ភាព​មិន​ប្រក្រតី​នៃ​ការ​កំណត់​ហាង​ឆេង​ប្រឡង​ប្ដូរ​ក្របខ័ណ្ឌ​គ្រូ​បង្រៀន

ការ​ប្រឡង​ប្ដូរ​ប្រភេទ​ក្របខ័ណ្ឌ​គ្រូ​បង្រៀន ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ នឹង​ត្រូវ​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី ដូច​ជា​ការ​កំណត់​ហាង​ឆេង​សម្រាប់​បង់​លុយ​ប្ដូរ​ក្របខ័ណ្ឌ និង​ការ​តម្រូវ​ឲ្យ​បេក្ខជន​ជា​គ្រូ​បង្រៀន ត្រូវ​ទិញ​ពាក្យ និង​បង់​លុយ​ថ្លៃ​ពាក្យ​ប្រឡង​ជា​ដើម។

0:00 / 0:00

ស្រប​ពេល​ដែល​ការ​ប្រឡង​ប្ដូរ​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ក្នុង​ក្រសួង​អប់រំ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នេះ មាន​ដំណឹង​ជា​ច្រើន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​កំណត់​ហាង​ឆេង​បង់​លុយ ដើម្បី​ប្ដូរ​ក្របខ័ណ្ឌ ដែល​តម្លៃ​ចាប់ ១.៥០០​ដុល្លារ​ឡើង​ទៅ ៣​ពាន់​ដុល្លារ សម្រាប់​គ្រូ​បង្រៀន​ម្នាក់ៗ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា ការ​កំណត់​ហាង​ឆេង​សម្រាប់​ប្ដូរ​ក្របខ័ណ្ឌ​គ្រូ​បង្រៀន​នេះ បាន​កើត​មាន​ឡើង​តាំង​ពី​ដើម​ខែ​វិច្ឆិកា។ បញ្ហា​នេះ កំពុង​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយ​បារម្ភ​ពី​គុណភាព​អប់រំ ដែល​នាំ​ទៅ​រក​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សង្គម​ថែម​ទៀត៖ «មាន​ហាង​ឆេង​ពី ១.៥០០ ទៅ ៣​ពាន់​ដុល្លារ សម្រាប់​ការ​ផ្លាស់​ប្ដូរ​ក្របខ័ណ្ឌ​ប្រភេទ (ខ) ទៅ (ក) (គ) មក (ខ) អី​ហ្នឹង យើង​កំពុង​ធ្វើ​ការងារ​ហ្នឹង​បន្ត​ទៀត ដើម្បី​យ៉ាង​ណា​យើង​នឹង​លើក​បញ្ហា​ហ្នឹង​ដាក់​ជូន​ក្រសួង​អប់រំ ឲ្យ​ពិនិត្យ​មើល និង​ទប់ស្កាត់​ប្រភព​ដែល​មាន​ហាង​ឆេង​ហ្នឹង»

ក្រៅ​ពី​ការ​កំណត់​ហាង​ឆេង​ប្ដូរ​ប្រភេទ​ក្របខ័ណ្ឌ​គ្រូ​បង្រៀន​នេះ នៅ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត ទាក់ទិន​ទៅ​នឹង​ការ​តម្រូវ​ឲ្យ​បេក្ខជន​ប្រឡង ទិញ​ពាក្យ និង​បង់​លុយ​ថ្លៃ​ដាក់​ពាក្យ​ប្រឡង​នៅ​តាម​ខេត្ត​ក្រុង​ជា​ច្រើន​ទៀត។ ជាក់​ស្ដែង ដូច​ជា​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ប្រភព​ពី​ក្រុម​គ្រូ​បង្រៀន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា នៅ​ខេត្ត​បាត់ដំបង គេ​បាន​កំណត់​ឲ្យ​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​ទិញ​ពាក្យ​ប្រឡង​ថ្លៃ ៥​ពាន់​រៀល ហើយ​នៅ​ពេល​យក​ពាក្យ​នោះ​ទៅ​ដាក់​ប្រឡង ត្រូវ​បង់​លុយ​ចំនួន ៥​ពាន់​រៀល​ថែម​ទៀត៖ «តាម​ពិត ធម្មតា​គេ​បង់​តែ ២​ពាន់​ទេ ប៉ុន្តែ​គាត់​ខាង​មន្ទីរ​អប់រំ​ហ្នឹង គាត់​យក ៥​ពាន់​រៀល។ បើ​ខ្ញុំ​ស៊ើប​ទៅ​សម្រាប់​លោក​ប្រធាន​អនុប្រធាន​ការិយាល័យ​នៅ​តាម​ស្រុក ដូច​ជា​មិន​ត្រូវ​ការ​ឲ្យ​បង់​លុយ​អី​ទេ ខាង​ខ្ញុំ​សុំ​ឲ្យ​មន្ទីរ​អប់រំ​ហ្នឹង គិត​អំពី​បញ្ហា​ហ្នឹង កុំ​ឲ្យ​គាត់​ចេះ​តែ​យក​ដោយ​អត់​មាន​ការ មិន​ដឹង​ថា យក​ពី​មូលហេតុ​អី ព្រោះ​ការ​ប្រឡង​ជា​ទូទៅ ច្រើន​តែ​ចែក​ក្រដាស ៤​សន្លឹក ៥​ពាន់​រៀល វា​ហាក់​ដូច​ថ្លៃ​ណាស់​សម្រាប់​ខ្ញុំ​នៅ​ស្រុក​ឆ្ងាយ ព្រោះ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ ហើយ​ចំណាយ​លើ​បញ្ហា​ហ្នឹង​ទៀត»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​អប់រំ ជុំវិញ​ព័ត៌មាន​នៃ​ការ​កំណត់​ហាង​ឆេង​ប្ដូរ​ក្របខ័ណ្ឌ​គ្រូ​បង្រៀន និង​ការ​លក់​ពាក្យ​ប្រឡង​នេះ​បាន​ទេ។

