មតិ​​ជុំវិញ​គម្រោង​ចាត់​វិធានការ​ចំពោះ​អ្នក​ស៊ី​ប្រាក់​ខែ​មន្ត្រី​ខ្មោច

0:00 / 0:00

ជំហរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បញ្ជាក់​ពី​គម្រោង​ចាត់​វិធានការ​ចំពោះ​អ្នក​ស៊ី​ប្រាក់​ខែ​មន្ត្រី​ខ្មោច ឬ​មន្ត្រី​ដែល​បើក​ប្រាក់ខែ​រដ្ឋ​ហើយ​មិន​ចូល​ធ្វើ​ការ​នោះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​គួរសម​ពី​សាធារណជន។

កាសែត វិទ្យុ ទូរទស្សន៍ និង​អ្នក​លេង​ហ្វេសប៊ុក (Facebook) បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​ពី​បញ្ហា​នេះ។ អ្នក​ខ្លះ​បញ្ចេញ​យោបល់​រិះគន់ អ្នក​ខ្លះ​សំណូមពរ អ្នក​ខ្លះ​ទៀត​សរសេរ​សារ​ឌឺដង​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេដឹកនាំ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ក្នុង​ផ្នែក​បញ្ចេញ​មតិ​នៅ​លើ​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី មាន​មនុស្ស ២០​នាក់ បញ្ចេញ​ទស្សនៈ​លើ​ព័ត៌មាន​ដែល​និយាយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នឹង​ចាត់​វិធានការ​លើ​ឈ្មោះ​ខ្មោច​ទាំង​អស់​ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នកអាន​អនាមិក​ម្នាក់​សរសេរ​ថា ទោះ​លោក ហ៊ុន សែន ខំ​ធ្វើ​ល្អ​យ៉ាង​ណា ក៏​មន្ត្រី​ពុករលួយ​របស់​ខ្លួន​ទាញ​ទម្លាក់​ទឹក​ដែរ ។ អ្នក​អាន​ម្នាក់​ទៀត​ឈ្មោះ​ព្រះ​មាន​ភ្នែក​មក​ពី​ភ្នំពេញ សរសេរ​ថា៖ "ស្លាប់! យូរ​ណាស់​ហើយ គ្រាន់តែ​ចាត់​វិធានការ​ទេ អត់​ដឹង​ទេ​ស្ថាប័ន​រដ្ឋ​វា​ពុករលួយ​ដល់​ក​ទៅ​ហើយ។ បើ​និយាយ​ពី​ឆ្អែត​វិញ វា​ហល់​ដល់​ក បើ​និយាយ​ឲ្យ​ច្បាស់ៗ​តែម្ដង គឺ​ស្ថាប័ន​របស់​គណបក្ស​ប្រជាជន​នេះ​តែម្ដង គឺ​ពុករលួយ​ដល់កម្រិត​ហើយ"

អ្នក​អាន​អនាមិក​ម្នាក់​ទៀត​លើក​ឡើង​ថា៖ "មិន​ត្រឹមតែ​ចាប់​ឈ្មោះ​ខ្មោច​ទេ ត្រូវ​រក​ឲ្យ​ឃើញ​ឈ្មោះ​មួយ​ធ្វើ​ការ​ច្រើន​កន្លែង ឯកជន​ផង រដ្ឋ​ផង។ ខ្លួន​ធ្វើការ​ក្រុមហ៊ុន ឬ​អង្គការ បើក​លុយ​រដ្ឋ​ផង លុយ​ក្រុមហ៊ុន អង្គការ​ផង មួយ​ខែៗ​បាត់​លុយ​រដ្ឋ​មិន​តិច​ទេ"

