សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ទើបតែបញ្ចប់នៅពេលថ្មីៗ ក្រោមការរឹតបន្តឹងសណ្ដាប់ធ្នាប់វិន័យប្រឡង និងការសូកប៉ាន់ប្រាក់ ជាដើម ដើម្បីពង្រឹងគុណភាពវិស័យអប់រំ។ នៅមណ្ឌលខេត្តរតនគិរី គេបានរកឃើញបេក្ខជនប្រឡង ២នាក់ ខកខានមិនបានរៀនត្រឹមត្រូវតាមកម្មវិធីសិក្សារយៈពេលបីឆ្នាំ សម្រាប់ការប្រឡងបាក់ឌុប តាមការកំណត់របស់ក្រសួងអប់រំ ប៉ុន្តែបែរជាមានឈ្មោះប្រឡង ដែលនាំឲ្យមានការចោទប្រកាន់ទៅលើអំពើពុករលួយ។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ លោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា អំពាវនាវឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ស៊ើបអង្កេតជាបន្ទាន់ ទៅលើភាពមិនប្រក្រតីនេះ ដែលអាចពាក់ព័ន្ធទៅនឹងការសូកប៉ាន់ប្រាក់ដើម្បីទទួលសិទ្ធិប្រឡងបាក់ឌុប។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីអប់រំខេត្តរតនគិរី បានរកឃើញសិស្សចំនួន ពីរនាក់ រៀនបានតែពីរឆ្នាំទេបន្ទាប់ពីពួកគេបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម កាលពីខែកក្កដា ឆ្នាំ២០១២ ក៏ប៉ុន្តែសិស្សទាំងពីរនាក់ បែរជាមានឈ្មោះប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅ។
ករណីទាំងអស់នេះ លោក រ៉ុង ឈុន សន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធអំពើពុករលួយរបស់នាយកវិទ្យាល័យ និងការទទួលខុសត្រូវរបស់មន្ទីរអប់រំខេត្ត និងជាអំពើអយុត្តិធម៌ចំពោះសិស្សានុសិស្សមួយចំនួន ដែលបានរៀនសូត្រត្រឹមត្រូវតាមកម្មវិធីកំណត់របស់គ្រឹះស្ថានសិក្សា ប៉ុន្តែមិនទទួលបាននិទ្ទេសគ្រប់ការកំណត់ និងមិនបានការអនុញ្ញាតឲ្យមានសិទ្ធិប្រឡងបាន។
លោកបន្តថា មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ដើម្បីស្វែងរកជនពាក់ព័ន្ធមកដាក់ពិន័យ ដើម្បីរួមចំណែកកែទម្រង់វិស័យអប់រំប្រកបដោយគុណភាព៖ «មានន័យថា លោកនាយកហ្នឹង នឹងពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយហើយ។ បើសិនជាមិនមានសំណូកសូកប៉ាន់ គិតថាអ្នកទាំងអស់នោះមិនអាចមានសិទ្ធិទៅប្រឡងនោះទេ ព្រោះខ្លួនមិនបានរៀនសូត្រ។ បើធៀបទៅជារឿងមួយអយុត្តិធម៌សម្រាប់សិស្សានុសិស្សមួយចំនួន ដែលគាត់ខិតខំរៀនសូត្រមិនបានសិទ្ធិប្រឡង គាត់ខ្វះពិន្ទុបន្តិចបន្តួច បែរជាអ្នកមិនរៀនសោះគាត់មានសិទ្ធិប្រឡងទៅវិញ»។
សិស្សទាំងពីរនាក់ មានម្នាក់ជាអតីតសិស្សអនុវិទ្យាល័យ ឡាបានសៀក និងជាបេក្ខជនប្រឡងជាប់សញ្ញាបត្រឌីប្លូម សម័យប្រឡងខែកក្កដា ឆ្នាំ២០១២ នៅមណ្ឌលវិទ្យាល័យ សម្ដេចឪសម្ដេចម៉ែ លេខបន្ទប់០១ និងលេខតុ៩ និងម្នាក់ទៀតជាអតីតសិស្សវិទ្យាល័យ សម្ដេចឪសម្ដេចម៉ែ និងជាបេក្ខជនប្រឡងជាប់ឌីប្លូម នៅមណ្ឌលប្រឡងដូចគ្នាលេខបន្ទប់០៨ និងលេខតុ១៩៧។
សិស្សទាំង ២នាក់នោះ ត្រូវបានគេស្គាល់ថា បានរៀននៅថ្នាក់ទី១០ នៅវិទ្យាល័យ សម្ដេចឪសម្ដេចម៉ែ កាលពីឆ្នាំសិក្សា ២០១២-២០១៣ ហើយនៅឆ្នាំសិក្សា២០១៣-២០១៤ អ្នកទាំងពីររៀននៅថ្នាក់ទី១១អា១ (11A1)។ រហូតមកទល់នឹងខែមករា ឆ្នាំ២០១៤ អ្នកទាំងពីរនាក់បានបោះបង់ចោលសាលា ដោយមិនដឹងមូលហេតុ។
