មន្ត្រីនគរបាលនៃនាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងការចោទប្រកាន់ថា បានទាថ្លៃខ្ពស់ហួសហេតុ ដែលមិនអាចឲ្យក្រុមអ្នកនាំទំនិញចូលទៅក្នុងដីថៃ តាមមធ្យោបាយរទេះរុញ ទទួលបានផលចំណេញ។ ចំណែកមន្ត្រីជំនាញរបស់រដ្ឋាភិបាល នៅច្រកប៉ោយប៉ែត វិញ និយាយថា ពុំមានសកម្មភាពជំរិតទាលុយពីកម្មករអូសរទេះ ដូចការចោទទេ។
កម្មករដែលសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពឲ្យដឹងនៅថ្ងៃទី២៤ សីហា ថា នគរបាលផ្នែកអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្កើនការយកលុយពីកម្មករអូសរទេះ រហូតដល់តម្លៃពីរដងដែលធ្លាប់មាន។ ពួកគេបន្តថា ក្នុងរយៈពេលជាងកន្លះខែមកនេះ កម្មកររកកម្រៃបានមិនដល់ ១ម៉ឺនរៀលផង និងពេលខ្លះស្ទើរតែមិនអាចទទួលបានកម្រៃជើងសាពីការប្រើកម្លាំងនេះផង ក្នុងមួយថ្ងៃៗ៖ «គេទារយើង ១ម៉ឺនហើយយើងអូសមកៗដល់ណេះយើងបង់គយថៃកន្លែងគល់ស្ពាន។ គេទារថ្លៃទៅ គឺយើងអស់គឺឥតមានសល់ទេ។ បញ្ហាប៉ូលិសអន្តោប្រវេសន៍នៅខាងខ្មែរនៅរង្វង់មូល។ ដល់ពេលរទេះអូសមកពីផ្សារថៃអ៊ីចឹង ឥវ៉ាន់ត្រឹមតែ ២០០គីឡូ ទារដល់ ១ម៉ឺនខ្មែរ»។
កម្មករអូសរទេះ នៅតាមច្រកទ្វារប៉ោយប៉ែត និយាយថា កាលពីប៉ុន្មានខែមុន ពួកគេអាចរកបានក្នុងមួយថ្ងៃជាង ២ម៉ឺនរៀល។ ដោយសារពេលមុននេះ នគរបាលនៅច្រកទ្វារប៉ោយប៉ែត ខាងកម្ពុជា ទាថ្លៃដឹកចេញ និងដឹកអីវ៉ាន់ចូលយកក្នុងតម្លៃចន្លោះពី ៣ពាន់ ទៅ ៥ពាន់រៀលយ៉ាងច្រើន ក្នុងពេលចេញនិងចូលម្ដង។ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនេះ ដោយការទារថ្លៃដឹកឥវ៉ាន់ខ្ពស់ពេកហេតុនេះលុយដែលបានពីកម្លាំងពលកម្មនេះ ស្ទើរមិនសល់បាន ១ម៉ឺនរៀលផងក្នុងមួយថ្ងៃ។
កម្មករបន្តថា ក្រៅពីត្រូវបង់ឲ្យនគរបាលអន្តោប្រវេសន៍ខាងកម្ពុជា នៅតាមមាត់ច្រកហើយ លើសពីនេះទៀត ថែមទាំងត្រូវបង់ឲ្យគយខាងភាគីថៃទៀតផង។ ការចំណាយនេះនៅមិនទាន់រាប់ពីការបង់ថ្លៃប៉ាតង់ ដែលកម្មករអះអាងថា មានឈ្មួញខ្មែរទៅកាងនៅក្នុងផ្សារឡុងគឿ ក្នុងទឹកដីថៃមួយគន្លាក់ទៀតនៅឡើយផងនោះ។
បន្ទុកនៃការចំណាយបន្ថែមទៀតពីមុខរបរអូសរទេះនេះ កម្មករនិយាយថា ពួកគេក៏ត្រូវចំណាយ ក្រៅពីនេះផ្សេងទៀត នៅពេលនាំទំនិញពីក្នុងទឹកដីថៃមកកម្ពុជា។ ការចំណាយបន្ថែមទៀតនេះ គឺភាគីថៃ តម្រូវឲ្យកម្មករត្រូវថ្លឹងគីឡូវិញម្ដង ពេលនាំចេញមួយជើងៗ ដោយទំនិញមួយគីឡូក្រាមយកក្នុងតម្លៃ ២៥បាត ឬស្មើជិត ៣ពាន់រៀល។
