គ្រួសារជនរងគ្រោះរស់នៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អំពាវនាវដល់ភាគីពាក់ព័ន្ធអោយជួយរកយុត្តិធម៌ជូនប្ដីរបស់ខ្លួន ដែលត្រូវបានជនល្មើសបាញ់ធ្លុះជើងទាំងពីរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ស្ត្រីដដែលបារម្ភថា យុត្តិធម៌សម្រាប់ប្ដីអ្នកស្រីនឹងមិនអាចរកឃើញឡើយ ប្រសិនបើអាជ្ញាធរនៅតែឋិតក្រោមឥទ្ធិពលអ្នកមានប្រាក់ មានអំណាច និងមិនបានស្វែងរកជនប្រព្រឹត្តល្មើសមកផ្ដន្ទាទោស។ ប៉ុន្តែអធិការស្រុកបញ្ជាក់ថា ខាងលោកបានបញ្ជូនសំណុំរឿងនេះមកខាងសមត្ថកិច្ចខេត្តត្បូងឃ្មុំ រួចរាល់ហើយ ហើយសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់។
ការបារម្ភរបស់ស្រ្តីជាភិយាជនរងគ្រោះ កើតឡើងដោយសារជនល្មើសត្រូវគេស្គាល់ថា ជាប់សែស្រឡាយនឹងអ្នកមានអំណាចជាមន្រ្តីជាន់ខ្ពស់ផ្នែកយោធា ដែលទំនងថា អាជ្ញាធរអាចរារែក ឬមិនហ៊ាននឹងចាត់វិធានការ។
កាលពីថ្ងៃទី៣ តុលា អតីតទាហានម្នាក់រស់នៅឃុំសេដា ស្រុកតំបែរ បានយកកាំភ្លើងម៉ាកអាកា (AK) បាញ់លោក អែល អ៊ីសា រស់នៅភូមិសែនចម្រើន ត្រូវចំជើងធ្លុះទាំងសងខាង ហើយថែមទាំងគំរាមថា នឹងសម្លាប់មួយពូជ មុនពេលរត់គេចខ្លួនបាត់នោះ។
ភរិយាលោក លោក អែល អ៊ីសា អ្នកស្រី យ៉ា រ៉ូម៉ី ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅពេលដែលអ្នកស្រី និងប្តីបានទៅទារប្រាក់ពីឈ្មោះ ឃុត សោភ័ណ្ឌ ដែលអ្នកស្រីអះអាងថា ជាប់សែស្រឡាយជាមួយលោក គន់ គីម ដែលជាអគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានជំពាក់ប្រាក់អ្នកស្រីប្រមាណ ៥០០ដុល្លា ថ្លៃចាក់ដីកន្លងទៅ។ នៅពេលទារប្រាក់នៅថ្ងៃទី៣ តុលា នោះ ក៏មានការផឹកស្រារវាងជនល្មើសនិងជនរងគ្រោះ ហើយប៉ះពាល់ពាក្យសម្តីគ្នា ក៏ជនល្មើសលោក ឃុត សោភ័ណ្ឌ ឡើងយកកាំភ្លើងពីលើផ្ទះមកបាញ់ចំជើងប្តីអ្នកស្រី និងមានចេតនាបើករថយន្តបុកផ្តាច់ជីវិតទៀតផង។
អ្នកស្រី យ៉ា រ៉ូម៉ី៖ «ចាស៎! គំរាមខ្ញុំយកឡាន វាបានគំរាមខ្ញុំឱ្យគេបើករបង ឱ្យគេអាយ៉ែឡានចង់កិនខ្ញុំពីរនាក់ប្តីខ្ញុំ។ រួចខ្ញុំយកប្តី ខ្ញុំទាញឡើងទៅលើគ្រែទៅ សំយុងជើង។ វាបុក រួចវាប្រុងបុកផ្ទុបនឹងរោងវាហ្នឹង ហើយខ្ញុំលើកប្ដីខ្ញុំបង្ហួសមក វាចុះពីលើឡានមក វាបញ្ចូលគ្រាប់ វាចង់បង្ហើយប្ដីខ្ញុំ វាបាញ់តែម្ដង។ ខ្ញុំទៅពាំង វាថាបាញ់ទាំងអស់ហ្នឹង ហើយខ្ញុំយកដៃហ្នឹងវ៉ៃកាំភ្លើងចុះ វាលើកបីដង វាប្រុងបាញ់រហូត។ ខ្ញុំអង្វរលន់តួយំលេចនោមអស់ហើយ ខ្ញុំអង្វរវា ទម្រាំវាឈប់ ហើយរត់ចូលឡានពីរនាក់ វាយកកាំភ្លើងរត់ទៅ»។
