អ្នកនេសាទនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានតវ៉ា និងមានមន្ទិលចំពោះកម្លាំងសមត្ថកិច្ចការពារបរិស្ថានដែលចាប់ផាកពិន័យពួកគាត់ ១លានរៀលក្នុងទូកនេសាទមួយ។
អ្នកនេសាទមួយរូបក្នុងចំណោម ៣រូប ដែលត្រូវសមត្ថកិច្ចគ្រប់គ្រងបរិស្ថានប្រចាំស្រុកស្រែអំបិល ផាកពិន័យនោះ គឺលោក អ៊ុម រឿន លើកមន្ទិលនេះថា លោកមិនយល់ទេ ដែលខាងកម្លាំងសមត្ថកិច្ចគ្រប់គ្រងបរិស្ថាន ចាប់ពួកលោកផាកពិន័យជំនួសសមត្ថកិច្ចគ្រប់គ្រងជលផល៖ «គេថាតំបន់ធម្មជាតិគ្រប់យ៉ាងដែលគេគ្រប់គ្រង ហើយនៅដងពែងនៅតំបន់សមុទ្រឆ្ងាយពីគ្នា ដីចម្ងាយជាង ១០ គីឡូឯណោះ។ បើថាខុសត្រូវអី ខាងជំនាញគេមកចាប់ ខ្ញុំមិនសូវអន់ចិត្ត មិនសូវថាអីទេ ហើយក្រៅពីជំនាញគ្រប់គ្រងធនធានធម្មជាតិព្រៃឈើឯណោះ។ អូសកូនគ្រែងហ្នឹង យកមកបាចក្នុងស៊ុម។ កន្លែងណាវាកើតអ៊ីចឹងទៅ យើងអូស។ កន្លែងហ្នឹងវាមានខាងជលផលគេគ្រប់គ្រង ហើយទំនាក់ទំនងគេ គេថាអត់អីទេ នាំគ្នាអូសទៅ អូសដាក់ពូជដាក់អីនៅខាងៗហ្នឹង»។
លោក អ៊ុម រឿន ថ្លែងឱ្យដឹងថា បញ្ហានេះ បានកើតនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ក្នុងពេលដែលរូបលោក និងអ្នកនេសាទប្រមាណ ១០០ទូកផ្សេងទៀត កំពុងអូសកូនគ្រែង ឬងាវ នៅក្នុងផ្ទៃសមុទ្រក្នុងតំបន់ស្រែអំបិលនោះ ដើម្បីយកមកចិញ្ចឹមនៅក្បែរឆ្នេរតាមគ្រួសារ។ លោកឆ្ងល់ថា ហេតុបានជាអាជ្ញាធរចាប់ផាកពិន័យតែរូបលោក ៣ទូក?
ប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល ខេត្តកោះកុង លោក ម៉េង តិច ពន្យល់តបថា ការផាកពិន័យរបស់សមត្ថកិច្ចលោក គឺលោកអនុវត្តតាមច្បាប់ ដោយសារពួកគាត់អូសកូនគ្រែង ឬងាវក្នុងដែនការពារធនធានធម្មជាតិ៖ «នៅក្នុងច្បាប់ស្ដីពីតំបន់ការពារ ក្នុងមាត្រា ៥៩ ហ្នឹង គេនិយាយពីការធ្វើនេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ ធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិដែនសមុទ្រ និងដែនទឹកសាប។ គ្រែងប៉ុនកូនដៃ អត់ដល់កូនដៃផង។ គ្រែងវាក្រោមកូនដៃហ្នឹងទៀតឯណោះ ហើយទូករាប់រយគ្រឿង មិនមែនតែ ៣ហ្នឹង។ ខ្ញុំទៅគ្នា ៧-៨នាក់ ឱ្យខ្ញុំចាប់ទាំងអស់ម្ដេចបានមួយយប់។ ទូករាប់រយ ហើយខ្ញុំទៅ ៧-៨ នាក់ ខ្ញុំចាប់ ៣នាក់ហ្នឹង គាត់ស្មើនឹងមន្ត្រីខ្ញុំហើយ ហើយខ្ញុំទៅហ៊ានលោភលើសហ្នឹង គាត់វ៉ៃមន្ត្រីខ្ញុំធ្លាក់ទឹកទៅ អ្នកណាទទួលខុសត្រូវ? អ៊ីចឹងលោកមានដែនសមត្ថកិច្ចលើដែនអស់ហ្នឹងដែរមែនទេ? បាទ! ប៉ុណ្ណឹងអ៊ីចឹងអរគុណ»។
