រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បដិសេធ​មិន​បាន​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​ឡាន​ឈ្នួល

0:00 / 0:00

នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កំពុង​មាន​ការ​បញ្ចេញ​យោបល់​រិះគន់​និង​ចែក​ចាយ​បន្ត​គ្នា លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​មាន​មន្ត្រី​ក្រសួង​ទេសចរណ៍​មួយ​ក្រុម​ជិះ​ធ្វើ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​នៅ​ខេត្ត​រតនគិរី ហើយ​ឈាន​ទៅ​ដល់​ការ​ប្ដឹង​ផ្ដល់​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​ឈ្នួល​នោះ ដើម្បី​ទារ​ប្រាក់​ជំងឺ​ចិត្ត ៤​ពាន់​ដុល្លារ។ ករណី​នេះ​កំពុង​មាន​ភាព​ស្មុគស្មាញ​ជា​ខ្លាំង​លើ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​មក។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ១​រូប​ក្នុង​ចំណោម ៤​រូប បាន​ចេញ​មុខ​បកស្រាយ​ថា ខ្លួន​ជា​ជនរងគ្រោះ បន្ទាប់​ពី​មាន​ការ​យល់​ច្រឡំ និង​រិះគន់​រូប​គាត់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា​បាន​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​រថយន្ត​ឈ្នួល​ដែល​មាន​ភាព​ក្រីក្រ។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោកស្រី សម មុន្នីកា បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា លោកស្រី​គឺ​ជា​ជន​រងគ្រោះ​ដែល​ស្ទើរ​តែ​គ្រោះថ្នាក់​ស្លាប់​ក្នុង​ពេល​ជិះ​រថយន្ត​ឈ្នួល​នោះ ដោយសារ​តែ​យុវជន​អ្នក​បើកបរ​និយាយ​ទូរស័ព្ទ បើកបរ​ក្នុង​លឿន ១២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​ពុំ​មាន​ប័ណ្ណ​បើកបរ​ទេ។ លោកស្រី​បន្ត​ថា នៅ​ពេល​មាន​គ្រោះថ្នាក់​មក​ដល់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា នោះ គាត់​ជិះ​ខាង​មុខ​បាន​រង​របួស​ដោយ​ស្រាំ​ឆ្អឹង​លើ​ជង្គង់ ប៉ះពាល់​ឆ្អឹង​ត្រគាក និង​ដើម​ទ្រូង ហើយ​បច្ចុប្បន្ន​គាត់​នៅ​មាន​អាការៈ​ស្ពឹក​ក្បាល និង​ខ្លួន​១​ចំហៀង ​ហើយ​និង​សួត បន្ទាប់​ពី​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

លោកស្រី​បញ្ជាក់​ថា ថៅកែ​រថយន្ត​ឈ្នួល​មិន​បាន​សម្របសម្រួល ឬ​សួរ​សុខទុក្ខ​គាត់​ទេ​នៅ​ប៉ុស្តិ៍​ប៉ូលិស ទើប​គាត់​ទារ​ប្រាក់​សំណង​ម្នាក់ ១​ពាន់​ដុល្លារ គឺ ៤​នាក់ ៤​ពាន់​ដុល្លារ តែ​ឥឡូវ​គាត់​បាន​ព្យាបាល​ខ្លួន​អស់ ២​ពាន់​ដុល្លារ​ហើយ។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ឈ្មោះ ផែង វណ្ណៈ មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ និង​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​ផ្ដួចផ្ដើម​គំនិត​ប្រមូល​ថវិកា​ចំនួន ៤​ពាន់​ដុល្លារ មក​សង​គាត់ និង​ថា​អ្នក​រត់​តាក់ស៊ី​នោះ​ជា​ពលរដ្ឋ​ក្រីក្រ គឺ​ជា​រឿង​មិន​ពិត​ឡើយ៖ «សំឡេង»។

ទោះ​ជា​យ៉ាង​ណា លោកស្រី សម មុន្នីកា ថ្លែង​ទៀត​ថា គាត់​មិន​ដែល​ស្គាល់​លោក ផែង វណ្ណៈ និង​ពុំ​ធ្លាប់​មាន​គំនុំ ឬ​ជម្លោះ​ជាមួយ​បុគ្គល​នេះ​ឡើយ។ លោកស្រី​មិន​យល់​ថា ហេតុ​អ្វី​បាន​ជា​មាន​ការ​បង្ហោះ​រូបភាព និង​ពិពណ៌នា​បំផ្លើស​ការ​ពិត​ចំពោះ​គាត់​នោះ​ទេ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​លោកស្រី សម មុន្នីកា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​អ្នក​រួម​ការងារ ៣​នាក់​ផ្សេង​ទៀត ជិះ​តាក់ស៊ី​ទៅ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ខណៈ​ពេល​កំពុង​បើកបរ ហើយ​រថយន្ត​បាន​ខូច​ចង្កូត​ដាច់​រ៉ូទីល​ធ្លាក់​ចេញ​ពី​ផ្លូវ​នៅ​ចំណុច​ភូមិ​៣ ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ខេត្ត​រតនគិរី។ លោកស្រី​បាន​ទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​ដុល្លារ។

