នៅឯស្រុកពួក ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប មានប្រជាពលរដ្ឋមួយចំនួនរិះគន់ទៅលើប្រធានការិយាល័យអប់រំស្រុក ថាបានខ្ចីឈ្មោះគ្រូបង្រៀនតាមសាលាខ្លះបញ្ចូលទៅក្នុងបញ្ជីបង្រៀនពីរវេន ដើម្បីបើកយកលុយពីក្រសួង។
តើសកម្មភាពបែបនេះអាចចាត់ទុកជាអំពើពុករលួយ ឬក៏ជាការកេងបន្លំប្រាក់ជាតិដែរឬទេ?
សមាជិកក្រុមប្រឹក្សាស្រុកពួក មកពីគណបក្សប្រឆាំងកំពុងទាមទារឱ្យប្រធានក្រុមប្រឹក្សាស្រុកនេះពិនិត្យនិងស្រាវជ្រាវដោយយកចិត្តទុកដាក់ទៅលើករណីប្រធានការិយាល័យអប់រំ ដែលបានខ្ចីឈ្មោះគ្រូបង្រៀនពីតាមសាលាមួយចំនួនយកទៅដាក់ជាអ្នកបង្រៀនពីរវេន ហើយបើកយកប្រាក់ពីរដ្ឋមិនដឹងយកទៅធ្វើអ្វីពិតប្រាកដនោះ។
បញ្ហានេះបង្កើតឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសមាជិកក្រុមប្រឹក្សាស្រុកមកពីគណបក្សក្រៅរដ្ឋាភិបាល ដោយថា ការធ្វើនេះមិនត្រឹមត្រូវ ដោយមិនបានសុំការអនុម័តពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាមុន។
សមាជិកក្រុមប្រឹក្សាស្រុកពួក ១រូបក្នុងចំណោមជាច្រើនទៀត គឺលោក ច័ន្ទ សុភា។ លោកមានប្រសាសន៍ថា លោកបានរកឃើញករណីប្រធានការិយាល័យអប់រំយុវជននិងកីឡា ស្រុកពួក បានធ្វើមិនត្រឹមត្រូវ ដោយខ្ចីឈ្មោះគ្រូបង្រៀនពីសាលាបឋមសិក្សា ទៀ បាញ់ គំរូ ចំនួន ១៣នាក់ ដាក់ទៅក្នុងបញ្ជីបង្រៀនសិស្សពីរវេនដើម្បីបើកយកប្រាក់ពីក្រសួងអប់រំ។
មន្ត្រីដដែលអះអាងថា ជារៀងរាល់ខែគ្រូបង្រៀនដែលមានឈ្មោះបង្រៀន ២វេនទាំងនោះទទួលបានប្រាក់ខែចំនួន ១លានរៀល គឺ ៥០ម៉ឺនរៀល ជាប្រាក់ខែពិត ឯ ៥០ម៉ឺនរៀលទៀតបើកឱ្យប្រធានការិយាល័យអប់រំ មិនដឹងយកប្រាក់នោះទៅណា?
