កម្មករ​សំណង់​ឡ​ឥដ្ឋ​នៅ​ប៉ោយប៉ែត​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​កាស៊ីណូ​បើក​ប្រាក់​ឈ្នួល

0:00 / 0:00

កម្មករ​សំណង់​ជាង ៣០​នាក់​ក្នុង​ចំណោម​កម្មករ​ជាង ១០០​នាក់ ធ្វើ​ការ​នៅ​សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​កន្លែង​ឋិត​នៅ​សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​កណ្ដាល​ក្រុង ទាមទារ​ឲ្យ​ថៅកែ​កាស៊ីណូ ដែល​ជា​ជនជាតិ​ថៃ បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​ឲ្យ​បាន​គ្រប់​ចំនួន។

កម្មករ​សំណង់​ឡ​ឥដ្ឋ​ចំនួន​ជាង ៣០​នាក់ នាំ​គ្នា​ស្រែក​តវ៉ា​នៅ​ខាង​មុខ​អគារ​កាស៊ីណូ ត្រូពីកាណា កណ្ដាល​ក្រុង​ប៉ោយប៉ែត ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ទៅ​ឲ្យ​មេការ​របស់​គេ​ឲ្យ​បាន​គ្រប់​ចំនួន ប៉ុន្តែ​ម្ចាស់​សំណង់​ឡ​ឥដ្ឋ ដែល​គេ​ដឹង​ថា ជា​ថៅកែ​ជនជាតិ​ថៃ នោះ​ពុំ​បាន​ចេញ​មុខ​ដោះស្រាយ​នោះ​ឡើយ។

កម្មករ​ម្នាក់​ឈ្មោះ សាលី សាឡៃ បញ្ជាក់​ថា ពួក​គាត់​ទាំងអស់​គ្នា​ជា​កម្មករ​ខកខាន​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល ដោយសារ​តែ​ម្ចាស់​សំណង់​ឡ​ឥដ្ឋ និង​ជា​ម្ចាស់​កាស៊ីណូ ត្រូពីកាណា អត់​បើក​ប្រាក់​ឲ្យ​មេការ​របស់​ពួក​គេ៖ «សុំ​ទាមទារ​បើក​លុយ​ឲ្យ​មេការ​ខ្ញុំ ដើម្បី​គាត់​បើក​បន្ត​មក​ឲ្យ​ពួក​ខ្ញុំ។ ពួក​ខ្ញុំ​មាន​មួយ​ខែ​ជាង​ជិត​ពីរ អ្នក​ខ្លះ​ពីរ​ខែ ពួក​ខ្ញុំ​ធ្វើ​ការ​ស៊ី​ថ្ងៃ សរុប​ថ្ងៃ​ទៅ​ក្នុង​ម្នាក់​បាន​ពីរ​ខែ​ជិត​បី ក្នុង​មួយ​ថ្ងៃ ៥០០​បាត ២០០​បាត»

ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៤។ កម្មករ​ទាំង​នោះ កន្លង​មក​នេះ​បាន​រង់ចាំ​ទទួល​ប្រាក់​ឈ្នួល​របស់​ខ្លួន​អស់​រយៈពេល ៦​ខែ​មក​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​ឡ​ឥដ្ឋ​មិន​ព្រម​បើក​លុយ​ឲ្យ ទើប​ពួក​គេ​លើក​គ្នា​តវ៉ា។

