តុលាការ​ខេត្ត​បន្ទាយមានជ័យ​សន្និដ្ឋាន​បឋម​ថា​លោក ឈាន ពិសិដ្ឋ ពិត​ជា​រង​គ្រោះ​មែន

ដោយ មួង ណារ៉េត
2016-12-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តុលាការ​ខេត្ត​បន្ទាយមានជ័យ
តុលាការ​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ចេញ​សេចក្ដី​សន្និដ្ឋាន​បឋម​ថា នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពិត​ជា​រង​របួស​នៅ​ជើង​ស្តាំ រហូត​ដួល​សន្លប់ ដោយសារ​លោក ឌិន ពុទ្ធី មន្ត្រី​របស់​គណបក្ស​ប្រឆាំង​បើក​រថយន្ត​បុក។

សេចក្ដី​ថ្លែងការណ៍​របស់​តុលាការ​ខេត្ត​កាល​ថ្ងៃ​អង្គារ ទី​២៧ ខែ​ធ្នូ បញ្ជាក់​ទៀត​ថា លោក ឈាន ពិសិដ្ឋ ពិត​ជា​រងគ្រោះថ្នាក់​មែន  ដោយ​មិន​មែន​ជា​ការ​ធ្វើ​ពុត​ដើម្បី​ទម្លាក់​កំហុស​លើ​ឈ្មោះ ឌិន ពុទ្ធី នោះ​ទេ។

សេចក្ដី​សន្និដ្ឋាន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​បង្កើត​ឈុត​វីដេអូ​កំប្លែង​ខ្លីៗ ក្នុង​ន័យ​ចម្អក ឌឺដង និង​សម្ដែង​ការ​ហួស​ចិត្ត​ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ឈាន​ទៅ​ដល់​ការ​បញ្ជូន​នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ទៅ​កាន់​មន្ទីរពេទ្យ និង​បញ្ជូន​ប្រធាន​សហគមន៍​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា និង​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឌិន ពុទ្ធី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ក្រោម​បទ​ចោទ​ថា បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។

អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ស្នើ​សុំ​ឲ្យ​សាធារណជន​ទាំង​អស់​រក្សា​ភាព​ស្ងៀមស្ងាត់ និង សុំ​កុំ​ឲ្យ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ដោយ​គ្មាន​ភ័ស្តុតាង និង​ព័ត៌មាន​ច្បាស់លាស់។ សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​ស្នើ​ឲ្យ​សាធារណជន រង់ចាំ​លទ្ធផល​ចំណាត់​ការ​នីតិវិធី​តុលាការ​បញ្ចប់។

​មុន​នេះ​មួយ​ថ្ងៃ លោក ស ខេង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ករណី​ចោទ​ថា លោក ឌិន ពុទ្ធី បើក​ឡាន​បុក​នាយរង​ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ នោះ​ឡើង​វិញ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​រឿង​នេះ​ដែរ ដោយ​រិះគន់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង ដែល​ហ៊ាន​វិភាគ​ស្ថានភាព​នគរបាល​ដែល​គេ​ថា ធ្វើ​ពុត​ជា​ដួល​សន្លប់​ដោយ​ដៃ​នៅ​កាន់​ក្តាប់​សោ​ឡាន និង​វិទ្យុ​ទាក់ទង​អត់​ពន្លែង ទោះ​ជា​អះអាង​ថា បាន​ដួល​សន្លប់​ក៏ដោយ។

​ហេតុការណ៍​ដែល​កើត​លើ​ស្ពាន​មិត្តភាព​កម្ពុជា-​ថៃ នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃទី​ព្រហស្បតិ៍ ទី​២២ ខែ​ធ្នូ កន្លង​ទៅ​នេះ ត្រូវ​បាន​សាក្សី​ម្នាក់​ថត​បានជា​ឃ្លិប​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​ផ្នែក​ខ្លះ ឃើញ​លោក ឈាន ពិសិដ្ឋ ដួល​សន្លប់​នៅ​មុខ​ឡាន​លោក ឌិន ពុទ្ធី។ វីដេអូ​នេះ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​ចាយ​លើ​ទំព័រ​ហ្វេសប៊ុក​ព្រោងព្រាត។ អ្នកលេង​ហ្វេសប៊ុក ភាគ​ច្រើន​បញ្ចេញមតិ​ថា នគរបាល​អន្តោប្រវេសន៍ ដែល​ដួល​មុខ​ឡាន​របស់​លោក ឌិន ពុទ្ធី នោះ​ជា​ការ​សម្ដែង ប៉ុន្តែ​តួ​នោះ​សម្ដែង​មិន​សម។ ទោះ​ជា​​យ៉ាង​ណា​ក្ដី ករណី​នេះ​គេ​នៅ​មិន​ទាន់​រក​ឃើញ​ខុសត្រូវ​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ធ្វើការមិនមានភាពយុត្តិធម៌ មិនពាក់ភ្នែកសោះ គួរអោយស្តាយ មិនគួរមានមន្រ្តីចឹងសោះ

Dec 28, 2016 05:07 AM

គេហទំព័រ​ទាំងមូល