ភាពមិនប្រក្រតីខ្លះ កំពុងកើតមាននៅក្នុងការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ។ កាលពីសប្ដាហ៍មុន សាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រឆាំងនឹងប្រធានការិយាល័យអប់រំស្រុកអន្លង់វែង ដែលផ្លាស់ប្ដូរកន្លែងបម្រើការរបស់គ្រូមួយចំនួន ដោយមិនសមរម្យ ហើយបន្ទាប់មកក៏មានលិខិតអនាមិកមួយទៀត បកអាក្រាតពីភាពមិនប្រក្រតីក្នុងការងាររបស់មន្ត្រីការិយាល័យអប់រំនោះ ជុំវិញការកេងបន្លំយកប្រាក់ខែរបស់រដ្ឋ។
ក្រុមគ្រូបង្រៀនមួយចំនួន ជំរុញឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ ត្រូវតែស៊ើបអង្កេតទៅលើអំពើពុករលួយដែលកំពុងកើតមាន នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអន្លង់វែង។
ការជំរុញនេះ បន្ទាប់ពីពួកគេមិនសប្បាយចិត្តជាមួយប្រធានការិយាល័យអប់រំនោះ នៅពេលដែលគេដឹងថា ប្រធានការិយាល័យបានបន្លំយកឈ្មោះពួកគេទៅដាក់ជាគ្រូបង្រៀនពីរពេល ដើម្បីបំប៉ោងចំនួនបើកយកប្រាក់របស់រដ្ឋ ដោយមិនប្រាប់ម្ចាស់ខ្លួនឲ្យដឹង។
គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សា ហ៊ុន សែន អន្លង់វែង ដែលសុំមិនបញ្ចេញឈ្មោះ អះអាងថា កាលពីឆ្នាំសិក្សា២០១៣ កន្លងទៅ ការិយាល័យអប់រំស្រុកអន្លង់វែង ធ្លាប់បានយកឈ្មោះរបស់គាត់ទៅដាក់ធ្វើជាគ្រូបង្រៀនពីរពេល ដោយគាត់មិនដឹងខ្លួន។ គ្រូបង្រៀនដដែលបញ្ជាក់ថា ប្រាក់ខែរបស់គាត់ចំនួន ៥១ម៉ឺនរៀលក្នុង១ខែ ស្រាប់តែពេលទៅបើកប្រាក់ខែ គឺគាត់ភ្ញាក់ផ្អើល ដោយសារឃើញឈ្មោះរបស់គាត់នៅក្នុងបញ្ជីគ្រូបង្រៀនពីរពេល ហើយប្រាក់ខែក៏កើនឡើង។ ក៏ប៉ុន្តែ បន្ទាប់ពីគាត់បើកយកប្រាក់ខែទាំងអស់នោះមកបានបន្តិច ក៏មានមន្ត្រីការិយាល័យអប់រំស្រុកតាមមកទារយកវិញ ពេលនោះលោកក៏បានស្ដីបន្ទោសដែរ៖ «ខ្ញុំថាឈ្មោះខ្ញុំចេះតែយកទៅដាក់ផ្ដេសផ្ដាសៗ ចុះបើយកឈ្មោះទៅហើយគេមិនបង្រៀនគេមិនអី ហើយឲ្យទៅអ្នកណាជំនួស ហើយគេយកទៅមានរឿងរ៉ាវអី ខ្ញុំអ្នកទទួលខុសត្រូវហ្នឹងមិនប្រាប់ខ្ញុំសោះ?»។
គ្រូបង្រៀននៅស្រុកអន្លង់វែង ខ្លះទៀត បានសរសេរជាលិខិតអនាមិករិះគន់អំពីអំពើពុករលួយរបស់ការិយាល័យអប់រំ យុវជន និងកីឡា របស់ស្រុកអន្លង់វែង នោះ។ លិខិតអនាមិកដែលផ្ញើមកវិទ្យុអាស៊ីសេរី តាមប្រព័ន្ធអេឡិចត្រូនិក ឲ្យដឹងថា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអន្លង់វែង កំពុងបង្កើតភាពមិនប្រក្រតីជាច្រើន។ ភាពមិនប្រក្រតីទាំងនោះមានដូចជា មានគ្រូបង្រៀនមួយចំនួនបានព្យួរការងាររដ្ឋ ទៅធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលទៅហើយ ក៏ប៉ុន្តែការិយាល័យអប់រំនៅតែស៊ុមគ្រលុំបើកប្រាក់ខែឲ្យជារៀងរាល់ខែ។ គ្រូបង្រៀនខ្លះទៀត មិនសូវមកកន្លែងធ្វើការទេ ដោយមានមុខរបររកស៊ីផ្សេងទៀត ក៏ប៉ុន្តែការិយាល័យនៅតែបើកប្រាក់ខែ។ រីឯភាពមិនប្រក្រតីដែលធំបំផុត គឺការយកឈ្មោះគ្រូជាច្រើននាក់ទៅដាក់ធ្វើជាអ្នកបង្រៀនពីរពេល ដោយម្ចាស់មិនដឹងខ្លួន ហើយបន្លំបើកយកប្រាក់ខែពីរដ្ឋជាដើម។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកអន្លង់វែង លោក ញាញ ទន ដើម្បីសុំការពន្យល់ជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយ។
ចំណែកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ លោក ប៉ិច រតនា បង្ហាញពីជំហរមិនគាំទ្រសកម្មភាពបែបនោះទេ។ លោក ប៉ិច រតនា បញ្ជាក់ថា លោកមិនទាន់បានដឹងអំពីរឿងនោះនៅឡើយ ហើយលោកសន្យាថានឹងធ្វើការស្រាវជ្រាវជុំវិញករណីទាំងឡាយនោះ៖ «ចាំមើលខ្ញុំទាក់ទងរកប្រភពព័ត៌មានពិត ហើយយើងនឹងសួរទៅការិយាល័យស្រុក។ ករណីហ្នឹងស្រុកអត់ដែលរាយការណ៍ ហើយគ្រូក៏មិនបានរាយការណ៍មកខាងមន្ទីរផង។ បើសិនជាគាត់រាយការណ៍មកមន្ទីរ គឺមន្ទីរអាចស្រាវជ្រាវបានហើយ អត់មានអីអាថ៌កំបាំងទេ»។
សាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តឧត្តរមានជ័យ អះអាងថា ភាពមិនប្រក្រតីទាំងនោះ ពិតជាកើតមាននៅស្រុកអន្លង់វែង មែន។
ប្រធានសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តឧត្តរមានជ័យ លោក ញ៉ន សារុន អះអាងថា ប្រធានការិយាល័យអប់រំស្រុកអន្លង់វែង ពិតជាបានយកឈ្មោះគ្រូជាច្រើននាក់ ទៅបន្លំធ្វើជាអ្នកបង្រៀនពីរពេល ហើយបើកយកប្រាក់ខែពីរដ្ឋមែន។ លោក ញ៉ន សារុន បញ្ជាក់ថា កន្លងទៅលោកធ្លាប់ទាមទារឲ្យការិយាល័យអប់រំស្រុកអន្លង់វែង ប្រមូលលុយបន្លំទាំងនោះបង្វិលទៅឲ្យរដ្ឋវិញ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គឺមិនទាន់មានព័ត៌មានណាមួយដែលថា មន្ត្រីការិយាល័យអប់រំបង្វិលលុយទាំងនោះទៅឲ្យរដ្ឋវិញនៅឡើយទេ៖ «ពីឆ្នាំចាស់ហ្នឹង ប្រធានការិយាល័យលួចបំប៉ោងឈ្មោះគ្រូ មានន័យថា គ្រូហ្នឹងគាត់អត់ដឹងខ្លួនថាការិយាល័យដាក់ឈ្មោះគាត់បង្រៀនថ្នាក់ពីរពេលទេ ប៉ុន្តែនៅពេលដែលបើកប្រាក់បៀវត្សនោះ គឺដោយសារគេបើកពីរដង។ បើកលើកទី១ នៅតាមការិយាល័យអប់រំស្រុកនីមួយៗ លើកទី២នៅ គឺនៅធនាគារ។ ដូច្នេះបែករឿងដោយសារគ្រូបង្រៀន១ថ្នាក់ ហើយគេបំប៉ោងឈ្មោះគាត់ដាក់២ថ្នាក់នោះ ស្រាប់តែគាត់ឃើញប្រាក់ខែគាត់ទ្វេដង»។
មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ ចាត់ទុកការបំប៉ោង ឬក៏ការបន្លំដែលខុសពីការពិត និងគោលការណ៍ដែលមានចែង គឺជាការអនុវត្តមិនល្អនៅក្នុងផ្នែកនីតិរដ្ឋបាលព្រមទាំងអាចចាត់ទុកជាអំពើពុករលួយផង៖ «បើសិនជាមានពាក់ព័ន្ធជាមួយនឹងការកេងចំណេញជាផលប្រយោជន៍បុគ្គល បានមកពីសេវាបំប៉ោងផ្សេងៗហ្នឹង វាជាប្រភេទនៃអំពើពុករលួយមួយហើយ។ វិធានការស្របច្បាប់ទី១ គឺក្រសួងអប់រំ ត្រូវតែធ្វើការងារទៅលើមន្ត្រីក្រោមឱវាទរបស់ខ្លួន ជាពិសេសនៅកម្រិតការិយាល័យអប់រំស្រុក កម្រិតមន្ទីរហ្នឹង»។
លោក សន ជ័យ ឲ្យដឹងថា នេះ គឺជាករណីខុសធម្មតាពាក់ព័ន្ធនឹងវិស័យអប់រំ ដែលលោកពុំធ្លាប់ស្រាវជ្រាវទេ ក៏ប៉ុន្តែលោកជឿថា ការកេងបន្លំដាក់ឈ្មោះគ្រូបង្រៀនមួយពេល ទៅជាអ្នកបង្រៀនពីរពេល ដើម្បីបំប៉ោងបើកយកប្រាក់ខែពីរដ្ឋនេះ គឺអាចកើតមាននៅតាមតំបន់ជនបទជាច្រើនទៀតនៃប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
