ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលកម្ពុជាតែងផ្សព្វផ្សាយអំពីគោលការណ៍ភូមិ ឃុំមានសុវត្ថិភាពចំនួន៩ចំណុច ដែលក្នុងនោះ ក៏មានការលុបបំបាត់ចោលល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខនៅតាមតំបន់។
ក៏ប៉ុន្តែបច្ចុប្បន្នប្រជាពលរដ្ឋ នៅខេត្តព្រះវិហារអះអាងថា ល្បែងស៊ីសងជាច្រើនប្រភេទដូចជាប្រជល់មាន់ដាក់ប្រាក់ និងចាក់កន្ទុយលេខជាដើម កំពុងកើតមានពេញបន្ទុក ដោយមិនមានការបង្ក្រាបឡើយ។
ពលរដ្ឋមួយចំនួន ក្នុងទីរួមខេត្តព្រះវិហារ មានការមិនសប្បាយចិត្ត ចំពោះល្បែងស៊ីសង ដែលកើតមានជាច្រើនកន្លែង ដោយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋខ្លះ ដែលកំពុងតែក្រីក្រស្រាប់ ឱ្យធ្លាក់ចុះមួយកម្រិតថែមទៀតនោះ។
ក្រុមអ្នកភូមិអំពាវនាវ ឱ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវតែបង្ក្រាបល្បែងស៊ីសងទាំងនោះ ឱ្យអស់ដើម្បីកុំឱ្យមាននៅតាមភូមិឃុំ តទៅទៀត។
បុរសម្នាក់រស់នៅក្រុងព្រះវិហារ នៃទីរួមខេត្តព្រះវិហារ ដែលសុំមិនបញ្ចេញឈ្មោះ។ គាត់មានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទទី១៧ខែវិច្ឆិកាថា ជារៀងរាល់ថ្ងៃ នៅក្នុងទីរួមខេត្តព្រះវិហារនិងតំបន់ ជាយក្រុង គឺមានមេកន្ទុយលេខ កាន់តែច្រើនឡើងៗ ដោយមិនមានអាជ្ញាធរ និងសមត្ថកិច្ចណាចេញមុខបង្ក្រាបទេ។ បុរសដដែលបញ្ជាក់ថា សព្វថ្ងៃមានអ្នកភូមិជាច្រើន ឈ្លក់វង្វេងនឹងការចំណាយប្រាក់ ចាក់កន្ទុយលេខ របស់ក្រុមហ៊ុនវៀតណាម ដោយមិនហ៊ានយកលុយទៅទិញម្ហូប ឬក៏ទិញរបស់របរប្រើប្រាស់ទេ។ ការឈ្លក់វង្វេងនិងការចាក់កន្ទុយលេខនេះ ធ្វើឱ្យគ្រួសារខ្លះ កើតរឿងឈ្លោះប្រកែកគ្នា និងខ្លះទៀតត្រូវជំពាក់បំណុលធានាគារ៖ «ឥឡូវមេច្រើនណាស់ ! ក្នុងខេត្តបើសិនជាមេធំៗខ្ញុំ ដឹងមានប្រហែលជា៣ - ៤កន្លែង។ ប៉ុន្តែកន្លែងចាក់ធំជាងគេផ្ទះតាស្រួ កន្លែងហ្នឹងលក់កាហ្វេភ្នាល់ប្រដាល់ ហើយនិងលក់ឆ្នោតសម្រាប់អ្នកធំៗ មានលុយគេនៅហ្នឹង ហើយតាលី គឺធំជាងគេនៅខេត្តព្រះវិហារ និងនៅមានមេជាច្រើនកន្លែងទៀតដែលខ្ញុំរាប់មិនអស់វាច្រើន។ តាមមើលប្រហែលជាបង់ឱ្យសមត្ថកិច្ចខ្លះ បានជាការលក់ដូរហ្នឹងពីកន្លងមកធ្លាប់មានចាប់ហើយមកវិញលក់ដដែល»។
ប្រជាពលរដ្ឋឱ្យដឹងថា បច្ចុប្បន្នល្បែងកន្ទុយលេខ របស់ក្រុមហ៊ុនវៀតណាម ដែលមានកូនកញ្ច្រែងជាច្រើនដើរលក់ នៅតាមភូមិ ចាប់តាំងពីព្រឹក រហូតដល់យប់ គឺមានរហូតដល់ទៅ៧ប៉ុស្តិ៍។
ប្រភពពីអ្នកភូមិខ្លះទៀតឱ្យដឹងថា នៅខេត្តព្រះវិហារ ក្រៅតែពីល្បែងលក់កន្ទុយលេខកើនឡើង ក្នុងទីក្រុង និងតាមបណ្ដាស្រុកមួយចំនួននោះ ក៏មានល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់១កន្លែងទៀតនៅភូមិស្រម៉ូវ ជាតំបន់ជាយក្រុង។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដើម្បីសុំប្រតិកម្ម ជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ។
ចំណែកអភិបាលក្រុងព្រះវិហារលោក នុត សោភ័ណ បានបដិសេធមិនអធិប្បាយរឿងនេះទេដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់ប្រជុំ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ ទទួលស្គាល់ថា បច្ចុប្បន្នល្បែងចាក់កន្ទុយលេខ កំពុងកើនឡើងនៅខេត្តព្រះវិហារមែន ក៏ប៉ុន្តែលោកមិនបានដឹងច្បាស់ពីទំហំទឹកប្រាក់ ដែលគេចាក់ម្ដងៗប៉ុន្មានរៀល ពិតប្រាកដទេ។ លោក ឡោ ចាន់ បានហៅការកើនឡើងនៃល្បែងស៊ីសងនោះ ថា គឺវាកំពុងប្រាស់ចាកពីគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព របស់រដ្ឋាភិបាល៖ «បើយើងនិយាយពីភូមិ ឃុំមានសុវត្ថិភាព៩ចំណុច ដែលរដ្ឋាភិបាល ចេញគោលការណ៍មកឱ្យបំបាត់ល្បែងស៊ីសង នៅតាមជនបទ នៅតាមភូមិ ឃុំហ្នឹងឯង ដើម្បីកុំឱ្យមានចោរលួច ចោរឆក់ប្លន់អីហ្នឹង»។
សមាគមការពារសិទ្ធិមនុស្ស អាដហុកខេត្តព្រះវិហារ ឱ្យដឹងថា កន្លងទៅសមត្ថកិច្ចខេត្តព្រះវិហារ ក៏ធ្លាប់ធ្វើការបង្ក្រាបកន្លែងលក់កន្ទុយលេខទាំងនោះដែរ ដោយមានមេកន្ទុយលេខខ្លះជាប់ពន្ធនាគារនិងខ្លះទៀតត្រូវបានដោះលែងវិញ។ ក៏ប៉ុន្តែតាមការសង្កេតមើលជាទូទៅឃើញថាការបង្ក្រាបរបស់សមត្ថកិច្ចនោះ គឺធ្វើឡើងតែមួយប្រ៉ាវៗ ដោយមិនមានវិធានការតឹងរ៉ឹងទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
