កម្មករ​អូស​រទេះ​នៅ​ច្រក​ប៉ោយប៉ែត​ចោទ​មន្ត្រី​អន្តោប្រវេសន៍​ពី​បទ​ពុករលួយ

0:00 / 0:00

មន្ត្រី​នគរបាល​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រង​ការ​ចោទ​ប្រកាន់​ថា បាន​ទា​ថ្លៃ​ខ្ពស់​ហួសហេតុ ដែល​មិន​អាច​ឲ្យ​ក្រុម​អ្នក​នាំ​ទំនិញ​ចូល​ទៅ​ក្នុង​ដី​ថៃ តាម​​មធ្យោបាយ​រទេះ​រុញ ទទួល​បាន​ផល​ចំណេញ។ ចំណែក​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល នៅ​ច្រក​ប៉ោយប៉ែត វិញ និយាយ​ថា ពុំ​មាន​សកម្មភាព​ជំរិត​ទា​លុយ​ពី​កម្មករ​អូស​រទេះ ដូច​ការ​​ចោទ​ទេ។

កម្មករ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ សីហា ថា នគរបាល​ផ្នែក​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បង្កើន​ការ​យក​លុយ​ពី​កម្មករ​អូស​រទេះ រហូត​ដល់​តម្លៃ​ពីរ​ដង​ដែល​ធ្លាប់​មាន។ ពួក​គេ​បន្ត​ថា ក្នុង​រយៈពេល​ជាង​កន្លះ​ខែ​មក​នេះ កម្មករ​រក​កម្រៃ​បាន​មិន​ដល់ ១​ម៉ឺន​រៀល​ផង និង​ពេល​ខ្លះ​ស្ទើរ​តែ​មិន​អាច​ទទួល​បាន​​កម្រៃជើងសា​ពី​ការ​ប្រើ​កម្លាំង​នេះ​ផង ក្នុង​មួយ​ថ្ងៃៗ៖ «គេ​ទារ​យើង ១​ម៉ឺន​ហើយ​យើង​អូស​មកៗ​ដល់​ណេះ​យើង​បង់​គយ​ថៃ​កន្លែង​គល់​ស្ពាន។ គេ​ទារ​ថ្លៃ​ទៅ គឺ​យើង​អស់​គឺ​ឥត​មាន​សល់​ទេ។ បញ្ហា​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ខាង​ខ្មែរ​នៅ​រង្វង់​​មូល។ ដល់​ពេល​រទេះ​អូស​មក​​ពី​ផ្សារ​ថៃ​អ៊ីចឹង ឥវ៉ាន់​ត្រឹម​តែ ២០០​គីឡូ ទារ​ដល់ ១​ម៉ឺន​ខ្មែរ»

កម្មករ​អូស​រទេះ នៅ​តាម​ច្រក​ទ្វារ​ប៉ោយប៉ែត និយាយ​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន ពួក​គេ​អាច​រក​បាន​ក្នុង​មួយ​ថ្ងៃ​ជាង ២​ម៉ឺន​រៀល។ ដោយ​សារ​ពេល​មុន​នេះ នគរបាល​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត ខាង​កម្ពុជា ទា​ថ្លៃ​ដឹក​ចេញ និង​ដឹក​អីវ៉ាន់​ចូល​យក​ក្នុង​តម្លៃ​ចន្លោះ​ពី ៣​ពាន់ ទៅ ៥​ពាន់​រៀល​យ៉ាង​ច្រើន ក្នុង​ពេល​ចេញ​និង​ចូល​ម្ដង។ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ដោយ​ការ​ទារ​ថ្លៃ​ដឹក​ឥវ៉ាន់​ខ្ពស់​ពេក​ហេតុ​នេះ​លុយ​ដែល​បាន​ពី​កម្លាំង​ពលកម្ម​នេះ ស្ទើរ​មិន​សល់​បាន ១​ម៉ឺន​រៀល​ផង​ក្នុង​មួយ​ថ្ងៃ។

កម្មករ​បន្ត​ថា ក្រៅ​ពី​ត្រូវ​បង់​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ខាង​កម្ពុជា នៅ​តាម​មាត់​ច្រក​ហើយ លើស​ពី​នេះ​ទៀត ថែម​ទាំង​ត្រូវ​បង់​ឲ្យ​គយ​ខាង​ភាគី​ថៃ​ទៀត​ផង។ ការ​ចំណាយ​នេះ​នៅ​មិន​ទាន់​រាប់​ពី​ការ​​បង់​ថ្លៃ​ប៉ាតង់ ដែល​កម្មករ​អះអាង​ថា មាន​ឈ្មួញ​ខ្មែរ​ទៅ​កាង​នៅ​ក្នុង​ផ្សារ​ឡុងគឿ ក្នុង​ទឹកដី​ថៃ​មួយ​គន្លាក់​ទៀត​នៅ​ឡើយ​ផង​នោះ។

បន្ទុក​នៃ​ការ​ចំណាយ​បន្ថែម​ទៀត​ពី​មុខ​របរ​អូស​រទេះ​នេះ កម្មករ​និយាយ​ថា ពួក​គេ​ក៏​ត្រូវ​ចំណាយ ក្រៅ​ពី​នេះ​ផ្សេង​ទៀត នៅ​ពេល​នាំ​ទំនិញ​ពី​ក្នុង​ទឹកដី​ថៃ​មក​កម្ពុជា។ ការ​ចំណាយ​បន្ថែម​ទៀត​នេះ គឺ​ភាគី​ថៃ តម្រូវ​ឲ្យ​កម្មករ​ត្រូវ​ថ្លឹង​គីឡូ​វិញ​ម្ដង ពេល​នាំ​ចេញ​មួយ​ជើងៗ ដោយ​ទំនិញ​មួយ​គីឡូក្រាម​យក​ក្នុង​តម្លៃ ២៥​បាត ឬ​ស្មើ​ជិត ៣​ពាន់​រៀល។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត ឲ្យ​ដឹង​ថា ក្នុង​សម័យ​នេះ​ទៅ​ហើយ គ្មាន​ពី​ណា​អាច​ជំរិត​ទា​លុយ​បាន​ដូច​មុន​ទៀត​នោះ​ទេ ហើយ​វា​រឹត​តែ​ពុំ​មាន​គោលការណ៍​ទៅ​ទៀត ដែល​ថា យក​លុយ​ពី​កម្មករ​នោះ។