លោក ច័ន្ទ សុភា បញ្ជាក់ថា នៅពេលគ្រូម្នាក់ៗ បើកប្រាក់ ៥០ម៉ឺនរៀលយកទៅឱ្យប្រធានការិយាល័យអប់រំ គឺគេបានឱ្យប្រាក់ ១ម៉ឺនរៀល មកគ្រូទាំងនោះវិញជាសគុណ។
លោក ច័ន្ទ សុភា បានហៅទង្វើរបស់ប្រធានការិយាល័យអប់រំស្រុកពួកថា គឺជាការច្នៃប្រឌិតខុសពីគោលការណ៍របស់រដ្ឋាភិបាល៖ «ការធ្វើដូច្នោះ គឺខុសច្បាប់ទាំងស្រុងហើយ គ្មានច្បាប់ឯណាដែលឱ្យច្នៃប្រឌិតយកប្រាក់នោះទៅជួលគ្រូបង្រៀនអីអត់មានទេ។ ពេញទីហើយអាហ្នឹង តាមពិតទៅ គឺកេងប្រវ័ញ្ចលើប្រាក់រដ្ឋ។ ខ្ញុំបានរាយការណ៍ឱ្យប្រធានក្រុមប្រឹក្សាស្រុកដើម្បីចាត់វិធានការស៊ើបអង្កេតត្រង់ថា គាតមិនស៊ើបអង្កេតអាហ្នឹងជាសិទ្ធិរបស់គាត់»។
ក៏ប៉ុន្តែមន្ត្រីការិយាល័យអប់រំយុវជននិងកីឡា ស្រុកពួក ច្រានចោលការចោទប្រកាន់របស់សមាជិកក្រុមប្រឹក្សាស្រុកមកពីគណបក្សប្រឆាំងដែលកំពុងទាញទម្លាក់រឿងទៅក្នុងអំពើពុករលួយនោះ។
ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកពួក លោក កែ វណ្ណនី ពន្យល់ថា ជាការពិតគឺលោកបានខ្ចីឈ្មោះគ្រូបង្រៀនចំនួន ១៣នាក់ពីសាលាបឋមសិក្សា ទៀ បាញ់ គំរូ បញ្ចូលឈ្មោះទៅក្នុងបញ្ជីបង្រៀនពីរវេនមែន ដើម្បីបានប្រាក់ពីការបង្រៀននោះយកទៅជួលអ្នកស្រុកឱ្យជួយបង្រៀនក្មេងៗនៅតាមសាលាជនបទដាច់ស្រយាលខ្លះ ដែលខ្វះគ្រូ ដូចជានៅសាលាក្ដីរុន និងគោកតាសោមជាដើម។
លោក កែ វណ្ណនី បញ្ជាក់ថា ក្នុងឆ្នាំសិក្សាកន្លងទៅដោយសារសាលាបឋមសិក្សាតាមតំបន់ដាច់ស្រយាលមួយចំនួនខ្វះគ្រូគឺការិយាល័យអប់រំស្រុកមិនអាចដោះស្រាយចេញ ពីព្រោះបើជួលគ្រូជាប់កិច្ចសន្យាឱ្យបង្រៀនដោយផ្ដល់ប្រាក់ ១៤ម៉ឺនរៀលក្នុង១ខែ គេមិនធ្វើមានតែច្នៃយកឈ្មោះ គ្រូខ្លះដាក់ថា បង្រៀន ២វេន ហើយយកប្រាក់ដែលបានពីការបង្រៀននោះយកទៅជួលអ្នកភូមិដែលមានចំណេះដឹងឱ្យជួយបង្រៀនក្មេងៗ នៅតាមសាលាដែលខ្វះគ្រូ។
លោក កែ វណ្ណនី អះអាងថា ការច្នៃប្រឌិតបែបនេះ លោកបានឆ្លងកាត់មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប យ៉ាងត្រឹមត្រូវ ថ្វីត្បិតតែវាខុសពីគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា បន្តិច ក៏ប៉ុន្តែលោកមិនបានយកប្រាក់របស់រដ្ឋទៅចាយវាយផ្ទាល់ខ្លួនទេ៖ «ឥឡូវយើងអត់មានវិធីដោះស្រាយណាជាងនេះទៀតទេ បើទោះបីជាខុសគោលការណ៍ក្រសួងបន្តិចមែន ក៏ប៉ុន្តែយើងបានដោះស្រាយឱ្យកូនប្រជុំពលរដ្ឋនៅតំបន់នោះបានរៀនសូត្រដូចតំបន់ដែលមានគ្រូដែរ។ មិនមែនខ្ញុំដាក់ដើម្បីយកលុយនោះមកទុកសម្រាប់ប្រើប្រាស់ខ្លួនឯង គឺអត់មែនទេ។ លុយដែលគាត់បើកបាននោះមិនមែនយកមកឱ្យការិយាល័យទេ គឺទុកសម្រាប់យកឱ្យនាយកដែលគាត់មកខ្ចី គ្រាន់តែគាត់ផ្ញើឱ្យការិយាល័យទុក»។