សាស្ត្រាចារ្យផ្នែកគណិតវិទ្យា នៃវិទ្យាល័យ សម្ដេចឪសម្ដេចម៉ែ លោក យ៉ាវ សុភាព ទទួលស្គាល់ថា អវត្តមានសិស្សទាំងពីរនាក់គ្មានមូលហេតុហួសកាលកំណត់ ទើបនាយកវិទ្យាល័យធ្វើលិខិតលប់ឈ្មោះសិស្សទាំងពីរនាក់ចេញពីបញ្ជីសិស្សពិតប្រាកដ។ អ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍នោះ គឺឈ្មោះសិស្សទាំងពីរនាក់ ត្រូវបានរកឃើញក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ខែសីហា ឆ្នាំ២០១៤ នៅមណ្ឌលប្រឡងវិទ្យាល័យភូមិថ្មី ខុសលក្ខខណ្ឌកំណត់របស់គ្រឹះស្ថានសិក្សា និងការណែនាំរបស់ក្រសួងអប់រំ។
លោក យ៉ាវ សុភាព៖ «ទាំងពីរនាក់ហ្នឹងឡើងមកថ្នាក់ទី១១អា១ ថ្ងៃ១ ខែ១០ ហ្នឹងរៀននៅថ្នាក់ខ្ញុំ។ សិស្សហ្នឹងរៀនបានពីរខែហ្នឹង ដល់យូរទៅបាត់មុខអត់ឃើញមករៀន បានខ្ញុំសរសេរសំណើសុំលប់ឈ្មោះពីបញ្ជីនៅថ្ងៃទី២២ ខែមួយ ២០១៤។ ស្មានតែវាឈប់អ៊ីចឹងទៅ យើងក៏លប់ឈ្មោះចោល ហើយយើងក៏អស់តួនាទី អ៊ីចឹងដល់ឃើញលទ្ធផលមកគេប្រាប់ថា សិស្សហ្នឹងមានឈ្មោះប្រឡងនៅ ហ៊ុន សែន ភូមិថ្មី»។
ក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងបាក់ឌុប ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ឈ្មោះ កែវ បញ្ញា គឺជាបេក្ខជនមកពីវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី បន្ទប់ប្រឡងលេខ១ និងតុលេខ១២។ ចំណែកឯឈ្មោះ យ៉ាត សន្ធិរ៉ា បេក្ខជនមកពីវិទ្យាល័យជាមួយគ្នា បន្ទប់ប្រឡងលេខ១០ និងតុលេខ២៤១។
ទាក់ទិនភាពមិនប្រក្រតីនេះ នាយកវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី លោក ឃុន យន់ ថ្លែងថា លោកមិនទាន់ប្រាកដថា រឿងរ៉ាវសិស្សទាំងពីរនាក់នេះ មានហេតុផលយ៉ាងណានៅឡើយ ក៏ប៉ុន្តែលោកនឹងពិនិត្យឯកសារពាក់ព័ន្ធករណីនេះ ដើម្បីរាយការណ៍ជូនមន្ត្រីមន្ទីរអប់រំខេត្ត។ លោកបញ្ជាក់ថា ប្រធានមន្ទីរអប់រំ ទាមទារឲ្យលោកផ្តល់របាយការណ៍ពីករណីសិស្សទាំងពីរនាក់នេះ៖ «អត់ទាន់ហ៊ានពន្យល់ប្រាប់បង ព្រោះឥឡូវហ្នឹងព័ត៌មានហ្នឹងខ្ញុំកំពុងតែស្រាវជ្រាវបន្តទៀតសិន ការងារហ្នឹងបានហ៊ានបំភ្លឺ»។
ផ្ទុយពីការលើកឡើងនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី លោកស្រី ច័ន្ទ ខំឃឿ ចាត់ទុកថា នេះជាទង្វើខុសច្បាប់ ពីព្រោះសិស្សទាំងពីរនាក់មិនបានបំពេញលក្ខខណ្ឌសិក្សាបីឆ្នាំ ចាប់ពីប្រឡងជាប់ឌីប្លូម។ លោកស្រីបន្តថា នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងចាត់វិធានការបញ្ហានេះ៖ «តាមច្បាប់អប់រំ គឺមិនអាចផ្លោះថ្នាក់បានទេ ហើយឥឡូវមន្ទីរអប់រំបានធ្វើលិខិតទៅក្រសួង ដើម្បីដកបេក្ខភាព»។
យោងបទបញ្ហាផ្ទៃក្នុងរបស់គ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជន និងសេចក្តីណែនាំរបស់ក្រសួងអប់រំ សិស្សមានសិទ្ធិដាក់ពាក្យប្រឡងឌីប្លូមបាន លុះត្រាតែសិស្សនោះបានរៀនចប់ថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩។ ចំណែកសិស្សសុំប្រឡងបាក់ឌុប លុះត្រាសិស្សបានរៀបចប់ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២។
យ៉ាងនេះក្តី សិស្សទាំងពីរនាក់បានប្រឡងចប់សព្វគ្រប់ដូចបេក្ខជនប្រឡងបាក់ឌុបដទៃទៀតដែរ និងរង់ចាំការប្រកាសលទ្ធផលប្រឡងតែប៉ុណ្ណោះ។ គេមិនទាន់ដឹងថា តើក្រសួងអប់រំ ចាត់វិធានការបែបណាចំពោះសិស្សទាំងពីរនាក់ ក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ថ្លែងថា ក្រសួងនឹងតម្រូវឲ្យមន្ទីរអប់រំខេត្ត រៀបចំឯកសារពាក់ព័ន្ធបញ្ហានេះ បញ្ជូនមកមន្ត្រីក្រសួង។ លោកថា ក្រសួងនឹងមានវិធានការក្នុងបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
