ប្រជាកសិករខ្មែរប្រមាណ ៨០ភាគរយ បានប្រឹងប្រែងភ្ជួររាស់ស្ទូងស្រូវ និងថែទាំរហូតដល់ទទួលបានផលដោយប្រើជី ថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈកសិកម្មជាច្រើនទៀតដែលមានតម្លៃខ្ពស់នៅលើទីផ្សារ។ រៀងរាល់ឆ្នាំក្រោយពីប្រមូលផលស្រូវ ប្រជាកសិករខ្មែរតែងតែត្អូញត្អែរអំពីតម្លៃស្រូវចុះថោក។ នៅដើមរដូវច្រូតកាត់ឆ្នាំនេះមានកសិករពីតាមបណ្ដាខេត្តមួយចំនួនកំពុងត្អូញត្អែរ និងអំពាវនាវសុំអន្តរាគមន៍ពីរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាស្រូវចុះថោក។
តើរដ្ឋាភិបាលមានគោលនយោបាយបែបណាដើម្បីធានាតម្លៃស្រូវនៅកម្ពុជា?
បញ្ហាស្រូវចុះថោកនៅក្នុងរដូវប្រមូលផលម្ដងៗ អាចជាហេតុនាំឲ្យអ្នកផលិតស្រូវអង្កក្នុងស្រុកលែងចង់ធ្វើស្រែ ហើយនាំគ្នាធ្វើចំណាកស្រុករកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងទិញស្រូវអង្ករបម្រុងទុកហូបចុកប្រចាំឆ្នាំជំនួសវិញ ជាជាងធ្វើស្រែចម្ការចំណាយស្ទើរស្មើដើម ប៉ុន្ដែតម្លៃស្រូវថោក។ បច្ចុប្បន្នប្រភេទស្រូវចម្រុះមានតម្លៃក្រោម ១ពាន់រៀល ក្នុង១គីឡូក្រាម និងប្រភេទស្រូវផ្កាម្លិះ ឬផ្ការំដួលតម្លៃ ១.០០០ ទៅ ១.១០០រៀល ក្នុង១គីឡូក្រាម។ ចំណែកកាលឆ្នាំទៅប្រភេទស្រូវចម្រុះមានតម្លៃប្រហែល ៨៥០រៀល ក្នុង១គីឡូក្រាម ចំណែកប្រភេទស្រូវផ្កាម្លិះ ឬផ្ការំដួលតម្លៃប្រហែល ១.១៣០រៀល ក្នុង១គីឡូក្រាម។ តម្លៃនេះ គឺប្រៀបធៀបរយៈពេលដូចគ្នានៃការទិញស្រូវរបស់ឈ្មួញ និងតាមរោងម៉ាស៊ីនកិនស្រូវក្នុងរដូវច្រូតកាត់។
ប្រជាកសិករម្នាក់រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ជួប រី មានប្រសាសន៍ថា តម្លៃស្រូវបានឡើងចុះមិនទៀងទាត់ទៅតាមមាត់របស់ឈ្មួញដើរទិញស្រូវ។ លោកថា ឆ្នាំនេះគ្រួសាររបស់លោកប្រមូលផលស្រូវប្រភេទសុម៉ាលី(ផ្កាម្លិះ ឬផ្ការំដួល) បានចំនួន ៨តោន ហើយសម្រេចចិត្តលក់ក្រោយបោកបែនរួចភ្លាមៗ ដោយសារតែលំបាកហាល និងត្រូវការប្រាក់ចាំបាច់ដោះទ័លជីវភាពផងនោះ។ លោកបានលក់ស្រូវនេះជាបីដំណាក់កាល ប៉ុន្តែបានតម្លៃថោក គឺជាង ១ពាន់រៀល ក្នុង១គីឡូក្រាម បើទូទាត់ថ្លៃចំណាយលើថ្នាំ ជីបាចស្រូវ និងកម្លាំងពលកម្មផ្សេងៗ គឺស្ទើរស្មើដើម។
