សង្គម​ស៊ីវិល​ស្នើ​ក្រសួង​អប់រំ​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​អប់រំ​ឲ្យ​មាន​ប្រសិទ្ធភាព

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) អោយ​ដឹង​ថា ពាក្យ​បណ្ដឹង​ប្ដឹង​នាយក​សាលា​ជុំវិញ​រឿង​ពុករលួយ​មាន​ចំនួន​កើន​ឡើង។ សង្គម​ស៊ីវិល​យល់​ថា បញ្ហា​ពុករលួយ​ក្នុង​វិស័យ​អប់រំ នឹង​ធ្វើ​ឲ្យ​គុណភាព​អប់រំ​នៅ​កម្ពុជា បន្ត​​ធ្លាក់​​​ចុះ។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ។

សេចក្ដី​ជូន​ដំណឹង​ស្តីពី​កិច្ច​ប្រជុំ​លើក​ទី​២ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា បង្ហាញ​ថា សម្រាប់​ខែ​កក្កដា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ពាក្យបណ្តឹង ៦៣​បណ្ដឹង ដែល​ក្នុង​នោះ ៤០ ជា​បណ្ដឹង​អនាមិក ហើយ​ភាគច្រើន​ពាក្យ​បណ្ដឹង​ទាំង​នោះ​ចោទ​លើ​នាយក​សាលា​ជុំវិញ​រឿង​ពុករលួយ។

​នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា អានសា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​នៃ​ពាក្យ​បណ្ដឹង​លើ​នាយក​សាលា​ជុំវិញ​រឿង​ពុករលួយ ជា​រឿង​វិជ្ជមាន​មួយ​ដែល​ប្រជាពលរដ្ឋ​ហ៊ាន​លាត​ត្រដាង​បញ្ហា​ពុករលួយ​ដើម្បី​ចូលរួម​កែប្រែ​វិស័យ​អប់រំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។

​លោក សន ជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការងារ​ដែល​ពាក់ព័ន្ធ​លើ​ការ​អប់រំ កន្លង​មក​ឃើញ​ថា ភាព​មិន​ប្រក្រតី ឬ​ការ​បន្ត​កើត​មាន​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ ភាព​ច្រើន​ដោយសារ​រដ្ឋាភិបាល​មិន​ទាន់​បាន​រៀបចំ​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ ដោយ​គិត​ចាប់​ពី​ថ្នាក់​ជាតិ ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព។

លោក​ចង់​ឃើញ​រដ្ឋាភិបាល ពិសេស​ក្រសួង​អប់រំ ដុះ​ខាត​ពង្រឹង ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​មុន​សិន ទើប​អាច​ទប់ស្កាត់​បញ្ហា​ពុករលួយ​នៅ​តាម​សាលារៀន​នៅ​កម្ពុជា បាន៖ «យើង​ចង់​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ឲ្យ​បាន​ច្បាស់លាស់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មិន​ត្រឹមតែ​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ប៉ុណ្ណោះ​ទេ រដ្ឋាភិបាល​ក៏​ត្រូវ​អនុវត្ត និង​ផ្សព្វផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​តាម​សាលារៀន​នៅ​កម្ពុជា ទាំង​អស់ ទើប​អំពើ​ពុករលួយ​អាច​កាត់​បន្ថយ​បាន»។

ចំណែក​ឯ​អ្នក​ស្រាវជ្រាវ​សង្គម លោក កែម ឡី យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។ លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​ពុករលួយ​បាន រដ្ឋាភិបាល​ត្រូវ​រៀបចំ​ការ​ចាយ​វាយ​ថវិកា​ជាតិ​លើ​វិស័យ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព តាម​ដាន​ការ​ចាត់ចែង​ថវិកា​គ្រូ តាមដាន​នៅ​ពេល​ប្រឡង តាមដាន​ម៉ោង​សិក្សា​របស់​គ្រូ ផ្ដល់​ប្រាក់​បៀវត្ស​គ្រូ​សមរម្យ និង​ត្រូវ​ពង្រឹង​ច្បាប់​អំពើ​ពុករលួយ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក កែម ឡី៖ «រដ្ឋាភិបាល​ត្រូវតែ​កែប្រែ​ច្បាប់​អំពើ​ពុករលួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ឲ្យ​មន្ត្រី​ប្រកាស​ទ្រព្យ​សម្បត្តិ និង​សាច់ញាតិ​ក៏​ត្រូវ​តែ​ប្រកាស​ដែរ អ៊ីចឹង​យើង​នឹង​អាច​កាត់​បន្ថយ​អំពើ​ពុករលួយ​នេះ​បាន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​ប្រភេទ​បណ្ដឹង​នៃ​ពាក្យ​បណ្ដឹង​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​លើ​នាយក​សាលា មក​កាន់​អង្គភាព​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។ ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​បណ្តឹង​លើ​នាយក​សាលា អង្គភាព​នេះ​ក៏​បាន​ទទួល​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពី​មន្ត្រី​ដែល​ទទួល​ការ​តែងតាំង​ថ្មី​ចំនួន ១០៩​រូប និង​ពី​មន្ត្រី​ដែល​បាន​ចូល​និវត្តន៍​ចំនួន ៩​រូប ហើយ​ក្នុង​ខែ​កក្កដា នេះ អង្គភាព​បាន​បើក​មើល​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន ១ សម្រាប់​ការ​ស៊ើប​អង្កេត។

​ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ថា ក្រសួង​កំពុង​តែ​ពង្រឹង​ពី​បញ្ហា​អភិបាលកិច្ច​នៅ​ក្នុង​វិស័យ​នេះ មិន​តែ​ប៉ុណ្ណោះ ក្រសួង​ក៏​បាន​បង្កើត​ក្រុម​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​តាមដាន​លើ​អំពើ​ពុករលួយ​នៅ​តាម​សាលារៀន​ផង​ដែរ។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ រូប​នេះ បាន​ស្នើ​ឲ្យ​អ្នក​ដែល​ប្តឹង​មក​ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​អស់ ត្រូវ​តែ​បញ្ជាក់​ពី​ទីកន្លែង និង​ភស្តុតាង​ច្បាស់លាស់​ជុំវិញ​បញ្ហា​ពុករលួយ ដើម្បី​ឲ្យ​ក្រសួង​ងាយ​ស្រួល​ចាត់​វិធានការ។

​លោក រស់ សាលីន បញ្ជាក់​ទៀត​ថា ដើម្បី​លុប​បំបាត​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​អប់រំ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ក្រសួង​នឹង​ដំឡើង​ប្រាក់​បៀវត្ស​ដល់​គ្រួ​បង្រៀន​ដោយ​គិត​ពី​កម្រិត​បឋមសិក្សា​រហូត​ដល់​មធ្យមសិក្សា​ចាប់​ពី​ជាង ៥០​ម៉ឺន ទៅ​ជាង ៨០​ម៉ឺន ដោយ​បូក​បញ្ចូល​ទាំង​ប្រាក់​តំបន់ ប្រាក់ខែ​កូន ប្រាក់​សុខភាព និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។