លោក​និយាយ​ថា បច្ចុប្បន្ន​មន្ត្រី​នគរបាល​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិន័យ​របស់​ខ្លួន ស្រប​ពេល​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែទម្រង់​លើ​គោលនយោបាយ៖ «ចំពោះ​​បញ្ហា​រឿង​ទំនិញ នគរបាល​អន្តោប្រវេសន៍​មិន​មាន​ភារកិច្ច​ទេ។ គ្រាន់​តែ​​ថា នៅ​ក្នុង​ច្បាប់​អនុក្រឹត្យ ៦៤ គឺ​នគរបាល​អន្តោប្រវេសន៍​មាន​ភារកិច្ច​ត្រឹម​សហការ​ជាមួយ​ខាង​គយ​ទេ។ ឯកា​ជំរិត​ទារ​ប្រាក់​ឯ​កម្មករ​អូស​រទេះ​ហ្នឹង​វា​ហួស​សម័យ​មិន​មាន​សូម្បី​តែ​ទំនិញ​នៅ​​លើ​រថយន្ត​ធំៗ​ហ្នឹង ក៏​គយ​គាត់​ធ្វើ​ការ​បង់​ពន្ធ ១០០​ភាគរយ។ គាត់​បង់​ពន្ធ​យូរ​ហើយ មិន​មែន​​ទើប​ឥឡូវ​ទេ គឺ​បាន​ន័យ​ថា គយ​គាត់​រឹត​បន្តឹង​ចំណូល​ពន្ធ»

ពាក់ព័ន្ធ​បញ្ហា​នេះ កម្មករ​អូស​រទេះ ១៦​នាក់ ត្រូវ​បាន​តម្រួត​ថៃ​ដោះលែង​មក​វិញ ២​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​កម្មករ​ជាង ៣០០​នាក់ ធ្វើ​បាតុកម្ម​បិទ​ច្រក​ប៉ោយប៉ែត បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​១៦ សីហា ប្រឆាំង​ការ​រឹត​បន្តឹង​គោលការណ៍​លើ​ការ​យក​ពន្ធ​នាំ​ចូល​នៅ​តាម​ព្រំដែន​ពី​កម្មករ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាង​ថា នេះ​ជា​របៀប​ដោះ​សា​របស់​មន្ត្រី​ប្រចាំ​ច្រក​ប៉ោយប៉ែត ប៉ុណ្ណោះ។ លោក​សង្កេត​ឃើញ​ថា ធាតុ​ពិត​នៃ​ការ​អនុវត្ត​គឺ​ផ្ទុយ​ពី​នេះ។

លោក ស៊ុំ ច័ន្ទគា យល់​ឃើញ​ថា ប្រសិន​កម្ពុជា នៅ​បន្ត​អនុវត្ត​គោលនយោបាយ​ដូច​នេះ​ទៀត អាច​នឹង​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​រដ្ឋ​នៃ​សមាជិក​​អាស៊ាន៖ «មន្ត្រី​ដែល​នៅ​កន្លែង និយាយ​ឲ្យ​ចំ​ទៅ​នៅ​ក្នុង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ហ្នឹង​គាត់​តែង​តែ​​បដិសេធ​អ៊ីចឹង។ ប៉ុន្តែ​និយាយ​មិន​បាច់​ចាំ​តែ​​ត្រឹម​​តែ​កម្មករ​អូស​រទេះ​យក​លុយ​ទេ សូម្បី​តែ​លិខិត​ឆ្លង​ដែន​ហ្នឹង ដែល​គេ​គ្រាន់​តែ​ស្កេន​ផ្ដិត​មេដៃ​ហ្នឹង​ក៏​គាត់​យក​គេ​១ម៉ឺន​ដែរ។ អា​ហ្នឹង​ជាក់​ស្ដែង​នៅ​កន្លែង​ហ្នឹង។ យើង​ឃើញ​ការ​យក​ហ្នឹង​គួរ​តែ​កែប្រែ​ទាក់ទង​ទៅ​លើ​ចរិត ឥរិយាបថ​ដ៏​អាក្រក់ៗ ដែល​កើត​ឡើង​អ៊ីចឹង។ ព្រោះ​សង្គម​កម្ពុជា ឈប់​ទទួល​ស្គាល់​នូវ​ទង្វើ​ដ៏​អាក្រក់​អ៊ីចឹង​ហើយ»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​តំបន់ រក​ឃើញ​​ថា ការ​ប្រព្រឹត្ត​អំពើ​​ពុករលួយ​របស់​មន្រ្តី​នគរបាល​អន្តោប្រវេសន៍​និង​គយ ក្រោម​រូបភាព​ជំរិត​ទា​លុយ​នៅ​តាម​ច្រក​​ព្រំដែន​នៅ​តែ​បន្ត​កើត​ឡើង ហើយ​សកម្មភាព​នេះ រឹត​តែ​មាន​ឥទ្ធិពល​ និង​មាន​ប្រជាប្រិយ​​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។