អ្នក​អាន​ម្នាក់​ទៀត​សរសេរ​បែប​ម្យ៉ាង​ថា៖ "លោក​ពូ​នេះ​ក្លាយ​ជា​គ្រូ​ចាប់​ខ្មោច​តាំង​ពី​ពេល​ណា​មក ម៉េច​ក៏​ខ្ញុំ​មិន​ដឹង? គ្រាន់​តែ​ចាប់​មនុស្ស​ពុករលួយ​អោយ​អស់​ពី​គ្រប់​ស្ថាប័ន នោះ​ខ្មោច​នឹង​បាត់​អស់​ទៅ​ដែរ​​ហើយ"។

ទោះ​ជា​បែប​ណា​ក្តី ក៏​មាន​ពលរដ្ឋ​ខ្លះ​សរសេរ​លើក​ទឹក​ចិត្ត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែរ។

ពលរដ្ឋ​មក​ពី​ភ្នំពេញ លោក ជួន ប៊ុនឡា បញ្ចេញ​ទស្សនៈ​ថា លោក​គិត​ថា​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​ធ្វើ​កិច្ចការ​មួយ​នេះ​បាន វា​ពិត​ជា​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​ខ្មែរ​មួយ​ចំនួន​ធំ។ អង្គភាព​នេះ​គួរ ប្រកាស​ឱ្យ​ចូល​រួម ទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ទៀត ដូច​ពេល​ធ្វើ​ការ​ប្រលង​ថ្នាក់​ទី​១២ វា​ពិត​ជា​ល្អ និង​អាច​សម្រួល​នូវ​ភាព​លំអៀង​ដែល​កើត​មាន​ឡើង​នៅ​ពេល​ធ្វើ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា បើ​សិន​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មាន​ឆន្ទៈ​ការ​បោស​សំអាត​មន្ត្រី​ខ្មោច​នេះ មិន​មែន​ជា​បញ្ហា​លំបាក​ទេ។ លោក​បន្ត​ថា ការងារ​ដំបូង​បំផុត អង្គភាព​ជំនាញ​នេះ​ត្រូវ​ពិនិត្យ​លើ​ស្ថាប័ន​ណា​មួយ​ដែល​មាន​ចំនួន​បុគ្គលិក​ច្រើន​ជាង​គេ ហើយ​អាច​ធ្វើ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល។

លោក​បញ្ជាក់​ថា ការ​រក្សា​ទុក​ឈ្មោះ​មន្ត្រី​ដែល​មិន​បាន​ធ្វើ​ការ​ជា​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ដូច​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​ត្រូវ​លើកលែង​ចំពោះ​ករណី​នេះ​ទេ៖ «ប្រាក់​បើក​ទៅ​លើ​មន្ត្រី​ដែល​មានតែ​ឈ្មោះ​ហ្នឹង​គឺ​ប្រធាន​ស្ថាប័ន និង​អ្នក​ឃុបឃិត​ប៉ុន្មាន​នាក់​ដែល​កាន់​ការ​ក្នុង​រឿង​ហ្នឹង ចែក​លុយ​គ្នា​ចាយ​ផ្ទាល់​ខ្លួន»

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង​ពិធី​ពិគ្រោះ​យោបល់​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​វិស័យ​ឯកជន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ថា អង្គភាព​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ជម្រាប​ជូន​ប្រធាន​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ពី​គម្រោង​ការ​បោសសំអាត​បញ្ជី​ឈ្មោះ​មន្ត្រី​ខ្មោច​នេះ។ អង្គភាព​ទុក​ពេល​ឲ្យ​ក្រសួង​ស្ថាប័ន​សាមី​ចំនួន​បី​ខែ ដើម្បី​បោសសំអាត​អំពើ​ពុករលួយ​ដោយ​ខ្លួន​ឯង។