អ្នកស្រីបន្តថា អ្នកភូមិសុទ្ធតែបានដឹងថា លោក ឃុត សោភ័ណ្ឌ នោះ គឺជាអតីតទាហាន និងមានសែស្រឡាយជាមួយលោក គន់ គីម ហើយកន្លងមកជនល្មើសក៏តែងប្រាប់គេប្រាប់ឯងថា ខ្លួនគឺជាអង្គរក្សរបស់អ្នកធំនោះទៀតផង។ អ្នកស្រីបញ្ជាក់ថា កាំភ្លើងជនល្មើសមានពីរដើម គឺម៉ាកអាកាមួយដើម និងកាំភ្លើងខ្លីមួយដើម ហើយពីមុនមកជនល្មើសក៏ធ្លាប់គំរាមកំហែងអ្នកភូមិដែរ។ អ្នកស្រីចង់ឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ទាក់ទងបញ្ហានេះ អធិការនគរបាលស្រុកតំបែរ លោក ហុង គីមហឿន មានប្រសាសន៍ថា សមត្ថកិច្ចបានចុះស្រាវជ្រាវជុំវិញបញ្ហានេះ ហើយបញ្ជូនសំណុំរឿងគ្រប់គ្រាន់មកថ្នាក់លើរួចរាល់ហើយ ប៉ុន្តែជនល្មើសបានរត់គេចខ្លួនបាត់ភ្លាមៗ បន្ទាប់កើតហេតុនោះ។ លោកបន្តថា ខាងសមត្ថកិច្ចមិនបានដឹងថា ជនល្មើសជាទាហាន ឬអង្គរក្សរបស់អ្នកធំណាទេ។
យ៉ាងណាលោកបដិសេធថា លោក ឃុត សោភ័ណ្ឌ មិនមែនជាអង្គរក្សរបស់លោក គន់ គីម នោះឡើយ។ ចំណែករឿងសែស្រឡាយវិញ ក៏លោកអះអាងថា គ្រាន់តែជាអ្នកស្គាល់គ្នាជាមួយលោក គន់ គីម នៅភូមិស្រុកតែប៉ុណ្ណោះ៖ «អត់ច្បាស់បង អង្គរក្សក៏ដូចមិនចំអង្គរក្សខាងណា ខ្ញុំមិនទាន់ច្បាស់ដែរ។ ខាងយើងមិនបានដឹង។ អត់ទេៗៗ អត់មានចូលទៅខាងហ្នឹងទេ អត់មានចូលទៅខាងប៉ាទេបង! ហូ! ចេះតែយកៗ ចេះតែយកពាក្យនេះ ចេះតែយកឱ្យដឹងទេ»។
លោកបញ្ជាក់ថា ខាងសមត្ថកិច្ចទើបតែដឹងថា បុគ្គលនោះមានកាំភ្លើងនៅពេលមានបញ្ហាកើតឡើង ពីព្រោះជនល្មើសបានលាក់រហូតមក ហើយកន្លងមកនៅស្រុកតំបែរ ក៏មិនធ្លាប់មានបញ្ហានេះកើតឡើងដែរ។ យ៉ាងណាលោកបន្ថែមថា សមត្ថកិច្ចបានធ្វើការងារនេះយ៉ាងសកម្មដើម្បីស្វែងរកជនល្មើស។ លើសពីនេះទៀត អាជ្ញាធរក៏បានអប់រំពលរដ្ឋអំពីការប្រើប្រាស់អាវុធខុសច្បាប់ទៀតផង។
ចំណែកមន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក នាង សុវ៉ាត មានប្រសាសន៍ថា សមត្ថកិច្ចគប្បីពិនិត្យលើការរក្សាទុកអាវុធនិងការប្រើប្រាស់អាវុធរបស់ជនល្មើស។ ប្រសិនបើរកឃើញថា ជនប្រើប្រាស់អាវុធខុសច្បាប់សមត្ថកិច្ចខេត្តត្បូងឃ្មុំ គប្បីតាមចាប់ជនល្មើសមកផ្តន្ទាទោសឱ្យខាងតែបាន បើទោះបីជាប់សែអ្នកមានអំណាចណាក៏ដោយ។
លោក នាង សុវ៉ាត៖ «ប៉ុន្តែអ្វីដែលយើងបានឃើញប្រើប្រាស់នៅតំបែរនេះ ការទុកដាក់ក៏ខុសច្បាប់ ការប្រើប្រាស់ក៏ខុសច្បាប់។ អាវុធគេមិនអាចយកមកចោលតែពាសនៅតាមផ្ទះប្រជាជនអ៊ីចឹងបានទេ។ អាវុធគេត្រូវដាក់នៅកន្លែងសមត្ថកិច្ចដែលមានការអនុញ្ញាតសម្រាប់ទុកអាវុធ។ អ៊ីចឹងហើយសមត្ថកិច្ចខេត្តត្បូងឃ្មុំ គប្បីពិនិត្យពីបញ្ហាហ្នឹង តាមចាប់ខ្លួនជនល្មើសដែលប្រើប្រាស់អាវុធឱ្យបាន កុំគិតនរណាចៅអ្នកធំចៅអ្នកតូចអី ឱ្យតែថា គាត់បានប្រព្រឹត្តខុសច្បាប់ ត្រូវតែយកមកផ្ដន្ទាទោស។ បើមិនដូច្នេះទេ ប្រជាពលរដ្ឋអត់មានជឿលើកំណែទម្រង់របស់រាជរដ្ឋាភិបាលទេ»។
លោកគត់សម្គាល់ថា កន្លងមកការប្រើប្រាស់អាវុធ គឺភាគច្រើនជាការប្រើប្រាស់ដោយខុសច្បាប់ ដូចជាកងអង្គរក្ស ទាហានយាមដីឱ្យក្រុមហ៊ុនឈ្មួញគ្រញូង ឈ្មួញដី អ្នកជំនួញធំៗ ដែលបានយកលុយទៅទិញស័ក្ក ទិញផ្កាយ រួមនឹងសែស្រឡាយរបស់អ្នកមានអំណាចតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។