ការទាមទារនេះ បានធ្វើឡើងនៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៤ ក្រោមប្រធានបទ រួមគ្នាបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករ ដើម្បីធានាសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា។
មនុស្សប្រមាណ ៥០០នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល កសិករជាតិ និងកសិករអាស៊ាន ជួបជុំគ្នាក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៤ នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាបង្កើនសមត្ថភាពបន្ស៊ាំដំណាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសន្តិសុខស្បៀង។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងបើកវេទិកាកសិករថ្នាក់ជាតិលើកទី៤ នៅថ្ងៃទី១៧ ខែតុលា ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ចម្បង ដែលកំពុងគំរាមកំហែង ក៏ដូចជាបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខភាពមនុស្ស និងជីវចម្រុះ ទាំងនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល ដែលតម្រូវឲ្យទាំងអស់គ្នាបន្តយកចិត្តទុកដាក់ និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែទូលាយ ដើម្បីធានាឲ្យបាននូវនិរន្តរភាពនៃភពផែនដី និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកថា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ តាមរយៈការធ្វើកសិកម្មចម្រុះ និងការបង្កើនផលិតភាពកសិកម្ម ក៏ដូចជាបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងសម្រេចគោលដៅនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបាន ១លានតោន នៅឆ្នាំ២០១៥ ខាងមុខ សំដៅរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។
លោកបន្តថា ក្រសួងបរិស្ថាន បានបំពេញតួនាទីទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការសម្របសម្រួល និងជំរុញការអនុវត្តវិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទាំងផ្នែកបន្ស៊ាំ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៖ «ធម្មតាយើងមានការព្រួយបារម្ភខ្លាំងពីការប្រែប្រួលអាកាសធាតុនេះទៅដល់ទឹកភ្លៀង។ ជួនកាល ភ្លៀងមកមុនរដូវ ជួនកាលភ្លៀងមកយឺត ហ្នឹងក៏ជាបញ្ហាមួយត្រូវគិតដែរ អ៊ីចឹងសុំសំណូមពរទៅវិញតាមរយៈសិក្ខាសាលានេះ គឺថាក្នុងផ្តល់វគ្គសិក្សាច្រើនដែរ ឬមួយក៏បង្វែរថវិកាច្រើនដែរទៅដល់ការសិក្សាជាលក្ខណៈវិទ្យាសាស្ត្រតែម្តង ដើម្បីឲ្យយើងឃើញច្បាស់លាស់ ថាតើការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហ្នឹងវាមានលក្ខណៈដូចម្តេច»។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត