ប្រជាពលរដ្ឋខ្លះដែលជាឪពុកម្ដាយសិស្ស នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បានចោទប្រកាន់នាយកសាលាបឋមសិក្សាទីនោះ ថាបានយកឧបករណ៍ស្រូបពន្លឺព្រះអាទិត្យ ដែលជប៉ុន ជួយសម្រាប់សាលាទៅប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងលួចស្បៀងដែលអង្គការផ្សេងទៀតជំនួយសម្រាប់ធ្វើអាហារឱ្យសិស្សទៅលក់ដូរផង។ ក៏ប៉ុន្តែនាយកសាលាបឋមសិក្សាស្លែងស្ពាន ច្រានចោលការចោទប្រកាន់នោះថា ជារឿងមិនពិត ហើយលោកទាមទារឱ្យអ្នកចោទប្រកាន់ត្រូវមានភស្តុតាង និងសាក្សីច្បាស់លាស់។
ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ស្ថិតនៅតាមផ្លូវជាតិលេខ ៦៨បេ (B) ចម្ងាយជាង ១០០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប។
ក្រុមអ្នកភូមិទីនោះ ខ្លះកំពុងមិនសប្បាយចិត្តជាមួយនាយកសាលាបឋមសិក្សាស្លែងស្ពាន ដោយសារតែគេចោទប្រកាន់គាត់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចយកជំនួយខ្លះទៅធ្វើជាទ្រព្យសម្បត្តិឯកជន និងខ្លះទៀតយកទៅលក់ដូរ។
សហគមន៍ប្រជាពលរដ្ឋដែលជាឪពុកម្ដាយសិស្សខ្លះ មានគម្រោងប្រមូលផ្ដុំគ្នាផ្ដិតមេដៃប្ដឹងជុំវិញករណីនោះ ក៏ប៉ុន្តែពួកគេនៅមានការភ័យខ្លាច។
បុរសម្នាក់ជាអ្នកភូមិស្លែងស្ពាន ក្នុងចំណោមអ្នកភូមិខ្លះទៀត ដែលមិនហ៊ានបញ្ចេញឈ្មោះ។ គាត់អះអាងថា នាយកសាលាបឋមសិក្សាស្លែងស្ពាន ឈ្មោះ ជិប សារុំ បានធ្វើអំពើមិនគប្បីជាច្រើនក្នុងការយកទ្រព្យសម្បត្តិសាធារណៈ និងជំនួយសម្រាប់កុមារទៅលក់ដូរ។ បុរសដដែលបញ្ជាក់ថា កន្លងទៅសាលាស្លែងស្ពាន ដែលចាស់ គឺត្រូវរុះរើដើម្បីសង់ថ្មី។ បន្ទាប់ពីរុះរើរួចគឺលោកនាយកសាលាបានយកក្បឿង និងកំណល់ដែលនៅសេសសល់ទៅលក់ឱ្យឯកជនអស់។ បញ្ហាម្យ៉ាងទៀតគឺមូលនិធិជប៉ុន បានជួយសាងសង់សាលាថ្មីឱ្យ១ខ្នង។ បន្ទាប់ពីជប៉ុន សាងសង់សាលាថ្មី១ខ្នងនោះរួច គឺគេបានបំពាក់កុំព្យូទ័រ និងឧបករណ៍ស្រូបពន្លឺព្រះអាទិត្យ (Solar) ឱ្យថែមទៀត។ ប៉ុន្តែមិនបានប៉ុន្មានខែផងលោកនាយកសាលាបែរដោះយកឧបករណ៍ស្រូបពន្លឺព្រះអាទិត្យនោះ ព្រមទាំងអាគុយស្ងួតពីសាលាទៅប្រើនៅឯផ្ទះរបស់គាត់ទៅវិញ។
បុរសដដែលចោទប្រកាន់ថា មិនត្រឹមតែលោកនាយកសាលាបឋមសិក្សាស្លែងស្ពាន កេងប្រវ័ញ្ចយករបស់សាធារណៈប៉ុណ្ណោះទេ គឺថែមទាំងលួចយករបបម្ហូបអាហារសិស្សដែលអង្គការ ផ្លេន (Plan) បានចែកសម្រាប់ធ្វើអាហារឱ្យសិស្សទៅលក់ដូរទៀតផង៖ «យកត្រីខ ទៅលក់ទាំងកេសៗ ប៉ុន្មានឆ្នាំខ្ទេច រហូតដល់ឆ្នាំ២០១៣។ នេះគេមិនទាន់ទម្លាក់មកឱ្យគឺគាត់អត់បានប្រើប្រាស់អីទៀតនៅឡើយ ហើយស្រែដែលសហគមន៍លះបង់ឱ្យកុមារធ្វើដើម្បីបានកម្រៃសម្រាប់ពិធីបិទវគ្គម្ដងៗ ក៏គាត់យកទាំងស្រែនោះទៅធ្វើកម្មសិទ្ធិ ២-៣ឆ្នាំ»។
ការចោទប្រកាន់នេះ ធ្វើឱ្យនាយកសាលាបឋមសិក្សាស្លែងស្ពាន មានប្រតិកម្មហើយសួររកមុខអ្នកដែលនិយាយរឿងនេះភ្លាមៗ។
