកដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យដឹងថា ការអមដំណើរនេះនឹងមិនធ្វើជាទ្រង់ទ្រាយធំដុំនោះទេ ដើម្បីជៀសវាងការរំខានពីសមត្ថកិច្ចអាជ្ញាធរ។
ដំណើរនេះ អាចមានព្រះសង្ឃប្រមាណ ៥អង្គ និងប្រជាពលរដ្ឋប្រមាណជាង ១០នាក់ប៉ុណ្ណោះ។
កម្មវិធីនេះ គឺចាប់ផ្ដើមចេញដំណើរដោយថ្មើរជើងចេញពីវត្តពោធិយារាម ហៅវត្តចាស់ នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៅម៉ោង ៧កន្លះព្រឹក ដោយដំណើរយឺតៗ និងធ្វើសមាធិផង ឆ្លងកាត់ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយចុងក្រោយឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញ តែម្ដង៖ «អាត្មានាំ គឹម សុខ ដើរមើលមាត់ទន្លេ ដើរមើលមុខវាំង វត្តភ្នំអីហ្នឹងឲ្យអស់ ដើរធ្វើសមាធិ អប់រំចិត្តឲ្យហើយ លើកទឹកចិត្តលោក គឹម សុខ ថាបើជាប់ពន្ធនាគារ គឺជាប់ដោយសេចក្ដីថ្លៃថ្នូរ ហើយខ្មែរមួយនគរគាំទ្រលោក»។
ទន្ទឹមគ្នានោះដែរ ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏កំពុងស្វែងរកអ្នកគ្រប់គ្រងចាត់ចែងថវិកាតាមរយៈគណៈកម្មការមួយច្បាស់លាស់នៅពេល «មូលនិធិ គឹម សុខ» ត្រូវបានបង្កើតឡើងជាផ្លូវការហើយនោះ។
ព្រះអង្គក៏បានបញ្ជាក់ពីទស្សនវិស័យ និងគោលបំណងនៃការបង្កើតមូលនិធិនេះផងដែរ៖ «បង្កើតមូលនិធិនេះយើងចង់ជួយដល់សង្គមជាតិជួយដល់ការអប់រំមនុស្សឲ្យយល់ដឹង រស់នៅក្នុងសង្គមមនុស្សដោយសេចក្ដីថ្លៃថ្នូរ មានការចេះដឹង រស់នៅដោយស្មើភាពគ្នា ជួយកិច្ចការសង្គម និងជួយដល់គ្រួសារលោក គឹម សុខ បើសិនជាលោកត្រូវជាប់ពន្ធនាគារ»។
ព្រះអង្គបញ្ជាក់ទៀតថា ថវិកាដែលចូលមកក្នុងមូលនិធិនេះមិនដើម្បីយកទៅសម្រាប់សងជំងឺចិត្តលោក ហ៊ុន សែន នោះទេ និងខុសស្រឡះពីគោលបំណងរបស់លោក ហ៊ុន សែន ដែលប្តឹងចង់ឲ្យ គឹម សុខ ជាប់គុក និងទារប្រាក់ដ៏ច្រើនលើសលប់រហូតដល់ទៅ ៥០ម៉ឺនដុល្លារ ពីចុងចោទក្រីក្រស្នាក់នៅផ្ទះជួល ពាក់តែខោអាវជជុះនោះ៖ «ពួកយើងបានពិភាក្សាគ្នាច្បាស់ណាស់ថា បើជនរួមជាតិគាត់ចង់ជួយគ្រាន់តែប្រមូលថវិកាមកដើម្បីសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រីគឺវាខុសព្រោះលោកជាអ្នកមាន ប៉ុន្តែបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថា យកលុយទាំ ៥០ម៉ឺននោះទៅជួយជនពិការ អាត្មាថាទេ! ព្រោះអាលុយនោះវាក្ដៅយកទៅជួយជនពិការ វាក្ដៅដល់ជនពិការទៀត»។
មូលនិធិនេះ គ្រោងបង្កើតនៅធនាគារ អេស៊ីលីដា (ACLEDA) និងមីក្រូហិរញ្ញវត្ថុ វីង (Wing) ប៉ុន្តែមិនទាន់មានឈ្មោះគណនីធនាគារ (Bank Account) នោះជាក់លាក់នៅឡើយ។
