ការ​គ្រប់គ្រង​អំពើ​ពុក​រលួយ​របស់​គម្រោង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី

0:00 / 0:00

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្ដល់​​ជំនួយ​​ជា​ថវិកា​ឲ្យ​​ប្រទេស​កម្ពុជា រៀង​រាល់​ឆ្នាំ ហើយ​ក្រៅ​ពី​ជំនួយ​ថវិកា ក៏​មាន​​គម្រោង​អភិវឌ្ឍន៍​​​ដែល​ជួយ​លើ​ផ្នែក​បច្ចេកទេស​ជា​ច្រើន​ទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​ ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។
អ្នក​វិភាគ​កិច្ចការ​អភិវឌ្ឍន៍​សង្គម បារម្ភ​​​ថា យន្តការ​​នៃ​ការ​អភិវឌ្ឍ​គម្រោង​​​ទាំង​នោះ ​អាច​​មិន​មាន​តម្លាភាព និង​​មាន​​អំពើ​ពុក​រលួយ ដូច​ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​​គម្រោង​របស់​មូលនិធិ​សកល​ជា​ដើម។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ វាយ​តម្លៃ​គម្រោង​ពីរ​របស់​ខ្លួន ដែល​ផ្ដោត​លើ​​ ការ​លើក​កម្ពស់​គុណភាព​អប់រំ​ ដែល​កំពុង​អនុវត្តន៍​នៅ​ខេត្ត​ស្វាយរៀង​ ​និង​ទឹក​ប្រាក់​មួយ​ភាគ​ ​​ផ្ដល់​​ទៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​​នៅ​រាជ​ធានី​ភ្នំពេញ។

ទឹក​ប្រាក់​គម្រោង​ទាំង​អស់​ដែល​មាន​តម្លៃ​ជាង ៥០​លាន​ដុល្លារ​នោះ​ មាន​គោល​បំណង​សង់​អគារ ​ដែល​បំពាក់​សម្ភារៈ​ពិសោធ​សម្រាប់​​សិស្ស​វិទ្យាល័យ ការ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​ជំនាញ ដូច​ជា​ជួសជុល​អគ្គិសនី ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​ឡាន និង​ម៉ូតូ​ជា​ដើម ដែល​ហៅ​ថា សាលា​ធនធាន។ សាលា​ធនធាន​នេះ បាន​សាងសង់​មួយ​កន្លែង​នៅ​​​​វិទ្យាស្ថាន​ជាតិ​អប់រំ និង​​ចំនួន​ពីរ​​កន្លែង​ទៀត​នៅ​ ខេត្ត​ស្វាយរៀង។

ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​អះអាង​ថា ដំណើរ​ការ​អភិវឌ្ឍ​គម្រោង​ដែល​ផ្ដល់​ដោយ​​ម្ចាស់​ជំនួយ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នោះ​ អាច​មាន​ភាព​មិន​ប្រក្រតី​​ណា​មួយ​​កើត​ឡើង​នៅ​ពេល​ដែល​គម្រោង​នោះ​ គ្រោង​នឹង​បញ្ចប់​នៅ​ខែ​តុលា ឆ្នាំ​២០១៤។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​​​ទទួល​ផល​គម្រោង និង​អ្នក​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​​​អប់រំ និង​ក្រសួង​ការងារ​​បាន​បដិសេធ​ចំពោះ​ការ​ព្រួយ​បារម្ភ​ទាំង​​នោះ។

នាយក​វិទ្យាស្ថាន​ជាតិ​អប់រំ លោក សៀង សុវណ្ណា មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​បាន​អនុវត្ត​ស្រប់​ទៅ​តាម​គោលដៅ​នៃ​គម្រោង ដូច​ជា​​​ការ​បើក​​​ឱកាស​ឲ្យ​សិស្ស​ធ្វើ​កិច្ចការ​ស្រាវជ្រាវ និង​ការ​បណ្ដុះបណ្ដាល​​បច្ចេកទេស​សិក្សា ដែល​បង្ហាញ​ពី​សកម្មភាព​ទៅ​ម្ចាស់​ជំនួយ​ថា ​ជា​ការ​អនុវត្ត​ត្រឹមត្រូវ៖ «យើង​ដឹង​ហើយ​ ថា​កន្លែង​នេះ គឺ​សម្រាប់​អី យើង​សុំ​គេ​មក​សម្រាប់​អី? គឺ​សម្រាប់​ឲ្យ​សិស្ស​ស្រាវជ្រាវ​សម្រាប់​ឲ្យ​សិស្ស​ផលិត​ឯកសារ។ អ៊ីចឹង​កាល​ណា​យើង​យក​មជ្ឈមណ្ឌល​ជា​កន្លែង​សម្រាប់​ស្រាវជ្រាវ ធ្វើ​ជា​កន្លែង​ផលិត​ឯកសារ អា​ហ្នឹង​គឺ​ជា​ការ​បង្ហាញ​មួយ (Prove) ​​ទៅ​​ម្ចាស់​ជំនួយ​ឲ្យ​គេ​ជួយ​បន្ត​ទៀត»

