នៅប្រទេសកម្ពុជា គេកម្រឃើញថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ក្រសួងនានា លាលែងតំណែងណាស់ នៅពេលខ្លួនមានកំហុសឆ្គង ឬអសមត្ថភាពក្នុងការដឹកនាំស្ថាប័នទាំងនោះ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រកាសព្រមានដកតួនាទីស្នងការនគរបាលខេត្តចំនួនបី ប្រសិនបើបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធមិនបានទេនោះ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការព្រមានរបស់មេដឹកនាំកំពូលបែបនេះ មិនមែនជាលើកទី១ នោះទេ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅតែមិនមានប្រសិទ្ធភាពដដែល។
ការបញ្ជាឲ្យរឹតបន្តឹងការអនុវត្តច្បាប់ សឹងក្លាយទៅជាទម្លាប់ទៅហើយនៅពេលមានការព្រមានពីថ្នាក់ដឹកនាំកំពូលម្ដងៗ ទើបមន្ត្រីថ្នាក់ក្រោម អនុវត្តការងារមានប្រសិទ្ធភាព។
សកម្មភាពបែបនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងតែបរាជ័យលើការអនុវត្តច្បាប់។ បញ្ហានេះ បង្កឲ្យមានអំពើអយុត្តិធម៌ និងបញ្ហាអសន្តិសុខកើតឡើងនៅក្នុងសង្គម។
ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងបែបនេះ នៅបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសព្រមានដកតួនាទីស្នងការនគរបាលខេត្តបាត់ដំបង ស្នងការខេត្តពោធិ៍សាត់ និងស្នងការនគរបាលខេត្តកណ្ដាល បើសិនជាតាមចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ ធ្វើសកម្មភាពប្លន់កាលពីពេលថ្មីៗនេះមិនបានទេនោះ។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា មានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជា មានប្រព័ន្ធមួយដែលមន្ត្រីអនុវត្តច្បាប់ធ្វើតាមបញ្ជា ដោយសារថា មន្ត្រីថ្នាក់លើមិនបានផ្ទេរអំណាចឲ្យថ្នាក់ក្រោមឲ្យបានពេញលេញ ទើបមន្ត្រីទាំងអស់រង់ចាំតែបញ្ជា ដែលធ្វើឲ្យមន្ត្រីទាំងនោះលែងធ្វើការតាមតួនាទី និងមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបានល្អ។ លោក នី ចរិយា សង្កត់ធ្ងន់ថា ការព្រមានបែបនេះ មិនមែនជាលើកទី១ នោះទេ។ កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ព្រមានអ្នកកាប់ឈើដោយខុសច្បាប់ដែរ តែទីបំផុត បទល្មើសព្រៃឈើនៅតែមាន៖ «វិធីមានប្រសិទ្ធភាព ត្រូវអនុវត្តច្បាប់ទាំងអស់គ្នា នគរបាលមន្ត្រីប៉ូលិសណាអនុវត្តច្បាប់មិនត្រឹមត្រូវ គេត្រូវពិន័យហើយ បើនៅស្រុកគេ គេលាលែងហើយ គ្មានអ្នកណាបណ្ដោយឲ្យមានករណីប្លន់កណ្ដាលទីក្រុងយ៉ាងអធិកអធមអ៊ីចឹងទេ»។
