ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​អះអាង​ថា​អ្នក​ធ្វើ​ស្ពាន​អ្នក​លឿង​រួម​ដៃ​គ្នា​លួច​សាំង​លក់

ប្រជាពលរដ្ឋ​ឃុំ​ព្រែកខ្សាយ (ខ) ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង អះអាង​ថា មន្ត្រី​ខ្មែរ​ធ្វើ​ស្ពាន​នៅ​អ្នក​លឿង​ មាន​សន្តិសុខ អ្នក​បើក​ឡាន និង​វិស្វករ​ផង បាន​រួម​ដៃ​​​ជាមួយ​អាជ្ញាធរ​ប៉ូលិស​​ប៉ុស្តិ៍​ព្រែកខ្សាយ (ក) សហការ​គ្នា​ជា​ប្រព័ន្ធ​លួច​សាំង​ធ្វើ​ស្ពាន​យក​ទៅ​លក់​​រៀងរាល់​យប់។

ប្រជាពលរដ្ឋ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​២ ខែ​មីនា ថា រថយន្ត​ដែល​លួច​ដឹក​​​​សាំង​ជា​រថយន្ត​ប្រភេទ​តូយូតា កាមរី (Toyota Camry) គេ​ច្រើន​ធ្វើ​សកម្មភាព​ពេល​យប់ គឺ​ចាប់​ពី​ម៉ោង ១០​យប់ រហូត​ដល់​ម៉ោង ៤​ទៀបភ្លឺ ដោយ​គេ​ដឹក​សាំង​ប្រមាណ​ពី ៣​ពាន់ ទៅ ៤​ពាន់​លីត្រ​ក្នុង​មួយ​យប់ យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ទិញ​សាំង​នានា​នៅ​ម្ដុំ​ផ្សារ​អ្នក​លឿង។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​មន្ត្រី​សន្តិសុខ​និង​​អ្នក​ធ្វើ​ការ​សំណង់​ស្ពាន​អ្នក​លឿង​ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៤។

ប៉ុន្តែ​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​​ព្រែកខ្សាយ (ក) លោក លី ចន្ថា មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​គោរព​ច្បាប់​ត្រឹម​ត្រូវ ពុំ​បាន​​ពាក់ព័ន្ធ​នឹង​ការ​លួច​សាំង​នៅ​​ស្ពាន​អ្នក​លឿង​នោះ​ទេ។

ស្ពាន​អ្នក​លឿង​ពេល​សង់​រួច​រាល់​ជា​ស្ពាន នោះ​នឹង​ក្លាយ​ជា​ស្ពាន​ដែល​វែង​ជាង​នៅ​គេ​ក្នុង​ប្រទេស​កម្ពុជា មាន​​ប្រវែង​ប្រមាណ​ជិត ៣​គីឡូម៉ែត្រ និង​​ទទឹង​​ស្ពាន​ប្រវែង ១២​ម៉ែត្រ។ ស្ពាន​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​សាងសង់​សរុប​ប្រមាណ​ជាង ១៣០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ដោយ​ចាប់​ផ្ដើម​សាងសង់​ពី​ឆ្នាំ​២០១១។ គម្រោង​សាងសង់​នេះ​នឹង​ត្រូវ​បញ្ចប់​​នៅ​​​ឆ្នាំ​២០១៥ ហើយ​សព្វ​ថ្ងៃ​ស្ពាន​នេះ​សាង​​​​សង់​បាន​ប្រមាណ ៦០​ភាគរយ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។