លោក សៀង សុវណ្ណា មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​ដែល​​ទទួល​ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នេះ គឺ​ការ​ឆ្លើយ​តប​​ស្រប​ពេល​កម្ពុជា ចាំបាច់​ត្រូវ​ពង្រឹង​គុណភាព​អប់រំ។ បន្ថែម​លើ​នេះ អ្នក​ដែល​ទទួល​ផល​ពី​គម្រោង​នេះ មាន​សិស្ស​ជាង​មួយ​ពាន់​នាក់ និង​បណ្ដុះបណ្ដាល​គ្រូ​ជាង ៣០០​នាក់​ក្នុង​មួយ​ឆ្នាំ។

​នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេកទេស​នៅ​ខេត្ត​ស្វាយរៀង លោក សូ ឡាដាំង មាន​ប្រសាសន៍​ថា អ្នក​ដែល​ទទួល​ផល​ពី​គម្រោង​បណ្ដុះបណ្ដាល​បច្ចេកទេស​ គឺ​​ត្រូវ​តែ​ជា​​​សិស្ស​ក្រីក្រ សិស្ស​ដែល​បោះបង់​ចោល​ការ​សិក្សា ឬ​អ្នក​ដែល​មាន​ពិការភាព​​ជា​ដើម ហើយ​ការ​ចូល​រៀន​នោះ​មិន​មាន​បង់​ថវិកា​អ្វី​ទាំង​អស់។ ការ​ជ្រើសរើស​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​ ដែល​ត្រួត​ពិនិត្យ​ដោយ​ក្រសួង​អប់រំ និង​ក្រសួង​ការងារ។

លោក សូ ឡាដាំង៖ «យើង​ជ្រើសរើស​ហ្នឹង គឺ​សំដៅ​ដែល​យើង​គិត​ពី​ដើម​ទី​ថា ជា​​ជន​ក្រីក្រ ទាហាន​រំសាយ​ សិស្ស​បោះបង់​ចោល​ការសិក្សា​ ឬ​សិស្ស​ហ្នឹង​មិន​មាន​ឱកាស គឺ​យើង​រើស​ទៅ​តាម​ហ្នឹង។ បើ​សិន​ជា​សិស្ស​ក្នុង​ចំណោម​ គោលដៅ​ដែល​យើង​ជ្រើសរើស​នោះ ​មាន​ន័យ​ថា អ្នក​ហ្នឹង​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ»

​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​គម្រោង និង​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​ផ្នែក​​កិច្ចការ​សង្គម​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា លោក ម៉ារ សុភា មាន​ប្រសាសន៍​ថា ​មិន​មាន​ភាព​មិន​​ប្រក្រតី​ណា​មួយ​កើត​ឡើង​ឡើយ ដោយសារ​តែ​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី បាន​តម្រូវ​ឲ្យ​មាន និង​​បំពេញ​លក្ខខណ្ឌ​​យ៉ាង​ខ្ជាប់​ខ្ជួន ​រួម​ទាំង​​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​​គ្រប់គ្រង​ជំនួយ​ច្បាស់​លាស់។

លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​​ករណី​ណា​មួយ​រក​ឃើញ​ថា​ គម្រោង​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ នោះ​​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​ដែល​តម្រូវ​ឲ្យ​ភាគី​ទទួល​ជំនួយ​នោះ​សង​លុយ​​ត្រឡប់​មក​វិញ ឬ​ក៏​ផ្អាក​ផ្ដល់​ជំនួយ​​មួយ​រយៈ​ឬ​រៀង​រហូត៖ «យើង​ធ្លាប់​មាន​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​ដែរ មិន​ថា​តែ​អ្នក​អនុវត្ត​គម្រោង​ បាន​ន័យ​ថា ជា​ស្ថាប័ន​​ជំនាញ​របស់​ក្រសួង ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​នោះ​ទេ។ ប៉ុន្តែ​សូម្បី​ជំនាញ​ការ​ដែល​ត្រូវ​បាន​ជួល​ដោយ​គម្រោង​ ​ដើម្បី​មក​ជួយ​ក្នុង​ការ​អនុវត្ត​គម្រោង​ហ្នឹង​ កាល​ណា​ក្រុមហ៊ុន​ហ្នឹង​គាត់​ធ្វើ​មិន​ត្រឹមត្រូវ ក៏​​យើង​ដាក់​ទណ្ឌកម្ម គឺ​អត់​អាច​ចូល​ទៅ​អនុវត្ត​គម្រោង​របស់​អេឌីប៊ី ទៅ​ថ្ងៃ​ក្រោយ​បាន»