នាយកសាលាបឋមសិក្សាស្លែងស្ពាន លោក ជិប សារុំ បានបដិសេធថា ការចោទប្រកាន់នោះគឺជារឿងមិនពិត។ លោកចង់រកមុខអ្នកដែលនិយាយពីរឿងអាក្រក់នេះ។ លោក ជិប សារុំ បញ្ជាក់ថា លោកមិនបានយកឧបករណ៍ស្រូបពន្លឺព្រះអាទិត្យដែលជាអំណោយរបស់ជប៉ុន ទៅធ្វើជារបស់ឯកជនទេ ប៉ុន្តែរបស់នោះបានបាត់ ចំណែករឿងស្បៀងអាហារដែលផ្ដល់ដោយអង្គការ ផ្លេន វិញ ក៏លោកមិនដែលប៉ះពាល់ដែរ៖ «កុំចោទខ្ញុំអី ចុះងាប់ហើយ! ចុះខ្ញុំទៅលក់របស់អីចុះ ធ្វើម៉េចខ្ញុំបានសុខ បើអានោះវាបាត់ដោយខ្លួនឯង ចេះតែមកចោទថាខ្ញុំលក់»។
ក្រុមប្រឹក្សាឃុំស្លែងស្ពាន និងស្រុកស្រីស្នំ នៅមិនទាន់បានដឹងជុំវិញរឿងដែលអ្នកភូមិចោទប្រកាន់នាយកសាលានោះនៅឡើយទេ។
សមាជិកក្រុមប្រឹក្សាស្រុកស្រីស្នំ លោក ហូយ ឈិន មានប្រសាសន៍ថា ពីស្រុកស្រីស្នំ ទៅសាលាបឋមសិក្សាស្លែងស្ពាន ចម្ងាយប្រមាណតែ ៤គីឡូម៉ែត្រ ក៏ប៉ុន្តែលោកពុំទាន់ដឹងថា មានរឿងរ៉ាវកើតឡើងដូច្នេះទេ។ លោក ហូយ ឈិន បញ្ជាក់ថា ក្រុមប្រឹក្សាឃុំស្លែងស្ពាន មិនដែលរាយការណ៍ប្រាប់លោកអំពីរឿងនេះទេ ហើយលោកនឹងចាប់ផ្ដើមស្រាវជ្រាវករណីនេះ៖ «ខ្ញុំបើបានដឹងរឿងហើយ គឺចង់ទៅស៊ើបឱ្យច្បាស់។ ខ្ញុំតាមដានការងារនៅតាមឃុំនីមួយៗ ឧស្សាហ៍សួរណាស់ ចុះមានការអីខ្ញុំសុំឱ្យផ្ដល់ព័ត៌មានឱ្យខ្ញុំ បើមិនហ៊ានរាយការណ៍»។
ចំណែកអង្គការ ផ្លេន ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ មក គេបានសហការជាមួយអង្គការស្បៀងអាហារពិភពលោក (World Food Program) ផ្ដល់ជាស្បៀង មានអាហារពេលព្រឹកដល់សិស្សនៅតាមសាលាផ្ដល់ជាអាហារូបករណ៍ជាអង្ករដល់សិស្សដែលក្រីក្រនៅក្នុងខេត្តចំនួន៤ ដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ។
អ្នកគ្រប់គ្រងកម្មវិធីថ្នាក់ជាតិផ្នែកស្បៀងអាហារតាមសាលារៀន នៃអង្គការ ផ្លេន អ្នកស្រី ពេជ្រ សុផារី មានប្រសាសន៍ថា នៅស្រុកស្រីស្នំ ខេត្តសៀមរាបនោះ គឺអង្គការ ផ្លេន ដែលសហការជាមួយអង្គការស្បៀងអាហារពិភពលោក ជាមួយប្រធានមន្ទីរអប់រំយុវជននិងកីឡា និងការិយាល័យអប់រំនៅតាមស្រុក ចែកស្បៀងឱ្យធ្វើអាហារសម្រាប់សិស្សតាមសាលាមែន។ ក៏ប៉ុន្តែអ្នកស្រីមិនទាន់បានដឹងអំពីករណីយករបបស្បៀងទៅលក់នោះនៅឡើយទេ។ ទោះយ៉ាងណា អ្នកស្រី ពេជ្រ សុផារី សន្យាថា នឹងស្រាវជ្រាវករណីនេះឱ្យបានឆាប់បំផុត៖ «យើងមានការប្រជុំជាមួយមន្ទីរអប់រំ ក៏ដូចជាការិយាល័យអប់រំ រយៈពេល ២ ឬក៏ ៣ខែម្ដង ប៉ុន្តែបើមានករណីពិសេសដូចមានប្រសាសន៍អ៊ីចឹង គឺយើងនឹងកោះប្រជុំភ្លាមៗ ចាំមើលយើងត្រឡប់ទៅវិញខ្ញុំនឹងឱ្យបុគ្គលិកចុះតាមដានថ្ងៃច័ន្ទនេះ ដើម្បីឱ្យជាក់ច្បាស់ថាតើរឿងហ្នឹងវាកើតឡើងតាមរបៀបយ៉ាងម៉េច»។
អ្នកស្រី ពេជ្រ សុផារី បញ្ជាក់ថា អង្គការ ផ្លេន មិនលើកទឹកចិត្តចំពោះអំពើកេងប្រវ័ញ្ចលើរបបអាហារកុមារតាមសាលារៀនដូច្នេះទេ ពីព្រោះវាពាក់ព័ន្ធដល់ផលប្រយោជន៍កុមារ។ បើកុមារក្រីក្របានទទួលរបបអាហារនៅពេលទៅសាលារៀន គឺមានន័យថា ពួកគេក៏ទទួលបានសិទ្ធិពេញលេញក្នុងការអប់រំ ដើម្បីឱ្យក្លាយខ្លួនទៅជាពលរដ្ឋមានចំណេះដឹងសម្រាប់ជួយអភិវឌ្ឍន៍សង្គម និងប្រទេសនៅពេលខាងមុខដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
