ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់វិទ្យុអាស៊ីសេរីថា នៅម៉ោងប្រមាណ២ ជិតភ្លឺ ព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ មានករណីឃាតកម្មមួយកើតឡើង ដោយជនមិនស្គាល់មុខ បានចូល ទៅកាប់ ប៉ុនប៉ងសម្លាប់ជនរងគ្រោះមួយគ្រួសារ ឲ្យរងរបួសមនុស្សក្មេងចាស់ចំនួន ៦នាក់។
គ្រួសារជនរងគ្រោះ មានទីលំនៅក្នុងភូមិចម្ការកៅស៊ូ ជិតរោងចក្រញូស្តារ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានសមាជិកសរុបទាំងអស់ចំនួន ៨នាក់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេត ដើម្បីវែករកជនដៃដល់ និងមូលហេតុ នៃឃាតកម្មបណ្ដាលឲ្យរងរបួសចំនួន ៦នាក់។
លោក ជួន ណារិន្ទ បានសន្និដ្ឋានជំហានដំបូងថា ករណីឃាតកម្មនេះ អាចជារឿងគំនុំ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត និងឈានដល់កំណត់មុខសញ្ញា ជនដៃដល់លើករណីនេះមកផ្ដន្ទាទោស។
«»
ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំង ៦នាក់ គឺមានជនរងគ្រោះ ៣នាក់ រងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។ អ្នករងរបួសធ្ងន់ទាំង ៣នាក់ គឺជាជីដូន ជាម្ដាយ និងកុមារតូចម្នាក់។ ករណីនេះ កើតឡើងនៅពេលបុរសជាប្តី ត្រូវជាឪពុក បានចេញនេសាទសមុទ្រ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានអំពាវនាវដល់កម្លាំងសមត្ថកិច្ចគ្រប់ជំនាញ នាខេត្តព្រះសីហនុ ត្រូវជួយវែករកមុខជនដៃដល់ក្នុង ការប្រើអំពើហិង្សាប៉ុនប៉ងសម្លាប់នេះ យកមកផ្ដន្ទាទោសឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
