អង្គភាពប្រឆាំងអំពើពុករលួយអំពាវនាវឲ្យនិវត្តជននៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទាំងអស់ ដែលបាត់ប្រាក់ខែ ផ្ដល់កិច្ចសហការនិងប្ដឹងទៅអង្គភាព ដើម្បីស្រាវជ្រាវបន្ថែមជុំវិញករណីពុករលួយនេះ។ អង្គភាពនេះបានផ្សព្វផ្សាយសេចក្ដីប្រកាសព័ត៌មានជាសាធារណៈមួយនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ដោយប្រកាសថា ករណីបាត់ប្រាក់ខែរបស់គ្រូបង្រៀនដែលចូលនិវត្តន៍មិនជាប់ទាក់ទងនឹងការិយាល័យអប់រំយុវជននិងកីឡា ស្រុកស្រីសន្ធរ ឡើយ។ ប៉ុន្តែការិយាល័យសង្គមកិច្ចស្រុកស្រីសន្ធរ ជាអ្នកប្រព្រឹត្តពុករលួយ ដោយពុំបានបើកប្រាក់ខែសោធននិវត្តន៍ឲ្យគ្រូបង្រៀនដែលចូលនិវត្តន៍ទាំងនោះ បន្លំស្នាមខ្ចៅដៃ ដើម្បីបើកប្រាក់ជំនួស។
អង្គភាពនេះក៏បានស៊ើបអង្កេតរកឃើញថា ការិយាល័យសង្គមកិច្ចស្រុកស្រីសន្ធរ កាត់ប្រាក់បន្ថែមថ្លៃជីវភាពដែលរដ្ឋាភិបាលផ្ដល់ជូនមន្ត្រីរាជការចំនួន ២ម៉ឺនក្នុងមួយខែនោះទៀតផង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីការិយាល័យសង្គមកិច្ចស្រុកស្រីសន្ធរ និងមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម ដើម្បីបំភ្លឺករណីនេះបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣។
យ៉ាងណាក៏ដោយ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកស្វាគមន៍ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែអង្គភាពនេះមិនចាំបាច់អំពាវនាវឲ្យនិវត្តជនប្ដឹងបន្ថែមឡើយ ហើយគួរចុះទៅដល់មូលដ្ឋានស្រាវជ្រាវស្វែងរកអ្នកដែលជួបបញ្ហាវិញ ដើម្បីដោះស្រាយជូនពួកគាត់ទើបប្រសើរជាង។
លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធានការឲ្យមានចំពោះអំពើពុករលួយនៅគ្រប់ទីកន្លែងមិនត្រូវចាត់ការចំពោះតែមន្ត្រីតូចតាចទេ៖ «អង្គភាពហ្នឹងត្រូវមានវិធានការច្បាស់ជាក់លាក់ កុំមានការយោគយល់ទោះបីមន្ត្រីតូចធំក្តី ត្រូវស្មើភាពគ្នាចំពោះមុខច្បាប់»។
ទន្ទឹមនឹងនេះ ប្រធានបណ្ដាញរួបរួមគណនេយ្យភាពសង្គមអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា រាជរដ្ឋាភិបាលត្រូវចេញមុខទទួលខុសត្រូវ និងសុំអភ័យទោសចំពោះនិវត្តជន ហើយអនុវត្តច្បាប់ដោយមិនរើសមុខចំពោះមន្ត្រីពុករលួយ។
លោកបន្តថា មន្ត្រីចូលនិវត្តន៍ភាគច្រើនតែងរងការឈឺចាប់រហូតដល់ថ្ងៃស្លាប់ ដោយសារតែបញ្ហាកាត់ប្រាក់សោធននិវត្តន៍នេះ ហើយកន្លងទៅបញ្ហាកើតមានដដែលៗ៖ «ព្រោះពួកគាត់ចាស់ហើយ ចាស់ជរាហើយ គាត់គ្មានអីទីពឹងទេក្រៅពីបៀវត្សរ៍។ បន្ថែមលើរឿងដែលរឹតតែឈឺចាប់ទៀត គឺពួកជនពិការទាំងអស់ដែលខំបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិ ទីបញ្ចប់គឺគាត់បានទទួលតែភាពអយុត្តិធម៌»។
រឿងរ៉ាវអំពើពុករលួយក្នុងស្ថាប័នសង្គមកិច្ចនេះ កាលពីឆ្នាំ២០១១ អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានរកឃើញថា ក្រសួងសង្គមកិច្ចធ្វើឲ្យបាត់លុយជាតិអស់ជាង ៥លានដុល្លារ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសទារលុយទាំងអស់នេះដាក់ចូលថវិកាជាតិវិញ។ ប៉ុន្តែមិនបានមួយឆ្នាំស្រួលបួលផង មន្ត្រីរដ្ឋាភិបាលបានប្រកាសបិទរឿងនេះដោយមិនមានការដាក់ទោសទណ្ឌចំពោះមន្ត្រីណាម្នាក់ឡើយ។ ចំពោះករណីពុករលួយនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម វិញ អង្គភាពប្រឆាំងអំពើពុករលួយប្រកាសទទួលពាក្យបណ្ដឹងបន្ថែមតាមរយៈទូរស័ព្ទទាន់ហេតុការណ៍លេខ ១២៨២ ឬលេខ ០២៣ ២២១ ៦៥៣ ឬមធ្យោបាយផ្សេងទៀតបើអាចមាន។
ករណីពុករលួយនៅក្នុងស្ថាប័នសង្គមកិច្ចខេត្តកំពង់ចាម នេះ តុលាការខេត្តកំពង់ចាម បានចាប់ខ្លួនប្រធានការិយាល័យសង្គមកិច្ចស្រុកស្រីសន្ធរ លោក ម៉ាង យូស្រេង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា និងសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្ត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ចាម លោក នាង សាវ៉ាត មានប្រសាសន៍ថា ឪពុករបស់ លោក ម៉ាង យូស្រេង បានស្នើសុំអន្តរាគមន៍ពីសមាគមអាដហុក ដើម្បីរកមេធាវីការពារក្តី ប៉ុន្តែអាដហុក មិនមានមេធាវីផ្តល់ជូនទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
