ការស្រាវជ្រាវជាច្រើនបានរកឃើញថា ការសូកប៉ាន់និងការផ្ដល់កម្រៃក្រៅផ្លូវការ គឺជាឧបសគ្គដល់ការធ្វើអាជីវកម្មនៅកម្ពុជា។ ទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ត្រូវបានចំណាយលើការខាតបង់ដោយសារអំពើពុករលួយនៅក្នុងវិស័យអាជីវកម្ម។ ស្ថាប័នអន្តរជាតិជាច្រើនបានកត់សម្គាល់ថា អំពើពុករលួយក្នុងការធ្វើអាជីវកម្មនេះហើយ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ថយចុះប្រមាណ ១០% រៀងរាល់ឆ្នាំ។
វិស័យសហគ្រាសខ្នាតតូចនិងមធ្យមបានចាត់ទុកជាប្រភពនៃការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែការធ្វើអាជីវកម្មនោះ មិនត្រូវបានលើកទឹកចិត្តពីស្ថាប័នពាក់ព័ន្ធក្រៅពីអាជីវករផ្ទាល់ ព្យាយាមរក្សាស្ថិរភាពអាជីវកម្មរបស់ខ្លួនតាមរយៈការសូកប៉ាន់ដល់មន្ត្រីនានា។
ការស្រាវជ្រាវជាច្រើនបានរកឃើញថា អាជីវករបានសូកប៉ាន់ដើម្បីទទួលបានកិច្ចសន្យាអាជីវកម្ម ការបង់ពន្ធ និងការផ្ដល់វត្ថុអនុស្សាវរីយ៍ជាច្រើន ដើម្បីរក្សាទំនាក់ទំនងល្អដល់ការរកស៊ី។ របាយការណ៍អន្តរជាតិខាងការងារដែលហៅកាត់ថា អាយឡូ (ILO) ដែលចេញផ្សាយនៅខែមីនា ឆ្នាំ២០១៤ បានបង្ហាញថា អំពើពុករលួយនៅតែជាបញ្ហាចម្បងរាំងស្ទះដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ របាយការណ៍នោះបានសម្ភាសប្រធានក្រុមហ៊ុនចំនួន ៣០០ បានអះអាងថា ការសុំច្បាប់អនុញ្ញាតធ្វើអ្វីមួយមានភាពស្មុគស្មាញ ដែលបញ្ហានេះ មិនមានភាពប្រសើរឡើងឡើយបើធៀបនឹងឆ្នាំ២០១៣។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសង្កេតឃើញថា ឈ្មួញនៅប្រទេសកម្ពុជា តែងមានទំនាក់ទំនងល្អរវាងមន្ត្រីមួយចំនួនមកពីគណបក្សកាន់អំណាច។ លោកបញ្ជាក់ថា ប្រទេសក្រីក្រដែលមានប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ច និងច្បាប់ទម្លាប់មានកម្រិតទាប នឹងធ្វើឲ្យដឹកនាំប្រទេស ផ្ដល់ផលប្រយោជន៍ច្រើនដល់ឈ្មួញធំទាំងនោះ តាមរយៈការផ្ដល់លាភសក្ការៈទាំងសងខាង។
បន្ថែមលើនេះ របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានកត់សម្គាល់ឃើញថា អំពើពុករលួយជាបញ្ហាធ្ងន់ធ្ងរដល់ការធ្វើអាជីវកម្មកម្ពុជា។ ស្ថាប័ននេះប៉ាន់ស្មានចំពោះការខាតបង់ដោយសារអំពើពុករលួយប្រមាណ ១.៧០០លានដុល្លារអាមេរិក ឬ ១០% នៃទំហំសេដ្ឋកិច្ចកម្ពុជា ដែលមានទឹកប្រាក់ជាង ១ម៉ឺន៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៤។
បញ្ហានេះ លោក ព្រាប កុល បានបញ្ជាក់ថា ការរកឃើញនេះ គឺឆ្លុះបញ្ចាំងស្រដៀងគ្នាចំពោះការស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា។
«សំឡេង»