កសិករ ជួប រី៖ «ភាគច្រើននៃប្រជាពលរដ្ឋនៅភូមិរបស់ខ្ញុំនេះមានការត្អូញត្អែរ ដោយមធ្យោបាយក្នុងការធ្វើស្រែវាឡើងថ្លៃស្អីៗទាំងអស់នៅពេលស្រូវវាធ្លាក់ថ្លៃ ហើយប្រជាពលរដ្ឋខ្លះគាត់ត្អូញត្អែរ គាត់ថា គាត់នឹងធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាងដើម្បីរកប្រាក់ចំណូលគ្រាន់បើ (ជាង) ធ្វើស្រែនៅក្នុងស្រុក ដោយសារឆ្នាំនេះវាអត់ទឹកភ្លៀងផង អ្នកខ្លះគាត់បានតែ ១តោនក្នុង១ហិកតារ ហើយគាត់លក់បានតែ ៩០ម៉ឺន ឬក៏ ១លានអ៊ីចឹង អ្នកខ្លះគាត់បានទៅ បានរហូតដល់ ២លានរៀលអ៊ីចឹងទៅ តែការចំណាយ និងចំណូលវាអត់សមតុល្យគ្នា»។
ប្រជាកសិករខ្មែរភាគច្រើនបានខ្ចីបុលប្រាក់ពីធនាគារ ឬបណ្ដាក់ជី និងសម្ភារៈកសិកម្មផ្សេងៗ ដើម្បីយកទៅវិនិយោគវិស័យកសិកម្ម។ កសិករខ្លះធ្វើស្រែក្នុងលក្ខខណ្ឌមិនសូវអំណោយផល ដូចជាជួបគ្រោះរាំងស្ងួត និងជំងឺស្រូវជាដើម ដែលតម្រូវឲ្យពួកគាត់ស្ទុះស្ទាខ្ចីបុលប្រាក់គេបន្ថែមទៀតយកទៅស្រោចស្រង់សន្ទូង ដូច្នេះពួកគាត់ត្រូវបង្ខំចិត្តលក់ស្រូវភ្លាមៗ ដោយមិនអាចរង់ចាំតម្លៃស្រូវឡើងថ្លៃទើបលក់ចេញនោះទេ ពីព្រោះបញ្ហាជីវភាព និងការប្រាក់ដែលខ្ចីបុលគេមកធ្វើស្រែនោះកាន់តែឡើងខ្ពស់។
ទាក់ទងបញ្ហានេះអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ម៉ាក់ សឿន មានប្រសាសន៍ថា របាយការណ៍កសិកម្មដែលខាងលោកទទួលបានពីតាមមន្ទីរខេត្តនានាបង្ហាញថា ប្រជាកសិករទើបប្រមូលផលស្រូវបានប្រហែល ២៧ភាគរយ ស្មើនឹងផ្ទៃដី ៧សែនហិកតារ។
លោកថា តម្លៃស្រូវអាចឡើងថ្លៃសមរម្យក្នុងរយៈពេលពីរទៅបីសប្ដាហ៍ទៀតដោយឈ្មួញកាន់តែច្រើនចេញចូលរកទិញស្រូវ តែពេលនេះកសិករទើបប្រមូលផលស្រូវបានតិចតួចនៅឡើយ ដូច្នេះក្រុមឈ្មួញអាចដាក់តម្លៃថោកទៅតាមនោះដែរ៖ «តម្លៃថោកហ្នឹងខ្ញុំថា ប្រជាកសិករយើងថា ផ្អាកលក់១អាទិត្យ ឬពីរអាទិត្យសិនទៅ ចាំមើលគាត់ប្រមូលផលជុំគ្នាទៅយើងនឹងមានការសម្របសម្រួលពីមន្ទីរ។ ខ្ញុំជឿជាក់ស្រូវហ្នឹងគឺអាចមានតម្លៃឡើងថ្លៃ ប៉ុន្ដែខ្ញុំជឿថា ប្រភេទស្រូវក្រអូបនៅតែមានតម្លៃអ៊ីចឹងលោក។ បើគាត់បង្ខំច្រូតភ្លាមលក់ភ្លាមហើយសើម មិនទាន់សំអាតឲ្យមានគុណភាពល្អហ្នឹង គឺអាតម្លៃហ្នឹងឈ្មួញគាត់អាចបង្អាប់តាមហ្នឹងទៅណា អ៊ីចឹងសូមឲ្យប្រជាកសិករអនុវត្តនូវបច្ចេកទេសក្រោយពេលប្រមូលផលឲ្យបានស្អាត»។
