ប្រជាពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ប៉ុស្តិ៍ឆែកឆេររបស់មន្ត្រីអាវុធហត្ថមួយកន្លែងបង្កើតឡើងបែបកុងត្រូលខុសច្បាប់គាបសង្កត់ទារប្រាក់ពីរថយន្តដឹកអ្នកដំណើរ និងប្រជាពលរដ្ឋដឹកជញ្ជូនសម្ភារៈ ឬគ្រឿងសង្ហារិមឆ្លងកាត់តំបន់នោះ។ បង្កើតអោយមានកុងត្រូលនោះគឺខុសទៅនឹងការណែនាំរបស់លោកនាយករដ្ឋមន្ត្រីហាមមិនឲ្យមានកុងត្រូល តាមផ្លូវស្ទាក់ឃាត់រថយន្តរំខានការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅភូមិស្រែគរ នៅថ្ងៃទី២០ ខែមិថុនា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ជាពិសេស មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចាត់វិធានការទៅលើមន្ត្រីអាវុធហត្ថពីរនាក់ដែលបង្កើតកុងត្រូលខុសច្បាប់ជំរិតទារប្រាក់ពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនអ្នកដំណើរតាមរថយន្តពីភូមិស្រែគរទៅខេត្តស្ទឹងត្រែង សុំមិនបញ្ចេញឈ្មោះរៀបរាប់ថា ជិតមួយខែកន្លងទៅនេះ មានមន្ត្រីអាវុធហត្ថពីរនាក់មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មកឈរជើងបង្កើតជាប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចផ្លូវចូលភូមិស្រែគរ ហើយស្ទាក់ឃាត់រថយន្តដឹកជញ្ជូនអ្នកដំណើរដែលមានផ្ទុកគ្រឿងសង្ហារិមបន្តិចបន្តួចដើម្បីទារប្រាក់ពីម្ចាស់រថយន្តក្រោមហេតុផលថា រថយន្តនោះដឹកជញ្ជូនឈើខុសច្បាប់។
ប្រជាពលរដ្ឋដដែលសំដែងការខឹងសម្បាដោយសារមន្ត្រីអាវុធហត្ថទាំងពីរទារប្រាក់ពី ១០ម៉ឺន ទៅ ២០ម៉ឺនក្នុងរថយន្ត ឬគោយន្តមួយគ្រឿង។ ប្រសិនម្ចាស់រថយន្ត ឬម្ចាស់គោយន្តមិនព្រមបង់ប្រាក់តាមការកំណត់នោះទេ មន្ត្រីអាវុធហត្ថប្រើអំណាចស្ទាក់ទុករថយន្តមិនឲ្យឆ្លងកាត់ផ្លូវនោះបានឡើយ៖ «ឡានយើងរត់តាក់ស៊ី រត់ចេញពីភូមិហ្នឹង ទៅស្ទឹងត្រែង ដាក់ទ្វារមួយវង់ពីរហ្នឹង ក៏អត់បានដែរ។ ទារមួយឡាន ៥០ដុល្លារ ប៉េអឹមខេត្តៗ ថាមេឲ្យមករកលុយ»។
ដូចគ្នានេះដែរ ស្ត្រីរស់នៅភូមិស្រែគរ ម្នាក់ទៀត និយាយដោយកំហឹងថា មន្ត្រីអាវុធហត្ថទាំងពីរប្រើប្រាស់អាវុធគំរាមបាញ់ ព្រមទាំងជេរប្រមាថប្រជាពលរដ្ឋដឹកជញ្ជូនឈើតាមគោយន្តដែលរឹងទទឹងមិនបង់លុយទៅឲ្យពួកគេថែមទៀតផង។
អ្នកស្រីអំពាវនាវសុំឲ្យអាជ្ញាធរខេត្តបង្ក្រាបទៅលើមន្ត្រីអាវុធហត្ថដែលកំពុងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋមិនអាចប្រកបរបរចិញ្ចឹមជីវិតបានសុខស្រួល៖ «ប្រជាពលរដ្ឋពេលហ្នឹងគេខឹង គេឲ្យប្ដឹងផ្ដល់តែគេអត់ហ៊ាន។ ប៉េអឹមមកគាបសង្កត់ប្រជាពលរដ្ឋយកអ៊ីចេះ អ៊ីចុះ យកកាំភ្លើងប្រមាថអ៊ីចឹង។ ថាសុំមួយកាឡេថង ១០ម៉ឺន»។
របាយការណ៍របស់អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា មន្ត្រីអាវុធហត្ថទាំងពីរនាក់មានឈ្មោះ សេង សុភ័ណ្ឌ និងឈ្មោះ សុគន្ន រដ្ឋា បានមកបង្កើតប៉ុស្តិ៍ឆែកឆេរនេះ ប្រមាណជិតមួយខែកន្លងទៅ ដោយមិនបានផ្ដល់ព័ត៌មាន ឬលិខិតស្នាមអ្វីមកអាជ្ញាធរមូលដ្ឋានបានដឹងឡើយ។ មេឃុំស្រែគរ លោក សៀក មេគង្គ ទទួលស្គាល់ថា មន្ត្រីអាវុធហត្ថបានមកឈរជើង ឈរបង្កើតប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ពីព្រោះផ្លូវធ្វើដំណើរពីភូមិស្រែគរ មិនមានបញ្ហាអ្វីត្រូវបង្កើតប៉ុស្តិ៍ឆែកឆេរនោះទេ។
លោកបន្តថា នៅដើមសប្ដាហ៍ក្រោយលោកនឹងធ្វើរបាយការណ៍ជូនអាជ្ញាធរស្រុកជួយដោះស្រាយការតវ៉ារបស់ពលរដ្ឋ៖ «(ឡាន) យីឌុបដឹកទាំងយប់ទាំងថ្ងៃមិនចាប់ផង ដល់ប្រជាពលរដ្ឋរកបន្តិចបន្តួចគ្រាន់ដោះស្រាយទៅចាប់ជំរិតទារប្រាក់តាមអំពើចិត្ត។ ប្រជាពលរដ្ឋចាប់ផ្ដើមប្រតិកម្ម ឥឡូវគាត់ប្ដឹងមកខ្ញុំ»។
ឆ្លើយតបការចោទប្រកាន់ពីអ្នកភូមិនេះ មន្ត្រីអាវុធហត្ថឈ្មោះ សេង សុភ័ណ្ឌ និយាយដោយស្ទាក់ស្ទើរថា លោកមានបេសកកម្មមកឃ្លាំមើលបទល្មើសនៅតំបន់នោះ ប៉ុន្តែលោកមិនបានបង្កើតប៉ុស្តិ៍ឆែកឆេរគាបសង្កត់ប្រជាពលរដ្ឋដូចការអះអាងនោះឡើយ៖ «អត់មានប៉ុស្តិ៍ទេ អានោះវាចេះតែថា ខ្ញុំមកមើលបទល្មើសនៅហ្នឹង»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែមិថុនា មិនអាចទាក់ទងមេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សុំបញ្ជាក់បញ្ហានេះបានទេ ពីព្រោះទូរស័ព្ទលោកទាំងពីរ វិទ្យុអាស៊ីសេរីហៅចូលមិនមានអ្នកទទួល។
ដោយឡែកអភិបាលស្រុកសេសាន លោក ពន្លឺ មង្គល មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់បានរបាយការណ៍ពីករណីនេះទេ។ លោកជំរុញឲ្យសួររឿងនេះទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
