អំពើពុករលួយនៅកម្ពុជា នៅតែជាបញ្ហាចោទដ៏ធ្ងន់ធ្ងរនៅឡើយនៅសង្គមកម្ពុជា ទោះបីជាកម្ពុជា មានច្បាប់ និងអង្គភាពប្រឆាំងពុករលួយហើយក្តី។ បញ្ហានេះ អង្គការតម្លាភាពកម្ពុជា ជំរុញឲ្យក្រសួងអប់រំយុវជន និងកីឡា បញ្ជ្រាបមេរៀនអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីឲ្យយុវជនជំនាន់ក្រោយយល់ច្បាស់អំពីច្បាប់ និងមិនប្រព្រឹត្តអំពើពុករលួយនៅពេលអនាគត។
ការសូកប៉ាន់ ការទាមទារសំណូក ឬការប្រព្រឹត្តអំពើពុករលួយបានចាក់ឫសយ៉ាងជ្រៅក្នុងស្ថាប័នជាតិនីមួយៗ ដែលបញ្ហានេះ បានក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនៅកម្ពុជា។
អង្គភាពអំពើពុករលួយត្រូវបានរដ្ឋាភិបាលបង្កើតឡើង រួមទាំងច្បាប់ផង ក៏ប៉ុន្តែច្បាប់នេះ មិនត្រូវបានមន្ត្រីមានអំណាច និងមន្ត្រីរាជការមួយចំនួនមិនទាន់ខ្លាចរអានៅឡើយ។
ក្រុមអង្គការសង្គមស៊ីវិល រួមទាំងសិស្ស និស្សិតមួយចំនួនលើកឡើងថា ការបោសសំអាតអំពើពុករលួយនៅកម្ពុជា ឲ្យមានប្រសិទ្ធភាពនោះ គឺត្រូវការពេលវេលាច្រើនទៀត ពិសេសនោះគឺការអប់រំប្រជាពលរដ្ឋ និងការដាក់បញ្ចូលមេរៀនពុករលួយទៅក្នុងកម្មវិធីសិក្សា ពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្ដមសិក្សា។
បច្ចុប្បន្ននេះ ក្រសួងអប់រំយុវជននិងកីឡា សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំមេរៀនប្រយុទ្ធប្រឆាំងអំពើពុករលួយ ដាក់បង្រៀននៅថ្នាក់វិទ្យាល័យពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ប៉ុន្តែការដាក់បញ្ចូលមេរៀនទាំងនេះមិនទាន់គ្រប់គ្រាន់នៅឡើយ។
និស្សិតនៃសាកលវិទ្យាល័យខេមរៈ លោក ម៉េង អាត ដែលលោកបានចូលរួមក្នុងសិក្ខាសាលា ស្ដីពីការបញ្ចូលប្រធានបទស្ដីពី "តួនាទីរបស់ពលរដ្ឋនិងអភិបាលកិច្ច" នៅក្នុងកម្មវិធីសិក្សាថ្នាក់ឧត្ដមសិក្សា កាលពីថ្ងៃទី១៣ ខែមិថុនា។ លោកមានប្រសាសន៍ថា ការបញ្ចូលមេរៀនពុករលួយទៅក្នុងកម្មវិធីសិក្សាឲ្យបានទូលំទូលាយ ជារឿងសំខាន់មួយ ដើម្បីឲ្យយុវជនជំនាន់ក្រោយមានការយល់ដឹងពីអំពើពុករលួយ និងដើម្បីប្រែក្លាយយុវជនជំនាន់ក្រោយក្លាយជាយុវជនស្អាតស្អំ៖ «អំពើពុករលួយជាជំងឺរ៉ាំរ៉ៃមួយដែលសង្គមស្អប់ខ្ពើម សូម្បីតែនៅប្រទេសចិន ប្រមុខដឹកនាំចិន បានដាក់វិធានការតឹងរ៉ឹងបង្ក្រាបអំពើពុករលួយ។
លោក ម៉េង អាត បន្ថែមថា សព្វថ្ងៃនេះ ការផ្សព្វផ្សាយអំពីច្បាប់ប្រឆាំងអំពើពុករលួយមិនទាន់បានទូលំទូលាយនៅឡើយ។ លោកអះអាងថា បើសិនអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយនៅថ្នាក់រៀនចាប់ពីបឋមសិក្សាដល់ឧត្ដមសិក្សានោះ គឺអាចជួយបង្កើនការយល់ដឹងបានច្រើនដល់យុវជន៖ «ថ្វីត្បិតតែយើងមានច្បាប់ប្រឆាំងអំពើពុករលួយមែន តែសួរថា ប៉ុន្មានភាគរយដែលប្រជាពលរដ្ឋយើងយល់ដឹងពីច្បាប់ពុករលួយ? ម្យ៉ាងទៀត ច្បាប់ពុករលួយពាក្យពេចន៍ខ្លះជ្រៅ ប្រជាពលរដ្ឋសាមញ្ញមិនអាចយល់បាន»។
