គោ​ក្របី​ឈឺ​និង​ងាប់​ជាច្រើន​ក្បាល​នៅ​ពោធិ៍សាត់

0:00 / 0:00

គោ និង​ក្របី​ជាច្រើន បាន​ឈឺ និង​ងាប់​នៅ​ឯ​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​គោ​ក្របី​មាន​ការ​ព្រួយ​បារម្ភ​ពី​កង្វះ​ខាត​កម្លាំង​អូស​ទាញ ដោយសារ​រដូវ​បង្កបង្កើនផល​បាន​ចូល​មក​ដល់។ ចំណែក​មន្ត្រី​បសុពេទ្យ​ឃុំ​បាន​ឲ្យ​ដឹង​ថា គោ​ក្របី​ដែល​ងាប់​នោះ​ច្រើន​មក​ពី​ម្ចាស់​ខ្វះ​ការ​ថែទាំ ពោល​គឺ​លែង​ឲ្យ​សត្វ​ដើរ​រក​ស្មៅ​តាម​យថាកម្ម​នៅ​តំបន់​ព្រៃ​ក្បែរ​ជើង​ភ្នំ។

បុរស​អ្នក​ភូមិ​ឈ្មោះ សួ ម៉ើ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​បំណក់ ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា ថា ក្របី​របស់​គាត់ ២​ក្បាល បាន​ងាប់​ភ្លាមៗ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ និង​ពុំ​មាន​ផ្ដល់​សញ្ញា​ថា​មាន​ជំងឺ​អ្វី​ឡើយ។ តែ​បន្ទាប់​ពី​គាត់​បាន​ចាប់​វា​បញ្ចូល​នឹម​រទេះ បម្រុង​បរ​មក​ផ្ទះ វា​ដើរ​បាន​តែ​ប៉ុន្មាន​ជំហាន ក៏​ស្រាប់​តែ​ទន់​ជើង​ដួល​ប្រកាច់​ងាប់​តែ​ម្ដង។

បុរស​រូប​នេះ​បន្ត​ថា មិន​មែន​តែ​ក្របី​គាត់​ទេ​ដែល​ងាប់​នោះ។ គាត់​ថា មាន​ក្របី​ជាច្រើន​ក្បាល​ទៀត​បាន​ងាប់​នៅ​ក្នុង​ព្រៃ​តំបន់​ក្បែរ​ជើង​ភ្នំ៖ «នៅ​អូរធំ រាំងខ្វាវ ត្រពាំងព្រីង មាន​គោ​ក្របី​ងាប់​ច្រើន​ណាស់​បង។ ឈឺ​ពេញ​ព្រៃ ក្របី​ខ្ញុំ​ចាប់​បញ្ចូល​នឹម​ដំបូង​អត់​អី​ទេ ដល់​ពេល​ខ្ញុំ​ឈប់​ជ្រក​ភ្លៀង​បន្តិច រួច​ខ្ញុំ​ចាប់​ផ្ដើម​បរ​ទៅ​មុខ​ទៀត ស្រាប់​តែ​វា​ទន់​ជើង រួច​ប្រកាច់​ងាប់​តែ​ម្ដង»

ដូច​គ្នា​នេះ​ដែរ បុរស​អ្នក​ភូមិ​ត្រពាំងឈ្នួល ឈ្មោះ សំ សុត បាន​ប្រតិកម្ម​ចំពោះ​ការ​ដឹក​ជញ្ជូន​សត្វ​ពាហនៈ​ដែល​ងាប់​ឆ្លង​កាត់​តាម​ភូមិ​របស់​គាត់ ដោយ​គាត់​បារម្ភ​ក្រែង​សត្វ​ដែល​ងាប់​នោះ​ឆ្លង​ជំងឺ​មក​សត្វ​ក្នុង​ភូមិ៖ «គេ​ដឹក​ឆ្លង​កាត់​តាម​ហ្នឹង ហើយ​អាជ្ញាធរ​គេ​អត់​យក​ចិត្ត​ទុក​ដាក់​អី​សោះ។ បង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ថ្នាក់​លើ​ដឹង​ផង ព្រោះ​ក្របី​ងាប់​ដោយ​ជំងឺ​នេះ​វា​អាច​ឆ្លង​ដល់​សត្វ​ក្នុង​ភូមិ...»

