អធិការស្រុកពាមជរ រងការចោទថា បានប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចគំរាមដកតំណែងមន្ត្រីនគរបាលថ្នាក់ក្រោមដោយគ្មានមូលហេតុ។ មន្ត្រីថ្នាក់ក្រោមអះអាងថា ទង្វើនេះបង្កឲ្យប៉ះពាល់ដល់ការបំពេញការងាររក្សាសន្តិសុខភូមិ-ឃុំមានសុវត្ថិភាពរបស់មន្ត្រីនៅតាមមូលដ្ឋាន។
នគរបាលស្រុកពាមជរ អះអាងថា ពួកគាត់ទ្រាំលែងបានចំពោះការដឹកនាំបែបផ្ដាច់ការរបស់អធិការស្រុកពាមជរ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការបំពេញភារកិច្ចរបស់ពួកគាត់ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន។
តំណាងមន្ត្រីនគរបាលស្រុកពាមជរសុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី១៨ ឧសភា ថា អធិការស្រុកពាមជរ លោក ជាង ប៊ុន្ថាន បានគំរាមដកតំណែងលោកជារឿយៗ បើទោះបីលោកពុំបានប្រព្រឹត្តទង្វើខុសឆ្គងក្តី។ បន្ថែមពីលើនេះទៀត របបប្រេងសាំងសម្រាប់នគរបាលប៉ុស្តិ៍ប្រចាំឆមាស និងថវិកាសម្រាប់បេសកកម្មចុះល្បាតដើម្បីរក្សាសណ្ដាប់ធ្នាប់សន្តិសុខតាមមូលដ្ឋានផ្សេងៗទៀត ក៏ត្រូវលោកអធិការរូបនេះកិបកេងគ្រប់ប៉ុស្តិ៍ដែរ។
លោកបន្តថា លោកធ្លាប់បានសរសេរលិខិតប្ដឹងទៅស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា ដែរកន្លងមក។ ប៉ុន្តែលោកស្នងការរូបនេះមិនបានដោះស្រាយឡើយ ថែមទាំងស្តីបន្ទោសលោកទៅវិញ។ លោកថា អធិការស្រុកពាមជរ តែងតែធ្វើសកម្មភាពប្រមូលលុយតាមកន្លែងប្រព្រឹត្តបទល្មើសដូចជាទីតាំងជល់មាន់ កន្លែងចាក់កន្ទុយលេខ និងកន្លែងលេងល្បែងស៊ីសងជាដើម៖ «គាត់តែងប្រើពាក្យអ៊ីចឹង ប្រាប់ថា ពួកឯងនៅឲ្យស្ងៀម ប្រយ័ត្នអញដកតំណែងពួកឯង។ គាត់ប្រើសុទ្ធតែពាក្យអសុរសទាំងអស់ គ្រាន់តែថា ខ្ញុំនៅតែមានការព្រួយបារម្ភថ្នាក់ដឹកនាំគាត់ប្រើពាក្យសម្ដីរបៀបហ្នឹងយើងធ្វើឲ្យកងកម្លាំងក្រោមឲ្យវាទ ដូចពិបាកនឹងធ្វើការងារណាស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយជុំវិញការចោទប្រកាន់នេះពីអធិការស្រុកពាមជរ លោក ជាង ប៊ុន្ថា បាននៅឡើយទេ នៅថ្ងៃទី១៨ ខែឧសភា។ តែអធិការរងស្រុកពាមជរ លោក ប៉ា វន ទទួលស្គាល់ថា លោកអធិការស្រុកពាមជរ ពិតជាធ្លាប់បានប្រើពាក្យគំរោះគំរើយទៅមន្ត្រីនគរបាលថ្នាក់ក្រោមមែន។ ក៏ប៉ុន្តែលោកមិនបានបកស្រាយលម្អិតជុំវិញបញ្ហានេះបានទេ ដោយបង្វែរឲ្យសួរទៅលោកអធិការវិញ៖ «ខ្ញុំបានប្រាប់គាត់ កុំនិយាយអ៊ីចឹង មិនត្រូវនិយាយអ៊ីចឹងទេ ខ្ញុំបានកែសម្រួលហើយ ខ្ញុំអ្នកកែសម្រួលគាត់កន្លងមកថាឈប់និយាយអ៊ីចឹងទៅ»។
យ៉ាងនេះក្តី ស្នងការនគរបាលខេត្តព្រៃវែង លោក ស្រេង ជា បានទទួលទូរស័ព្ទហើយបញ្ជាក់យ៉ាងខ្លីថា នេះជារឿងផ្ទៃក្នុងរបស់នគរបាល។ បន្ទាប់មកលោកក៏ចុចផ្ដាច់ទូរស័ព្ទទៅវិញ៖ «ប៉ូលិសប៉ុស្តិ៍ផ្ទៃក្នុងខ្ញុំ ខ្ញុំចេះចាត់ចែងដោះស្រាយ ខ្ញុំរកផ្លូវកណ្ដាលដើរបានហើយ»។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា បើអធិការស្រុកប្រព្រឹត្តទង្វើបែបនេះគឺជាការរំលោភអំណាច និងសិទ្ធិនគរបាលថ្នាក់ក្រោម ថែមទាំងកិបកេងលុយចំណាយរបស់រដ្ឋសម្រាប់នគរបាលថ្នាក់ក្រោម ហើយវាគឺជាប្រភេទនៃអំពើពុករលួយ។
លោកជំរុញឲ្យនគរបាលរងគ្រោះត្រូវដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់៖ «សន្តិសុខដែលធានាបាននូវសុវត្ថិភាពប្រជាពលរដ្ឋ គឺដោយសារការបំពេញការងាររបស់មន្ត្រីកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋានហ្នឹងមានភាពសកម្ម ហើយគេអាចឆ្លើយតបរាល់តម្រូវការ រាល់បញ្ហារបស់ប្រជាពលរដ្ឋ»។
លោកអធិការស្រុកពាមជរ ឲ្យដឹងថា អធិការដ្ឋាននគរបាលស្រុកពាមជរ មានមន្ត្រីនគរបាលសរុបចំនួន ៩៩នាក់ ក្នុងនោះមានប៉ុស្តិ៍នគរបាលចំនួន ១០ សម្រាប់ឃុំនីមួយៗ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