មេការ​កម្មករ​ឈ្មោះ ហឿង ប៊ុនធឿន បញ្ជាក់​ថា កម្មករ​សំណង់​ជាង ១០០​នាក់ បាន​ធ្វើ​ការងារ​នៅ​ការដ្ឋាន​នៃ​សំណង់​សិប្បកម្ម​ឡ​ឥដ្ឋ​នោះ តាំង​ពី​ខែ​វិច្ឆិកា និង​ខែ​ធ្នូ ឆ្នាំ​២០១៣។ កម្មករ​ទាំង​នោះ​បាន​ផ្អាក​ការងារ ដោយសារ​រូប​លោក​ជា​មេការ ពុំ​មាន​ប្រាក់​ឈ្នួល​បើក​ឲ្យ៖ «ព្រោះ​អី​កម្លាំង​ពលកម្ម​នេះ​កម្មករ​បាន​ធ្វើ​ការ​អស់​រយៈពេល ២​ខែ​មក​ហើយ កម្មករ ១០០​នាក់​ជាង អស់​រយៈពេល ៦​ខែ​មក​ហើយ ដែល​យើង​រង់ចាំ តែ​សំខាន់ គឺ​យើង​ម៉ៅ​ទាំង​សម្ភារៈ អ៊ីចឹង និង​កម្លាំង​ពលកម្ម អ៊ីចឹង​សម្ភារៈ​យើង​ជំពាក់​គេ​ច្រើន​ពេក​ច្រើន​រហូត​ដល់​យើង​លក់​នេះ​លក់​នោះ។ ថវិកា​ដែល​នៅ​សល់​ហ្នឹង ៤​លាន ៤​សែន ៤​ម៉ឺន​បាត»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ម្ចាស់​សំណង់​ឡ​ឥដ្ឋ និង​ជា​ម្ចាស់​កាស៊ីណូ ត្រូពីកាណា ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ទេ។

នៅ​ក្នុង​ការ​តវ៉ា​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​របស់​ក្រុម​កម្មករ​សំណង់​នេះ គេ​សង្កេត​ឃើញ​ក្រុម​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ចេញ​មុខ​ចូល​សម្រប​សម្រួល។ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​មាន​សិទ្ធិ​សម្រេច​នៅ​ក្នុង​រឿង​នេះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ខិតខំ​ប្រឹងប្រែង​សម្រប​សម្រួល ដើម្បី​ឲ្យ​កម្មករ​ទាំង​នោះ​ទទួល​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន៖ «ហើយ​ឥឡូវ​ហ្នឹង ខាង​ត្រូពីកាណា គាត់​សុខ​ចិត្ត​ដោះស្រាយ​ប្រាក់ ៥០​ម៉ឺន​បាត ដើម្បី​យក​មក​បើក​ឲ្យ​កម្មករ​សិន ហើយ​រឿង​ក្ដី​ផ្សេងៗ​ចាំ​បន្ត​គ្នា​ទៅ​ទៀត​ទៅ។ អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ យើង​មិន​មែន​ជា​អ្នក​កាត់​ក្តី​ទេ យើង​គ្រាន់​តែ​សម្រប​សម្រួល។ ហើយ​ទី​២ យើង​សុំ​ឲ្យ​កម្មករ​ទាំងអស់​គ្នា​កុំ​ធ្វើ​កូដកម្ម​បិទ​ផ្លូវ»

ប្រភព​ពី​អាជ្ញាធរ​បញ្ជាក់​ថា បញ្ហា​ខកខាន​ដែល​កម្មករ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​នេះ កើត​មាន​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​ម៉ៅការ​សំណង់​មួយ​ឈ្មោះ សាលី សាប៉ឺត មាន​ទំនាស់​ជាមួយ​ម្ចាស់​កាស៊ីណូ ត្រូពីកាណា រហូត​មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅ​ដល់​តុលាការ។ ក្រុមហ៊ុន​សំណង់ សាលី សាប៉ឺត បាន​ទទួល​ម៉ៅការ​សាងសង់​សំណង់​ឡ​ឥដ្ឋ​ពី​ម្ចាស់​កាស៊ីណូ ត្រូពីកាណា។

ម្ចាស់​កាស៊ីណូ ត្រូពីកាណា បាន​ចោទ​ថា ក្រុមហ៊ុន សាលី សាប៉ឺត បាន​សាងសង់​សំណង់​ឡ​ឥដ្ឋ​មិន​ត្រឹមត្រូវ​តាម​ប្លង់ ដែល​ម្ចាស់​កាស៊ីណូ ត្រូពីកាណា ចង់​បាន ទើប​កើត​មាន​បញ្ហា។ ក្រោយ​ពី​មាន​ទំនាស់​ប្ដឹង​ផ្ដល់​គ្នា​រួច​មក ការដ្ឋាន​សិប្បកម្ម​ឡ​ឥដ្ឋ​នោះ ត្រូវ​ផ្អាក​ដំណើរ​ការ​សាងសង់ ធ្វើ​ឲ្យ​កម្មករ​ជាង ១០០​នាក់ ខកខាន​ពុំ​ទាន់​បាន​ទទួល​ប្រាក់​ឈ្នួល​រហូត​ដល់​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។