កម្មករ​សំណង់​​នៅ​ប៉ោយប៉ែត​ប្រមាណ​១០០​នាក់​តវ៉ា​សុំ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល

0:00 / 0:00

កម្មករ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ប្រមាណ ១០០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មេសា នាំ​គ្នា​តវ៉ា​​នៅ​ស្នាក់ការ​បុរី​រស្មីដួងច័ន្ទ ទាមទារ​ឲ្យ​​ម្ចាស់​បុរី​​បើក​ប្រាក់​ឈ្នួល​ ដើម្បី​យក​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​បងប្អូន​​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ ការ​តវ៉ា​នេះ​ ដោយសារ​ពួកគេ​​សុំ​បើក​ប្រាក់​ពី​​ម្ចាស់​បុរី​នេះ​ជា​ច្រើន​លើក​មក​ហើយ​ តែ​ពុំ​ទទួល​បាន​លទ្ធផល។

​​​​​​​ក្រុម​កម្មករ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត កំពុង​ទន្ទឹង​រង់ចាំ​ប្រាក់​ឈ្នួល​ពី​ថៅកែ ដើម្បី​យក​​ប្រាក់​​ទិញ​សំបុត្រ​ឡាន​ត្រឡប់​ទៅ​ផ្ទះ​ជួប​ជុំ​បងប្អូន​ឲ្យ​បាន​ឆាប់រហ័ស។

កម្មករ​សំណង់​បុរី​រស្មីដួងច័ន្ទ មួយ​ចំនួន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ថា កៀក​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ទៅ​ហើយ មិន​ទាន់​បាន​​ប្រាក់​ឈ្នួល​ការងារ​ពី​ម្ចាស់​បុរី​រស្មីដួងច័ន្ទ ដែល​ជា​ចៅសង្កាត់​ប៉ោយប៉ែត​​ គឺ​លោក តាំង គីហេង នៅ​ឡើយ​ទេ។

ក្រុម​កម្មករ​បន្ថែម​ថា​ ប្រាក់​ឈ្នួល​ដែល​ថៅកែ​ជំពាក់​ពួកគេ​​ម្នាក់​ប្រមាណ​ពី ៥០​ម៉ឺន ទៅ ១​លាន​រៀល។ ពលរដ្ឋ​​អះអាង​ថា​ ថ្វីត្បិត​ប្រាក់​ចំនួន​នេះ​ មិន​ច្រើន​សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​ក្ដី តែ​​ចំពោះ​​ពួកគេ​ដែល​​​​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​នោះ​ គ្មាន​អ្វី​រំពឹង​ក្រៅ​អំពី​ប្រាក់​ឈ្នួល​នេះ​យក​ទៅ​លេង​កម្សាន្ត​សប្បាយ​ជា​មួយ​បង​ប្អូន​ក្នុង​ថ្ងៃ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នោះ​ឡើយ៖ «ខ្ញុំ​មក​ធ្វើ​ការ​អត់​បាន​លុយ​បាន​កាក់​យក​ទៅ​ផ្ទះសម្បែង អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា បាន​ប្រាក់​ឯ​ណា​ទៅ​លេង​ស្រុក​ដូច​គេ​ឯង​នោះ​ទេ។ បើ​ខ្ញុំ​លុយ​កាក់​មិន​វា​អី​ តែ​ពេល​នេះ​ខ្ញុំ​អត់​មាន​ប្រាក់​ជាប់​នឹង​ខ្លួន​សោះ​ឡើយ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ម្ចាស់​បុរី​រស្មីដួងច័ន្ទ គឺ​លោក​ តាំង គីហេង ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា។​​​​​​​​​​​​​​​ ​​ប៉ុន្តែ​មេការ​សំណង់​ ឈ្មោះ ពៅ​ អះអាង​ថា លោក​ចង់​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​គ្រប់​ចំនួន​ ដើម្បី​​ត្រឡប់​ទៅ​ជួប​ជុំ​បងប្អូន​នៅ​ឯ​ស្រុក​កំណើត​ដែរ​ ប៉ុន្តែ​លោក​ថា គ្មាន​លទ្ធភាព ដោយសារ​ថៅកែ​មិន​ទាន់​បើក​ប្រាក់​ឲ្យ​លោក​គ្រប់​ចំនួន​នៅ​ឡើយ៖ «ថៅកែ​គាត់​បើក​ប្រាក់​មក​ខ្ញុំ​ខ្លះ​ដែរ តែ​វា​អត់​គ្រប់​ចំនួន​ដែល​យើង​ត្រូវ​បើក​ឲ្យ​កម្មករ​នោះ​ទេ ដល់​តែ​អ៊ីចឹង​ទៅ​បាន​ជា​ខ្ញុំ​គ្មាន​ប្រាក់​សម្រាប់​បើក​ឲ្យ​កម្មករ»

​​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា​ មាន​ប្រសាសន៍​ថា​ ម្ចាស់​បុរី​មិន​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​​គ្រប់​ចំនួន​ ជា​ចេតនា​មួយ​របស់​ថៅកែ​​ដោយសារ​ខ្លាច​កម្មករ​មិន​ត្រឡប់​មក​ធ្វើ​ការ​នៅ​កន្លែង​ដើម​​វិញ​ ក្រោយ​ពី​​ចូល​ឆ្នាំ​ហើយ។

លោក​អះអាង​ទៀត​ថា​ ករណី​បែប​នេះ​កើត​មាន​ញឹកញាប់​ ​ស្ទើរ​គ្រប់​ការដ្ឋាន​សំណង់​ធំៗ​នៅ​ក្រុង​ប៉ោយប៉ែត ជា​រៀងរាល់​ឆ្នាំ​ ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ជួយ​ដោះស្រាយ​ឲ្យ​ក្រុម​កម្មករ​នោះ​ទេ៖ «មន្ទីរ​ការងារ​ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ត្រូវ​ពិនិត្យ និង​ការពារ​ផល​ប្រយោជន៍​របស់​ក្រុម​កម្មករ ព្រោះ​ពួកគាត់​ធ្វើ​ការងារ​ដើម្បី​លុយ​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ បើ​មិន​អ៊ីចឹង​ទេ តើ​ពួកគាត់​បាន​​លុយ​ឯ​ណា​ទៅ​លេង​បុណ្យ​ឆ្នាំ​ខ្មែរ​នោះ»

នៅ​ក្រុង​ប៉ោយប៉ែត ប្រាក់​ឈ្នួល​ការងារ​សម្រាប់​កម្មករ​គ្មាន​ជំនាញ​គឺ​ប្រមាណ ២៥.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ចំណែក​ឯ​​កម្មករ​ដែល​យល់​ការងារ​ខ្លះៗ ​ទទួល​​ប្រាក់​ឈ្នួល​ប្រមាណ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ក្រុម​​កម្មករ​អះអាង​ថា​ កម្មករ​សំណង់​នៅ​បុរី​រស្មីដួងច័ន្ទ ក្រុង​ប៉ោយប៉ែត​ ដែល​មិន​ទាន់​ទទួល​ប្រាក់​ឈ្នួល​មាន​ប្រមាណ ១០០​នាក់ ហើយ​​កម្មករ​ខ្លះ​មក​ពី​​ខេត្ត​សៀមរាប​ ព្រៃវែង និង​ខេត្ត​ស្វាយរៀង ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។