ទាក់ទិន​ការ​លក់​ពាក្យ​ប្រឡង និង​តម្រូវ​ឲ្យ​បង់​លុយ​ថ្លៃ​ដាក់​ពាក្យ​ប្រឡង​នេះ ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង លោក ងី សែត មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ ពុំ​បាន​តម្រូវ​ឲ្យ​បេក្ខជន​ប្រឡង ទិញ​ពាក្យ និង​បង់​លុយ​ថ្លៃ​ដាក់​ពាក្យ​ប្រឡង​នោះ​ទេ ប៉ុន្តែ​ដោយសារ​មន្ទីរ​អប់រំ​ត្រូវ​ការ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ថត​ចម្លង​ពាក្យ​ប្រឡង​ច្រើន ទើប​ខាង​មន្ទីរ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ៖ «តាម​ពិត កាល​ពី​ដំបូង គឺ​យើង​អត់​បាន​យក​លុយ​ទេ ក៏ប៉ុន្តែ​ក្រោយ​មក ក្រសួង​បាន​ណែនាំ​ថា ឲ្យ​គ្រូ​ដាក់​ពាក្យ​ប្រឡង​បាន​ទាំងអស់​គ្នា។ អ៊ីចឹង យើង​ខ្វះ​ពាក្យ​ចាត់​ចែង​ជូន​គាត់ អ៊ីចឹង​បាន​ខាង​ការិយាល័យ​បុគ្គលិក​គេ​សុំ​ថវិកា​ខ្លះ ដើម្បី​ជួយ​ចំណាយ​រឿង​ថត​ចម្លង»

ថ្មីៗ​នេះ ក្រសួង​អប់រំ បាន​ប្រកាស​សម័យ​ប្រឡង​ប្ដូរ​ប្រភេទ​ក្របខ័ណ្ឌ​គ្រូ​បង្រៀន​ពី​ក្របខ័ណ្ឌ (គ) ទៅ​ក្របខ័ណ្ឌ (ខ) និង​ពី​ក្របខ័ណ្ឌ (ខ) ទៅ​ក្របខ័ណ្ឌ (ក) នៅ​ទូទាំង​ប្រទេស​កម្ពុជា។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ប្រៀបធៀប​សម័យ​ប្រឡង​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ ម្ដងៗ​នោះ ទៅ​នឹង​រដូវ​ភ្ជុំ​បិណ្ឌ​របស់​មន្ត្រី​ថ្នាក់​លើ​ជា​អ្នក​គ្រប់គ្រង ដែល​ឋានៈ​ធំៗ​នៅ​ក្នុង​ក្រសួង​អប់រំ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ យល់​ថា បញ្ហា​នេះ​ទាមទារ​ឲ្យ​ក្រសួង​អប់រំ មាន​វិធាន​ការ​ទប់ស្កាត់ បើ​ពុំ​ដូច្នេះ​ទេ វិស័យ​អប់រំ​ពុំ​ទទួល​បាន​នូវ​គុណភាព ប្រសិទ្ធភាព​ខ្ពស់​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។