ចំណែកគ្រូបង្រៀនខ្លះនៅសាលាបឋមសិក្សា ទៀ បាញ់ គំរូ ដែលឱ្យគេខ្ចីឈ្មោះដើម្បីបើកយកលុយពីក្រសួងអប់រំយុវជននិងកីឡានោះ បញ្ជាក់ថា គេពុំធ្លាប់គិតដល់រឿងដែលថា ប្រធានការិយាល័យអប់រំធ្វើដូច្នេះជាការប្រព្រឹត្តអំពើពុករលួយទេ។
គ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនចំនួន ១២នាក់ផ្សេងទៀត ដែលឱ្យការិយាល័យអប់រំខ្ចីឈ្មោះយកទៅដាក់ថា បង្រៀន ២វេន ដើម្បីបើកប្រាក់ពីរដ្ឋនោះមានប្រសាសន៍ថា គាត់សុខចិត្តជួយការិយាល័យអប់រំឱ្យធ្វើដូច្នេះ ពីព្រោះតែចង់ជួយកុមារតូចៗ នៅតាមជនបទ ឱ្យបានរៀនទៀងទាត់ដូចកន្លែងដែលមានគ្រូបង្រៀនត្រឹមត្រូវដែរ៖ «គេគ្រាន់តែប្រជុំប្រាប់ថា យកទៅជួលគ្រូបង្រៀនឱ្យក្មេងៗនៅឯខាងលើគ្នាបានរៀនសូត្រចេះដឹង។ ខាងយើងឯណេះក៏សុខចិត្តឱ្យគេខ្ចីឈ្មោះទៅ ហើយក៏យើងបើកលុយឱ្យគេទៅ។ បើកហើយពួកខ្ញុំប្រគល់តាមនាយកសាលា អត់ស្គាល់សាលាណាទេ នាយកសាលាអ្នកប្រមូលយកទៅ។ គេប្រាប់សាលាដែរ ប៉ុន្តែខ្ញុំភ្លេចសាលាបាត់ទៅ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តសៀមរាប លោក អ៊ុង សេរីឌី បានទេ ដោយសារតែលោកកំពុងជាប់រវល់ធ្វើពិធីកាន់បិណ្ឌ។
ទោះយ៉ាងណា មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោក សន ជ័យ បានហៅករណីបែបនេះថា ជាការបំប៉ោងតួលេខដើម្បីកេងបន្លំថវិការដ្ឋ ប៉ុន្តែអ្វីដែលមន្ត្រីការិយាល័យអប់រំស្រុកពួក ឆ្លើយពន្យល់នោះវាអាចគ្រាន់តែជាការដោះសា ហើយករណីបែបនេះ អាចសង្ស័យថា ជាអំពើពុករលួយច្រើនជាង។
លោក សន ជ័យ៖ «អានេះវាអាចនាំឱ្យមានការពាក់ព័ន្ធនិងការបន្លំតួលេខ ថវិកា ឬមួយក៏អាចមានរឿងអីមិនស្រួលក្នុងហ្នឹងហើយ។ បើសិនជាខ្វះគ្រូ ខ្វះអី ខាងថ្នាក់ក្រោមត្រូវលើកសំណើទៅថ្នាក់ជាតិដោយតម្លាភាពមក គឺថ្នាក់ជាតិគេរកមធ្យោបាយដោះស្រាយ ត្រូវអន្តរាគមន៍យ៉ាងម៉េច?»។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រកឃើញថា ក្នុងឆ្នាំសិក្សាកន្លងទៅគេបានរកឃើញករណីមួយទៀតដែលស្រដៀងគ្នានេះ គឺសាលាខ្លះបានបំប៉ោងបញ្ជីឈ្មោះសិស្សឱ្យច្រើនលើសពីចំនួនពិត ដើម្បីទទួលយកថវិកាពីក្រសួងអប់រំយុវជននិងកីឡា ហើយបញ្ហាទាំងនេះគឺជាការកេងបន្លំយកថវិការបស់រដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