លោក​បន្ថែម​ថា អ្នក​ដែល​ស៊ី​លុយ​មន្ត្រី​ខ្មោច ឬ​បើក​ប្រាក់ខែ​ជំនួស​មន្ត្រី​ដែល​មិន​បំពេញ​ការងារ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ៖ «បាន​ន័យ​ថា ខ្លួន​ខ្មោច ខ្លួន​នៅ​ទទួល​យក​ប្រាក់​ខែ ដូច្នេះ លើក​នេះ​យើង​ចាប់​ខ្មោច​ម្ដង។ មាន​ន័យ​ថា បញ្ហា​សាមញ្ញ​ទេ គឺ​អ្នក​ដែល​រក្សា​ក្របខ័ណ្ឌ​ខ្មោច​នេះ​ទុក ហើយ​យក​លុយ​របស់​ជាតិ យក​ដាក់​ហោប៉ៅ​ខ្លួន​ឯង អ្នក​នោះ​ត្រូវតែ​ប្រឈម​មុខ​នឹង​ការ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់»

​រដ្ឋាភិបាល​ធ្លាប់​បាន​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​ស៊ីវិល​ចំនួន ៣​ដង​រួច​មក​ហើយ។ ជំរឿន​លើក​ទី​១ ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៥ រក​ឃើញ​មន្ត្រី​ខ្មោច​ជាង ១​ម៉ឺន ៧​ពាន់​នាក់។ ជំរឿន​លើក​ទី​២ ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០០ និង​២០០១ រក​ឃើញ​មន្ត្រី​ខ្មោច​ជាង ៩​ពាន់​នាក់។ ជំរឿន​លើក​ទី​៣ នៅ​ឆ្នាំ​២០១០ រក​ឃើញ​មន្ត្រី​រាជការ​ដែល​មិន​ធ្វើការ​ងារ​ហើយ​បើក​ប្រាក់​ខែ​រាល់​ខែ​ចំនួន​ជាង ២.០០០​នាក់។ ប៉ុន្តែ​អ្នក​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​និង​បើក​ប្រាក់ខែ​រដ្ឋ​យក​ទៅ​ចាយ​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​នោះ មិន​ត្រូវ​បាន​ផ្ដន្ទាទោស​នោះ​ឡើយ។

​នៅ​អាណត្តិ​ទី​៥​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កែទម្រង់​ការ​បើក​ប្រាក់ខែ​មន្ត្រី​រាជការ​ពី​ការ​បើក​តាម​មន្ត្រី​គណនេយ្យ​របស់​ស្ថាប័ន​ទៅ​ជា​ការ​បើក​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​វិញ​ម្ដង។ លោក​បញ្ជាក់​ថា មន្ត្រី​ខ្មោច​មិន​អាច​បើ​ប្រាក់ខែ​តាម​ធនាគារ​ឡើយ។ ក៏ប៉ុន្តែ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ជា​មន្ត្រី​រាជការ​ផង​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពួកគេ​មិន​ទៅ​ធ្វើ​ការ​រដ្ឋ​ទេ តែ​បើក​ប្រាក់ខែ​ធម្មតា​តាម​ធនាគារ តែ​ពេល​បើក​រួច​ពួកគេ​យក​ប្រគល់​ឲ្យ​នាយក​ស្ថាប័ន​នោះ​តែម្ដង ហើយ​ពេលខ្លះ​ត្រូវ​ថែម​លុយ​ថ្លៃ​កាត​ទូរស័ព្ទ​ឲ្យ​ប្រធាន​ខ្លះ​ទៀត​ក៏​មាន​ដែរ។

​អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក កែម ឡី លើក​ឡើង​ថា មន្ត្រី​មិន​ធ្វើការ​ហើយ​បើក​ប្រាក់​ខែ​មាន​ច្រើន​ណាស់ ហើយ​ភាគ​ច្រើន​ជា​អ្នក​មាន​សែស្រឡាយ​ជា​អ្នកធំ អ្នក​មាន​អំណាច។ លោក​បន្ត​ថា ស្ថាប័ន​ដែល​មាន​មនុស្ស​មិន​ធ្វើការ ហើយ​បើក​លុយ​រដ្ឋ​យក​ទៅ​ចាយ​ច្រើន​ជាង​គេ គឺ​ស្ថាប័ន​អង្គរក្ស ព្រោះ​អ្នក​ធ្វើ​អង្គរក្ស​ភាគ​ច្រើន​មាន​មុខ​របរ​ចាប់​ពី​ពីរ​ឡើង​ទៅ។