ថ្លែងថា បញ្ហាសន្តិសុខស្បៀងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកជាបញ្ហាអាទិភាព និងជាបញ្ហាអន្តរវិស័យ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ លោកបន្តថា ឆ្លងកាត់ការសិក្សាស្រាវជ្រាវកន្លងមក បានបង្ហាញថា ការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹក គឺជាគន្លឹះយ៉ាងសំខាន់ ក្នុងការធានាឲ្យមានស្បៀង និងលទ្ធភាពទទួលបានស្បៀងគ្រប់គ្រាន់ទៅដល់ប្រជាកសិករនៅក្នុងតំបន់ជនបទនានា៖ «ពិភាក្សាពីបញ្ហាចំណូលខ្វះខាត និងរបៀបរៀបចំផែនការរួមគ្នាលើបញ្ហាសន្តិសុខស្បៀង និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសផ្ដោតសំខាន់ទៅលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច កសិកម្ម ប្រព័ន្ធផ្សព្វផ្សាយ លើការព្យាករណ៍អាកាសធាតុ និងពង្រឹងសេដ្ឋកិច្ចដល់កសិករខ្នាតតូច»។
តំណាងកសិករមកពីប្រទេសឥណ្ឌូនេស៊ី (Indonesia) ថ្លែងថា រូបគាត់មិនដែលដឹងអំពីការផលិតជីកំប៉ុសទេ។ ប៉ុន្តែ ក្រោមការបណ្តុះបណ្ដាលពីអង្គការមួយចំនួន ទើបគាត់បានចេះផលិតជីធម្មជាតិ ហើយប្រើលើដំណាំកសិកម្មជំនួសការប្រើជីគីមី គឺគាត់បានរួមចំណែកបន្ថយការបំពុលបរិស្ថាន និងបន្ថយការប្រែប្រួលអាកាសធាតុ។
តំណាងកសិករអាស៊ាន លោក អ៊ួន សុផល សំណូមពរថា សុំឲ្យរដ្ឋាភិបាលបញ្ចប់ផ្តល់ដីសម្បទានសេដ្ឋកិច្ច សុំឲ្យផ្តល់ពូជស្រូវថ្មីដែលអាចទប់ទល់នឹងអាកាសធាតុកំពុងប្រែប្រួល សុំចុះបង្រៀនបច្ចេកទេសដាំដុះថ្មីដល់កសិករជនបទ សុំឲ្យក្រសួងពាក់ព័ន្ធ ផ្តល់ព័ត៌មានពីអាកាសធាតុផ្លាស់ប្ដូរឲ្យបានជាក់លាក់ និងបញ្ចុះការប្រាក់កម្ចីសម្រាប់ធ្វើការងារកសិកម្មឲ្យបានទាបដល់ ១% ទៅ ១,៥%៖ «សំណូមពរដល់រាជរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធនានា ផ្នែកខាងធារាសាស្ត្រ គឺសុំឲ្យគិតគូរពីធារាសាស្ត្រខ្នាតតូច ព្រោះយើងឃើញថា ធារាសាស្ត្រខ្នាតធំៗមានការចំណាយធនធាន លុយកាក់យ៉ាងច្រើន ហើយក៏អាចធ្វើឲ្យប៉ះពាល់នូវសំណង់តូចៗ ក៏ដូចជាប៉ះពាល់នូវធារាសាស្ត្រតូចៗដែរ។ ចំណុចទី៣ គឺសំណូមពរឲ្យរាជរដ្ឋាភិបាល អង្គការពាក់ព័ន្ធបន្តនូវឥណទានខ្នាតតូច ក៏ដូចជាឥណទានសម្រាប់កសិកម្មដែលមានការប្រាក់ទាប ដើម្បីធ្វើឲ្យកសិករអាចមានឱកាសក្នុងការរៀបចំខ្លួនបន្ស៊ាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ ដូចជាការរៀបចំស្រះ ដើម្បីស្តុកទឹកជំនន់ និងដើម្បីជួយនៅពេលរដូវរាំងស្ងួត ដូចជាការរៀបចំការអាងទឹក ពាងទឹក ដើម្បីជួយទុកទឹកភ្លៀងនៅពេលភ្លៀងខ្លាំង ក៏ដូចជាជួយស្តុកទឹកដើម្បីការពារនៅពេលរាំងស្ងួតផងដែរ»។