ឆ្លើយតបការចោទប្រកាន់នេះ មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត ឲ្យដឹងថា ក្នុងសម័យនេះទៅហើយ គ្មានពីណាអាចជំរិតទាលុយបានដូចមុនទៀតនោះទេ ហើយវារឹតតែពុំមានគោលការណ៍ទៅទៀត ដែលថា យកលុយពីកម្មករនោះ។
លោកនិយាយថា បច្ចុប្បន្នមន្ត្រីនគរបាលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិន័យរបស់ខ្លួន ស្របពេលរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើគោលនយោបាយ៖ «ចំពោះបញ្ហារឿងទំនិញ នគរបាលអន្តោប្រវេសន៍មិនមានភារកិច្ចទេ។ គ្រាន់តែថា នៅក្នុងច្បាប់អនុក្រឹត្យ ៦៤ គឺនគរបាលអន្តោប្រវេសន៍មានភារកិច្ចត្រឹមសហការជាមួយខាងគយទេ។ ឯកាជំរិតទារប្រាក់ឯកម្មករអូសរទេះហ្នឹងវាហួសសម័យមិនមានសូម្បីតែទំនិញនៅលើរថយន្តធំៗហ្នឹង ក៏គយគាត់ធ្វើការបង់ពន្ធ ១០០ភាគរយ។ គាត់បង់ពន្ធយូរហើយ មិនមែនទើបឥឡូវទេ គឺបានន័យថា គយគាត់រឹតបន្តឹងចំណូលពន្ធ»។
ពាក់ព័ន្ធបញ្ហានេះ កម្មករអូសរទេះ ១៦នាក់ ត្រូវបានតម្រួតថៃដោះលែងមកវិញ ២ថ្ងៃក្រោយបន្ទាប់ពីកម្មករជាង ៣០០នាក់ ធ្វើបាតុកម្មបិទច្រកប៉ោយប៉ែត បណ្ដោះអាសន្ន កាលពីថ្ងៃទី១៦ សីហា ប្រឆាំងការរឹតបន្តឹងគោលការណ៍លើការយកពន្ធនាំចូលនៅតាមព្រំដែនពីកម្មករ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាងថា នេះជារបៀបដោះសារបស់មន្ត្រីប្រចាំច្រកប៉ោយប៉ែត ប៉ុណ្ណោះ។ លោកសង្កេតឃើញថា ធាតុពិតនៃការអនុវត្តគឺផ្ទុយពីនេះ។
លោក ស៊ុំ ច័ន្ទគា យល់ឃើញថា ប្រសិនកម្ពុជា នៅបន្តអនុវត្តគោលនយោបាយដូចនេះទៀត អាចនឹងប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងនាមជារដ្ឋនៃសមាជិកអាស៊ាន៖ «មន្ត្រីដែលនៅកន្លែង និយាយឲ្យចំទៅនៅក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែតហ្នឹងគាត់តែងតែបដិសេធអ៊ីចឹង។ ប៉ុន្តែនិយាយមិនបាច់ចាំតែត្រឹមតែកម្មករអូសរទេះយកលុយទេ សូម្បីតែលិខិតឆ្លងដែនហ្នឹង ដែលគេគ្រាន់តែស្កេនផ្ដិតមេដៃហ្នឹងក៏គាត់យកគេ១ម៉ឺនដែរ។ អាហ្នឹងជាក់ស្ដែងនៅកន្លែងហ្នឹង។ យើងឃើញការយកហ្នឹងគួរតែកែប្រែទាក់ទងទៅលើចរិត ឥរិយាបថដ៏អាក្រក់ៗ ដែលកើតឡើងអ៊ីចឹង។ ព្រោះសង្គមកម្ពុជា ឈប់ទទួលស្គាល់នូវទង្វើដ៏អាក្រក់អ៊ីចឹងហើយ»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងតំបន់ រកឃើញថា ការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍និងគយ ក្រោមរូបភាពជំរិតទាលុយនៅតាមច្រកព្រំដែននៅតែបន្តកើតឡើង ហើយសកម្មភាពនេះ រឹតតែមានឥទ្ធិពល និងមានប្រជាប្រិយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
