អង្គការសង្គមស៊ីវិលដែលធ្វើកិច្ចប្រឆាំងអំពើពុករលួយនៅកម្ពុជា នៅថ្ងៃទី៧ សីហា បានសាទរ ចំពោះវិធានការរបស់ធនាគារពិភពលោក លើការផ្អាកក្រុមហ៊ុនសាងសង់មួយរបស់កម្ពុជា មិនឲ្យដេញថ្លៃគម្រោងរបស់ខ្លួនរយៈពេល ៣ឆ្នាំ។ ការដាក់ទណ្ឌកម្មនេះ គឺជាយន្តការមួយពង្រឹងប្រសិទ្ធភាពរបស់គម្រោងដើម្បីផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ។
ធនាគារពិភពលោកបានប្រកាសឈ្មោះចំៗ ជាសាធារណៈ មុនពេលគម្រោងរបស់ខ្លួនបានបញ្ចប់ចំនួនពីរថ្ងៃ ថាក្រុមហ៊ុនសាងសង់របស់កម្ពុជា មួយឈ្មោះ CDW Construction រកឃើញ មានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារលើគម្រោងកសាង និងស្ដារឡើងវិញកេតសាណារបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១០។ ការប្រកាសបែបនេះ បានគាំទ្រដោយអង្គការសង្គមស៊ីវិលនានា ថាជាយុទ្ធសាស្ត្រមួយពង្រឹងសមត្ថភាពក្រុមហ៊ុនសាងសង់ និងអ្នកដេញថ្លៃគម្រោងផ្សេងទៀត។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា នេះជាសារមួយដើម្បីបង្ហាញទៅក្រុមហ៊ុន ឬអ្នកដេញថ្លៃរបស់គម្រោងរបស់ធនាគារពិភពលោក ឲ្យអនុវត្តស្របទៅនីតិវិធី ឬច្បាប់អនុញ្ញាត ដើម្បីជៀសវាងនូវការប្រព្រឹត្តអំពើពុករលួយ។ លោកបញ្ជាក់ថា មានករណីច្រើនណាស់ដែលធនាគារពិភពលោកបានប្រកាសឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យសងលុយគម្រោងទៅខ្លួន បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការក្លែងបន្លំ៖ «សំឡេង»។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៩ ខែកក្កដា បានបង្ហាញថា អង្គភាពស៊ើបអង្កេតអំពើពុករលួយរបស់ធនាគាររកឃើញថា ក្រុមហ៊ុន CDW មានការក្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ការសាងសង់ក្នុងការដេញថ្លៃទាក់ទងនឹងនីតិវិធីលទ្ធកម្ម។
វិទ្យុអាស៊ីសេរី បានទូរស័ព្ទទៅលោក ជួន ដាវិន ប្រធានក្រុមហ៊ុន CDW Construction ជាច្រើនលើក ប៉ុន្តែលោកមិនឆ្លើយតប។ ទោះជាយ៉ាងណា លោក ជួន ដាវិន បានប្រាប់សារព័ត៌មានក្នុងស្រុកថា នីតិវិធីរបស់ធនាគារពិភពលោកមានភាពស្មុគស្មាញ ហើយធនាគារនេះ មិនបានផ្ដល់ពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការជាមួយគ្នាលើផ្នែកហិរញ្ញវត្ថុឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក លីអូណាត (Leonard McCarthy) ដែលជាអ្នកស៊ើបអង្កេតអំពើពុករលួយរបស់ធនាគារពិភពលោក មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ការគ្រប់គ្រងហានិភ័យលើការក្លែងបន្លំឯកសារ និងអំពើពុករលួយត្រូវអនុលោមតាមច្បាប់។ ការដាក់ទណ្ឌកម្មនោះ គឺធនាគារផលប្រយោជន៍អ្នកទទួលផលពីគម្រោងអភិវឌ្ឍន៍។
គម្រោងកសាង និងស្ដារឡើងវិញកេតសាណារបស់ធនាគារពិភពលោក មានរយៈពេល ៤ឆ្នាំ ដែលមានតម្លៃ ៣៧លានដុល្លារអាមេរិក បានបញ្ចប់ជាផ្លូវការ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៤។ គោលបំណងនៃគម្រោងនេះ គឺការស្ថាបនាផ្លូវថ្នល់ សេវាទឹកស្អាត សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយសារព្យុះកេតសាណា។
ចំណែកប្រធានអង្គការតម្លាភាពលោក ព្រាប កុល យល់ឃើញថា នីតិវិធីរបស់ធនាគារពិភពលោកមិនស្មុគស្មាញប៉ុន្មាននោះទេ។ ការក្លែងបន្លំឯកសារ និងបញ្ហាផ្សេងទៀតដែលកើតមាននោះ កើតចេញពីការខ្វះឆន្ទៈក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ និងវប្បធម៌នៃការធ្វើខុស។
របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា គម្រោងចំនួន ៦៩ របស់ធនាគារនៅលើពិភពលោក បានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ និងអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