របាយការណ៍របស់ ILO ដដែល បានបញ្ជាក់ថា សហគ្រាសជាង ៣០% មិនខ្វល់អំពីការចាត់វិធានការប្រឆាំងនឹងអំពើពុករលួយ ប្រមាណ ២០% មានវិធានការប្រឆាំងលើការចំណាយលើអំពើពុករលួយ ១៦% បានហ្វឹកហាត់បុគ្គលិករបស់ខ្លួនដើម្បីជៀសវាងការចំណាយលើអំពើពុករលួយ និងប្រមាណ ៥% មានវិធានការជាក់លាក់មិនបង់កម្រៃផ្សេងឡើយ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឆាយ សាវុធ មានប្រសាសន៍ថា លោកមិនអាចអត្ថាធិប្បាយបានឡើយ ដោយសារលោកមិនទាន់ឃើញ និងអានរបាយការណ៍ស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារ។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ ILO បានបង្ហាញថា អាជីវកម្ម ៧៥% ដែលអង្កេត បានឆ្លើយថា មន្ត្រីដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការពុករលួយ មិនបានធ្វើអ្វីទាល់តែសោះចំពោះការលើកឡើងរបស់វិស័យឯកជនដែលបានលើកឡើង។
ចំណែករបាយការណ៍របស់ស្ថាប័នស្រាវជ្រាវរបស់អង់គ្លេស (EIU) បានបង្ហាញថា ការគំរាមកំហែង ឬការបង្កឧក្រិដ្ឋកម្មផ្សេងៗពីសំណាក់យោធានិងប៉ូលិស ជាឧបសគ្គចម្បងដល់ការធ្វើអាជីវកម្ម។ ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាចតែងតែសូកប៉ាន់ដល់មន្ត្រីមូលដ្ឋាន ដើម្បីរក្សាទំនាក់ទំនងល្អដល់ការប្រកបអាជីវកម្មរបស់គេ។
បញ្ហានេះ ប្រធានសម្ពន្ធសមាគមសហគ្រាសខ្នាតតូចនិងមធ្យម លោកឧកញ៉ា តែ តាំងប៉ បានអះអាងថា ការសូកប៉ាន់និងការបង់កម្រៃក្រៅផ្លូវការ តែងតែកើតមានចំពោះការធ្វើអាជីវកម្ម ប៉ុន្តែបញ្ហានេះ នឹងត្រូវដោះស្រាយបានយ៉ាងឆាប់រហ័សនៅរយៈពេលដ៏ខ្លីខាងមុខ តាមរយៈការបង្កើតច្រកចុះបញ្ជីតែមួយ រួមទាំងការកំណត់ចំនួនទឹកប្រាក់ដែលត្រូវបង់ និងពេលវេលាដែលបានកំណត់យ៉ាងច្បាស់លាស់។ លោកបញ្ជាក់ថា ការចំណាយលើការសូកប៉ាន់ និងការចំណាយក្រៅផ្លូវ គឺតែងកើតឡើងលើអ្នករកស៊ីលើរបបម៉ៅការ ឬអាជីវកម្មជាលក្ខណៈគ្រួសារ។
«សំឡេង»
ការធ្វើជំរឿនសហគ្រាសកន្លងទៅធ្លាប់បានបង្ហាញថា សហគ្រាសនៅកម្ពុជា មានចំនួនជាង ៥៣ម៉ឺនសហគ្រាស ប៉ុន្តែការចុះបញ្ជីជាផ្លូវការមានចំនួនតែ ៥ម៉ឺនសហគ្រាសតែប៉ុណ្ណោះ។
អ្នកសេដ្ឋកិច្ចបានអះអាងថា ការលើកទឹកចិត្តឲ្យសហគ្រាសចុះបញ្ជីនៅស្ថាប័នពាក់ព័ន្ធជាផ្លូវការ ជាប្រភពចំណូលថវិកាជាតិ ប៉ុន្តែក្រុមហ៊ុនដែលមិនចុះបញ្ជីនោះអាចមកពីកត្តាសំខាន់បី គឺទីមួយ នីតិវិធីចុះបញ្ជីមានភាពស្មុគស្មាញ ទីពីរ ការចុះបញ្ជីផ្លូវការម្ចាស់សហគ្រាសអាចប្រឈមចំណាយកាន់តែខ្ពស់តាមរយៈការបង់ពន្ធ។ កត្តាសំខាន់ទីបី ម្ចាស់សហគ្រាសតូចតាចមានភាពងាយស្រួលក្នុងការបង់កម្រៃក្រៅផ្លូវការ និងចំណាយកានតែតិចបើធៀបនឹងសហគ្រាសផ្លូវការ ស្របពេលម្ចាស់សហគ្រាសភាគច្រើនមានចំណេះដឹងតិចតួចលើការចុះបញ្ជីអាជីវកម្ម។
របាយការណ៍របស់អង្គការអន្តរជាតិខាងការងារ បានរកឃើញថា ការសូកប៉ាន់ ការបង់កម្រៃក្រៅផ្លូវការ រួមទាំងអំពើពុករលួយផ្សេងៗ ដែលអាជីវករបានចំណាយដល់មន្ត្រីពាក់ព័ន្ធទាំងអស់មានទឹកប្រាក់ប្រមាណ ១.៧០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