ក្រសួងអប់រំយុវជន និងកីឡា បានដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយទៅក្នុងមុខវិជ្ជាសីលធម៌សង្គមតាំងពីឆ្នាំ២០០៤ មក ដែលបង្រៀនចាប់ពីថ្នាក់ទី១០ ១១ និងថ្នាក់ទី១២ ដែលក្នុងថ្នាក់នីមួយៗមានចំនួន ៤មេរៀន។
យុវសិស្សថ្នាក់ទី១១ មកពីវិទ្យាល័យមួយក្នុងខែត្រកំពង់ធំ ឈ្មោះ ផាន ជាងអំ បាននិយាយថា គាត់បានយល់ដឹងពីច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយខ្លះៗ តាមរយៈការសិក្សានេះ។ លោកបញ្ជាក់ថា ការបញ្ជ្រាបមេរៀននៅក្នុងថ្នាក់រៀនជារឿងសំខាន់មួយដែលធ្វើឲ្យយុវជនក្មេងជំនាន់ក្រោយគេចផុតពីអំពើពុករលួយ និងមិនចង់យកគំរូតាមមេដឹកនាំមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយ៖ «ចំណុចខ្លាំងដែលខ្ញុំចាប់អារម្មណ៍គឺអំពើពុករលួយនេះតែម្ដង ព្រោះខ្ញុំក៏ធ្លាប់ជួបអំពើពុករលួយនេះដែរ ខ្ញុំចង់ឲ្យអំពើពុករលួយនេះសាបសូន្យនៅលើពិភពលោកទាំងមូល»។
អំពើពុករលួយ គឺជាឧបសគ្គ និងធ្វើឲ្យបាត់បង់ថវិកាជាតិរាប់លានដុល្លារក្នុង ១ឆ្នាំៗ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងការបែងចែកភោគផលសេដ្ឋកិច្ចប្រកបដោយសមធម៌ និងស្មើភាព ព្រមទាំងការវិវត្តន៍នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រភេទបទល្មើសពុករលួយចម្បងៗបច្ចុប្បន្នរួមមាន បទល្មើសស៊ីសំណូក បទល្មើសសូកប៉ាន់ បទល្មើសរំលោភអំណាច និងបទល្មើសវិតិក្រមជាដើម។
ប្រធានរដ្ឋសភាអំពាវនាវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ពង្រឹងតួនាទីអប់រំទប់ស្កាត់ និងចាត់វិធានការច្បាប់បង្ក្រាបអំពើពុករលួយ ដែលជាជំងឺដ៏រ៉ាំរ៉ៃនៅក្នុងសង្គមកម្ពុជា ដែលមិនអាចលុបបំបាត់បានទាំងស្រុងនៅឡើយ។
លោក ហេង សំរិន ប្រធានរដ្ឋសភាថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការឈ្វេងយល់ពីច្បាប់ និងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនៅវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ឧសភា ថា អំពើពុករលួយគឺជាជំងឺមួយប្រភេទដែលពិបាកទប់ស្កាត់ ព្យាបាល និងលុបបំបាត់។ លោកអំពាវនាវឲ្យមានឆន្ទៈ និងប្ដេជ្ញាចិត្តខ្ពស់ ចូលរួមប្រឆាំងអំពើពុករលួយទាំងអស់គ្នា ជាពិសេសអង្គភាពប្រឆាំងអំពើពុលរលួយ ត្រូវតែពង្រឹងតួនាទីអប់រំ ទប់ស្កាត់ និងចាត់វិធានការច្បាប់ជាបន្ទាន់ ដើម្បីលុបបំបាត់អំពើពុករលួយបាន។
កន្លងមកប្រជាពលរដ្ឋចាត់ទុកអំពើពុករលួយជារឿងធម្មតា និងជាមធ្យោបាយដើម្បីរស់របស់អ្នកប្រព្រឹត្តអំពើពុករលួយ។ ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋបានចាត់ទុកអំពើពុករលួយជាបញ្ហាធំបំផុតសម្រាប់សង្គមកម្ពុជា ទោះជាកម្ពុជា មានច្បាប់ប្រឆាំងអំពើពុករលួយហើយក្ដី តែអំពើពុករលួយនៅតែជាបញ្ហាប្រឈមខ្លាំងនៅឡើយ។ នៅក្នុងវិស័យអប់រំវិញ ប្រាក់ខែតិចរបស់គ្រូបង្រៀនក៏ជាមូលហេតុនាំឲ្យគ្រូបង្រៀនមួយចំនួនប្រព្រឹត្តអំពើពុករលួយដែរ ដូចជា ការបង្ខំឲ្យសិស្សបង់លុយឲ្យប្រចាំថ្ងៃជាដើម។
