អាជ្ញាធរ​ស្រុក​មេមត់​រង​ការ​ចោទ​ថា​យក​ថ្លៃ​សេវា​បញ្ជាក់​ឯកសារ​ខ្ពស់​ពី​ពលរដ្ឋ

ប្រជាពលរដ្ឋ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ត្អូញត្អែរ​ថា នៅ​ពេល​ដែល​ពួក​គាត់​ទៅ​​សុំ​ការ​បញ្ជាក់​លើ​លិខិត​ប្លង់​ដី ឬ​ផ្ទះ​ពី​មេ​ភូមិ​ដើម្បី​អាច​ខ្ចី​លុយ​ពី​ធនាគារ​បាន​នោះ ត្រូវ​បាន​មេ​ភូមិ​កម្រិត​តម្លៃ​សេវា​ជា​មុន។ ពួក​គាត់​បាន​លើក​ឡើង​ថា ពួកគាត់​អាច​ជួប​ការ​លំបាក​ប្រសិន​បើ​តម្លៃ​សេវា​នោះ​មាន​តម្លៃ​ខ្ពស់​ពេក។

0:00 / 0:00

ទាក់ទង​នឹង​បញ្ហា​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​មេភូមិ​បដិសេធ​ថា គាត់​មិន​បាន​កម្រិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ហើយ​កន្លង​មក​ប្រជាពលរដ្ឋ​គាត់​ឱ្យ​ត្រឹម​តែ ២ ឬ ៣​ពាន់​រៀល ដែល​ជា​ទឹក​ចិត្ត​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ដា ស្រុក​មេមត់ បាន​លើក​ឡើង​ពី​ការ​ទារ​ប្រាក់​របស់​មេ​ភូមិ​ជា​ច្រើន​ម៉ឺន​រៀល នៅ​ពេល​ដែល​ពួកគាត់​បាន​ទៅ​ឱ្យ​មេ​ភូមិ​​បញ្ជាក់​ប្លង់​ផ្ទះ ឬ​ដី ដើម្បី​អាច​បាន​ខ្ចី​លុយ​ពី​ធនាគារ​បាន​នោះ។ប្រជាពលរដ្ឋ​ថា មេ​ភូមិ​បាន​កម្រិត​ទារ​ប្រាក់​ពេល​បញ្ជាក់​រួច​ ២​ម៉ឺន​រៀល និង​នៅ​ពេល​ដែល​ធនាគារ​យក​លុយ​មក​ប្រគល់​ឱ្យ​គឺ​ត្រូវ​ឱ្យ​គាត់ ២​ម៉ឺន​រៀល​ទៀត។

ប្រជាពលរដ្ឋ​នៅ​ភូមិ​សាឡង់១ ឃុំ​ដា ស្រុក​មេមត់ លោក ឌឺ សារ៉ា បាន​ឱ្យ​ដឹង​ថា កន្លង​មក​មេ​ភូមិ​សាឡង់​មួយ បាន​កម្រិត​ទារ​ប្រាក់​ក្នុង​តម្លៃ​ខ្ពស់​ពី​ប្រជាពលរដ្ឋ​ នៅ​ពេល​ពួក​គាត់​ត្រូវ​ការ​ចង​ការ​ប្រាក់​ពី​ធនាគារ ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​គាត់​ខ្លាច​ខ្ចី​លុយ​មិន​បាន ទើប​គ្មាន​នរណា​ចេញ​មុខ។

លោក​បន្ត​ថា​ ប្រសិន​ជា​ប្រជាពលរដ្ឋ​គាត់​ជូន​ប្រាក់​ទៅ​មេ​ភូមិ​ដោយ​មនោសញ្ចេតនា​ នោះ​គាត់​មិន​សូវ​អើពើ​នោះ​ទេ ក៏​ប៉ុន្តែ​នេះ​មេ​ភូមិ​បាន​ដាក់​កម្រិត​យក​ពី​ប្រជាពលរដ្ឋ​តែម្ដង៖ «គាត់​ធ្វើ​អា​ក្រដាស​មួយ​ហ្នឹង ពីរ​ម៉ឺន​អ៊ីចឹង ហើយ​ដល់​ពេល​បាន​លុយ​ពី​ប្រាសាក់​ហ្នឹង​មក គាត់​ដក​​ពីរ​ម៉ឺន​ទៀត អ៊ីចឹង​ក្នុង​មួយ​នាក់​ហ្នឹង​គាត់​អស់ បួន​ម៉ឺន។ ហើយ​ខ្ញុំ​សួរ​គេ​ទាំង​អស់​គ្នា​អ៊ីចឹង​មក​ទៀត ថា​គាត់​យក​អ៊ីចឹង ខ្ញុំ​ធ្វើ​ម៉េច បើ​គាត់​ថា​យក​ប៉ុណ្ណឹង​អ៊ីចឹង។ ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង មិន​មែន​ទៅ​ដេញ​ដោល​អី​ទេ ក៏​ប៉ុន្តែ​គាត់​ដាក់​កម្រិត បើ​ថា​មនោសញ្ចេតនា​ បើ​ថា​គេ​ស្រលាញ់ គេ​អាណិត គេ​ឱ្យ​គាត់​ប៉ុណ្ណឹង​មិន​មែន​ទៅ​ឈឺឆ្អាល​អី​ទេ ប៉ុន្តែ​គាត់​ដាក់​កម្រិត ដល់​អ៊ីចឹង​ពួក​ហ្នឹង​គេ​កើត​ទុក្ខ​មិន​សុខ​ចិត្ត»