លោក​បញ្ជាក់​ថា ការ​អនុវត្ត​របស់​លោក ឱម យ៉ិនទៀង អាច​នឹង​មាន​ប្រសិទ្ធភាព​ចំពោះ​តែ​អ្នក​ធម្មតាៗ​ប៉ុណ្ណោះ៖ «បើ​សិន​ជា ឱម យ៉ិនទៀង ចង់​ធ្វើ​ការ​ហ្នឹង​មែន អាច​ចាប់​ផ្ដើម​ធ្វើ​ជំរឿន​ម្ដង​មួយ ក្រសួង​មួយ អង្គភាព ហើយ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល ពី​សាធារណជន ពី​សារព័ត៌មាន​គឺ​ជោគជ័យ​​ហើយ តែ​បើ​ធ្វើ​តែ​ឯង​វិញ ដូចជា​លាប​ម៉ាកាយ៉េ​អ៊ីចឹង គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​មើល​ប៉ុណ្ណោះ»

​របាយការណ៍​របស់​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ឆ្នាំ​២០១០ បង្ហាញ​ថា មន្ត្រី​រាជការ​ស៊ីវិល​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជិត ១៨​ម៉ឺន​នាក់។ ចំពោះ​តួលេខ​កងកម្លាំង​នគរបាល មន្ត្រី​អង្គរក្ស និង​កងទ័ព មិន​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ដឹង​ឡើយ។ ការ​លាក់​បាំង​នេះ​ក្រោម​ហេតុផល​រក្សា​សន្តិសុខ​ជាតិ។

​កាល​ពី​ឆ្នាំ​២០១៣ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ធ្លាប់​ប្រកាស​ថា អង្គភាព​នេះ​នឹង​បង្កើត​យន្តការ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​តាមរយៈ​បណ្ដាញ​សារព័ត៌មាន។ បាន​ន័យ​ថា ទាំង​អ្នក​ដែល​ចោទ​ប្រកាន់​គេ ទាំង​អ្នក​ដែល​គេ​ចោទ​ប្រកាន់​អាច​ឆ្លងឆ្លើយ​គ្នា​តាម​បណ្ដាញ​សារព័ត៌មាន​បាន។

​ម្យ៉ាង​ទៀត​អង្គភាព​នេះ​ក៏​អាច​ចុះ​ផ្សាយ​ពី​ការ​ចោទ​ប្រកាន់​បុគ្គល​ណា​ម្នាក់​តាម​កាសែត ហើយ​ឲ្យ​បុគ្គល​នោះ​ឆ្លើយ​តប​តាម​កាសែត​មក​វិញ​ដែរ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ត្រឹមតែ​ផ្សាយ​លទ្ធផល​សម្រេច​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ឲ្យ​សាធារណជន​ជ្រាប​ប៉ុណ្ណោះ។ លទ្ធផល​ដែល​ផ្សាយ​នោះ ជា​លទ្ធផល​ដែល​ស៊ើប​ហើយ​មិន​ឃើញ​កំហុស។

នៅ​ឆ្នាំ​២០១៤​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ផ្សាយ​ពី​លទ្ធផល​អង្កេត​របស់​លោក​ក្នុង​សំណុំរឿង​ដែល​មន្ត្រី​ក្រសួង​ការបរទេស​ប្ដឹង​កូន​ប្រុស​លោក ហោ ណាំហុង ពី​រឿង​ប្រព្រឹត្តិ​អំពើ​ពុករលួយ តែ​លទ្ធផល​បញ្ជាក់​ថា មិន​មាន​អំពើ​ពុករលួយ​ដូច​ការ​ចោទ​ប្រកាន់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។