ការដាក់បញ្ចូលមេរៀនពុករលួយទៅក្នុងកម្មវិធីសិក្សានេះ ក៏ជាផ្នែកមួយឲ្យសិស្សយល់ដឹងពីអំពើពុករលួយផង និងជាកត្តាទប់ស្កាត់ឲ្យអ្នកគ្រប់គ្រងសាលាមួយចំនួនកិបកេងប្រាក់សម្រាប់ទ្រទ្រង់សាលាផង។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ការដាក់បញ្ចូលមេរៀនពុករលួយនៅថ្នាក់វិទ្យាល័យនេះ ស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ ព្រោះថា ខាងក្រសួងមិនទាន់ញែកមេរៀននេះដាច់ដោយឡែក និងម៉ោងពេលបង្រៀនមិនទាន់កំណត់ច្បាស់លាស់នៅឡើយ។
ក្រៅពីនេះទៀត លោក ព្រាប កុល ចង់ជំរុញឲ្យក្រសួងអប់រំ ត្រូវដាក់បញ្ចូលមេរៀនពុករលួយពីថ្នាក់បឋមដល់ឧត្ដមសិក្សាដើម្បីធានាថា យុវជនជំនាន់ក្រោយក្លាយជាមេដឹកនាំស្អាតសំ និងមានសុចរិតភាពនៅក្នុងការដឹកនាំរបស់ខ្លួន៖ «អាស្រ័យលើលោកគ្រូ អ្នកគ្រូ ឬអ្នកគ្រប់គ្រងសាលាស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ មិនទាន់កំណត់ច្បាស់លាស់ ហើយយើងកំពុងតែឃ្លាំមើលបញ្ហានេះ»។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានការិយាល័យសិក្សារៀបចំកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី ជិន យ៉ាហន ទទួលស្គាល់ថា ការបញ្ជ្រាបមេរៀនពុករលួយនៅក្នុងកម្មវិធីសិក្សានៅមានកម្រិតនៅឡើយ។ អ្នកស្រីបញ្ជាក់ថា ក្រសួងអប់រំ សហការនឹងស្ថាប័នប្រយុទ្ធប្រឆាំងអំពើពុករលួយរៀបចំមេរៀនបន្ថែមទៀតសម្រាប់ថ្នាក់បឋមភូមិពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩៖ «អាចឆ្លុះបញ្ចាំងពីភាពខុសឆ្គង សិស្សអាចមើលឃើញអំពើពុករលួយ តែទោះជាយ៉ាងណាក៏ការៀបចំនេះមិនទាន់បានជាល្អសមស្របល្អ ១០០% នៅឡើយ ព្រោះមិនទាន់បានរៀបចំឲ្យទៅជាកម្មវិធីជាតិតែមួយ ព្រោះនៅតែជាឯកសារបន្ថែមនៅឡើយ»។
អ្នកស្រី ជិន យ៉ាហន បន្ថែមថា អ្នកស្រីនឹងស្នើទៅរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីដកមុខវិជ្ជាពលរដ្ឋវិទ្យា និងសីលធម៌ ដែលក្នុងនោះបានបញ្ចូលមេរៀនពុករលួយដែរនោះ ឲ្យដាក់ដាច់ឡែកពីសៀវភៅសិក្សាសង្គម និងបែងចែកម៉ោងសិក្សាឲ្យបានជាក់លាក់ជាងនេះទៅលើមេរៀនពុករលួយ។
បញ្ហាពុករលួយនៅតែកើតមានជាទូទៅ ទាំងវិស័យឯកជន ទាំងវិស័យសាធារណៈ។ ការទាមទារសំណូក និងការផ្ដល់សំណូកធ្វើឲ្យប៉ះពាល់ដល់វិជ្ជាជីវៈ និងគណនេយ្យភាពរបស់ស្ថាប័នអភិបាលកិច្ចទាំងនេះ។
អ្នកជំនាញខាងអប់រំលើកឡើងថា ការបណ្ដុះបណ្ដាលអប់រំពលរដ្ឋ យុវជន ឲ្យយល់ដឹងពីសុចរិតភាព អភិបាលកិច្ចល្អ តាមរយៈការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាជារឿងមួយចាំបាច់ណាស់ ដើម្បីឲ្យយុវជនស្គាល់ពីតម្លៃសុចរិតភាព និងជួយទប់ស្កាត់អំពើពុករលួយ ពិសេសនឹងប្រែក្លាយសង្គមកម្ពុជា ទៅជាសង្គមដែលមានសីលធម៌ល្អ មានសុចរិតភាពពិតប្រាកដនៅពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។