លោក​បន្ត​ថា លោក​ចង់​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ផ្សេងៗ ​ជូន​ប្រជាពលរដ្ឋ​ ទើប​អាច​ធានា​បាន​នូវ​ការ​គោរព​ច្បាប់ ជៀសវាង​ការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ខាត​កាន់​តែ​ជួប​ការ​លំបាក៖ «កុំ​ឱ្យ​លោក​មេភូមិ​គាត់​ធ្វើ​អ៊ីចឹង​ទៀត បើ​ប្រជាពលរដ្ឋ​គាត់​ឱ្យ​ដោយ​មនោសញ្ចេតនា ដូច​ខ្ញុំ​ជម្រាប​ខាង​ដើម​អ៊ីចឹង​ថា កុំ​ថា​ពីរ​ម៉ឺន ឬ​បួន​ម៉ឺន ឱ្យ​ម្ភៃ​សាមសិប​ម៉ឺន​ក៏ដោយ​ឱ្យ​តែ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​មនោសញ្ចេតនា​ដាក់​គាត់ គេ​មិន​ថា​អី​ទេ។ ប៉ុន្តែ​គាត់​ដាក់​កម្រិត​អ៊ីចឹង​វា​ខុស​នឹង​ច្បាប់​របស់​យើង សូម្បី​តែ​កម្រិត​ត្រឹម​តែ​មួយ​ពាន់​ក៏​ខុស​ច្បាប់​ដែរ មិន​អ៊ីចឹង​លោក?»

មេ​ភូមិ​សាឡង់១ លោក សែ សែន បាន​​ច្រាន​ចោល​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​នោះ ថា​វា​ជា​រឿង​មិន​ពិត​នោះ​ទេ ពីព្រោះ​កន្លង​មក​លោក​​មិន​ដែល​បាន​ដាក់​កម្រិត​ដើម្បី​​យក​ថ្លៃ​សេវា​ពី​ប្រជាពលរដ្ឋ​​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លោក​បន្ត​ថា លោក​ធ្លាប់​តែ​និយាយ​លេង​ពី​បញ្ហា​នេះ​ជាមួយ​ប្រជាពលរដ្ឋ​ ហើយ​ប្រជាពលរដ្ឋ​ឱ្យ​ប្រាក់​ថ្លៃ​សេវា​​តាម​សន្តាន​ចិត្ត​របស់​ពួក​គាត់​ គឺ​ត្រឹម​តែ​ ២ ឬ ៣​ពាន់​រៀល​តែប៉ុណ្ណោះ។

លោក សែ សែន៖ «និយាយ​លេង​ជាមួយ​វា ជាមួយ​ពួក​វា​នេះ យក​ឱ្យ​គេ​ទៅ ហើយ​ឱ្យ​អ ​២ៗ​ម៉ឺន​ផង ថា​មែន ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​យក​នោះ​ទេ ខ្ញុំ​គ្មាន​បង្គាប់​អី​ទេ គេ​ឱ្យ​តាម​មនោសញ្ចេតនា​របស់​គាត់។គ្មាន​ទេ ពួក​នោះ​ឱ្យៗ​តាម​ទឹក​ចិត្ត​របស់​គាត់ បី​ពាន់ ឬ​ពីរ​ពាន់​ បារី តែ​ខ្ញុំ​មិន​ដែល​យក​ផង»

​​លោក​បន្ថែម​ទៀត​ថា លោក​មិន​បាន​កម្រិត​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ឡើយ​ ពីព្រោះ​ប្រាក់​នោះ​ប្រជាពលរដ្ឋ​ជា​អ្នក​សង​ខ្លួន​ឯង ហើយ​លោក​មិន​ដែល​ប្រកាន់​និន្នាការ​នយោបាយ​បក្ស​ណា​នោះ​ទេ គឺ​មាន​តែ​អប់រំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ស្រុក​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ​ជាមួយ​គ្នា​ទៀត​ផង។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ គប្បី​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ដើម្បី​ភាព​ត្រឹម​ត្រូវ​និង​តម្លា​ភាព​នៅ​ក្នុង​សង្គម​ទើប​​ជា​ការ​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។