ខណៈដែលប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ ស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង កំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់មន្ត្រីក្រុមការងារ ពាក់ព័ន្ធអំពើពុករលួយកាត់យកប្រាក់សំណង ចំពោះប្រជាពលរដ្ឋមក អ្នកភូមិជាដើមចោទឲ្យដឹងថា មន្ត្រីពាក់ព័ន្ធការចោទប្រកាន់សន្យាថានឹងសងប្រាក់ជូនប្រជាពលរដ្ឋវិញ។
ប្រជាពលរដ្ឋរស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក នូ ថងខាំ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ អះអាងថា មន្ត្រីអភិបាលរងស្រុក និងជាសមាជិកគណៈកម្មការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ ទាក់ទិននឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ សន្យាថា មន្ត្រីក្រុមហ៊ុនសាងសង់ទំនប់នឹងសងប្រាក់ ៥ពាន់ដុល្លារ ដែលបានកាត់យកពីប្រាក់សំណងផលប៉ះពាល់ ជូនប្រជាពលរដ្ឋវិញ។ ការកាត់ប្រាក់កន្លងមកនោះ ពួកគាត់អះអាងថា ធ្វើឡើងដោយភ័ន្តច្រឡំ។
កាលពីសប្ដាហ៍មុន ប្រជាពលរដ្ឋភូមិភ្លុក លោក នូ ថងខាំ បានអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធនៃគណៈកម្មការដោះស្រាយផលប៉ះពាល់ ស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ស៊ើបអង្កេតជាបន្ទាន់ទៅលើមន្ត្រីក្រុមការងារចំនួនពីររូប គឺអភិបាលរងស្រុកសេសាន លោក សុវណ្ណ ពិសេត និងមេឃុំភ្លុក លោក ទួន ថាំង ថាបានបោកបញ្ឆោតកាត់យកប្រាក់សំណងផលប៉ះពាល់របស់ប្រជាពលរដ្ឋ ១២គ្រួសារ ចំនួន ១០% នៃប្រាក់សរុបរបស់ប្រជាពលរដ្ឋមួយគ្រួសារៗ។ ចំណែកគ្រួសារ លោក នូ ថងខាំ ត្រូវបានមន្ត្រីទាំងពីរកាត់យកអស់ ៥ពាន់ដុល្លារបន្ថែមទៀត ក្រោមហេតុផលថា សម្រាប់ចែកចាយក្រុមការងារ។
លោក នូ ថងខាំ បញ្ជាក់ថា ពីរថ្ងៃបន្ទាប់ពីលោកបានបញ្ចេញព័ត៌មាននេះ អភិបាលរងស្រុក លោក សុវណ្ណ ពិសេត បានមកផ្ទះរបស់លោក ហើយសន្យាថា ១០ថ្ងៃទៀតនឹងប្រគល់ប្រាក់ ៥ពាន់ដុល្លារសងវិញ។ ចំណែកប្រាក់ ១០% ទៀត គឺក្រុមការងារកាត់ពីអ្នកភូមិទាំងអស់គ្នា ដូច្នេះប្រសិនបើអ្នកភូមិស្ម័គ្រចិត្តប្រគល់ឲ្យក្រុមការងារ លោកក៏មិនតវ៉ាដែរ៖ «គេជួបខ្ញុំផ្ទាល់ខាងតំណាងក្រុមហ៊ុន គេសន្យាថានឹងសងខ្ញុំវិញ ប៉ុន្តែមិនទាន់សងទេ។ ប៉ុន្តែរឿង ១០% យើងមិនអាចថាទេ ចាត់ការផ្សេងចុះ ខ្ញុំមិនអាចនិយាយបានទេ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែកុម្ភៈ មិនអាចទាក់ទងអភិបាលរងស្រុកសេសាន លោក សុវណ្ណ ពិសេត សុំបញ្ជាក់ពីករណីនេះបានទេ។
ក៏ប៉ុន្តែ ប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់នៃអាជ្ញាធរខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ មានប្រសាសន៍ថា ក្រុមការងារបានអង្កេតករណីនេះជាមួយប្រជាពលរដ្ឋ ៨គ្រួសារ ក្នុងចំណោម ១២គ្រួសារចប់សព្វគ្រប់ហើយ។ ជំហានបន្ទាប់ នឹងកោះហៅមន្ត្រីពាក់ព័ន្ធក្នុងអនុគណៈកម្មការ ១២នាក់ទៀត មកបំភ្លឺពីករណីនេះ មុននឹងធ្វើរបាយការណ៍សុំការសម្រេចទៅលោកអភិបាលខេត្ត មិនទុកឲ្យបញ្ហានេះជះឥទ្ធិពលទៅលើគោលនយោបាយសំណងប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា បញ្ហាប្រាក់ ៥ពាន់ដុល្លារ គឺពាក់ព័ន្ធប្រជាពលរដ្ឋ និងមន្ត្រីក្រុមហ៊ុនចិន ប៉ុន្តែករណីនេះបានដោះស្រាយបញ្ចប់បញ្ហាហើយ៖ «អភិបាលខេត្តបញ្ជាដាច់ខាតថា ត្រូវតែរកឲ្យឃើញអ្នកណាបញ្ជាឲ្យយកលុយប្រជាជន។ អ៊ីចឹង សូមទុកពេលវេលា ទី១ គឺបងប្អូនគាត់ត្រូវឡើងមក អ្នកណាគាត់ត្រូវប្ដឹងទាមទារយ៉ាងណាវិញ គាត់ត្រូវតែប្ដឹងមានមូលដ្ឋានត្រឹមត្រូវ។ខ្ញុំកោះហៅមន្ត្រីខ្ញុំម្តងឲ្យគាត់ការពារខ្លួន ហើយចាំសំយោគ ប្រហែលជាអាទិត្យៗក្រោយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា លោកបានអង្កេតករណីនេះរួចហើយ គឺអ្នកភូមិបានអះអាងថា ប្រាក់សំណងផលប៉ះពាល់ពិតជាត្រូវបានមន្ត្រីក្រុមការងារកាត់ ១០% និង ៥ពាន់ដុល្លារបន្ថែមទៀតពីគ្រួសារ លោក នូ ថងខាំ។ លោកចាត់ទុកថា នេះគឺជាអំពើពុករលួយ គាបសង្កត់មកលើប្រជាពលរដ្ឋអ្នកត្រូវជម្លៀសចេញពីភូមិ ដើម្បីសាងសង់ទំនប់៖ «យើងមិនត្រូវកាត់ពីពួកគាត់ទេ អាហ្នឹងជាតួនាទីពួកគាត់ដែលចុះទៅបម្រើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាត់រងគ្រោះមួយជាន់ហើយ ទៅកាត់គាត់ ១០% ទៀត គាត់រងគ្រោះជាពីរជាន់»។
ក្រុមហ៊ុនចិន អ្នកសាងសង់ទំនប់ បានផ្តល់សំណងផលប៉ះពាល់ដំបូងដល់ប្រជាពលរដ្ឋ ១២គ្រួសារ ដែលមានដីធ្លីផ្ទះសម្បែងនៅចំណុចការដ្ឋានសាងសង់ទំនប់ ដែលត្រូវធ្វើការឈូសឆាយមុនគេ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ច្រើនរយគ្រួសារទៀត បានដាក់ញត្តិតវ៉ាមិនទទួលយកសំណងគោលនយោបាយនេះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