របាយការណ៍​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​បង្ហាញ​ថា គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៤ គម្រោង​​បាន​​​បញ្ចប់​ផែនការ​សកម្ម​ប្រមាណ​ជាង ៩០% ដែល​ចំណាយ​ថវិកា​សរុប​ប្រមាណ​​ជិត ៨០% នៃ​ថវិកា​សរុប។

ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ ប៉ុន្តែ​​នាយក​អង្គការ​តម្លាភាព​លោក ព្រាប កុល មាន​ប្រសាសន៍​​​​ថា អំពើ​ពុករលួយ​​ពី​​​គម្រោង​​ជំនួយ​បរទេស​ដែល​អនុវត្ត​នៅ​ប្រទេស​កម្ពុជា មាន​រូប​ភាព​​ជា​ច្រើន​​ដែល​ត្រូវ​ បាន​គេ​លាក់បាំង និង​មាន​បច្ចេកទេស​ខ្ពស់​បំផុត​ លើ​ការ​កេង​យក​ប្រយោជន៍​​​ពី​ទឹក​ប្រាក់​ជំនួយ​ទាំង​នោះ​ ដូច​​ធ្លាប់​បាន​​កើត​​​ឡើង​នៃ​​ការ​ប្រើប្រាស់​​​​ជំនួយ​​នៃ​មូលនិធិ​សកល ​ដែល​គេ​បាន​រក​ឃើញ​អំពើ​ពុករលួយ​ នៅ​ក្នុង​​គម្រោង​របស់​ខ្លួន​ជួយ​គាំទ្រ​វិស័យ​សុខាភិបាល​ជា​ដើម។

លោក ព្រាប កុល៖ «អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាត់​មាន​ល្បិចកល គាត់​មាន​វិធី ឆ្លៀត​​កេង​ចំណេញ​ពី​នីតិវិធី​នីមួយៗ។ ឧបមា​ថា ការ​ធ្វើ​លទ្ធកម្ម គាត់​មាន​គ្នីគ្នា គាត់​មាន​ក្រុមហ៊ុន​ដែល​ជា​មិត្តភ័ក្ដិ ឬ​ក៏​មាន​បណ្ដាញ​របស់​គាត់​ដាក់​ដេញ​ថ្លៃ​​ ហើយ​ប្រសិន​បើ​យើង​ពិនិត្យ​មើល​នីតិវិធី​ ដូច​ជា​មិន​ខុស​អី​ទេ ប៉ុន្តែ​​ពី​ក្រោយ​ការ​អនុវត្ត​​ហ្នឹង គឺ​មាន​វិធី​​ មាន​ល្បិច​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​មាន​ការ​កេង​ប្រយោជន៍​ដើម្បី​ផល​ចំណេញ ចំណេញ​ថវិកា​សម្រាប់​ផ្ទាល់​ខ្លួន»

បន្ថែម​លើ​នេះ នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​និង​ការ​អនុវត្ត​ជំនួយ​បទេស​​ គឺ​ប្រើប្រាស់​ខុស​គោលដៅ និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​រវាង​ម្ចាស់​ជំនួយ និង​អ្នក​អនុវត្ត។ លោក​បញ្ជាក់​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា ចង់​បាន​ច្រើន​បំផុត​នោះ​ គឺ​ការ​ផ្ដល់​ប្រាក់​ជំនួយ​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​ងាយ​ស្រួល​ក្នុង​ការ​យក​ប្រើប្រាស់​តាម​វិធី​ណា​ក៏​បាន។ ជាក់ស្ដែង​រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ប្រកាស​រិះគន់​ធនាគារ​ពិភពលោក​កន្លង​ទៅ​ថា ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ​ពេក​ក្នុង​ការ​ស្នើ​សុំ​ប្រាក់​ជំនួយ​អភិវឌ្ឍន៍។

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​គម្រោង​អភិវឌ្ឍន៍​ជាង ៥០០យ​គម្រោង ដែល​កំពុង​អនុវត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្ដល់​គម្រោង​ច្រើន​ជាង​គេ​ដល់​កម្ពុជា ដែល​តំណាង​ឲ្យ ៣០% នៃ​គម្រោង​សរុប ឬ​ស្មើ​នឹង​​​ជាង ១៤០​​គម្រោង។

ក្នុង​ចំណោម​គម្រោង​​អភិវឌ្ឍន៍​ដែល​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ទាំង​អស់ មាន​តិច​តួច​ប៉ុណ្ណោះ ដែល​រក​ឃើញ​​​​មាន​ពាក់ព័ន្ធ​​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។