ការព្រមានដកស្នងការខេត្តចេញនៅពេលនេះ គឺបន្ទាប់ពីសកម្មភាពប្លន់ប្រដាប់អាវុធកើតឡើងបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែធ្នូ ក្នុងនោះមានករណីបាញ់សម្លាប់ប្លន់យកម៉ូតូនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីប្លន់អាជីវករលក់គ្រឿងអលង្ការ និងទីតាំងផ្ទេរប្រាក់វីង (Wing) ចំនួន ៣កន្លែងផ្សេងគ្នា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកណ្ដាល ដោយឧក្រិដ្ឋជន ២នាក់ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ ហើយ ៤នាក់ត្រូវបានចាប់ខ្លួន។ ករណីជាក់ស្ដែងថ្មីមួយទៀត គឺនៅម៉ោងប្រមាណ ៤ ថ្ងៃទី១៤ ធ្នូ គឺមានសកម្មភាពប្លន់មួយទៀតបានកើតឡើងនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយជនប្រដាប់អាវុធ ២នាក់ ប្លន់យកកាបូបលុយពីស្ត្រីម្នាក់ពេលចុះពីលើរថយន្ត។
ក្រៅពីនេះទៀត ការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់នៅពេលនេះ ហាក់ដូចជាស្ថិតនៅក្នុងភាពផុយស្រួយ គឺក្រៅពីអំពើប្លន់បាញ់សម្លាប់មនុស្សនោះ ក៏មានករណីបាញ់ដោយសារតែរឿងទំនាស់ ឬអ្នកមានបុណ្យស័ក្តិ បាញ់ទៅលើជនស៊ីវិលដែរ ដូចជាករណីអ្នកជិះរថយន្តទំនើបមួយគ្រឿង បាញ់ប្រហារទៅលើអ្នករើសអេតចាយនៅតាមចិញ្ចើមផ្លូវ នៅពេលរើសអេតចាយដើម្បីតែក្រពះនោះ ឲ្យរងរបួសធ្ងន់នៅសង្កាត់បឹងត្របែក កាលពីយប់ថ្ងៃទី១៥ ធ្នូ។ ករណីទំនាស់រឿងមេភូមិទារលុយថ្លៃបង្គោលភ្លើងកាលពីថ្ងៃទី១៦ ធ្នូ គឺមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ បានបាញ់សម្លាប់មនុស្ស ៣នាក់ ក្នុងនោះ មេភូមិ និងកូន រួមទាំងក្មួយប្រុសម្នាក់ទៀតនៅសង្កាត់ទួលស្វាយព្រៃទី១។

ការបញ្ជារបស់ លោក ស ខេង ឲ្យមន្ត្រីសមត្ថកិច្ចចាប់ក្រុមចោរប្លន់ និងរឹតបន្តឹងសន្តិសុខនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ធ្នូ បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បង្កើនការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះឲ្យមានប្រសិទ្ធភាព។ លោកក៏ជំរុញឲ្យក្រសួងយុត្តិធម៌ ត្រួតពិនិត្យឲ្យបានត្រឹមត្រូវចំពោះការលើកលែងទោសឲ្យទណ្ឌិត ព្រោះក្រុមចោរមួយចំនួននោះ ជាអតីតទណ្ឌិតទើបតែត្រូវបានដោះលែង ដែលជាមនុស្សដដែលៗ។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ការផ្លាស់ប្ដូរតួនាទីមន្ត្រីរដ្ឋាភិបាល ឬស្នងការនគរបាលនេះ ជារឿងធម្មតាទេ បើសិនជាមន្ត្រីទាំងនោះគ្មានសមត្ថភាពធ្វើការ ហើយក៏ជាផ្នែកមួយនៃអភិបាលកិច្ចល្អដែរ។ ប៉ុន្តែបញ្ហានៅត្រង់ថា តើការព្រមាននេះ មេដឹកនាំជាន់ខ្ពស់អាចធ្វើបានដូចការអះអាងនេះដែរឬទេ?៖ «មានចោរប្លន់ហើយ គឺលែងមានសន្តិសុខហើយ ដូច្នេះក្រសួងមហាផ្ទៃ ដែលជាអ្នកគ្រប់គ្រងសន្តិសុខប្រជាពលរដ្ឋ ត្រូវតែពង្រឹងសុខសុវត្ថិភាពឲ្យស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី មានប្រសាសន៍ថា ដើម្បីបង្ក្រាបក្រុមចោរប្លន់ទាំងនោះឲ្យមានប្រសិទ្ធភាព កងរាជអាវុធហត្ថកំពុងរឹតបន្តឹងការអនុវត្តច្បាប់ និងបានពង្រឹងជំនាញរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសនៅទូទាំងប្រទេស មិនមែននៅក្នុងរាជធានី និងនៅតាមបណ្ដាខេត្តដែលមានសកម្មភាពប្លន់កន្លងមកនោះទេ៖ «គឺយើងពង្រឹងមន្ត្រីរបស់យើងតាមផ្លូវច្បាប់ឲ្យគាត់ដឹងពីច្បាប់ ដឹងពីទម្លាប់អីទាំងអស់។ ទីពីរ យើងផ្ដល់បទពិសោធន៍ឲ្យគាត់ ករណីដូចថាលួចដោយស្ថានទម្ងន់ទោស ដែលយើងហៅថា ប្លន់។ ឥឡូវហ្នឹងដូចថា មុននឹងកើតឡើងនៅក្នុងខេត្តនៅក្នុងសមត្ថកិច្ចដែនដីរបស់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ហ្នឹង គាត់ត្រូវតែមានការល្បាតពួនស្ទាក់នៅគ្រប់គោលដៅ»។