លោក គឹម សុខ បានគាំទ្រការផ្ដួចផ្ដើមបង្កើតមូលនិធិនេះ និងបានសម្រេចប្រគល់សិទ្ធិជូនព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង ជាអ្នករៀបចំចាត់ចែងទាំងស្រុង។ លោកបន្តថា មូលនិធិនេះនឹងបម្រើដល់ប្រយោជន៍ប្រជារាស្ត្ររងគ្រោះក្រីក្រជាសំខាន់។
ព្រះអង្គ ប៊ុត ប៊ុនតិញ បានទទួលយកនូវសំណើនេះហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង នៅឡើយទេ ប៉ុន្តែសកម្មភាពនេះកំពុងធ្វើដំណើរទៅមុខជាបណ្តើរៗហើយ។
លោក គឹម សុខ បានដាក់លិខិតសុំពន្យារពេលចូលឆ្លើយបំភ្លឺមុនមួយថ្ងៃនៃដីកាកោះឲ្យបង្ហាញខ្លួននៅថ្ងៃទី១៧ ខែកុម្ភៈ នេះ នៅតុលាការក្រុងភ្នំពេញ។ ប៉ុន្តែសំណើរបស់អ្នកឃ្លាំមើលសង្គម និងនយោបាយដែលរងការប្ដឹងពីលោក ហ៊ុន សែន ត្រូវតុលាការក្រុងភ្នំពេញ ច្រានចោលភ្លាមៗ។
នៅស្របពេលនៃការសុំពន្យារពេលចូលបំភ្លឺរបស់លោក គឹម សុខ នេះ មេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន បានយកបណ្ដឹងមួយថ្មីមួយទៀត ប្ដឹងអ្នកឃ្លាំមើលសង្គម និងនយោបាយរូបនេះ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ។ បណ្ដឹងដាច់ដោយឡែកមួយទៀតនេះ ត្រូវបានលោក គី តិច បញ្ជាក់ថា លោកប្ដឹងពីបទថា លោក គឹម សុខ បរិហារកេរ្តិ៍រដ្ឋាភិបាលថា បានរៀបចំជាប្រព័ន្ធក្នុងការសម្លាប់មនុស្ស។
ថ្លែងក្រោយចេញពីតុលាការវិញ លោក គី តិច បានប្រាប់អ្នកកាសែតថា បណ្ដឹងទី២នេះ គឺលោក ហ៊ុន សែន ទាមទារសំណងជំងឺចិត្តចំនួន ១០លានរៀលបន្ថែមទៀត។ លោកបន្តថា ប្រសិនបើលោក គឹម សុខ ពុំមានលទ្ធភាពបង់សងទេ តុលាការនឹងប្រើប្រាស់វិធានការតាមផ្លូវច្បាប់៖ «តែអត់មានអីសង អាហ្នឹងគេមាននីតិវិធីគេ គេអាចចាប់ឃុំខ្លួនដាក់ពន្ធនាគារបង្ខំលើរូបកាយទាមទារសំណង»។
លោក គឹម សុខ នៅតែបញ្ជាក់ជំហរថា លោកនឹងនៅតែវិភាគពីព្រឹត្តិការណ៍សង្គម ប្រសិនបើលោកនៅមានឱកាស៖ «ខ្ញុំមានលុយឯណាដូចអ្នកកាប់ឈើ ដូចអ្នកលក់ដីរដ្ឋ លក់អគាររដ្ឋ បឹងរដ្ឋ ដូច្នេះគោលជំហរខ្ញុំនៅដដែល គឺនៅតតាំងក្នុងរឿងក្តីនេះនៅតុលាការ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជន ទីពីរអត់ផ្លាស់ប្ដូរទេចំពោះជំហរនៃការអត្ថាធិប្បាយអំពីបញ្ហាសង្គម និងនយោបាយ អត់ផ្លាស់ប្ដូរទាល់តែសោះ! និយាយដោយត្រង់ បើមានសេរីភាពនិយាយ គឺនិយាយឲ្យកាន់តែចំជាងមុនទៅទៀត»។
តែទោះយ៉ាងណាក្តី លោក គឹម សុខ បានស្នើសុំម្យ៉ាងពីលោក ហ៊ុន សែន គឺកុំឲ្យគេទៅឆាឆៅ ឬអុកឡុកក្រុមគ្រួសាររបស់លោកដែលមិនដឹងរឿងអ្វីទាល់តែសោះជុំវិញរឿងក្តីដ៏ចម្រូងចម្រាសមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