បញ្ហា​នេះ​ក៏​មាន​ការ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក ផែង វណ្ណៈ មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ និង​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ និង​លោក ព្រំ សាន មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ផ្ដួចផ្ដើម​គំនិត​ប្រមូល​ថវិកា​ចំនួន ៤​ពាន់​ដុល្លារ​ដើម្បី​ជា​សំណង។ ទឹក​ប្រាក់​ទាំង​នោះ ត្រូវ​បាន​គេ​ដឹង​ថា មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ជួយ ៥០០​ដុល្លារ លោកស្រី ហ៊ុន ស៊ីណាត ជា​ប្អូនស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក នឹម ច័ន្ទតារា ៣០០​ដុល្លារ និង​លោក ជុំ កុសល អ្នក​អត្ថាធិប្បាយ​នយោបាយ​តាម​ទូរទស្សន៍ ១០០​ដុល្លារ លោក ផែង វណ្ណៈ ខ្លួន​ឯង ២០​ម៉ឺន​រៀល រួម​នឹង​សប្បុរសជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដើម្បី​ជួយ​ម្ចាស់​រថយន្ត​ឈ្នួល ឈ្មោះ គឹម ពិសិដ្ឋ ដែល​មាន​ភាព​ក្រីក្រ។

ឆ្លើយតប​បញ្ហា​នេះ លោក ផែង វណ្ណៈ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ប្រមូល​ថវិកា បាន​ឆ្លើយតប​ថា លោក​ជួយ​ប្រមូល​ថវិកា​នេះ ដោយសារ​លោក​មើល​ឃើញ​ការ​ខ្វះ​ខាត​របស់​ម្ចាស់​តាក់ស៊ី​ដែល​គ្មាន​លទ្ធភាព​រក​លុយ​សំណង​ចំនួន ៤​ពាន់​ដុល្លារ​នេះ បន្ទាប់​ពី​លោក​បាន​ដឹង​បញ្ហា​នេះ​តាម​ម្ចាស់​តាក់ស៊ី ដែល​ជា​អ្នក​លេង​ហ្វេសប៊ុក មួយ​រូប​បាន​អំពាវនាវ​ពី​ការ​ខ្វះខាត​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​ថា ការ​ជួយ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​រូបភាព​មនុស្សធម៌​សុទ្ធសាធ​មិន​ពាក់ព័ន្ធ​អ្វី​ទាំង​អស់ ហើយ​លោក​ទើប​បាន​ដឹង​ថា ដើម​បណ្ដឹង​គឺ​លោកស្រី សម មុន្នីកា ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ នៅ​ពេល​ក្រោយៗ​មក​ទេ៖ «សំឡេង»។

ទាក់ទង​បញ្ហា​នេះ​ដែរ នៅ​ក្នុង​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ការ​មាន​ការ​បង្ហោះ​តៗ​នូវ​លិខិត​ពី​កាកបាទ​ក្រហម​កម្ពុជា ដែល​បាន​បដិសេធ​មិន​ទទួល​ប្រាក់​ពី​លោកស្រី សម មុនី្នកា ដែល​ថា លោកស្រី​បរិច្ចាគ​ប្រាក់​ចំនួន ៤​ពាន់​ដុល្លារ​នេះ​ទៅ​ឲ្យ​កាកបាទ​ក្រហម។

អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា លោកស្រី ពុំ ចន្ទីនី បាន​បំភ្លឺ​ថា កាកបាទក្រហម​មិន​អាច​ទទួល​ប្រាក់​ជំនួយ​ដែល​បាន​មក​ពី​របៀប​នេះ​បាន​នោះ​ទេ៖ «សំឡេង»។

តែ​ទោះ​ជា​យ៉ាង​ណា លោកស្រី សម មុន្នីកា បាន​អះអាង​ថា គាត់​មិន​ទាន់​បាន​ប្រគល់​ប្រាក់​នោះ​ទៅ​កាកបាទ​ក្រហម​នោះ​ទេ គឺ​លោកស្រី​គ្រាន់​តែ​បាន​និយាយ​ក្នុង​ពេល​លោក ផែង វណ្ណៈ យក​ប្រាក់ ៤​ពាន់​ដុល្លារ​ទៅ​ប្រគល់​ជូន​គាត់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ថា​នឹង​បង្វិល​ប្រាក់​នេះ​ជូន​ទៅ​កាកបាទ​ក្រហម និង​មន្ទីរពេទ្យ​គន្ធបុប្ផា តែ​បែរ​ជា​ឃើញ​លិខិត​បដិសេធ​ពី​កាកបាទ​ក្រហម​ទៅ​វិញ។ ទោះ​ជា​បែប​នេះ​ក្ដី ថវិកា​នេះ​គាត់​បាន​ប្រគល់​ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រួច​ហើយ។

សំណុំ​រឿង​ប្ដឹងផ្ដល់​ទារ​សំណង​នេះ ត្រូវ​បាន​គេ​សរសេរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការ​ប្ដឹង​ទារ​ប្រាក់​នេះ​ព្រោះ​តែ​បាន​ធ្វើ​ឲ្យ​ក្រុម​លោកស្រីៗ​នៅ​ក្នុង​ក្រសួង​ទេសចរណ៍ ដែល​មាន​ស្វាមី​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ មាន​ការ​ផិតភ័យ​កើត​ចេញ​ពី​ការ​ជិះ​រថយន្ត​ឈ្នួល​នោះ ហើយ​បញ្ហា​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នក​លេង​ហ្វេសប៊ុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។