ពលករ​ចោទ​ប៉ូលិស​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​នៅ​ប៉ោយប៉ែត​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ដោយ ហ៊ុំ ចំរើន
2014.12.03
ប៉ោយប៉ែត ៣០៥ ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
Photo: RFA

ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ប្រចាំ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ក្រុង​ប៉ោយប៉ែត ថា​យក​តម្លៃ​ធ្វើ​ប័ណ្ណ​ពលករ​ចំណាក​ស្រុក​ខ្ពស់​ខុស​ពី​ច្បាប់​កំណត់ ហើយ​មិន​ផ្ដល់​ប័ណ្ណ​ឲ្យ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នោះ​ទេ។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ពួក​គេ​ទៅ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​ពី​មន្ត្រី​ប៉ូលិស​កាល​ពី​ខែ​សីហា កន្លង​ទៅ។

ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​ប័ណ្ណ​ពលករ​ចំណាក​ស្រុក​នៅ​ក្រុង​សិរីសោភ័ណ កំពុង​ទន្ទឹង​រង់ចាំ​ប័ណ្ណ​ឆ្លង​ដែន​នេះ ដើម្បី​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ ស្រប​ពេល​គ្នា​នេះ ពួក​គាត់​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន នៅ​ក្រុង​ប៉ោយប៉ែត នោះ​ឡើយ។

ប្រជា​ពលករ​ម្នាក់​នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ឈ្មោះ ជឿង សុខុម ថ្លែង​នៅ​ថ្ងៃ​ទី​៣ ធ្នូ ថា ដោយ​ហេតុ​គ្មាន​ការងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ គាត់​ដាច់​ចិត្ត​ប្រមែប្រមូល​ប្រាក់​កាស​មួយ​ចំនួន យក​ទៅ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន ដើម្បី​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ពេល​ដែល​ទៅ​ធ្វើ​ប័ណ្ណ​នៅ​ការិយាល័យ​ប៉ូលិស​លិខិត​ឆ្លង​ដែន​ប្រចាំ​ការ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ កន្លង​ទៅ​នោះ ប៉ូលិស​តម្រូវ​ឲ្យ​លោក​បង់​ប្រាក់​ចំនួន ១​ម៉ឺន ៣​ពាន់​បាត ឬ​ប្រមាណ ៤០០​ដុល្លារ​ក្នុង​ម្នាក់ ដើម្បី​ជា​ថ្នូរ​ទទួល​ប័ណ្ណ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា លោក​ប្រគល់​ប្រាក់​មុន​ចំនួន ៩​ពាន់​បាត ឬ​ប្រមាណ​ជិត ៣០០​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​ប៉ូលិស​ជាង ៤​ខែ​មក​ហើយ ប៉ុន្តែ​ពុំ​បាន​ទទួល​ប័ណ្ណ​ពលករ​នៅ​ឡើយ​ទេ៖ «ដំបូង​គេ​ថា​ធ្វើ​លិខិត​ឆ្លង​ដែន​រហ័ស​បាន​ទេ គឺ​ត្រឹម​តែ​ពីរ​ខែ​ហ្នឹង មក​យក​បាន​ហើយ។ ហើយ​គេ​និយាយ​ទៀត​ថា ចាំ​លិខិត​ឆ្លង​ដែន​ធ្លាប់​មក​ចាំ​គេ​ទូរស័ព្ទ​ទៅ​ប្រាប់ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​ពុំ​បាន​នៅ​ឡើយ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ការិយាល័យ​លិខិត​ឆ្លង​ដែន​ប្រចាំ​ការ​ក្រុង​ប៉ោយប៉ែត លោក ជិន ប៊ុនណា មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ប៉ូលិស​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​របស់​ពលករ ហើយ​អូស​បន្លាយ​ពេល​ជិត​កន្លះ​ឆ្នាំ​បែប​នេះ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ លោក​ថា​នៅ​ក្នុង​ករណី​នេះ​ជា​រឿង​របស់​ក្រុមហ៊ុន​ទេ ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​បាន​ព្រមព្រៀង​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ។ តែ​យ៉ាង​ណា លោក​ថា ក្រុម​ពលករ​ប្រតិកម្ម​នេះ​វា​ហាក់​ឆាប់​រហ័ស​ពេក ដោយសារ​មិន​បាន​មក​ទាក់ទង​ជាមួយ​សមត្ថកិច្ច​ជា​មុន​ទេ៖ «គាត់​ចេះ​តែ​និយាយ​អ្វីៗ​ក៏ដោយ គាត់​មិន​មក​សួរ​គេ​សិន​ទេ គាត់​អាង​អី​ឡើង​ទៅ​ផ្លូវ​កាត់ គាត់​ធ្វើ​អ៊ីចឹង​វា​អត់​ត្រូវ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា កន្លង​មក​ប្រជាពលរដ្ឋ​តែង​ត្អូញត្អែរ​អំពី​អំពើ​ពុក​រលួយ​លើ​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន​របស់​មន្ត្រី​ប៉ូលិស​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នេះ​ជា​ប្រចាំ។ លោក​ថា នៅ​ក្នុង​ករណី​នេះ​ជា​រឿង​ដដែលៗ ហើយ​ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ដោះស្រាយ​មិន​ចេញ​ឡើយ។ លោក​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​បោស​សម្អាត​ដល់​មន្ត្រី​ទាំង​នោះ​ចេញ ជៀសវាង​កុំ​ឲ្យ​បង្ក​បញ្ហា​ដល់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ក្រោយ​ទៀត៖ «បញ្ហា​ការ​ទទួល​លុយ​កាក់ ប្រសិន​បើ​មិន​អាច​ដោះស្រាយ​ចេញ មិន​គេ​រត់​ទៅ​រក​ក្រុមហ៊ុន​នោះ​ទេ គេ​ត្រូវ​ទៅ​រក​អ្នក​ដែល​ទទួល​លុយ​គេ​ហ្នឹង​ហើយ។ ហើយ​ករណី​អំពើ​ពុក​រលួយ​បែប​នេះ​នៅ​ក្រុង​ប៉ោយប៉ែត មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង​ហើយ ហើយ​បញ្ហា​ដែល​កើត​ឡើង​នេះ ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»

ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ប័ណ្ណ​ពលករ​ស្រប​ច្បាប់ នៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ក្រុង​ប៉ោយប៉ែត ដែល​ពុំ​បាន​ទទួល​ប័ណ្ណ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឡើយ​នោះ​ប្រមាណ ៨០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។