ជំទប់​ទី១ ឃុំ​ឈើតុំ លោក រឿន វ៉ាន បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ឃើញ​សត្វ​ពាហនៈ​មាន​គោ​ក្របី ងាប់​ជាច្រើន ត្រូវ​បាន​គេ​ដឹក​កាត់​មុខ​ផ្ទះ​លោក​ស្ទើរ​តែ​រាល់​ថ្ងៃ តែ​លោក​ពុំ​បាន​ដឹង​ថា​ការ​ងាប់​សត្វ​ពាហនៈ​ក្នុង​ឃុំ​លោក​នេះ​បណ្ដាល​មក​ពី​ហេតុ​អ្វី​ទេ៖ «ជាក់ស្ដែង ខ្ញុំ​ឃើញ​២​ក្បាល​ដែល​គេ​ឡើង​មក​ដល់​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង ហើយ​គេ​ដឹក​កាត់​មុខ​ផ្ទះ​ខ្ញុំ​បន្តបន្ទាប់​រាល់​ថ្ងៃ។ ខ្ញុំ​បាន​សួរ​ទៅ​អ្នក​ដឹក​គេ​ប្រាប់​ថា ក្របី​ងាប់​ពេញ​ក្នុង​ព្រៃ។ ឈឺ​ភ្លាម​ញាក់​សាច់​ដួលប្រូស​តែ​ម្ដង ខ្លះ​ទន់​ជើង​ដួល​ទាំង​ជំហរ គាត់​ថា​ឥឡូវ​កំពុង​ឈឺ​នៅ​ឯ​លើ​ពេញ​ព្រៃ...»

ទាក់ទិន​ចំពោះ​ការ​ងាប់​សត្វ​ពាហនៈ​នេះ ប្រធាន​ផ្នែក​បសុព្យាបាល​ឃុំ​ឈើតុំ លោក ម៉ន សារ៉ន បាន​ពន្យល់​ថា គោ​ក្របី​ដែល​ងាប់​នោះ​ច្រើន​មក​ពី​ម្ចាស់​វា​ខ្វះ​ការ​ថែទាំ ពោល​គឺ​លែង​ឲ្យ​សត្វ​ដើរ​រក​ស្មៅ​ស៊ី​តាម​យថាកម្ម​នៅ​តំបន់​ព្រៃ​ក្បែរ​ជើង​ភ្នំ បន្ទាប់​ពី​ការ​ភ្ជួរ​រាស់​បង្កបង្កើនផល​រួច។ ម្យ៉ាង អ្នក​ភូមិ​ទាំង​នោះ​ពុំ​ព្រម​ចាក់​វ៉ាក់សាំង​ការពារ​សត្វ​ពាហនៈ​របស់​គាត់​ទេ៖ «យើង​មាន​វិធាន​ការ​ឲ្យ​គាត់​ប្រមូល​គោ​ក្របី​គាត់​ពី​ព្រៃ​មក​វិញ។ ខ្ញុំ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​ឃុំ​ថា ឲ្យ​លោក​មេ​ឃុំ​ប្រាប់​ទៅ​លោក​មេ​ភូមិ ឲ្យ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ប្រមូល​ជម្លៀស​គោ​ក្របី​របស់​គាត់ មក​ភូមិ​វិញ។ បើ​គាត់​ទុក​ចោល​ក្នុង​ព្រៃ​អ៊ីចឹង ពេល​សត្វ​ឈឺ យើង​មិន​អាច​ជួយ​ពួក​គាត់​បាន​ទេ...»

ប្រភព​ពី​អាជ្ញាធរ​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ដើម​រដូវ​វស្សា អាជ្ញាធរ​តែង​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​លក្ខណៈ​ប្រមូល​សត្វ​ពាហនៈ​មក​ថែទាំ តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​សូវ​ចាប់​អារម្មណ៍​អនុវត្ត​តាម​ការ​ណែនាំ​ឡើយ។ ពួក​គាត់​ច្រើន​ធ្វើ​តាម​ទម្លាប់​ចាស់​តាំង​ពី​ដូនតា​រៀង​មក ពោល​គឺ​បន្ទាប់​ពី​រដូវ​ភ្ជួរ​រាស់ គឺ​លែង​គោ​ក្របី​ឲ្យ​ដើរ​រក​ស្មៅ​ស៊ី​ដូច​សត្វ​ក្នុង​ធម្មជាតិ​តាម​តំបន់​ជើង​ភ្នំ។ លុះ​ដល់​រដូវ​ភ្ជួរ​រាស់ ទើប​ពួក​គាត់​ទៅ​រក​គោ​ក្របី​របស់​គាត់​មក​ប្រើប្រាស់​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។