មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ បានណែនាំប្រតិបត្តិករទេសចរណ៍ ឲ្យកំណត់តម្លៃសេវាបម្រើវិស័យទេសចរណ៍របស់ខ្លួនឲ្យសមរម្យ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះឲ្យបានច្រើនថែមទៀត។
សារអំពាវនាវនេះ ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ហើយសង្កេតឃើញថា ប្រតិបត្តិករទេសចរណ៍ភាគច្រើនបានដំឡើងតម្លៃសេវាកម្មពីភ្ញៀវក្នុងតម្លៃខ្ពស់កប់ពពកនៅពេលកន្លងមក។
ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងចូលមកនៅសប្ដាហ៍ខាងមុខ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធខេត្តនេះ បានបើកវេទិកាប្រជុំពិសេសមួយកាលពីដើមសប្ដាហ៍នេះ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការទទួលបដិសណ្ឋារកិច្ច ការថែរក្សាសន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកទស្សនាខេត្តនេះ។
ថ្លែងចំពោះមុខប្រតិបត្តិករទេសចរណ៍នាសាលប្រជុំសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែមេសា លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តនេះ បានស្នើដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ឲ្យពិចារណា និងត្រូវកំណត់តម្លៃសេវាកម្មរបស់ខ្លួនឲ្យបានសមរម្យ ប្រយោជន៍ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះឲ្យបានច្រើន និងបន្តស្នាក់នៅរយៈពេលវែង។
លោក នូ សុផល បង្ហាញការព្រួយបារម្ភថា បើសិនជាការដំឡើងតម្លៃសេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ មានតម្លៃខ្ពស់ហួសហេតុនៅក្នុងពិធីបុណ្យចូលឆ្នាំ ឬបុណ្យជាតិធំៗ របស់ប្រតិបត្តិករទេសចរណ៍ គឺអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាខេត្តព្រះសីហនុ នាថ្ងៃអនាគត៖ «»។
ផ្ដើមពីបញ្ហានេះ លោក នូ សុផល បានរំលឹកដល់ម្ចាស់ធ្វើអាជីវកម្មបម្រើវិស័យទេសចរណ៍នានា នៅខេត្តព្រះសីហនុ មានម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ឬម្ចាស់សេវាដឹកជញ្ជូនជាដើម មិនត្រូវដំឡើងតម្លៃសេវាកម្មរបស់ខ្លួនតាមទំនើងចិត្តនោះទេ។
ទោះជាបែបនេះក្ដី មន្ត្រីជំនាញទេសចរណ៍រូបនេះ មិនបានបញ្ជាក់ អំពីវិធានការផ្លូវច្បាប់ ទៅលើប្រតិបត្តិករទេសចរ ដែលមិនគោរពតាមការណែនាំ ឬបន្តដំឡើងតម្លៃសេវាទេសចរណ៍តាមទំនើងចិត្តនោះទេ។ ប៉ុន្តែបានបង្ហាញការព្រួយបារម្ភនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅថ្ងៃអនាគត បើប្រតិបត្តិករទេសចរណ៍ មិនសហការ ឬមិនកំណត់តម្លៃសេវាកម្មរបស់ខ្លួនឲ្យបានសមរម្យនោះទេ។
បន្ថែមលើនេះ លោក នូ សុផល ក៏បានព្រួយបារម្ភអំពីបញ្ហាចោរលួច ឆក់ ប្លន់ ឬក្រុមក្មេងទំនើងជាដើម ដែលធ្វើសកម្មភាពនាខេត្តជាប់មាត់សមុទ្រមួយនេះ ក៏នឹងអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ ចូលមកទស្សនាខេត្តព្រះសីហនុ នៅថ្ងៃខាងមុខ បើសិនជាសកម្មភាពល្មើសទាំងនេះបន្តកើតមាន៖ «»។
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនិយមចូលមកកម្សាន្តខេត្តព្រះសីហនុ នៅពេលមានពិធីបុណ្យជាតិធំៗ ឬពិធីឆ្លងឆ្នាំសកលជាដើម តែងបានរអ៊ូរទាំថា តម្លៃសេវាស្នាក់នៅ មានសណ្ឋាគារ ផ្ទះសំណាក់ ម្ហូបអាហារ និងសេវាដឹកជញ្ជូនជាដើម គឺត្រូវម្ចាស់អាជីវកម្មនីមួយៗ បានដំឡើងតម្លៃ តាមទំនើងចិត្ត ឬមានតម្លៃគុណទ្វេចន្លោះពី ៣ ទៅ ៥ដង ខុសពីតម្លៃថ្ងៃធម្មតា។
