គ្រូបង្រៀន​ខេត្ត​កំពង់ស្ពឺ​ចោទ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

0:00 / 0:00

ក្រុម​គ្រូបង្រៀន​នៅ​តាម​សាលា​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ចោទ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរសេដ្ឋ ថា​បាន​លាក់​ឈ្មោះ​គ្រូបង្រៀន​ដែល​ព្យួរ​ឈ្មោះ​ពី​ការងារ​ច្រើន​ឆ្នាំ​មិន​បង្រៀន ដើម្បី​ទុក​​បើក​យក​​ប្រាក់​បៀវត្ស​​​​ប្រចាំ​ខែ​របស់​គ្រូ​ទាំង​នោះ។ ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរសេដ្ឋ ឆ្លើយ​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត​ទេ។

បុគ្គលិក​អប់រំ ឬ​ក្រុម​គ្រូបង្រៀន​នៅ​សាលា​ខ្លះ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ស្នើ​ឲ្យ​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​​​ក្រសួង​​អប់រំ​យុវជន​និង​កីឡា បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​ប្រព្រឹត្ត​ដោយ​លោក សំ វណ្ណា ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរសេដ្ឋ។

​លិខិត​របស់​ក្រុម​គ្រូបង្រៀន​ខេត្ត​កំពង់ស្ពឺ ​ផ្ញើ​ជូន​វិទ្យុ​អាស៊ីសេរី បាន​ចោទ​លោក សំ វណ្ណា ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរសេដ្ឋ ថា​បាន​​​អនុញ្ញាត​ឲ្យ​គ្រូ​បង្រៀន​នៅ​តាម​សាលា​ខ្លះ​ក្នុង​ខេត្ត​នេះ ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​​​កូរ៉េ និង​តាម​​អង្គការ​នានា ហើយ​លាក់​ឈ្មោះ​ទុក​បើក​យក​ប្រាក់​បៀវត្ស​ប្រចាំ​ខែ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

​បន្ថែម​លើ​លិខិត គ្រូបង្រៀន​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ នៅ​ស្រុក​បរសេដ្ឋ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​មីនា ថា យ៉ាង​ហោច​មាន​គ្រូបង្រៀន​ប្រមាណ ២០​នាក់ ត្រូវ​លោក សំ សុវណ្ណា ឃុបឃិត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ លាក់​ឈ្មោះ​បើក​យក​​ប្រាក់​ខែ​តាំង​ពី​ឆ្នាំ​២០០៩ មក៖ «កន្លង​មក​ខ្ញុំ​ឃើញ​គ្រូ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ និង​អង្គការ​នានា​ហ្នឹង ត្រូវ​គាត់​លាក់​ឈ្មោះ តែ​គាត់​ថា បាន​លុប​ឈ្មោះ។ តាម​ការ​ពិត​ឈ្មោះ​នៅ​ក្នុង​តារាង​បើក​លុយ​ហ្នឹង​ជា​រៀង​រាល់​ខែ។ ករណី​នេះ​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រួច​ហើយ ក៏​ប៉ុន្តែ​គ្មាន​ប្រតិកម្ម​អី​សោះ​។ ហេតុ​ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ហ្នឹង​ស្រាវជ្រាវ​ឈ្មោះ​គ្រូ​ទាំង​អស់​នេះ​នៅ​ស្រុក​បរសេដ្ឋ។ ឈ្មោះ​ទាំង​អស់​នេះ កាល​ខ្ញុំ​បាន​រក​ឃើញ​ជាង ២០​នាក់។ ក្រសួង​អប់រំ​ហ្នឹង​ត្រូវ​ចុះ​ស៊ើប​អង្កេត​ជា​បន្ទាន់ កុំ​ឲ្យ​គ្រូ​យើង​នៅ​ស្រុក​បរសេដ្ឋ​ហ្នឹង មាន​សតិ​អារម្មណ៍​ក្នុង​ការ​បង្រៀន​សិស្ស»

ឆ្លើយ​តប​ការ​ចោទ​នេះ លោក សំ វណ្ណា ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដូច​ការ​ចោទ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា កន្លង​មក​មាន​គ្រូបង្រៀន​មួយ​ចំនួន​បាន​សុំ​ច្បាប់​សម្រាក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស និង​តាម​អង្គការ​នានា ប៉ុន្តែ​គ្រូ​ទាំង​នោះ​បាន​សុំ​ច្បាប់​​​​​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​អប់រំ។

លោក​ថ្លែង​បដិសេធ​រាល់​ការ​ចោទ​ដែល​ថា រូប​លោក​បាន​លាក់​ឈ្មោះ​គ្រូ​បង្រៀន​ដែល​បាន​ព្យួរ​ឈ្មោះ ឬ​ត្រូវ​ក្រសួង​​លុប​ឈ្មោះ​ពី​ក្របខ័ណ្ឌ​គ្រូ ដើម្បី​បើក​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ជា​រឿង​យល់​ច្រឡំ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា អវត្តមាន​គ្រូបង្រៀន ២០​នាក់ នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​នេះ គឺ​ពុំ​មាន​មូលហេតុ​ដូច​ដែល​អស់​លោក លោកស្រី ជា​គ្រូបង្រៀន​លើក​ឡើង​ហ្នឹង​ទេ។ ជួនកាល​គាត់​ភណ្ឌ​ច្រឡំ​ថា ២០​នាក់​ហ្នឹង​បែប​លាក់​ឈ្មោះ​ទៅ​កូរ៉េ​ហើយ ប៉ុន្តែ​សូម​បញ្ជាក់​ថា អត់​មាន​ទេ។ យើង​មាន​ឋានានុក្រម​គ្រប់គ្រង​របស់​យើង គឺ​មាន​​សាលា មាន​កម្រង មាន​ការិយាល័យ​អប់រំ​ស្រុក មាន​មន្ទីរ​អប់រំ​ខេត្ត និង​ក្រសួង​អប់រំ។ អ៊ីចឹង​មាន​ការ​ត្រួត​ពិនិត្យ​រៀង​រាល់​បំណាច់​ឆ្នាំ និង​រៀងរាល់​ឆមាស​នីមួយៗ»

យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ត្រូវ​​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​អប់រំ​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​ឆាប់៖ «អ្វី​ដែល​គ្រូបង្រៀន​បាន​ព្យួរ​ឈ្មោះ ត្រូវ​ធ្វើ​ម៉េច​ត្រូវ​បញ្ជូន​ឈ្មោះ​ហ្នឹង​មក​ក្រសួង ដើម្បី​តម្កល់​ប្រាក់​បៀវត្ស​ហ្នឹង​បញ្ជូន​ទៅ​ក្នុង​ធនាគារ​រដ្ឋ​វិញ។ ជៀសវាង​មន្ត្រី​កិបកេង​យក​លុយ​រដ្ឋ​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អា​នេះ​វា​ចូល​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហើយ មិន​មែន​ត្រឹមតែ​ក្រសួង​អប់រំ ធ្វើការ​ស៊ើប​អង្កេត​ទេ បន្ទាប់​ពី​នេះ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ក៏​ត្រូវ​តែ​ស៊ើប​អង្កេត​ករណី​នេះ​ផង​ដែរ»

​ករណី​អំពើ​ពុករលួយ​នេះ បុគ្គលិក​អប់រំ​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ថា ពួកគាត់​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​តាម​រយៈ​​ប្រអប់​សំបុត្រ​នៅ​មុខ​សាលា​ខេត្ត និង​ទៅ​កាន់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​កន្លង​មក ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ទាំង​នោះ​មាន​វិធានការ​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។