ទោះបីជាយ៉ាងនេះក្ដី អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការអនុវត្តច្បាប់របស់សមត្ថកិច្ច គឺជារឿងចាំបាច់បំផុតរបស់សមត្ថកិច្ច នៅពេលប្រទេសស្ថិតនៅក្នុងភាពអសន្តិសុខបែបនេះ។ ក្រៅពីនេះទៀត អាជ្ញាធរពាក់ព័ន្ធត្រូវតែទប់ស្កាត់ការចរាចរអាវុធខុសច្បាប់ និងការដាក់ទោសចំពោះសមត្ថកិច្ចណាដែលប្រើប្រាស់អាវុធបាញ់សម្លាប់មនុស្សក្រៅច្បាប់ឲ្យបាន បើពុំនោះទេ សកម្មភាពប្លន់ ឬការប្រមាថអាយុជីវិតមនុស្សនៅតែប្រឈមដដែល។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ពន្យល់ថា ការព្រមានដកតួនាទីស្នងការនេះ ជារឿងមួយដើម្បីដាស់តឿនមន្ត្រីក្រោមបង្គាប់។ តែយ៉ាងនេះក្ដី លោក អំ សំអាត បញ្ជាក់ថា បញ្ហាសំខាន់នៅលើឆន្ទៈរបស់មន្ត្រីមានសមត្ថកិច្ចក្នុងការបំពេញការងារ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋ៖ «សកម្មភាពប្លន់ឥឡូវដូចជាផ្គើន ហើយស្ថានភាពនយោបាយកាន់តែតានតឹងហ្នឹង ក៏ជាឱកាសមួយដែររបស់ក្រុមចោរ។ នេះជាភាពឆកល្វែងរបស់សមត្ថកិច្ចដែលជាឱកាសរបស់ក្រុមចោរទាំងនោះ»។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា សកម្មភាពបទល្មើសកំពុងរីករាលដាលក្នុងសង្គមសព្វថ្ងៃនេះ គឺជាការបរាជ័យលើការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាគោលនយោបាយមួយការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ សកម្មភាពប្លន់ប្រដាប់អាវុធ បញ្ហាគ្រឿងញៀនចរាចរគ្រប់ទីកន្លែង កំពុងរីករាលដាលក្នុងសង្គម ការបង្ក្រាបហាក់គ្មានប្រសិទ្ធភាពឡើយ។ ការប្រើប្រាស់ និងលក់ដូរគ្រឿងញៀន ល្បែងស៊ីសង ក៏ជាដើមចមមួយបង្កឲ្យមានសកម្មភាពឆក់ប្លន់ និងឈានទៅនាំឲ្យប្រទេសមានភាពអសន្តិសុខ។ បញ្ហាទាំងនេះ សំខាន់នៅត្រង់ថា រដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច ត្រូវពង្រឹងប្រព័ន្ធតុលាការ និងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។
លើសពីនេះទៀត មន្ត្រីថ្នាក់ដឹកនាំកំពូល ត្រូវហ៊ានទទួលខុសត្រូវ ឬលាលែងពីតំណែងដោយខ្លួនឯង មិនចាំបាច់គេដកនោះទេ បើសិនជាមន្ត្រីនានាក្នុងតួនាទីអសមត្ថភាពក្នុងការបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួននោះ។ ម្យ៉ាងវិញទៀត បញ្ហាអសន្តិសុខនេះ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋស្ថិតនៅក្នុងភាពភ័យខ្លាចប៉ុណ្ណោះទេ គឺធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