ទាក់ទងនឹងករណីចាប់ផាកពិន័យអ្នកនេសាទនេះដែរ មានអ្នកយកព័ត៌មានឱ្យកាសែត "ថ្ងៃនេះ" មួយរូប គឺលោក យួន ឈីវ អះអាងថា លោកត្រូវប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល លោក ម៉េង តិច គំរាមកំហែងចាប់ចង នៅពេលលោកថតរូប និងព្យាយាមចូលជួបលោក ម៉េង តិច បញ្ជាក់ព័ត៌មានបន្ថែម៖ «គាត់ឃាត់ខ្ញុំដល់ទាល់តែខ្ញុំកាមេរ៉ា ដែលខ្ញុំថត ៣ ប៉ុស្តិ៍ហ្នឹង។ ថតទីស្នាក់ការហ្នឹង ព្រោះយើងសារព័ត៌មានយើងមានសិទ្ធិថតហើយ ព្រោះយើងមានរឿង។ បើអត់មានរឿងយើងអត់មានសិទ្ធិទេ។ យើងតាមដានរឿងពីប្រជាពលរដ្ឋមករហូត មកដាច់គ្នាដូចថា ថ្ងៃហ្នឹងរហូតដល់ស្អែកហ្នឹង។ អ៊ីចឹងយើងមកអត់ទាន់ យើងមកសួរព័ត៌មានពិតប្រាកដអ៊ីចឹងណា៎។ សួរឱ្យច្បាស់ថាមានឬអត់ ឬក៏អី គាត់មិនផ្ដល់ព័ត៌មានឱ្យយើង។ គាត់ថា ឧបករណ៍អីនៅឯណា គាត់មិនដឹង។ គាត់ថា អញមិនមែនឪហ្អែង អញមិនដឹងទេ!»។
ប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល លោក ម៉េង តិច ថ្លែងបញ្ជាក់ពីបញ្ហានេះថា ព្រោះតែអ្នកកាសែតរូបនេះចូលទៅថតលោកនៅកន្លែងធ្វើការដោយគ្មានការអនុញ្ញាត៖ «ខ្ញុំកំពុងអង្គុយធ្វើការ អ្នកកាសែតហ្នឹង គាត់ទៅថតកន្លែងខ្ញុំ។ ខ្ញុំសួរថា ថតហ្នឹងតើមានសុំការអនុញ្ញាតពីខ្ញុំទេ? គេថាគេមិនបាច់សុំទេ អ្នកកាសែត។ ឱ្យវាដឹងវិជ្ជាជីវៈខ្លួនឯងផង។ អ្នកកាសែតមិនដឹងស្អី។ អាមនុស្សគ្មានដឹងស្អី ច្បាប់ទម្លាប់ស្អី យកមកធ្វើអ្នកកាសែត។ អ្នកកាសែតហ្នឹង រឿងចង់កាងបទល្មើស។ ដំបូងឡើយថាបងប្អូនគាត់ មានឱ្យខ្ញុំយកលុយយកអី។ ខ្ញុំថាខ្ញុំអត់មានយកលុយយកអីទេ ខ្ញុំធ្វើតាមច្បាប់។ ដល់អ៊ីចឹងទៅ គាត់ប៉ាស្សេឱ្យកាសែតពេញហ្នឹងឱ្យមករករឿងខ្ញុំ។ ខ្ញុំថា កុំមករំខានជំនាញគេធ្វើការ»។
លោក ម៉េង តិច បញ្ជាក់បន្ថែមថា នៅពេលខាងមុខ លោកនឹងបន្តអនុវត្តការចាប់ផាកពិន័យលើទូកនេសាទរាប់រយគ្រឿងផ្សេងទៀត ដែលចូលនេសាទនៅក្នុងតំបន់ការពារធនធានធម្មជាតិ។
ទោះជាមានការតវ៉ា ឬភាពមន្ទិលទៅលើការផាកពិន័យនេះក្ដី ទាំងអ្នកនេសាទ និងអ្នកយកព័ត៌មានឱ្យកាសែតថ្ងៃនេះបញ្ជាក់ថា មន្ត្រីបរិស្ថានបានចេញវិក្កយបត្របញ្ជាក់អំពីការផាកពិន័យនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