តំណាងកសិករមកពីខេត្តរតនគិរី លោក តន់ ជាង បង្ហាញថា ខេត្តរតនគិរី ជាតំបន់ខ្ពង់រាប ប៉ុន្តែនៅឆ្នាំ២០១៣ បានរងគ្រោះដោយទឹកជំនន់។ កសិករកំពុងខ្វះបច្ចេកទេស និងពូជដាំដុះ និងខ្វះការទទួលបានព័ត៌មានពីអាកាសធាតុ។ ទន្ទឹមនោះ ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច បានកាប់បំផ្លាញព្រៃឈើនាំចេញយកទៅប្រទេសវៀតណាម អានាធិបតេយ្យ ធ្វើឲ្យបាត់បង់ប្រភពជួយទាក់ទាញទឹកភ្លៀង និងបន្ថយឧស្ម័នជាតិពុលក្នុងបរិស្ថាន។ លោកបន្ថែមថា មធ្យោបាយថែរក្សាបរិស្ថាននៅក្នុងខេត្តនោះ មានកម្រិតទាបនៅឡើយ៖ «ការយល់ដឹងពីការប្រែប្រួលអាកាសធាតុនៅមានកម្រិត ដោយសារខ្វះប្រព័ន្ធផ្សព្វផ្សាយ ព្រោះអីនៅតំបន់នោះ គឺបងប្អូនជនជាតិដើមភាគតិច គាត់ដាំដំណាំចម្ការអ៊ីចឹង គាត់អត់មានវិទ្យុស្តាប់ទេ ខំធ្វើចម្ការទៅ ដល់ព្យុះកើតឡើង គាត់អត់បានដឹង។ កង្វះពូជឈើ ទាក់ទងទៅនឹងព្រៃលិចទឹកនៅទន្លេសាប អត់កូនឈើដាំ ហើយមួយទៀត ព្រៃរិចរិល ក៏បានកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះ នៅកំពុងតែមាន យើងឃើញជាក់ស្តែងនៅមុនខ្ញុំមកនេះ ក៏គាត់កំពុងតែដំណើរការដែរ សំខាន់គឺឈើប្រណីតចេញទៅតាមនោះ ទៅលក់នៅវៀតណាម នោះ»។
អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក រ័ត្ន វិរៈ ថ្លែងថា កសិករជាច្រើននៅតែពឹងផ្អែកលើទឹកភ្លៀងសម្រាប់ស្រោចស្រពដំណាំកសិកម្ម។ លោកបានឲ្យដឹងថា រដ្ឋាភិបាលអាណត្តិទី៥ នឹងបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទាំងស្រុង។ ប៉ុន្តែ ការទាមទារបន្ថយការប្រាក់ទាបដល់ទៅ ១ ឬ ១,៥% គឺរដ្ឋាភិបាលពុំមានលទ្ធភាពដោះស្រាយនៅឡើយ៖ «យើងព្យាយាម យើងបានគិតថា ត្រូវយើងធ្វើយ៉ាងម៉េច ដើម្បីឲ្យមានការប្រជែងមួយសមភាព ស្មោះត្រង់ យុត្តិធម៌ ទាំងអ្នកទទួលផង និងអ្នកប្រើប្រាស់ផល។ អ៊ីចឹង យើងរកវិធី ក៏ប៉ុន្តែយើងមិនអាចបញ្ជាក្នុងនាមសេដ្ឋកិច្ចទីផ្សារសេរី ត្រូវតែអ្នករកស៊ីធ្វើអ៊ីចេះអ៊ីចុះ អត់បានទេ ហ្នឹងជាច្បាប់។ អង្ករ បងប្អូនប្រជាពលរដ្ឋថាលក់បានថោកណាស់ ក៏ប៉ុន្តែសួរថា តើមានប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលកំពុងស្រែកថា អង្ករថ្លៃ អ៊ីចឹងក្នុងនាមជាអ្នកអាជ្ញាធរ ជាអ្នកធ្វើការលើវិស័យហ្នឹង ទាំងអង្គការ ទាំងឯកជន ទាំងសង្គមស៊ីវិលទាំងអស់ ដោះស្រាយយ៉ាងម៉េច ត្រូវតែបង្ខំអង្ករហ្នឹង ទិញតម្លៃថ្លៃពីកសិករ ដែលគាត់ចិត្តចង់បាន ហើយត្រូវយកទៅលក់ថោកឲ្យប្រជាពលរដ្ឋដែលគាត់ចង់បានអង្ករថោក។ សួរថា មានប្រទេសណាខ្លះដែលគេធ្វើរឿងហ្នឹង»។
វេទិកាកសិករថ្នាក់ជាតិលើកទី៤ នឹងបន្តពិភាក្សារកដំណោះស្រាយទៅលើបញ្ហាចម្បងនានា នៅថ្ងៃទី១៨ ខែតុលា ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