ត្រង់ចំណុចនេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលបំណងនៃការជួបជុំប្រតិបត្តិករទេសចរណ៍ខេត្តនេះ ឲ្យកំណត់តម្លៃសេវាកម្មទេសចរណ៍របស់ខ្លួនឲ្យបានសមរម្យ គឺដើម្បីជាការទាញចំនួនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើន និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារពលរដ្ឋឲ្យបានប្រសើរ។ បញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន បានស្នើដល់ប្រតិបត្តិករទេសចរណ៍នានា ត្រូវចូលរួមសហការជាមួយអាជ្ញាធរ កំណត់តម្លៃសេវាកម្មរបស់ខ្លួនឲ្យបានសមរម្យ៖ «»។
បន្ថែមលើនេះ លោក ឈិត សុខុន ក៏បានស្នើដល់ម្ចាស់អាជីវកម្មទេសចរណ៍នានា ត្រូវរួមសហការរក្សាសន្តិសុខជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យបានគ្រប់គ្នា តាមរយៈការផ្ដល់ព័ត៌មានពិត ជុំវិញលើបទល្មើសអ្វីមួយមកកម្លាំងសមត្ថកិច្ចឲ្យបានទាន់ពេល។
ដូចគ្នានេះដែរ លោក សៅ ចន្ទ មេបញ្ជាការរងសន្តិសុខលំហសមុទ្រ ខេត្តព្រះសីហនុ ប្រកាសដល់ម្ចាស់អាជីវកម្មបម្រើវិស័យទេសចរណ៍ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ពេលកើតមានគ្រោះអាសន្ន ឬមានការលិចទូកដឹកអ្នកដំណើរនៅក្នុងលំហសមុទ្រជាដើម ដើម្បីជួយមានវិធានការសង្គ្រោះឲ្យបានទាន់ពេល៖ «»។
ចំណែកលោក ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ ឲ្យដឹងដែរថា បញ្ហាចោរលួច ចោរឆក់ ឬប្លន់ជាដើម ដែលកើតមានតាមឆ្នេរ ឬកោះមួយចំនួនក្នុងមូលដ្ឋានខេត្តជាប់សមុទ្រមួយនេះកន្លងមក អាចប៉ះដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ។ ប៉ុន្តែលោកថា ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ឲ្យបានថយចុះ គឺទាមទារឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ចូលរួមសហការទៅតាមការណែនាំរបស់អាជ្ញាធរឲ្យបានស្រុះគ្នា ដើម្បីជំរុញកំណើនភ្ញៀវទេសចរកើនច្រើននាឆ្នាំខាងមុខ។
ទោះយ៉ាងណា ប្រតិបត្តិករទេសចរណ៍ខេត្តព្រះសីហនុ ពិសេសម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារជាដើម មិនបានឆ្លើយតបចំពោះការអំពាវនាវជុំវិញស្នើកំណត់តម្លៃសេវាទេសចរសមរម្យទៅតាមការណែនាំរបស់មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុទេ ក្នុងជំនួបដើមសប្ដាហ៍នេះ។ មានម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ បានខ្លះខ្សឹបខ្សៀវថា នៅពេលមានបុណ្យជាតិធំៗ ឬបុណ្យឆ្លងឆ្នាំជាដើម គឺជាឱកាសកើបលុយរបស់ពួកគេ។
យ៉ាងនេះក្តី លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ និងលោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តបង្ហាញកង្វល់ថា បើសិនជាប្រតិបត្តិករទេសចរណ៍មិនគោរពតាមការណែនាំរបស់អាជ្ញាធរទេ នឹងអាចប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគត ដោយសារការកំណត់តម្លៃសេវាកម្មទេសចរណ៍មិនបានត្រឹមត្រូវ។
ស្ថិតិឆ្នាំ២០១៤ របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញថា ទទួលបានភ្ញៀវទេសចរមកកម្សាន្តសរុប ១.៣២៧.៧៤៨នាក់ គឺកើនជាង ២៨ភាគរយ។ ក្នុងនោះទេសចរជាតិមាន ៩៦៩.១០៩នាក់ កើនជាង ៣១ភាគរយ និងភ្ញៀវអន្តរជាតិមាន ៣៥៨.៦៣៩នាក់ កើនជិត ១៩ភាគរយ បើធៀបឆ្នាំ២០១៣។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ១៤០សញ្ជាតិ។ ទីផ្សារភ្ញៀវអន្តរជាតិសំខាន់ៗចំនួន ១០ប្រទេស ដែលចូលមកទស្សនាខេត្តព្រះសីហនុ ច្រើនជាងគេ មាន ជនជាតិរុស្សី ចិន បារាំង វៀតណាម អង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង និងអ៊ីតាលី។
ចំណែកស្ថិតិទេសចរណ៍ ៣ខែដើមឆ្នាំ២០១៥ បានបង្ហាញថា មានភ្ញៀវទេសចរចូលមកទស្សនាខេត្តព្រះសីហនុ មាន ៥៣៣.៨៣០នាក់ គឺកើនជិត ២០ភាគរយ (១៩,៩៥) បើធៀប ៣ខែដូចគ្នាឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