លោក ម៉ាក់ សឿន បញ្ជាក់ថា គោលនយោបាយនាំអង្កចេញរបស់រដ្ឋាភិបាលដែលបានអនុវត្តតាំងពីឆ្នាំ២០១០ មកនោះ មានវិធានការជំរុញផលិតកម្មស្រូវ ការប្រមូលទិញស្រូវពីកសិករតាមរយៈលើកទឹកចិត្តដល់វិស័យឯកជន និងភាគីពាក់ព័ន្ធ ពង្រឹងគុណភាពកែច្នៃស្រូវអង្ករ និងផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្ម។ ទន្ទឹមគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចេញថវិការបស់ខ្លួនមួយចំនួនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករដែរ ប៉ុន្តែទំហំទឹកប្រាក់ប៉ុន្មាននោះលោកមិនបានច្បាស់នោះទេ។
ប្រធានសហព័ន្ធអ្នកនាំអង្ករចេញរបស់កម្ពុជា លោកឧកញ៉ា គឹម សាវុធ ថ្លែងថា រដូវប្រមូលផលតម្លៃស្រូវត្រូវតែចុះថោក វាជាកត្តាសត្យានុម័តដែលកាលណាមានអ្នកលក់ច្រើនហើយឈ្មួញចូលទិញតិច។ លោកថា ក្នុងរយៈពេលនេះក្រុមឈ្មួញតែងតែដើរទិញបង្អាប់ថ្លៃ ប៉ុន្តែប្រជាកសិករគួរគិតថា មិនត្រូវលក់ និងត្រូវលក់ពេលណា ដើម្បីបានតម្លៃសមរម្យ។
លោកបន្តថា បញ្ហាស្រូវចុះថោកជាកត្តារួមរបស់ប្រទេសក្នុងតំបន់ ខណៈប្រទេសថៃ ស្ដុកស្រូវសល់ច្រើនតែមិនអាចបញ្ចេញទឹកប្រាក់ដើម្បីជួយជំរុញតម្លៃស្រូវអង្ករឲ្យដើរដែរនោះ៖ «បើសិនជារដ្ឋអាចថវិកាដែលឲ្យកសិករខ្ចីនៅរដូវប្រមូលផលណា ដូចគោលនយោបាយថៃ គាត់ថានឹងចេញលុយឲ្យកសិករទិញស្រូវទុកបីខែ ក្រោយបីខែចាំលក់អ៊ីចឹងណា ខ្ញុំគិតថាល្អមែនទែន ប៉ុន្ដែអាហ្នឹងត្រូវការលុយច្រើន។ អ៊ីចឹងបើយើងរកអាលុយច្រើនហ្នឹងមិនទាន់បានយើងជួយកសិករធ្វើម៉េចពេលច្រូត ឬដឹងធ្វើម៉េចឲ្យអស់ស្រូវតិច។ ច្រូតធ្វើម៉េចកុំឲ្យបាត់បង់ច្រើន ហើយរក្សាទុកយ៉ាងម៉េចឲ្យបានគុណភាពល្អ ឬខ្សែចង្វាក់ផលិតកម្មគេគិតថា វាសំខាន់ជាងតម្លៃទៅទៀត តម្លៃបើកាលណាទំនិញយើងល្អគេឲ្យតម្លៃខ្ពស់ហើយ»។
បច្ចុប្បន្នចំនួនអ្នកធ្វើស្រែថយចុះ ដោយសារតែកសិករភាគច្រើននាំគ្នាចំណាកស្រុកក្រោមហេតុផលថា ធ្វើស្រែចំណាយដើមទុនច្រើន ប៉ុន្តែតម្លៃស្រូវថោក។ យ៉ាងណាម្ចាស់ក្រុមហ៊ុននាំអង្ករចេញខ្លះបញ្ជាក់ថា បញ្ហានេះនឹងមិនបង្កផលប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការនាំអង្ករចេញ ១លានតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១៥ នោះទេ ពីព្រោះប្រទេសកម្ពុជា នៅសល់ស្រូវចន្លោះពី៣ ទៅ ៤លានតោនក្នុង១ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
