សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យកម្មកររោងចក្រ ហ៊ុយ ចៀន (Huey Chuen) ចូលធ្វើការងារវិញ បន្ទាប់ពីសាលក្រមនេះត្រូវបានអនុវត្តក្នុងរយៈ ៤៨ម៉ោង ឬពីរថ្ងៃ។ ក្រុមកម្មករស្វាគមន៍ទទួលយកសាលក្រមនេះ ប៉ុន្តែតំណាងក្រុមហ៊ុនថា អយុត្តិធម៌។ ចំណែកសហជីពតំណាងកម្មករកំពុងរៀបចំដាក់លិខិតស្នើសុំទៅព្រះរាជអាជ្ញាឲ្យអនុវត្តដីការក្សាការពារនេះ។
ចៅក្រមសាលាដំបូង លោក គឹម រត្នណារិន បានបង្គាប់ឲ្យរោងចក្រ ហ៊ុយ ចៀន បើកទ្វារទទួលកម្មករឲ្យចូលធ្វើការងារវិញដោយគ្មានលក្ខខណ្ឌ។ ទោះបែបនេះក្តី ក្រុមសហជីពនៅតែសម្ដែងក្ដីព្រួយបារម្ភខ្លាចក្រុមក្រុមហ៊ុនឲ្យកម្មករចូលធ្វើការ ប៉ុន្តែគ្មានការងារឲ្យកម្មករធ្វើ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ យល់ថា ដីការក្សាការពារនេះ គឺមិនទាន់យុត្តិធម៌ពេញលេញនៅឡើយទេ ព្រោះតុលាការមិនបានបញ្ជាឲ្យរោងចក្រផ្តល់ប្រាក់ដល់ខែកម្មករខណៈដែលកម្មករទាមទារតវ៉ាមិនចូលធ្វើការ។ លោកថា ក្រុមសហជីពនឹងដាក់ពាក្យប្ដឹងសុំឲ្យព្រះរាជអាជ្ញាអនុវត្តដីការក្សាការពារនៅក្នុងសប្ដាហ៍នេះ ដើម្បីអោយកម្មករឆាប់នឹងបានចូលធ្វើការងារវិញ៖ «យើងអត់ដឹងថា នៅពេលដែលយើងត្រឡប់ទៅនោះ ក្រុមហ៊ុនគេបើកទ្វារឲ្យយើងចូលធ្វើការងារអត់? ហើយមានការងារឲ្យយើងធ្វើឬអត់?»។
ការបើកសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១ ខែធ្នូ នេះ គឺដើម្បីជំនុំជម្រះលើពាក្យបណ្ដឹងរបស់កម្មកររោងចក្រ ហ៊ុន ចៀន ទាមទារសុំចូលធ្វើការងារ បន្ទាប់ពីភាគីរោងចក្របិទទ្វារមិនឲ្យកម្មករចូលធ្វើការ និងចោទប្រកាន់ថា កម្មករបោះបង់ចោលការងារ។ ខណៈដែលតំណាងសហជីពចូលរួមស្ដាប់សវនាការនៅក្នុងបន្ទប់ជំនុំជម្រះ នៅពីមុខសាលាដំបូង កម្មករជិត ២០០នាក់ នាំគ្នាប្រមូលផ្តុំរង់ចាំស្ដាប់លទ្ធផលទាំងហាលភ្លៀងហាលក្តៅ។
កម្មការិនីរោងចក្រ ហ៊ុយ ចៀន ម្នាក់ កញ្ញា យូ ចាន់នី មានប្រសាសន៍ថា កញ្ញាពេញចិត្តទទួលយកដីការក្សាការពាររបស់តុលាការនៅពេលនេះ ព្រោះកម្មករបានចូលធ្វើការងារវិញ។ កញ្ញា យូ ចាន់នី បន្តថា គ្មានកម្មកររូបណាចង់បោះបង់ចោលការងារឡើយ៖ «យុត្តិធម៌មែនទែន! ពួកខ្ញុំត្រេកអរ សប្បាយចិត្តរកនិយាយអីមិនចេញទេ»។
រោងចក្រ ហ៊ុយ ចៀន មានទីតាំងស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផលិតសម្លៀកបំពាក់ម៉ាកល្បីឈ្មោះ ពូម៉ា (PUMA)។ កម្មកររោងចក្រនេះបានធ្វើកូដកម្មជាច្រើនដង តាំងពីពាក់កណ្ដាលខែកញ្ញា ២០១៤ មក ទាមទារឲ្យថៅកែផ្ដល់ប្រាក់សំណងអតីតភាព ដោយកម្មករអះអាងថា ថៅកែរោងចក្រនេះបានប្ដូរឈ្មោះពី ហ៊ុយ ចៀន ទៅ ចៀនឡឹ (Jian Le)។
ប៉ុន្តែប្រធានរដ្ឋបាលរោងចក្រ ហ៊ុយ ចៀន លោក ហ៊ីម ផល្លា ថ្លែងថា ដីការក្សាការពារនេះ គឺអយុត្តិធម៌ណាស់ចំពោះក្រុមហ៊ុន យ៉ាងណាក៏ដោយលោកថា ក្រុមហ៊ុននឹងបើកទ្វារឲ្យកម្មករចូលធ្វើការវិញ។ ទោះបែបនេះ តំណាងក្រុមហ៊ុនរូបនេះអះអាងថា រោងចក្រគ្មានការងារឲ្យកម្មករធ្វើទេ ព្រោះអ្នកបញ្ជាទិញនៃរោងចក្រនេះមិនបានបញ្ជាទិញពីរោងចក្រជាច្រើនខែមកហើយ៖ «តុលាការគាត់សម្រេចអង្គសេចក្ដីហ្នឹងបែបយ៉ាងម៉េចទេ ខ្ញុំក៏មិនយល់ដែរ»។
ទោះបែបនេះ ក្រុមសហជីពនិងកម្មករស្នើឲ្យភាគីពាក់ព័ន្ធនានា ចុះទៅពិនិត្យដល់រោងចក្រ ដើម្បីមើលថា តើរោងចក្រពិតជាគ្មានការងារឲ្យកម្មករធ្វើ ឬជាល្បិចរបស់ថៅកែរោងចក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
